1 លោកអេលីម៉ាឡេក ជាស្វាមីនាងណាអូមីមានសាច់ញាតិម្នាក់ឈ្មោះ លោកបូអូសជាអ្នកមានសម្បត្តិស្តុកស្តម្ភ និងមានឥទ្ធិពល។ 2 នាងរស់ជាសាសន៍ម៉ូអាប់ពោលទៅនាងណាអូមីថា៖ «សូមអ្នកម្តាយអនុញ្ញាតឲ្យកូនទៅរើសកួរស្រូវតាមស្រែនានាទៅ គង់តែមានគេអាណិតទុកឲ្យកូនរើសតាមក្រោយគេមិនខាន»។ នាងណាអូមីឆ្លើយថា៖ «ទៅចុះកូនស្រី!»។ 3 នាងរស់ចេញទៅរើសកួរស្រូវតាមក្រោយពួកអ្នកច្រូតនៅក្នុងស្រែមួយ។ គាប់ជួននាងបានទៅរើសប៉ះចំស្រែរបស់លោកបូអូស ដែលជាសាច់ញាតិរបស់ លោកអេលីម៉ាឡេក។ 4 ពេលនោះ លោកបូអូសបានមកពីភូមិបេថ្លេហិម លោកពោលទៅកាន់ពួកអ្នកច្រូតថា៖ «សូមព្រះអម្ចាស់គង់ជាមួយអ្នករាល់គ្នា»។ គ្រប់គ្នាតបវិញថា៖ «សូមព្រះប្រទានពរលោក»។ 5 លោកបូអូសសួរទៅកាន់អ្នកបម្រើរបស់គាត់ ដែលអ្នកត្រួតលើពួកអ្នកច្រូតថា៖ «តើនាងជាអ្នកណា?» 6 អ្នកបម្រើជាមេត្រួតលើអ្នកច្រូតឆ្លើយថា៖ «នាងគឺជាសាសន៍ម៉ូអាប់ ដែលមកពីស្រុកម៉ូអាប់ ជាមួយណាអូមី។ 7 នាងបានសុំខ្ញុំថា សូមអនុញ្ញាតឲ្យខ្ញុំរើសគួរស្រូវដែលជ្រុះនៅក្នុងស្រែពីក្រោយពួកអ្នកច្រូតស្រូវផងចុះ នាងបានមកទីនេះតាំងពីព្រឹករហូតមកដល់ពេលនេះ នាងបានទៅសម្រាកនៅផ្ទះតែមួយស្របក់តែប៉ុណ្ណោះ»។ 8 លោកបូអូសនិយាយទៅនាងរស់ថា៖ «នាងអើយ សូមស្តាប់ខ្ញុំ! កុំទៅរើសស្រូវក្នុងស្រែណាផ្សេងឡើយ! ហើយកុំទៅណាឆ្ងាយពីស្រែនេះដែរ។ ចូរនៅទីនេះជាមួយអ្នកបម្រើស្រីៗរបស់ខ្ញុំចុះ។ 9 ចូរឃ្លាំមើលតែក្នុងស្រែ បើអ្នកច្រូតទៅណាចូរទៅតាមក្រោយស្រីៗទាំងនោះទៅ។ ខ្ញុំបានហាមអ្នកបម្រើប្រុសៗមិនឲ្យគេប៉ះពាល់នាងទេ។ ហើយប្រសិនបើនាងស្រេកទឹក ចូរទៅពិសាទឹកក្នុងខ្អមដែលអ្នកបម្រើរបស់ខ្ញុំបានដងទុកនោះចុះ»។ 10 ពេលនោះនាងរស់បានឱនមុខក្រាបដល់ដីពីមុខលោកបូអូស ហើយនិយាយទៅកាន់លោកថា៖ «ហេតុអ្វីបានជាលោកប្រណីមេត្តាដល់ ដែលខ្ញុំជាជនបរទេសដូច្នេះ?» 11 លោកឆ្លើយតបទៅនាងវិញថា៖ «មានគេប្រាប់ខ្ញុំ ពីកិច្ចការគ្រប់យ៉ាងដែលនាងបានប្រព្រឹត្តចំពោះម្តាយក្មេក ចាប់តាំងពីប្តីនាងស្លាប់ចោលទៅ។ នាងបានចាកចេញពីឪពុក ម្តាយ និងទឹកដីកំណើតរបស់នាងមកតាមម្តាយក្មេក ហើយមករស់នៅក្នុងចំណោមជនជាតិដែលនាងមិនស្គាល់។ 12 សូមព្រះអម្ចាស់តបស្នងមកនាងវិញស្របតាមការដែលនាងប្រព្រឹត្ត។ សូមព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែលប្រទានរង្វាន់ដល់នាងជាបរិបូរ ព្រោះនាងបានមកជ្រកក្រោមម្លប់បារមីរបស់ព្រះអង្គ»។ 13 បន្ទាប់មក នាងពោលថា៖ «លោកម្ចាស់មានចិត្តប្រណីសណ្តោសមកលើនាងខ្ញុំពន់ប្រមាណ លោកបានមានប្រសាសន៍សម្រាលទុក្ខ និងលើកទឹកចិត្តនាងខ្ញុំ ទោះបីនាងខ្ញុំមានឋានៈទាបជាអ្នកបម្រើរបស់លោកក្តី»។ 14 នៅពេលបរិភោគអាហារ លោកនិយាយទៅកាន់នាងរស់ថា៖ «អញ្ជើញមកពិសានំប៉័ង ហើយជ្រលក់ដុំនំប៉័ងរបស់នាងមកក្នុងទឹកជ្រលក់នេះទៅ»។ នាងរស់អង្គុយជិតពួកអ្នកច្រូត ហើយលោកហុចលាជទៅឲ្យនាង នាងហូបរហូតឆ្អែត ហើយទុលលាជដែលនៅសល់នោះផង។ 15 បន្ទាប់មក នាងក៏ក្រោកឡើងរើសស្រូវទៀត លោកបូអូសបានបញ្ជាអ្នកបម្រើប្រុសៗរបស់គាត់ថា៖ «ទុកឲ្យនាងរើសស្រូវនៅកន្លែងដែលមានកណ្តាប់ស្រូវផង កុំឃាត់នាងអី។ 16 ហើយក៏ទម្លាក់កួរស្រូវខ្លះពីកណ្តាប់ឲ្យនាងផង កុំបន្ទោសនាងអី»។ 17 ដូច្នេះ នាងបានរើសកួរស្រូវនៅក្នុងស្រែរហូតដល់ពេលល្ងាច។ ហើយនាងក៏បែនស្រូវដែលនាងបានរើសនោះ បានជិតមួយថាំង។ 18 នាងបានលើកវាទូលហើយត្រឡប់ទៅភូមិវិញ។ ម្តាយក្មេករបស់នាងបានឃើញស្រូវដែលបានរើសបាន ហើយនាងរស់ក៏បានយកលាជដែលនាងយកពីអាហាររបស់នាងមកឲ្យម្តាយក្មេកដែរ។ 19 ម្តាយក្មេករបស់នាងបានសួរនាងថា៖ «តើថ្ងៃនេះកូនបានទៅរើសស្រូវនៅឯណា តើកូនបានទៅធ្វើការនៅទីណា? សូមព្រះប្រទានពរដល់អ្នកដែលបានជួយកូន»។ បន្ទាប់មក នាងរស់ក៏បានប្រាប់ម្តាយក្មេកអំពីម្ចាស់ស្រែដែលនាងបានទៅរើសកួរស្រូវនោះ។ នាងប្រាប់ថា៖ «ម្ចាស់ស្រែដែលកូនបានចូលទៅរើសកួរស្រូវនៅថ្ងៃនេះ គាត់មានឈ្មោះថា បូអូស»។ 20 នាងណាអូមីបានតបទៅកូនប្រសារថា៖ «សូមព្រះអម្ចាស់ប្រទានពរដល់គាត់ គឺដល់អ្នកដែលមិនបានបោះបង់ភក្តីភាពរបស់គាត់ទាំងចំពោះអ្នកនៅរស់ និងអ្នកដែលបានស្លាប់»។ នាងណាអូមីបានពោលទៅកាន់នាងរស់ទៀតថា៖ «បុរសនេះគឺជាញាតិជិតដិតរបស់យើង គាត់ក៏ជាម្នាក់ដែលមានភារកិច្ចទទួលបន្ទុកថែរក្សាយើង»។ 21 នាងរស់ជាសាសន៍ម៉ូអាប់ពោលថា៖ «គាត់បានប្រាប់ខ្ញុំថា នាងត្រូវនៅរើសកួរស្រូវក្បែរស្រីបម្រើរបស់ខ្ញុំ រហូតទាល់តែផុតរដូវចម្រូត»។ 22 នាងណាអូមីនិយាយទៅនាងរស់ជាកូនប្រសារស្រីរបស់នាងថា៖ «គឺជាការល្អណាស់! ដែលកូននៅរើសស្រូវជាមួយអ្នកស្រីបម្រើរបស់លោក ដូច្នេះ កូននឹងមិនត្រូវគេធ្វើបាប នៅពេលដែលកូនទៅរើសស្រូវក្នុងស្រែដទៃនោះទេ»។ 23 ដូច្នេះ នាងរស់ក៏នៅរើសស្រូវជាមួយស្រីបម្រើរបស់លោកបូអូសរហូតទាល់តែផុតរដូវចម្រូត។ នាងរស់បានបន្តរស់នៅជាមួយម្តាយក្មេកបន្តទៅទៀត។