1 គ្រានោះមានបុរសម្នាក់នៅតំបន់ភ្នំអេប្រាអ៊ីម ហើយឈ្មោះរបស់គាត់គឺ មីកា។ 2 គាត់បានពោលទៅម្តាយរបស់គាត់ថា៖ «ប្រាក់មួយពាន់មួយរយស្លឹង ដែលគេបានយកពីម៉ែ ហើយដែលម៉ែបាននិយាយដាក់បណ្តាសាហើយខ្ញុំបានឮនោះ មើល៍នេះ! គឺប្រាក់នេះនៅជាមួយនឹងខ្ញុំ។ គឺខ្ញុំបានលួចវា»។ ម្តាយរបស់គាត់បាននិយាយទៅថា៖ «សូមព្រះជាម្ចាស់ប្រទានពរកូន កូនប្រុសរបស់ខ្ញុំ!»។ 3 លោកក៏បានប្រគល់ប្រាក់មួយពាន់មួយរយស្លឹងទៅឲ្យម្តាយរបស់គាត់វិញ ហើយម្តាយរបស់គាត់បាននិយាយថា៖ «ម្តាយបានយកផ្នែកនៃប្រាក់នេះថ្វាយព្រះជាម្ចាស់ហើយ ដើម្បីឲ្យកូនយកប្រាក់នេះទៅរំលាយហើយសិតធ្វើជារូបព្រះ។ ដូច្នេះឥឡូវនេះ ម៉ែប្រគល់ប្រាក់នេះទៅឲ្យកូន»។ 4 នៅពេលដែលលោកបានប្រគល់ប្រាក់នោះទៅឲ្យម្តាយរបស់លោក ម្តាយគាត់បានដកប្រាក់ពីររយស្លឹង ហើយប្រគល់វាទៅឲ្យពួកជាងស្មិតដែលរំលាយវាសិតធ្វើរូបព្រះ ហើយនិងរូបសំណាក រួចហើយពួកគេយករូបនោះទៅដាក់ក្នុងផ្ទះរបស់លោកមីកា។ 5 ដូច្នេះ លោកមីកាបានមានផ្ទះនៃរូបព្រះ ហើយគាត់ក៏បានធ្វើអាវអេផុត និងកន្លែងតម្កល់រូបព្រះ ហើយគាត់ក៏បានតែងតាំងកូនប្រុសម្នាក់ក្នុងចំណោមកូនប្រុសដទៃទៀតរបស់គាត់ឲ្យធ្វើជាបូជាចារ្យរបស់គាត់។ 6 នៅជំនាន់នោះមិនមានស្តេចនៅក្នុងអ៊ីស្រាអែលទេ ហើយម្នាក់ៗធ្វើអ្វីតាមការយល់ឃើញថាត្រឹមត្រូវនៅក្នុងភ្នែករបស់គេ។ 7 ឥឡូវមានយុវជនម្នាក់រស់នៅភូមិបេថ្លេហិម ក្នុងស្រុកយូដា នៃគ្រួសាររបស់យូដារ ដែលគាត់ជាជនជាតិលេវី។ គាត់បានរស់នៅទីនោះពេញមួយជីវិតរបស់គាត់ 8 គាត់បានចាកចេញពីបេថ្លេហិម ក្នុងស្រុកយូដា ហើយស្វែងរកកន្លែងរស់នៅផ្សេងទៀត។ នៅពេលដែលគាត់ធ្វើដំណើរដល់ផ្ទះរបស់លោកមីកា ក្នុងតំបន់ភ្នំអេប្រាអ៊ីម។ 9 លោកមីកាបានមានប្រសាសន៍ទៅគាត់ថា៖ « តើលោកអញ្ជើញមកពីណា?» បុរសនោះតបថា៖ «ខ្ញុំជាពួកលេវី នៃភូមិបេថ្លេហិម ក្នុងស្រុកយូដា ហើយខ្ញុំកំពុងធ្វើដំណើរស្វែងរកកន្លែងដែលខ្ញុំអាចរស់បាន»។ 10 លោកមីកាពោលថា៖ «សូមស្នាក់នៅជាមួយនឹងខ្ញុំចុះ ហើយមកធ្វើជាឪពុកនិងជាបូចារ្យ។ ខ្ញុំនឹងជូនលោកដប់ស្លឹងក្នុងមួយឆ្នាំ សម្លៀកបំពាក់ និង អាហារសម្រាប់លោក»។ បុរសលេវីនោះក៏យល់ព្រមរស់នៅផ្ទះរបស់គាត់។ 11 បុរសលេវីបានរស់នៅជាមួយគាត់ ហើយចំពោះលោកមីការយុវជននេះបានក្លាយទៅដូចជាកូនប្រុសបង្កើតរបស់គាត់។ 12 លោកមីកាបានញែកពួកលេវីសម្រាប់កិច្ចការជាពិសេស ហើយយុវជនបានមកជាបូជាចារ្យរបស់លោក ហើយបានរស់នៅក្នុងផ្ទះរបស់មីកា។ 13 កាលនោះលោកមីកាបានពោលថា៖ «ឥឡូវនេះខ្ញុំដឹងថា ព្រះជាម្ចាស់នឹងធ្វើការល្អសម្រាប់ខ្ញុំ ពីព្រោះបុរសលេវីនេះមកជាបូជាចារ្យរបស់ខ្ញុំ»។