ជំពូក ៤

ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង កំដរ​ដោយ​ក្រុម​តន្ដ្រី​មាន​ខ្សែ។ ទំនុក​របស់​ស្ដេច​ដាវីឌ។ 1 ព្រះជាម្ចាស់នៃសេចក្តីសុចរិតរបស់ទូលបង្គំអើយ! ពេលទូលបង្គំដង្ហោយរកព្រះអង្គនោះសូមព្រះអង្គតបនឹងទូលបង្គំផង ពេល​ទូលបង្គំ​មាន​ទុក្ខ‌ធុរៈព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ធូរ​ស្បើយ។ សូម​អាណិត​មេត្តា​ទូលបង្គំ ហើយ​ព្រះ‌សណ្ដាប់​ពាក្យ​អធិស្ឋាន​របស់​ទូលបង្គំ​ផង។ 2 មនុស្សទាំងឡាយអើយតើ​អ្នក​រាល់​គ្នា​ជាន់​ឈ្លី​កិត្តិយស​ខ្ញុំដល់​កាល​ណា​ទៀត?តើ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ចោទ​ប្រកាន់ដោយ​ឥត​បាន​ការនិង​និយាយ​កុហក​មួល​បង្កាច់​ដល់​កាល​ណា​ទៀត? សម្រាក 3 ប៉ុន្តែ ត្រូវ​ដឹង​ថា ព្រះ‌អម្ចាស់​តែងតែ​ប្រោស‌ប្រណីមនុស្ស​ស្មោះ​ត្រង់ពេល​ណា​ខ្ញុំ​ស្រែក​អង្វរ​រក​ព្រះ‌អម្ចាស់ទ្រង់​ព្រះ‌សណ្ដាប់​ខ្ញុំ​ជានិច្ច។ 4 បើអ្នកញាប់ញ័រក្នុងការភ័យក្លាច សូមកុំធ្វើបាប! តែ​ត្រូវ​ដេក​គិត​ពិចារណា នៅក្នុងចិត្តរបស់អ្នកដោយស្ងៀមស្ងាត់ចុះ។ សម្រាក 5 ចូរ​ថ្វាយ​យញ្ញ‌បូជា​ដ៏​សុចរិត ហើយ​ពឹង​ផ្អែក​លើ​ព្រះ‌អម្ចាស់​ចុះ។ 6 មានមនុស្សជាច្រើននិយាយថា៖ «តើអ្នកណានឹងបង្ហាញយើងអំពីការល្អទៅ?» ព្រះអម្ចាស់អើយ សូមពន្លឺនៃព្រះភ័ក្រ្តរបស់ព្រះអង្គដល់យើងផង។ 7 ព្រះអង្គ​បាន​ដាក់​អំណរ​នៅ​ក្នុង​ចិត្ត​ទូលបង្គំ ច្រើន​ជាង​អំណរ​ដែល​គេ​មាន​នៅ​ពេល​ច្រូត​ស្រូវ និង​បេះ​ផ្លែ​ទំពាំង‌បាយជូរ​ដ៏​បរិបូណ៌​ទៅ​ទៀត។ 8 ពេល​ទូលបង្គំ​ចូល​ដំណេកនោះ​ទូលបង្គំ​នឹង​ដេក​លក់​ដោយ​សុខ‌សាន្ត​ ដ្បិត ឱ​ព្រះ‌អម្ចាស់​អើយ មាន​តែ​ព្រះអង្គ​ទេដែល​ធ្វើ​ឲ្យ​ទូលបង្គំ​រស់​នៅ ដោយ​សុខ‌ដុម‌រមនា។