1 លោកបូអូសបានទៅដល់ទ្វារក្រុង ហើយអង្គុយនៅទីនោះ។ ពេលនោះបុរសជាញាតិជិតបំផុត ដែលលោកបាននិយាយបានមកដល់។ លោកបូអូសមានប្រសាសន៍ទៅគាត់ថា៖ «សូមចូលមកហើយអង្គុយទីនេះសិន»។ បុរសនោះបានមកហើយអង្គុយចុះ។ 2 លោកបូអូសបានអញ្ជើញចាស់ទុំនៃក្រុងនេះចំនួនដប់នាក់មក រួចពោលឡើងថា៖ «សូមអញ្ជើញអង្គុយនៅទីនេះសិន»។ ដូច្នេះពួកគេបានអង្គុយចុះ។ 3 លោកបូអូសមានប្រសាសន៍ទៅកាន់ញាតិជិតបំផុតនោះថា៖ «បងស្រីណាអូមី ដែលបានត្រឡប់មកពីស្រុកម៉ូអាប់វិញ ហើយគាត់ចង់លក់ដីស្រែដែលជាកម្មសិទ្ធិរបស់បងអេលីម៉ាឡេក។ 4 ខ្ញុំគិតថាគួរតែជម្រាបបង សូមឲ្យបងទិញដីស្រែនោះ ដោយមានចាស់ទុំនៅទីនេះជាសាក្សី និងបងប្អូនឯទៀតៗដែលមានវត្តមាននៅទីនេះជួយដឹងឮផង។ ប្រសិនបើបងចង់ទិញ បងទិញចុះ! ប៉ុន្តែ ប្រសិនបើបងមិនទិញទេ សូមប្រាប់ខ្ញុំឲ្យដឹងផង ព្រោះនៅទីនេះមិនមានអ្នកណាមានសិទ្ធិទិញទេ គឺមានតែបង បន្ទាប់ពីបងគឺខ្ញុំ។ បុរសនោះពោលថា៖ «ខ្ញុំចង់ទិញ»។ 5 លោកបូអូសក៏មានប្រសាសន៍ទៀតថា៖ «នៅថ្ងៃដែលបងទិញដីស្រែពីបងស្រីណាអូមី នោះបងត្រូវតែយកនាងរស់សាសន៍ម៉ូអាប់ធ្វើជាភរិយាដែរ ដើម្បីឲ្យដីនៅតែជាកម្មសិទ្ធិរបស់បងប្អូនតយើងដែលស្លាប់ទៅហើយនៅ»។ 6 សាច់ញាតិនោះក៏ពោលថា៖ «បើដូច្នេះខ្ញុំមិនអាចទិញបានទេ ព្រោះវាធ្វើឲ្យខូចប្រយោជន៍និងបាត់បង់មរតកផ្ទាល់ខ្លួនរបស់ខ្ញុំ។ ដូច្នេះ ប្អូនអាចមានសិទ្ធិទិញយកដីនេះ ប្អូនទិញចុះ»។ 7 កាលដើមឡើយនៅក្នុងស្រុកអ៊ីស្រាអែលនៅពេលដែលគេទិញទ្រព្យសម្បត្តិ ឬផ្ទេរកម្មសិទ្ធិអ្វីមួយ ពួកគេមានទម្លាប់ដោះស្បែកជើងហុចឲ្យគ្នាទៅវិញទៅមក ដើម្បីទុកជាសញ្ញាបញ្ជាក់ថា គេបានព្រមព្រៀងគ្នា ក្នុងស្រុកអ៊ីស្រាអែល។ 8 ដូច្នេះ បុរសជាញាតិជិតបំផុតមានប្រសាសន៍ទៅលោកបូអូសថា៖ «សូមប្អូនទិញវាចុះ!» ហើយលោកក៏ដោះស្បែកជើងរបស់លោក។ 9 លោកបូអូសក៏មានប្រសាសន៍ទៅកាន់ចាស់ទុំនិងមនុស្សទាំងអស់ថា៖ «ថ្ងៃនេះអ្នករាល់គ្នាគឺជាសាក្សី ថាខ្ញុំបានទិញអ្វីៗទាំងអស់ដែលជារបស់បងប្រុសអេលីម៉ាឡេក រួមទាំងអ្វីៗដែលជារបស់គីលីយ៉ូន និងម៉ាឡូន ពីបងស្រីណាអូម៉ី។ 10 ខ្ញុំក៏សូមយកនាងរស់សាសន៍ម៉ូអាប់ ជាប្រពន្ធរបស់ម៉ាឡូន មកធ្វើជាប្រពន្ធរបស់ខ្ញុំដែល ដើម្បីឲ្យកេរ្ត៍មរតករបស់គាត់នៅតែជារបស់គាត់ដដែល ហើយខ្ញុំនឹងបន្តពូជពង្សឲ្យទាត់ដើម្បីរក្សាឈ្មោះរបស់គាត់ ដើម្បីរក្សាឈ្មោះរបស់គាត់ឲ្យនៅគង់វង្សក្នុងចំណោមបងប្អូនរបស់គាត់និង នៅទ្វារក្រុងនេះតទៅ។ 11 មនុស្សទាំងអស់ និងចាស់ទុំដែលនៅទីនោះក៏និយាយថា៖ «យើងទាំងអស់គ្នាសាក្សីហើយ! សូមព្រះអម្ចាស់ប្រោសប្រទានឲ្យស្ត្រីដែលចូលមកក្នុងផ្ទះរបស់លោកបានដូចជានាងរ៉ាជែល និងនាងលេអា គឺដូចជាស្រ្តីទាំងពីរនាក់ដែលបានបង្កើតជនជាតិអ៊ីស្រាអែលដែរ! សូមឲ្យលោកមានទ្រព្យសម្បត្តិស្តុកស្តុម្ភនៅអេប្រាតា និងមានកេរ្តិ៍ឈ្មោះល្បីនៅភូមិបេថ្លេហិម។ 12 សូមព្រះអម្ចាស់ប្រទានពរឲ្យលោក និងនាងមានកូនចៅច្រើន ដូចជាគ្រួសារលោកពេរេស ជាកូនរបស់លោកយូដា និងនាងតាម៉ារដែរ!» 13 នោះលោកបូអូសបានយកនាងរស់ធ្វើជាភរិយា។ លោកបានរួមរស់នឹងនាង ហើយព្រះអម្ចាស់បានប្រទានឲ្យនាងមានផ្ទៃពោះ និងសម្រាលបានកូនប្រុសមួយ។ 14 ពួកស្រ្តីៗនិយាយទៅកាន់នាងណាអូមីថា៖ «សូមអរព្រះគុណព្រះអម្ចាស់ ដែលបានប្រទានចៅប្រុសមកឲ្យនាង ដោយមិនបានទុកឲ្យនាងរស់នៅដោយមិនមានសាច់ញាតិ។ សូមឲ្យចៅរបស់អ្នកមានឈ្មោះល្បីក្នុងស្រុកអ៊ីស្រាអែល។ 15 សូមឲ្យចៅនេះស្តារជីវិតរបស់អ្នកឲ្យមានសុភមង្គលឡើងវិញ ដ្បិត កូននេះបានកើតពីកូនប្រសារដែលនាងស្រឡាញ់ ជាកូនដែលប្រសើរជាងកូនប្រុសប្រាំពីរនាក់ទៅទៀត។ 16 នាងណាអូមីយកទារក ទៅផ្តេកនៅក្នុងដើមទ្រូងរបស់គាត់ ហើយបីបាច់ថែរក្សាទារកនោះ។ 17 ស្ត្រីអ្នកជិតខាងទាំងនោះបានពោលថា៖ «នាងណាអូមីមានកូនប្រុសមួយ»។ គេហៅគាត់ថា៖ «អូបេឌ»។ លោកអូបេឌនេះហើយជាឪពុករបស់លោកអ៊ីសាយ ដែលជាបិតារបស់ព្រះបាទដាវីឌ។ 18 នេះជាពូជពង្សលោកពេរេស លោកពេរេសជាឪពុកលោកហេតស្រុន 19 លោកហេតស្រុនជាឪពុកលោករ៉ាម លោករ៉ាមជាឪពុកលោកអមីណាដាប់ 20 លោកអមីណាដាប់ជាឪពុកលោកណាសូន លោកណាសូនជាឪពុកលោកសាលម៉ូន 21 លោកសាលម៉ូនជាឪពុកលោកបូអាស លោកបូអាសជាឪពុកលោកអូបេដ 22 លោកអូបេដជាឪពុកលោកអ៊ីសាយ លោកអ៊ីសាយជាឪពុកព្រះបាទដាវីឌ។