ជំពូក ៥

ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ កំដរ​ដោយ​ខ្លុយ។ ទំនុក​របស់​ស្ដេច​ដាវីឌ។ 1 ​ព្រះ‌អម្ចាស់​អើយ! សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​របស់​ទូលបង្គំ! សូម​ទ្រង់​ព្រះ‌សណ្ដាប់​សម្រែក​ឈឺ​ចាប់ របស់​ទូលបង្គំ​ផង។ 2 ​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌មហា‌ក្សត្រ​នៃ​ទូលបង្គំ​អើយ សូម​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​សូរ​សម្រែករបស់​ទូលបង្គំ​ផងដ្បិត​ទូលបង្គំ​អធិស្ឋាន​រក​ព្រះអង្គ។ 3 ព្រះ‌អម្ចាស់​អើយ! នៅ​ពេល​ព្រឹក ព្រះអង្គ​ព្រះ‌សណ្ដាប់​សំឡេងរបស់​ទូលបង្គំ ទូលបង្គំ​ចូល​មក​គាល់ ហើយ​នៅ​រង់‌ចាំ​ព្រះអង្គ តាំង​ពី​ព្រលឹម។ 4 ការពិតណាស់ ព្រះអង្គ​មិន​មែន​ជា​ព្រះ​ដែល​សព្វ​ព្រះ‌ហឫទ័យនឹង​អំពើ​ទុច្ចរិត​នោះ​ទេ មនុស្សអាក្រក់​ពុំ​អាច​នៅ​ក្បែរ​ព្រះអង្គ​បាន​ឡើយ។ 5 ពួកអ្នកដែលមានអំនួតនឹងមិនអាចឈរក្នុងព្រះវត្តមានព្រះអង្គឡើយ ព្រះអង្គមិនសព្វព្រះហឫទ័យអស់អ្នកប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ។ 6 ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​ពួក​កុហក​វិនាស​សាប‌សូន្យ។ ព្រះ‌អម្ចាស់​ស្អប់​ខ្ពើម​អ្នក​បង្ហូរ​ឈាម និង​អ្នក​មាន​ល្បិច‌កល។ 7 ប៉ុន្តែ ទូលបង្គំវិញ ដោយសារតែសេចក្តីមេត្រីនិងភាពស្មោះត្រង់ដ៏អស្ចារ្យ ទូលបង្គំ​ចូល​មក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះអង្គ​បាន ទូលបង្គំ​សូម​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ ដោយ​បែរ​មុខ​តម្រង់​ទៅ​រក​ព្រះ‌វិហារ​ដ៏វិសុទ្ធ របស់​ព្រះអង្គ។ 8 ​ព្រះ‌អម្ចាស់​អើយ! មាន​មនុស្ស​ជា​ច្រើន​ប្រឆាំង​នឹង​ទូលបង្គំ! សូម​ដឹក​នាំ​ទូលបង្គំ​ឲ្យ​ធ្វើ​តាមព្រះ‌ហឫទ័យរបស់​ព្រះអង្គ សូម​ពង្រាប​ផ្លូវ​របស់​ព្រះអង្គ​នៅ​មុខ​ទូលបង្គំ​ផង។ 9 ដ្បិត អ្នក​ទាំង​នោះ​គ្មាន​ពាក្យ​ពិតក្នុងម៉ាត់របស់គេទេ ពួកគេ​គិត​តែ​ចង់​បំផ្លិច‌បំផ្លាញអណ្ដាត​របស់​គេ​គ្រលាស់​ចេញ​នូវ​ពាក្យ​បញ្ចើចបញ្ចាលតែ​មាន​បង្កប់​ទៅ​ដោយ​ពិស‌ពុល សម្រាប់​ប្រហារ​ជីវិត។ 10 ​ព្រះ‌ជាម្ចាស់​អើយ សូម​ដាក់​ទោស​គេ​ទៅ! សូម​ឲ្យ​គេ​វិនាស​អន្តរាយ ដោយ‌សារ​គម្រោង‌ការ​របស់​ខ្លួន គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ច្រើន​រាប់​មិន​អស់ ព្រោះ​គេ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះអង្គ ដូច្នេះ សូម​កាត់‌កាល់​គេ​ចោល​ទៅ។ 11 ប៉ុន្តែ អស់​អ្នក​ដែល​ជ្រក​កោន​ក្រោម​ម្លប់​បារមី​ព្រះអង្គ គេ​នឹង​មាន​អំណរ គេ​នឹង​សប្បាយ​រីក‌រាយ​រហូត​ត​ទៅ ហើយ​ព្រះអង្គ​នឹង​រក្សា​ការពារ​គេ អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌នាម​របស់​ព្រះអង្គ។ 12 ដ្បិត ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ប្រទាន​ពរ​ឲ្យ​មនុស្ស​សុចរិត ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ ប្រៀប​បាន​នឹង​ខែល​ការពារ​គេ។