ជំពូក ៦

ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង កំដរ​ដោយ​ក្រុម​តន្ដ្រី​មាន​ខ្សែ និង​ពិណ​ប្រាំ​បី​ខ្សែ។ ទំនុក​របស់​ស្ដេច​ដាវីឌ។ 1 ឱ​ព្រះ‌អម្ចាស់​អើយ! សូមកុំដេញទូលបង្គំដោយ​ព្រះ‌ពិរោធសូម​កុំ​ដាក់​ទោស​ទូលបង្គំ ដោយការ​ខ្ញាល់​របស់ព្រះអង្គឡើយ។ 2 ព្រះអម្ចាស់អើយ សូមសេចក្តីមេត្តារបស់ព្រះអង្គបានមកលើទូលបង្គំ ដ្បិត​ទូលបង្គំខ្សោយណាស់ សូម​ប្រោស​ទូលបង្គំ​ឲ្យ​ជា​ផង ព្រះអម្ចាស់អើយ ដ្បិត​រូប​កាយ​ទូលបង្គំ​ទាំង​មូល​ញ័រ‌ញាក់។ 3 ព្រលឹងរបស់ទូលបង្គំ​តប់‌ប្រមល់​ជា​ខ្លាំង។ ប៉ុន្តែ ព្រះ‌អម្ចាស់​អើយ តើ​ទុក​ឲ្យ​ទូលបង្គំ​នៅក្នុងការនេះដល់កាលណាទៀត? 4 ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​យាង​មក​វិញ ហើយ​សង្គ្រោះ​ទូលបង្គំ​ផង។ សូម​រំដោះ​ទូលបង្គំ ដោយ​ព្រះ‌ហឫទ័យ​ស្មោះត្រង់និងសម្ព័មេត្រីនេះផង! 5 ដ្បិត​ពេល​ស្លាប់​ផុត​ទៅ​ហើយ គ្មាន​នរណា​អាច​នឹក​ដល់​ព្រះអង្គ​បាន​ទៀត​ទេ។ ពុំ​ដែល​មាន​នរណា​សរសើរ​តម្កើង​ព្រះអង្គ នឹងអរព្រះគុណដែរ​។ 6 ទូលបង្គំ​ស្រែក​ថ្ងូរ ហើយ​កាន់​តែ​ល្វើយ​ទៅៗ។ រៀង​រាល់​យប់ ទូលបង្គំ​យំ​សោក​នៅ​លើ​គ្រែ ហើយ​បង្ហូរ​ទឹក​ភ្នែក​ជោក​ខ្នើយ។ 7 ភ្នែក​ទូលបង្គំ​ក៏​ប្រែ​ទៅ​ជា​ស្រវាំង ព្រោះ​តែ​បច្ចា‌មិត្ត​របស់​ទូលបង្គំ។ ទុក្ខ​កង្វល់​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ស្លក់​មុខ។ 8 សូមដកការនេះចេញពីទូលបង្គំទៅ អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ ដ្បិតព្រះអម្ចាស់បានឮសម្រែកនៃការយំសោករបស់ខ្ញុំ។ 9 ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​ពាក្យ ទទូច​អង្វរ​របស់​ខ្ញុំ ព្រះ‌អម្ចាស់​ទទួល​ពាក្យ​អធិស្ឋាន​របស់​ខ្ញុំ​ហើយ។ 10 សូម​ឲ្យ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ ត្រូវ​អាម៉ាស់ និង​ញ័រ​រន្ធត់ ហើយ​ឲ្យ​គេ​ដក​ខ្លួន​ថយ​ទៅ​វិញ ទាំង​អៀន​ខ្មាស​យ៉ាង​ខ្លាំង។