1 ទំនុកពីសៀវភៅរបស់គ្រូចម្រៀង ទំនុករបស់ស្ដេចដាវីឌជាអ្នកបម្រើរបស់ព្រះអម្ចាស់ ជាពាក្យដែលស្ដេចច្រៀងថ្វាយព្រះអម្ចាស់ នៅថ្ងៃដែលព្រះអង្គបានរំដោះស្ដេច ឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវទាំងប៉ុន្មាន និងរួចពីកណ្ដាប់ដៃរបស់ស្ដេចសូល។ 1 ឱព្រះអម្ចាស់ ជាកម្លាំងនៃទូលបង្គំអើយ ទូលបង្គំស្រឡាញ់ព្រះអង្គ។ 2 ព្រះអម្ចាស់ ជាថ្មដា និងជាបន្ទាយរបស់ទូលបង្គំ ហើយជាអ្នករំដោះរបស់ទូលបង្គំមកទីសុវត្តិភាព ព្រះជាម្ចាស់នៃទូលបង្គំ ជាថ្មដាដែលទូលបង្គំពឹងជ្រក។ ព្រះអង្គជាខែលនៃទូលបង្គំ ជាស្នែងនៃការសង្គ្រោះរបស់ទូលបង្គំ និងជាជម្រកដ៏មាំមួនរបស់ទូលបង្គំ។ 3 ខ្ញុំអំពាវនាវរកព្រះអម្ចាស់ ដែលព្រះអង្គស័ក្ដិសមនឹងលើកសរសើរ យ៉ាងនោះខ្ញុំនឹងបានសង្គ្រោះ រួចពីពួកខ្មាំងសត្រូវរបស់ខ្ញុំ។ 4 ចំណងនៃសេចក្ដីស្លាប់បានរួបរឹតខ្ញុំ ហើយជំនន់នៃសេចក្ដីវិនាសបានបំភ័យខ្ញុំ។ 5 ចំណងនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏រឹតជុំវិញខ្ញុំអន្ទាក់នៃសេចក្ដីស្លាប់បានទាក់ខ្ញុំ។ 6 ក្នុងគ្រាដែលខ្ញុំមានទុក្ខវេទនា ទូលបង្គំបានអំពាវនាវដល់ព្រះអម្ចាស់ ខ្ញុំបានស្រែករកជំនួយដល់ព្រះជាម្ចាស់នៃខ្ញុំ។ ពីក្នុងព្រះវិហាររបស់ព្រះអង្គ ព្រះអង្គឮសំឡេងខ្ញុំ ហើយសម្រែកដែលខ្ញុំស្រែករកព្រះអង្គបានទៅដល់ព្រះកាណ៌របស់ព្រះអង្គ។ 7 ពេលនោះ ផែនដីបានកក្រើក ហើយរញ្ជួយ គ្រឹះភ្នំទាំងឡាយក៏ញាប់ញ័រ ហើយរំពើកឡើង ព្រោះព្រះអង្គក្រោធ។ 8 មានផ្សែងហុយចេញពីព្រះនាសាព្រះអង្គ ហើយមានភ្លើងបញ្ឆេះ ចេញពីព្រះឱស្ឋព្រះអង្គមក ក៏មានរងើកភ្លើងឆេះ ជាអណ្ដាតមកពីព្រះអង្គដែរ។ 9 ព្រះអង្គបានផ្អៀងផ្ទៃមេឃ ទ្រង់យាងចុះមក ដោយមានពពកយ៉ាងក្រាស់ នៅពីក្រោមព្រះបាទាផង។ 10 ព្រះអង្គយាងគង់លើចេរូប៊ីន ហើយហោះមក ព្រះអង្គគង់នៅលើវាយោ ដូចគង់នៅលើស្លាបបក្សី។ 11 ព្រះជាម្ចាស់បានបង្កើតភាពងងឹត និងជាពន្លានៅព័ទ្ធជុំវិញព្រះអង្គ ជាពពកខ្មៅក្រាស់ពេញដោយទឹក។ 12 ហើយមានព្រឹល និងរងើកភ្លើងធ្លាក់ចុះមក មានផ្លេកបន្ទោរចេញមកពីពពក ភ្លឺនៅខាងមុខព្រះអង្គ។ 13 ព្រះអម្ចាស់ធ្វើឲ្យមានផ្គរលាន់នៅលើមេឃ! ព្រះជាម្ចាស់ដ៏ខ្ពស់បំផុត ព្រះអង្គបន្លឺព្រះសូរសៀង។ 14 ព្រះអង្គបាញ់ព្រួញរបស់ព្រះអង្គ ទៅកម្ចាត់កម្ចាយពួកសត្រូវរបស់ព្រះអង្គ ហើយព្រះអង្គបាញ់ផ្លេកបន្ទោរទៅបំបាក់ពួកគេផងដែរ។ 15 ក្រោយមក ព្រះបន្ទូលគំរាមរបស់ព្រះអង្គ និងខ្យល់ព្យុះ ដែលបក់ចេញមកពីព្រះនាសារបស់ព្រះអង្គ បានធ្វើឲ្យបាតសមុទ្រលេចចេញមក ហើយគ្រឹះរបស់ផែនដីក៏លេចមកដែរ។ 16 ព្រះអង្គបានលាតព្រះហស្ដពីទីខ្ពស់មកកាន់ខ្ញុំ ព្រះអង្គស្រង់ខ្ញុំចេញឲ្យផុតពីទឹកមក។ 17 ព្រះអង្គបានរំដោះខ្ញុំឲ្យរួចផុតពី ខ្មាំងសត្រូវដ៏ខ្លាំង ហើយឲ្យខ្ញុំរួចផុតពីអ្នកដែលស្អប់ខ្ញុំ ដ្បិតទាំងអស់អ្នកនោះគឺខ្លាំងជាងខ្ញុំផង។ 18 ពួកគេមកដើម្បីនឹងទាស់ប្រឆាំងជាមួយទូលបង្គំ នៅថ្ងៃដែលទូលបង្គំពេញដោយទុក្ខព្រួយ តែព្រះអម្ចាស់ជាជំនួយរបស់ទូលបង្គំ! 19 ព្រះអង្គបានរំដោះខ្ញុំចេញទៅឯទីធំទូលាយ ព្រះអង្គសង្រោះខ្ញុំ ដ្បិតព្រះអង្គពេញចិត្តនឹងខ្ញុំ។ 20 ព្រះអម្ចាស់បានប្រទានរង្វាន់ដល់ខ្ញុំ ដោយព្រោះសេចក្ដីសុចរិតរបស់ខ្ញុំ ព្រះអង្គបានសងខ្ញុំ ដោយការត្រឹមត្រូវដែលដៃខ្ញុំធ្វើ។ 21 ដ្បិតខ្ញុំបានកាន់តាម អស់ទាំងផ្លូវរបស់ព្រះអម្ចាស់ ហើយមិនបែរចេញដោយសារតែការអាក្រក់ ពីព្រះជាម្ចាស់របស់ខ្ញុំឡើយ។ 22 ដ្បិតអស់ទាំងវិន័យដ៏សុចរិតរបស់ព្រះអង្គ បាននៅចំពោះមុខខ្ញុំ ហើយខ្ញុំមិនបានងាកចេញពីបញ្ញត្តិ របស់ព្រះអង្គទេ។ 23 ខ្ញុំក៏គ្មានសៅហ្មងនៅចំពោះព្រះអង្គ ហើយខ្ញុំបានរក្សាខ្លួនមិនឲ្យមានបាបឡើយ។ 24 ហេតុនេះ ព្រះអង្គបានប្រទានរង្វាន់ដល់ខ្ញុំ ដោយព្រោះអំពើសុចរិតរបស់ខ្ញុំ ហើយតាមអំពើបរិសុទ្ធ ដែលដៃខ្ញុំបានធ្វើ នៅចំពោះព្រះនេត្រព្រះអង្គ។ 25 ព្រះអម្ចាស់អើយ ព្រះអង្គសម្តែងព្រះហឫទ័យស្មោះត្រង់ចំពោះអ្នក ដែលមានចិត្តស្មោះត្រង់ ព្រះអង្គសម្តែងព្រះ ហឫទ័យ ស្មោះសរ ចំពោះអ្នកដែលមានចិត្តស្មោះសរ។ 26 ចំពោះអ្នកដែលមានចិត្តបរិសុទ្ធ ព្រះអង្គក៏សម្តែងថា ព្រះអង្គបរិសុទ្ធដែរ ចំពោះអ្នកដែលមានចិត្តមិនស្មោះត្រង់ ព្រះអង្គសម្តែងថាព្រះអង្គឈ្លាសវៃ។ 27 ប៉ុន្តែមនុស្សឆ្មើងឆ្មៃ ព្រះអង្គបានបន្ទាបគេចុះ ដ្បិតព្រះអង្គអុជប្រទីបទូលបង្គំឲ្យភ្លឺឡើង! 28 ព្រះអម្ចាស់ជាព្រះនៃទូលបង្គំ ព្រះអង្គបំភ្លឺសេចក្ដីងងឹតរបស់ទូលបង្គំ។ 29 ដ្បិតដោយសារព្រះអង្គ ទូលបង្គំអាចប្រហារសត្រូវទាំងកង ហើយដោយសារព្រះអង្គនោះទូលបង្គំអាចរត់រំលងកំផែងបាន។ 30 ដ្បិត ព្រះជាម្ចាស់ល្អឥតខ្ចោះ។ ព្រះបន្ទូលសន្យារបស់ព្រះអម្ចាស់បរិសុទ្ធ! ព្រះអង្គជាខែលការពារអស់អ្នក ដែលមកជ្រកកោនជាមួយព្រះអង្គ។ 31 ដ្បិត តើអ្នកណាជាព្រះជាម្ចាស់? តើអ្នកណាជាសិលាគឺមានតែព្រះអង្គរបស់យើងទេ? 32 គឺជាព្រះដែលក្រវាត់ខ្ញុំដោយកម្លាំង ហើយធ្វើឲ្យផ្លូវរបស់ខ្ញុំបានគ្រប់លក្ខណ៍។ 33 ព្រះអង្គធ្វើឲ្យជើងខ្ញុំបានដូចជាជើងក្តាន់ ហើយដាក់ខ្ញុំឲ្យឈរនៅលើទីដ៏ខ្ពស់។ 34 ព្រះអង្គបង្ហាត់ដៃខ្ញុំឲ្យស្ទាត់ជំនាញសម្រាប់ធ្វើចម្បាំង ហើយឲ្យដៃខ្ញុំអាចយឹតធ្នូលង្ហិនបាន។ 35 ព្រះអង្គបានប្រទានខែលនៃការសង្គ្រោះ របស់ព្រះអង្គមកទូលបង្គំ។ ព្រះហស្តស្តាំរបស់ព្រះអង្គបានជួយទូលបង្គំ ហើយព្រះហឫទ័យស្រទន់របស់ព្រះអង្គ បានធ្វើឲ្យទូលបង្គំអស្ចារ្យ។ 36 ព្រះអង្គបានប្រទានឲ្យទូលបង្គំ មានកន្លែងធំទូលាយសម្រាប់ជំហានទូលបង្គំ ហើយជើងទូលបង្គំមិនបានរអិលភ្លាត់ឡើយ។ 37 ទូលបង្គំដេញតាមពួកខ្មាំងសត្រូវ ហើយក៏ទាន់គេ ក៏មិនងាកបែរក្រោយឡើយ រហូតទាល់តែគេវិនាស។ 38 ទូលបង្គំវាយពួកគេមិនឲ្យគេក្រោកឡើងវិញបានឡើយ ពួកគេដួលនៅក្រោមជើងទូលបង្គំ។ 39 ដ្បិតព្រះអង្គបានក្រវាត់ទូលបង្គំដោយកម្លាំងសម្រាប់ចម្បាំង ព្រះអង្គបានបង្ក្រាបអស់អ្នក ដែលលើកគ្នាទាស់នឹងទូលបង្គំ ឲ្យរាបនៅក្រោមទូលបង្គំ។ 40 ព្រះអង្គបានធ្វើឲ្យពួកគេបាក់ទ័ព រត់នៅមុខទូលបង្គំ ហើយទូលបង្គំបានប្រហារអស់អ្នក ដែលស្អប់ទូលបង្គំ។ 41 ពួកគេស្រែករកជំនួយ ប៉ុន្តែគ្មាននរណាអាចជួយគេបាន ពួកគេស្រែកទៅកាន់ព្រះអម្ចាស់ តែព្រះអង្គមិនបានជួយពួកគេទេ។ 42 ទូលបង្គំបានកម្ទេចពួកគេឲ្យហ្មត់ ដូចធូលីដីដែលត្រូវខ្យល់ផាត់ ទូលបង្គំបានបោសពួកគេ ដូចជាដីភក់នៅតាមផ្លូវ។ 43 ព្រះអង្គបានសង្រោះទូលបង្គំពីការបះបោរនៃមនុស្ស។ ព្រះអង្គបានធ្វើឲ្យទូលបង្គំជាប្រមុខនៃប្រជាជាតិផ្សេងៗ។ ប្រជាជនដែលទូលបង្គំមិនស្គាល់បានមកបម្រើដល់ទូលបង្គំ។ 44 នៅពេលពួកគេឮសម្លេងទូលបង្គំ នោះគេដ៏ស្តាប់តាម ទោះជាជនបរទេសក៏ត្រូវនៅក្រោមទូលបង្គំដែរ។ 45 ជនបរទេសបាក់ទឹកចិត្ត ហើយចេញពីទីជម្រករបស់គេមកទាំង ភ័យញាប់ញ័រ។ 46 ព្រះអម្ចាស់មានព្រះជន្មរស់នៅ សូមសរសើរតម្កើងព្រះអង្គ ដែលជាថ្មដានៃទូលបង្គំ សូមលើកតម្កើងព្រះអម្ចាស់ដ៏ជួយសង្គ្រោះរបស់ទូលបង្គំ 47 ព្រះអង្គដែលសងសឹកជំនួសទូលបង្គំ ហើយបង្ក្រាបប្រជាជាតិនានា ឲ្យចុះចូលនឹងទូលបង្គំ។ 48 ទូលបង្គំរួចផុតពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ! ព្រះអង្គបានលើកទូលបង្គំឡើងខ្ពស់ ជាងបច្ចាមិត្តរបស់ទូលបង្គំ! ព្រះអង្គរំដោះទូលបង្គំឲ្យរួចផុតពី មនុស្សឃោរឃៅ។ 49 ហេតុនេះហើយបានជាទូលបង្គំអរព្រះគុណដល់ព្រះអង្គក្នុងចំណោមប្រជាជាតិនានា ឱព្រះអម្ចាស់អើយ! ទូលបង្គំនឹងច្រៀងលើកតម្កើងព្រះនាម របស់ព្រះអង្គ។ 50 ព្រះអង្គប្រទានជ័យជម្នះយ៉ាងធំដល់ស្តេច ដែលព្រះអង្គបានតែងតាំង ក៏សម្ដែងសម្ព័ន្ឋមេត្រីសប្បុរស ដល់អ្នកដែលព្រះអង្គបានចាក់ប្រេងតាំង គឺដល់ដាវីឌ និងពូជពង្សរបស់ទ្រង់។