ជំពូក ៣

1 នាងណាអូមី ម្តាយក្មេករបស់នាងប្រាប់នាងថា៖ «កូនស្រី តើម៉ែមិនគួរនឹងរកកន្លែងមួយសម្រាប់កូន ដែលអាចឲ្យកូនមានសុភមង្គលទេឬ? 2 លោកបូអូសដែលកូនធ្វើការជាមួយស្រីបម្រើរបស់គាត់នោះ ជាប់ជាសាច់ញាតិនឹងយើងដែរ។ មើល៍! លោកនឹងទៅលានបោកស្រូវនៅយប់នេះដែរ។ 3 ចូរតុបតែងខ្លួនរបស់កូនឲ្យបានស្អាត លាបទឹកអប់ និងស្លៀកសម្លៀកបំពាក់ដ៏ល្អបំផុតរបស់កូន រួចដើរទៅលានដែលគាត់បោកស្រូវ។ ប៉ុន្តែ មិនត្រូវឲ្យគាត់ស្គាល់កូនឡើយរហូតការផឹកស៊ីត្រូវបញ្ចប់។ 4 ពេលគាត់ចូលសម្រាន្ត កូនត្រូវចំណាំកន្លែងដែលគាត់សម្រាន្តឲ្យបានច្បាស់ បន្ទាប់មក កូនត្រូវទៅបើកភួយចុងជើងរបស់គាត់ ហើយចូលដេកនៅទីនោះទៅ។ ដូច្នេះ គាត់នឹងប្រាប់កូនថា តើកូនត្រូវធ្វើអ្វី»។ 5 នាងរស់តបទៅម្តាយក្មេកថា៖ «កូននឹងធ្វើគ្រប់យ៉ាងតាមអ្នកម៉ែប្រាប់»។ 6 នាងរស់ក៏ដើរទៅលានបោកស្រូវ និងធ្វើតាមការបង្គាប់របស់ម្តាយក្មេកដែលបានបង្គាប់មកនាង។ 7 នៅពេលលោកបូអូស បរិភោគម្ហូបអាហារ និងស្រារួចហើយ គាត់ក៏សប្បាយចិត្ត លោកក៏គេងនៅក្បែរគំនរស្រូវ។ នាងរស់ក៏ចូលលបៗ មកបើកភួយនៅចុងជើងរបស់គាត់ ហើយដេកនៅទីនោះ។ 8 ពេលពាក់កណ្តាលអាធាត្រលោកបូអូសផ្តើមភ្ញាក់ឡើង។ គាត់ប្រែខ្លួន ហើយនៅទីនោះមានស្ត្រីម្នាក់ដេកនៅចុងជើងរបស់គាត់! 9 គាត់សួរថា៖ «តើនាងជាអ្នកណា?» នាងតបថា៖ «នាងខ្ញុំឈ្មោះរស់ ស្រីបម្រើរបស់លោក។ សូមលោកម្ចាស់មេត្តាទទួលនាងខ្ញុំជាភរិយាផង ដ្បិត លោកមានភារកិច្ចទទួលបន្ទុកថែរក្សានាងខ្ញុំស្រាប់ហើយ»។ 10 លោកបូអូសតបថា៖ «សូមព្រះអម្ចាស់ប្រទានពរដល់នាង! នាងបានបង្ហាញភាពស្មោះត្រង់លើសពីលើកមុនទៅទៀត ព្រោះនាងមិនបានទៅតាមបុរសក្មេងៗទោះជាក្រឬមានក្តី។ 11 ឥឡូវនេះ សូមនាងកុំភ័យខ្លាចអ្វីឡើយ! អ្វីដែលនាងសុំ នោះខ្ញុំនឹងធ្វើតាមទាំងអស់ ព្រោះមនុស្សក្នុងក្រុងទាំងអស់គេបានដឹងថា នាងជាស្រ្តីថ្លៃថ្នូរ។ 12 ជាការពិតណាស់ដែលខ្ញុំជាអ្នកដែលមានភារកិច្ចទទួលបន្ទុកមើលថែរក្សានាង ប៉ុន្តែ មានបុរសម្នាក់ដែលជាសាច់ញាតិជិតជាងខ្ញុំទៅទៀត។ 13 យប់នេះ សូមនាងសម្រាកនៅទីនេះហើយ ចាំព្រឹកស្អែក ប្រសិនបើ គេចង់ទទួលខុសត្រូវលើនាង ឲ្យគេទទួលចុះ។ ប៉ុន្តែ បើគេមិនព្រមទទួលទេ ខ្ញុំមុខជាទទួលខុសត្រូវលើនាងពុំខាន ខ្ញុំសូមសន្យាដោយយកព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅធ្វើជាសាក្សី! សូមនាងសម្រាកនៅទីនេះរហូតដល់ព្រឹកចុះ»។ 14 ដូច្នេះ នាងក៏ដេកនៅចុងជើងលោករហូតដល់ព្រឹក ហើយនាងក្រោកតាំងពីព្រលឹមស្រាងៗ មុនពេលមើលស្គាល់គ្នា។ លោកបូអូសក៏និយាយថា៖ «កុំឲ្យអ្នកណាដឹងថាស្រ្តីបានមកលានបោកស្រូវនេះឡើយ»។ 15 លោកពោលថា៖ «ចូរដោះអាវធំរបស់នាង ហើយកាន់វាឲ្យជាប់»។ នាងក៏ធ្វើតាម ហើយលោកក៏ចាក់ស្រូវមួយតៅទៅក្នុងអាវធំរបស់នាង ព្រមទាំងជួយលើកឲ្យនាងទូលផង។ បន្ទាប់មកលោកក៏វិលចូលទៅភូមិវិញ។ 16 ពេលនាងរស់ទៅដល់ផ្ទះវិញ ម្តាយក្មេកសួរថា៖ «តើយ៉ាងដូចម្តេចហើយកូនស្រី?» នាងក៏ប្រាប់អំពីអ្វីដែលលោកបូអូសបានធ្វើចំពោះនាង។ 17 នាងប្រាប់ថា៖ «នេះជាស្រូវមួយតៅដែលលោកបានឲ្យមកខ្ញុំ ហើយគាត់បាននិយាយថា នាងមិនត្រូវទៅផ្ទះវិញដៃទទេឡើយ។ 18 ណាអូមីនិយាយថា៖ «ចូរកូននៅរង់ចាំសិន រហូតទាល់តែដឹងថា ការនេះនឹងទៅជាយ៉ាងណា លោកបូអូសនឹងមិននៅស្ងៀមទេ គាត់នឹងគិតគូររហូតទាល់តែបានសម្រេចនៅថ្ងៃនេះមិនខាន»។