1 ជនជាតិអ៊ីស្រាអែល បានធ្វើអ្វីដែលអាក្រក់ នៅចំពោះព្រះនេត្ររបស់ព្រះអម្ចាស់ ហើយទ្រង់បានប្រទានពួកគេទៅក្នុងដៃនៃជនជាតិម៉ាឌានរយៈពេលប្រាំពីរឆ្នាំ។ 2 អំណាចរបស់ជនជាតិម៉ាឌានបានសង្កត់សង្កិនលើអ៊ីស្រាអែល។ ដោយសារតែជនជាតិម៉ាឌាន ជនជាតិអ៊ីស្រាអែលបានធ្វើរូងនៅក្នុង ល្អាងភ្នំ ហើយនិងទីមាំមួនសម្រាប់ខ្លួនពួកគេ។ 3 វាបានកើតឡើង គឺនៅពេលដែលជនជាតិអ៊ីស្រាអែលដាំដំណាំរបស់ពួកគេ ជនជាតិម៉ាឌាន និងជនជាតិអាម៉ាឡេក ព្រមទាំងមនុស្សពីភាគខាងកើតមកវាយប្រហារជនជាតិអ៊ីស្រាអែល។ 4 ពួកគេតាំងទ័ពរបស់ពួកគេលើទឹក ហើយបំផ្លាញដំណាំ រហូតដល់កាសា។ ពួកគេមិនបានបន្សល់ទុកស្បៀងអាហារនៅក្នុងអ៊ីស្រាអែលទេ ហើយក៏គ្មានចៀម គោ ឬសូម្បីតែសត្វលាក៏គ្មានដែរ។ 5 នៅពេលពួកគេ និងសត្វចិញ្ចឹមរបស់ពួកគេ ព្រមទាំងជំរំរបស់ពួកគេបានឡើងមក ពួកគេមកដូចជាហ្វូងកណ្តូប សូម្បីតែខ្លួនគេ និងសត្វអូដ្ឋរបស់ពួកគេក៏មិនអាចរាប់អស់ដែរ។ ពួកគេលុកលុយទឹកដីគឺដើម្បីបំផ្លាញវា។ 6 ជនជាតិអ៊ីស្រាអែលបានចុះខ្សោយយ៉ាងខ្លាំងដោយសារតែជនជាតិម៉ាឌាន ដូច្នេះហើយ គេបានជាជនជាតិអ៊ីស្រាអែលស្រែកអំពាវនាវរកព្រះអម្ចាស់។ 7 ពេលប្រជាជនអ៊ីស្រាអែលបានស្រែកអំពាវនាវរកព្រះជាម្ចាស់ ដោយសារតែជនជាតិម៉ាឌាន 8 ព្រះអម្ចាស់បានចាត់ព្យាការីម្នាក់ទៅឯប្រជាជនអ៊ីស្រាអែល។ ព្យាការីបានមានប្រសាសន៍ទៅកាន់ពួកគេថា៖ «នេះគឺអ្វីដែលព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលមានព្រះបន្ទូល «យើងបាននាំអ្នកចេញពីស្រុកអេស៊ីបមក យើងបាននាំអ្នកចេញពីផ្ទះនៃភាពជាទាសករ។ 9 យើងបានរំដោះអ្នកពីដៃជនជាតិអេស៊ីប ហើយពីដៃរបស់អស់អ្នកដែលសង្កត់សង្កិនអ្នក។ យើងបណ្តេញពួកគេចេញពីមុខរបស់អ្នក ហើយយើងក៏ប្រគល់ទឹកដីរបស់គេមកឲ្យអ្នក។ 10 យើងបាននិយាយទៅអ្នករាល់គ្នាថា៖ «យើងជាព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់អ្នក យើងបានបង្គាប់អ្នករាល់គ្នា មិនឲ្យថ្វាយបង្គំព្រះនានារបស់ជនជាតិអាម៉ូរី ក្នុងស្រុកដែលអ្នករាល់គ្នារស់នៅនេះឡើយ»។ ប៉ុន្តែ អ្នករាល់គ្នាមិនបានគោរពសម្លេងរបស់យើងទេ។ 11 ឥឡូវនេះ ទេវតានៃព្រះអម្ចាស់បានមក ហើយអង្គុយនៅក្រោមដើមអូក ក្នុងអូប្រា ដែលជាកម្មសិទ្ធិរបស់លោកយ៉ូអាស (ក្នុងជាជាតិអបៀស៊ើរ) នៅពេលដែលលោកគេឌាន ជាកូនរបស់លោកយ៉ូអាសកំពុងបំបែកស្រូវសាលីដោយវាយវានៅលើក្តាក្នុងធុងបញ្ជាន់ទំពាំងបាយជូរ ដើម្បីលាក់ពីជនជាតិម៉ាឌាន។ 12 ទេវតានៃព្រះអម្ចាស់បានមកបង្ហាញខ្លួននៅចំពោះគាត់ ហើយប្រាប់គាត់ថា៖ «ព្រះជាម្ចាស់គង់នៅជាមួយអ្នកហើយ! អ្នកជាអ្នកចម្បាំងដ៏ខ្លាំងពូកែ»។ 13 លោកគេឌាននិយាយទៅលោកថា៖ «ឱ! លោកម្ចាស់របស់ខ្ញុំអើយ ប្រសិនបើ ព្រះជាម្ចាស់គង់ជាមួយយើងរាល់គ្នាមែន ហេតុអ្វីបានជាការទាំងអស់នេះកើតឡើងចំពោះយើងរាល់គ្នាដូច្នេះ? ឯណាទៅការអស្ចារ្យដ៏មហិមារបស់ទ្រង់ ដែលឪពុករបស់យើងបានប្រាប់យើងនោះ នៅពេលដែលពួកគេបាននិយាយថា «តើព្រះជាម្ចាស់មិនបាននាំយើងចេញពីស្រុកអេស៊ីព្ទមកទេឬ? ប៉ុន្តែឥឡូវ ព្រះអម្ចាស់បានបោះបង់យើងចោល ហើយបានប្រគល់យើងទៅក្នុងកណ្តាប់ដៃរបស់ជនជាតិម៉ាឌាន»។ 14 ព្រះអម្ចាស់បានទតមើលទៅលោកហើយមានព្រះបន្ទូលថា៖ «ចូរអ្នកចេញទៅដោយកម្លាំងដែលអ្នកមានរួចហើយចុះ។ ចូររំដោះអ៊ីស្រាអែលពីកណ្តាប់ដៃរបស់ជនជាតិម៉ាឌាន។ តើមិនមែនយើងទេឬដែលចាត់អ្នកឲ្យទៅនោះ?» 15 លោកគេឌានទូលទ្រង់ថា៖ «ឱព្រះអម្ចាស់អើយ! តើទូលបង្គំរំដោះអ៊ីស្រាអែលដោយរបៀបណា? សូមទតមើលចុះ គ្រួសាររបស់ទូលបង្គំខ្សោយជាងគេក្នុងម៉ាណាសេ ហើយទូលបង្គំក៏មិនមានសារសំខាន់ក្នុងផ្ទះរបស់ឪពុកទូលបង្គំដែរ»។ 16 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងនៅជាមួយអ្នក ហើយអ្នកនឹងវាយកងទ័ពម៉ាឌានដូចជាវាយមនុស្សតែម្នាក់»។ 17 លោកគេឌានទូលថា៖ «ប្រសិនបើ ព្រះអង្គករុណាដល់ទូលបង្គំ នោះសូមប្រទានសញ្ញាមកទូលបង្គំ ថាគឺ ព្រះអង្គហើយដែលមានព្រះបន្ទូលមកកាន់ទូលបង្គំ។ 18 សូមកុំចាកចេញពីទីនេះឡើយ រហូតដល់ទូលបង្គំត្រឡប់មកវិញ ហើយនាំយកតង្វាយរបស់ទូលបង្គំ ហើយរៀបចំនៅចំពោះព្រះភក្ត្រព្រះអង្គ»។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងរង់ចាំ រហូតដល់អ្នកត្រឡប់មកវិញ»។ 19 លោកគេឌានបានចាកចេញទៅ ហើយរៀបចំកូនពពែមួយ និងនំប៉័ងឥតមេធ្វើពីម៉្សៅមួយថាំង។ លោកដាក់សាច់នៅក្នុងកញ្រែ្ចង ហើយដាក់ទឹកសម្លក្នុងចាន ហើយនាំយកមកថ្វាយព្រះអង្គនៅក្រោមដើមម៉ៃសាក់នោះ។ 20 នោះទេវតានៃព្រះអម្ចាស់ប្រាប់លោកថា៖ «ចូរយកសាច់ និងនំប៉័ងឥតមេទៅដាក់នៅលើថ្មនេះ ហើយចាក់ទឹកសម្លពីលើវា»។ លោកគេឌានក៏ធ្វើតាម។ 21 បន្ទាប់មក ទេវតានៃព្រះអម្ចាស់ក៏លូកចុងដំបងដែលនៅក្នុងដៃរបស់លោក។ ជាមួយវា លោកបានប៉ះសាច់ និងនំប៉័ងឥតមេ នោះភ្លើងក៏ចេញពីថ្មមកហើយដុតបញ្ឆេះសាច់ និងនំប៉័ងនោះទៅ។ បន្ទាប់មក ទេវតានៃព្រះអម្ចាស់បានចេញទៅ ហើយលោកគេឌានលែងបានឃើញលោកទៀតទេ។ 22 លោកគេឌានបានយល់ថា នេះគឺជាទេវតានៃព្រះអម្ចាស់។ លោកនិយាយថា៖ «ហ្អា! ព្រះអម្ចាស់ដ៏ជាព្រះ ទូលបង្គំបានមើលឃើញទេវតារបស់ព្រះអម្ចាស់មុខទល់នឹងមុខ!» 23 ព្រះអម្ចាស់មានបន្ទូលទៅគាត់ថា៖ «ចូរសេចក្តីសុខសាន្តកើតមានដល់អ្នក! កុំភ័យខ្លាចអ្វីឡើយ អ្នកនឹងមិនស្លាប់ទេ»។ 24 លោកគេឌានបានសង់អាសនៈនៅទីនោះថ្វាយព្រះអម្ចាស់។ លោកបានហៅកន្លែងនោះថា៖ «ព្រះអម្ចាស់នៃសេចក្តីសុខសាន្ត»។ វាមាននៅរហូតដល់សព្វថ្ងៃនេះ នៅត្រង់អូប្រា ទឹកដីរបស់កុលសម្ព័ន្ធអ័បៀស៊ើរ។ 25 នៅយប់នោះ ព្រះអម្ចាស់មានព្រះបន្ទូលទៅគាត់ថា៖ «ចូរយកគោឈ្មោលរបស់ឪពុកអ្នក និងគោឈ្មោលទីពីរ ដែលមានអាយុប្រាំពីរឆ្នាំ ហើយរលំកន្លែងថ្វាយយញ្ញបូជារបស់ព្រះបាលដែលជារបស់ឪពុកអ្នកចោលទៅ ហើយកាប់បំផ្លាញបង្គោលព្រះអាសេរ៉ា ដែលនៅក្បែរនោះចេញដែរ។ 26 ចូរសង់អាសនៈមួយថ្វាយដល់ព្រះអម្ចាស់ជាព្រះរបស់អ្នកនៅលើទីខ្ពស់នៃកន្លែងលាក់ខ្លួន ហើយសង់វាឲ្យបានត្រឹមត្រូវ។ ចូរថ្វាយគោឈ្មោលទីពីរនោះ ជាដង្វាយដុត ដោយប្រើឈើដែលមកពីបង្កោលព្រះអាសេរ៉ា ដែលអ្នកបានកាត់បំផ្លាញនោះ»។ 27 លោកគេឌានបាននាំអ្នកបម្រើរបស់លោកដប់នាក់ទៅជាមួយ ហើយធ្វើដូចដែលព្រះជាម្ចាស់បានបង្គាប់គាត់។ ប៉ុន្តែដោយសារគាត់មានការភ័យខ្លាចពេកចំពោះអ្នកផ្ទះរបស់ឪពុកគាត់ ហើយនិងមនុស្សនៅក្រុងនោះ ក្នុងការធ្វើវានៅពេលថ្ងៃ ហេតុដូច្នេះហើយ គាត់បានធ្វើវានៅពេលយប់វិញ។ 28 នៅពេលព្រឹកនៅពេលដែលមនុស្សក្នុងក្រុងក្រោកឡើង ទីគោរពបូជារបស់ព្រះបាលបានរលំ ហើយបង្គោលនៃព្រះអាសេរ៉ានៅក្បែរនោះបានកាប់ចោលដែរ ហើយគោឈ្មោលទីពីរនៅបានដុតជាយញ្ញបូជានៅលើទីគោរពបូជាដែលបានសង់ឡើងនោះ។ 29 មនុស្សនៅក្រុងនោះបាននិយាយគ្នាទៅវិញទៅមកថា៖ «តើអ្នកណាដែលធ្វើកិច្ចការទាំងនេះ?» នៅពេលដែលពួកគេបាននិយាយជាមួយអ្នកឯទៀត ហើយស៊ើបរកចម្លើយ នោះមានគេប្រាប់ថា៖ «លោកគេឌានកូនប្រុសរបស់លោកយ៉ូអាស ដែលបានធ្វើការទាំងនេះ»។ 30 បន្ទាប់មក មនុស្សដែលនៅក្រុងនោះ បាននិយាយទៅលោកយ៉ូអាសថា៖ «ចូរនាំកូនរបស់អ្នកចេញមក ព្រោះគេសមនឹងស្លាប់ ដោយសារគេបានរលំទីគោរពបូជារបស់ព្រះបាល ហើយកាប់បំផ្លាញបង្គោលព្រះអាសេរ៉ាដែលនៅក្បែរនោះដែរ»។ 31 លោកយ៉ូអាសបាននិយាយទៅអ្នកដែលទាស់នឹងគាត់ថា៖ «តើអ្នករាល់គ្នាចង់តវ៉ាជំនួសព្រះបាលឬ? តើអ្នករាល់គ្នាជួយនឹងសង្គ្រោះព្រះបាលឬ? អ្នកណាដែលចង់តវ៉ាសម្រាប់គាត់ ចូរឲ្យគេត្រូវសម្លាប់នៅមុនពេលព្រឹកមកដល់ទៅចុះ។ ប្រសិនបើ ព្រះបាលគឺជាព្រះមែន ចូរឲ្យព្រះបាលតវ៉ាសម្រាប់ខ្លួនឯងទៅ នៅពេលដែលអ្នកណាម្នាក់បានកម្ទេចកន្លែងគោរពបូជារបស់ខ្លួន»។ 32 ហេតុនោះហើយបានជានៅថ្ងៃនោះ គេបានហៅលោកគេឌានថា៖ «យេរូប បាល» ព្រោះលោកបាននិយាយថា៖ «ចូរឲ្យព្រះបាលតវ៉ាដោយខ្លួនឯងទាស់នឹងគាត់ចុះ» ពីព្រោះលោកគេឌានបានបំផ្លាញកន្លែងគោរពបូជារបស់ព្រះបាល»។ 33 ឥឡូវនេះ ជនជាតិមេឌាន ជនជាតិអាម៉ាឡេក ព្រមទាំងជនជាតិនានាពីទិសខាងកើតទាំងអស់បានប្រមូលផ្តុំគ្នា។ ពួកគេបានឆ្លងទន្លេយ័រដាន ហើយបានបោះជំរំនៅក្នុងជ្រលងភ្នំយេសរាល។ 34 ប៉ុន្តែ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់បានមកលើលោកគេឌាន។ លោកគេឌាន បានផ្លុំត្រែឡើង ប្រកាសហៅកុលសម្ព័ន្ធអ័បៀស៊ើរ ដើម្បីឲ្យពួកគេមកជួយលោក 35 លោកបានចាត់អ្នកនាំសារឲ្យទៅស្រុកម៉ាណាសេ ហើយពួកគេក៏បានហៅឲ្យមកតាមលោកដែរ។ លោកក៏បានចាត់អ្នកនាំសារទៅកុលសម្ព័ន្ធអាស៊ើរ កុលសម្ព័ន្ធសាប់យ៉ូឡូន និងពួកណែបថាលី ហើយពួកគេក៏បានឡើងមកជួបជាមួយលោក។ 36 លោកគេឌានទូលទៅព្រះអម្ចាស់ថា៖ «ប្រសិនបើ ព្រះអង្គសព្វព្រះហឫទ័យនឹងជួយសង្គ្រោះប្រជាជនអ៊ីស្រាអែលតាមរយៈទូលបង្គំ ដូចដែលព្រះអង្គមានព្រះបន្ទូលមែន 37 មើល ទូលបង្គំដាក់រោមចៀមនេះនៅទីលានបោកស្រូវ។ ប្រសិនបើ មានសន្សើមនៅតែលើរោមចៀម ហើយផ្ទៃដីជុំវិញស្ងួត នោះទូលបង្គំនឹងដឹងថា ព្រះអង្គពិតជាប្រើទូលបង្គំឲ្យសង្គ្រោះប្រជាជនអ៊ីស្រាអែល ដូចដែលព្រះអង្គមានព្រះបន្ទូលមែន»។ 38 នេះគឺអ្វីដែលបានកើតឡើង ពេលលោកគេឌានក្រោកឡើងនៅព្រឹកព្រលឹមនៅថ្ងៃបន្ទាប់ គាត់បានច្របាច់រោមចៀមចូលគ្នា ហើយបានមួលបានទឹកសន្សើមពីរោមចៀមនោះ វាពេញបានមួយចានសម្លរ។ 39 បន្ទាប់មក លោកទូលព្រះជាម្ចាស់ថា៖ «សូមកុំខ្ញាល់នឹងទូលបង្គំឡើយ ទូលបង្គំនឹងនិយាយតែម្តងទៀតប៉ុណ្ណោះ។ សូមអនុញ្ញាតឲ្យទូលបង្គំ សាកល្បងដោយប្រើរោមចៀមនេះម្តងទៀត។ លើកនេះសូមធ្វើឲ្យរោមចៀមស្ងួត ហើយសូមឲ្យមានទឹកសន្សើមនៅលើដីនៅជុំវិញវា»។ 40 ព្រះអង្គបានធ្វើតាមការសូមរបស់លោកនៅក្នុងយប់នោះ។ រោមចៀមបានជាស្ងួត ហើយមានទឹកសន្សើមនៅលើដីដីជុំវិញវា។