ជំពូក ១៩

1 នៅគ្រានោះ នៅពេលដែលមិនទានមានស្តេចក្នុងស្រុកអ៊ីស្រាអែលនៅឡើយ កាលនោះមានបុរសម្នាក់ជាលេវី រស់នៅប៉ែកខាងចុងតំបន់ភ្នំអេប្រាអ៊ីម។ គាត់បានយកស្រ្តីម្នាក់ពីភូមិបេថ្លេហិម ក្នុងស្រុកយូដា មកធ្វើជាប្រពន្ធចុង។ 2 ប៉ុន្តែ នាងបានក្បត់ចិត្តគាត់ នាងបានចាកចេញពីគាត់ ហើយត្រឡប់ទៅផ្ទះឪពុករបស់នាង នៅភូមិបេថ្លេហិម ក្នុងស្រុកយូដាវិញ។ នាងបានស្នាក់នៅទីនោះអស់រយៈពេលបួនខែ។ 3 កាលនោះប្តីរបស់នាងបានក្រោកឡើងហើយទៅតាមក្នុងគោលបំណងលួងលោមនាងអោយត្រឡប់មកវិញ។ អ្នកបម្រើរបស់គាត់និងលាមួយគូរបានមកជាមួយគាត់។ នាងបាននាំគាត់ចូលទៅក្នុងផ្ទះឪពុករបស់នាង។ ពេលដែលឪពុករបស់នាងបានឃើញគាត់ គាត់មានអំណរជាខ្លាំង។ 4 ឪពុកក្មេករបស់គាត់ ឪពុករបស់ស្រីបានឃាត់គាត់ឲ្យស្នាក់នៅទីនោះចំនួនបីថ្ងៃ។ ពួកគេបានបរិភោគ និងផឹក ហើយពួកគេចំណាយពេលនៅទីនោះវេលាយប់នោះ។ 5 នៅថ្ងៃទីបួន ពួកគេបានក្រោកពីព្រលឹម ហើយគាត់បាន រៀបចំចាកចេញ ប៉ុន្តែឪពុករបស់ស្រ្តីបានពោលទៅកាន់កូនប្រសារថា៖ «ចូរទទួលទានអាហារអោយមានកម្លាំងសិន បន្ទាប់មកអ្នកអាចចេញដំណើរទៅ។» 6 ដូច្នេះទាំងពីរនាក់ ក៏អង្គុយចុះ បរិភោគអាហារនិងផឹកជាមួយគ្នា។ បន្ទាប់មកឪពុករបស់ស្ត្រីបាននិយាយថា៖ «សូមចំណាយពេលមួយយប់និងមានពេលល្អសិនទៅ។» 7 នៅពេលបុរសលេវីក្រោកឡើងដើម្បីចេញដំណើរ ឪពុករបស់នារីចេះទទូចអោយគាត់ស្នាក់នៅ គាត់ក៏ប្តូរផែនការណ៍ហើយចំណាយពេលនៅទីនោះមួយយប់ទៀត។ 8 នៅថ្ងៃទីប្រាំគាត់បានក្រោកឡើងពីព្រលឹមដើម្បីចាកចេញ ប៉ុន្តែ ឪពុករបស់ស្ត្រីនិយាយទៅគាត់ថា៖ «សូមកូនពិសារអោយមានកម្លាំងសិន ចាំដល់ថ្ងៃជ្រេរសឹមចេញដំណើរទៅចុះ»។ ដូច្នេះ ពួកគេទាំងពីរក៏នាំគ្នាបរិភោគ។ 9 នៅពេលដែលបុរសលេវី ប្រពន្ធចុងរបស់គាត់ ហើយនិងនាក់បម្រើក្រោកឡើងចេញដំណើរ ឪពុកក្មេករបស់គាត់ ឪពុករបស់ស្ត្រីបាននិយាយទៅគាត់ថា៖ «មើល៍ ឥឡូវនេះជ្រុលពេលហើយ ហើយថ្ងៃក៏ជិតលិចដែរ។ សូមសម្រាកនៅទីនេះមួយយប់ទៀតសិនចុះ និងមានពេលដ៏ល្អ។ ស្អែកសឹមក្រោកពីព្រលឹមនិងត្រឡប់ទៅផ្ទះវិញ»។ 10 ប៉ុន្តែ បុរសលេវីមិនចង់ចំណាយសម្រាកនៅទីនោះទេ។ គាត់បានក្រោកឡើងហើយចាកចេញ។ គាត់បានធ្វើដំណើរទៅទល់មុននឹងទីក្រុងយេប៊ូស (នោះគឺក្រុងយេរូសាឡឹម)។ គាត់បានចងកែបលាទាំងពីរ ហើយប្រពន្ធចុងរបស់គាត់បាននៅជាមួយគាត់ 11 នៅពេលដែលពួកគេទៅជិតដល់យេប៊ូស ថ្ងៃក៏ជិតលិចទៅហើយ ហើយអ្នកបម្រើបាននិយាយទៅកាន់ម្ចាស់របស់គាត់ថា៖ «មក សូមយើងចូលទៅក្នុងក្រុងយេប៊ូល ហើយសម្រាកនៅក្នុងក្រុងនៅយប់នេះ»។ 12 ចៅហ្វាយរបស់គាត់ឆ្លើយទៅគាត់ថា​៖ «យើងនឹងមិនចូលទៅក្នុងក្រុងរបស់ជនបរទេសដែលមិនមែនជារបស់ប្រជាជនអ៊ីស្រាអែលនោះទេ។ យើងនឹងធ្វើដំណើរទៅក្រុងគីបៀរ»។ 13 បុរសលេវីបាននិយាយទៅយុវជននេះថា៖ «មក យើងទៅកន្លែងផ្សេងទៀតដែល ហើយយើងនឹងសម្រាកនៅក្រុងគីបៀរ ឬក្រុងរ៉ាម៉ា»។ 14 ដូច្នេះ ពួកគេបន្តដំណើរទៅទៀត ហើយថ្ងៃបានលិចនៅពេលដែលពួកគេមកជិតដល់គីបៀរ នៅក្នុងទឹកដីបេនយ៉ាមីន។ 15 ពួកគេចូលទៅក្នុងទីក្រុងហើយហើយចំណាយពេលយប់នៅក្នុងក្រុងគីបៀរ។ ពួកគេបានទៅហើយអង្គុយចុះនៅតាមផ្លូវក្រុង ប៉ុន្តែមិនមានអ្នកណាម្នាក់មកអញ្ជើញពួកគេចូលទៅក្នុងផ្ទះរបស់ខ្លួនសម្រាប់យប់នោះឡើយ។ 16 ប៉ុន្តែពេលនោះបុរសចំណាស់ម្នាក់ដែលត្រឡប់មកពីធ្វើការក្នុងចម្ការរបស់គាត់នៅពេលល្ងាច។ គាត់មានដើមកំណើតពីតំបន់ភ្នំអេប្រាអ៊ីម ហើយគាត់មករស់នៅគីបៀរ។ ប៉ុន្តែគាត់បានកុំពង់រស់នៅទីនោះដែលជារបស់ជនជាតិប៊េនយ៉ាមីន។ 17 គាត់បានងើបភ្នែកឡើងហើយបានឃើញអ្នកដំណើរអង្គុយនៅតាមផ្លូវនៃទីក្រុង។ បុរសចំណាស់បាននិយាយថា៖ «តើអ្នកធ្វើដំណើរទៅណា? តើអ្នកមកពីណាដែរ?»។ 18 បុរសលេវីតបទៅគាត់វិញថា៖ «យើងនៅលើផ្លូវរបស់យើងពីភូមិបេថ្លេហិម ក្នុងស្រុកយូដា ជាទីដាច់ស្រយ៉ាលមួយនៃតំបន់ភ្នំអេប្រាអ៊ីម ជាកន្លែងដែលបានធ្វើដំណើរមក។ ខ្ញុំបានធ្វើដំណើរទៅបេថ្លេហិម ក្នុងស្រុកយូដា ហើយខ្ញុំកំពុងធ្វើដំណើរទៅព្រះដំណាក់របស់ព្រះអម្ចាស់វិញ ប៉ុន្តែ មិនមានអ្នកណាម្នាក់ទទួលយើងឲ្យស្នាក់នៅក្នុងផ្ទះរបស់គេឡើយ។ 19 យើងមានចំបើងនិងស្មៅសម្រាប់សត្វលារបស់យើង ហើយនេះជាអាហារ និងស្រា សម្រាប់ខ្ញុំ និងអ្នកបម្រើស្រីរបស់អ្នកនៅទីនេះ និងសម្រាប់ក្មេងប្រុសនេះជាមួយអ្នកបម្រើរបស់អ្នកដែរ។ យើងមិនត្រូវការអ្វីឡើយ»។ 20 បុរសចំណាស់ក៏ពោលទៅកាន់គាត់ថា៖ «សូមក្តីសុខសាន្តមានដល់អ្នក ខ្ញុំនឹងប្រគល់នូវអ្វីៗដែលអ្នកត្រូវការ។ គឺសូមតែ កុំសម្រាកនៅតាមផ្លូវដូច្នេះទេ។» 21 បុរសចំណាស់ក៏នាំបុរសលេវីទៅផ្ទះរបស់គាត់ ហើយឲ្យចំណីសត្វលារបស់គាត់។ ពួកគេបានលាងជើង ហើយបរិភោគអាហារនិងស្រា។ 22 នៅពេលដែលពួកគេកំពុងតែបរិភោគយ៉ាងរីករាយ មនុស្សមួយចំនួននៃក្រុងនោះ ជាមនុស្សពាល បានមកឡោមព័ទ្ធផ្ទះ ហើយគោះទ្វារផ្ទះខ្លាំងៗ។ ពួកគេបាននិយាយទៅកាន់បុរសចំណាស់ថា៖ «ចូរនាំបុរសដែលស្នាក់នៅក្នុងផ្ទះរបស់អ្នកមកក្រៅ ដើម្បីឲ្យយើងរួមដំណេកជាមួយគេ»។ 23 បុរស ម្ចាស់ផ្ទះបានចេញទៅរកពួកគេ ហើយនិយាយជាមួយគេថា៖ «ទេ! បងប្អូនអើយ សូមកុំប្រព្រឹត្តអំពើអាក្រក់នេះឡើយ! បុរសនេះជាភ្ញៀវនៅក្នុងផ្ទះរបស់ខ្ញុំ សូមកុំប្រព្រឹត្តអំពើថោកទាបនេះឡើយ! 24 មើល៍ កូនស្រីរបស់ខ្ញុំគឺនៅព្រហ្មចារីយ៍នៅឡើង ហើយប្រពន្ធចុងរបស់លោកក៏នៅទីនេះដែរ។ សូមអោយខ្ញុំនាំពួកនាងចេញមកឥឡូវ។ សូមរួមដំណេកជាមួយពួកនាង និងធ្វើចំពោះពួកនាងស្រេចតែចិត្តអ្នកចង់ទៅចុះ។ ប៉ុន្តែ សូមកុំប្រព្រឹត្តការថោកទាបជាមួយបុរសនេះឡើយ។ 25 តែមនុស្សទាំងនោះមិនស្តាប់គាត់ទេ ដូច្នេះ បុរសលេវីក៏នាំប្រពន្ធចុងរបស់គាត់ទៅខាងក្រៅប្រគល់ឲ្យពួកគេ។ ពួកវានាំគ្នារំលោភលើនាង ហើយធ្វើបាបនាងមួយយប់រហូតទាល់ភ្លឺ ទើបលែងនាងត្រឡប់មកវិញ។ 26 ពេលព្រលឹមស្រាងៗ ស្ត្រីបានដើរមក ហើយនាងដួលនៅមាត់ច្រកចូលផ្ទះបុរសចំណាស់ ដែលប្តីនាងស្នាក់នៅ ហើយនាងនៅទីនោះរហូតដល់ថ្ងៃរះ។ 27 ចៅហ្វាយរបស់នាង បានក្រោកឡើងក្នុងពេលព្រឹកនិងបានបើកទ្វារផ្ទះ ហើយចេញទៅក្រៅ ដើម្បីបន្តដំណើរទោះទៀត។ គាត់ក៏ឃើញប្រពន្ធចុងរបស់គាត់ដួលដេកនៅច្រកទ្វារចូល ដោយដៃទាំងពីរតោងមាត់ទ្វារបងផង។ 28 បុរសលេវីហៅនាងថា៖ «ក្រោកឡើង យើងទៅមុនទៀត!» ប៉ុន្តែ មិនមានចម្លើយទេ។ លោកលើកនាងដាក់នៅលើខ្នងលា ហើយវិលត្រឡប់ទៅផ្ទះរបស់គាត់វិញ។ 29 ពេលដែលបុរសលេវីបានមកដល់ផ្ទះ គាត់បានយកកាំបិតមកកាត់សាកសពប្រពន្ធចុងរបស់គាត់ជាដប់ពីរកំណាត់ ហើយផ្ញើរកំណាត់នីមួយៗទៅកាន់កុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រាអែល។ 30 គ្រប់គ្នាដែលបានឃើញការនេះ និយាយថា៖ «តាំងពីអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទមកដល់សព្វថ្ងៃនេះមិនដែលមានហេតុការណ៍បែបនេះកើតឡើងឡើយ។ ដូច្នេះ ត្រូវតែពិចារណាអំពីវា ហើយផ្តល់យោបល់មកយើង! ប្រាប់យើងថាត្រូវធ្វើអ្វី!»។