ជំពូក ១៧

ពាក្យ​អធិស្ឋាន​របស់​ស្ដេច​ដាវីឌ។ 1 ឱ​ព្រះ‌អម្ចាស់អើយ សូម​ព្រះ‌អង្គ​​ព្រះ‌សណ្ដាប់ សេចក្ដី​ដែល​ទៀង​ត្រង់ សូម​ប្រុង​ស្តាប់​ សម្រែក​របស់​ទូល‌បង្គំ! សូម​ផ្ទៀង​ព្រះ‌កាណ៌ ស្តាប់​ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ ដែល​ចេញ​ពី​បបូរ​មាត់​គ្មាន​ពុត​នេះ​ផង។ 2 សូម​ការ​សម្រេច​ក្ដី​របស់​ទូល‌បង្គំ ចេញ​ពីព្រះ‌អង្គ​មក សូម​ព្រះ‌នេត្រ​ព្រះ‌អង្គ​ទត​មើល សេចក្ដី​ទៀង​ត្រង់! 3 ប្រសិនបើ ព្រះ‌អង្គ​បាន​ល្បង​មើល​ចិត្ត​ទូល‌បង្គំ ព្រះ‌អង្គ​បាន​ពិចារណា​មើល ទូល‌បង្គំ​នៅ​ពេល​យប់ ព្រះ‌អង្គ​បាន​ពិនិត្យ​មើល​ទូល‌បង្គំ ឥត​ឃើញ​មាន​បំណង​អាក្រក់​ឡើយ ទូល‌បង្គំ​បាន​សម្រេច​ចិត្ត​ថា មិន​ឲ្យ​មាត់​ទូល‌បង្គំ​មាន​បាប​ឡើយ។ 4 ចំណែកឯ​ការ​​របស់​មនុស្ស ទូល‌បង្គំ​បាន​ចៀស​ចេញ ពី​ផ្លូវ​របស់​មនុស្ស​ទទឹងច្បាប់ ដោយ‌សារ​ព្រះ‌បន្ទូល ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ។ 5 ទូល‌បង្គំ​បោះ​ជំហាន​តាម​ផ្លូវ​ច្រករបស់​ព្រះ‌ អង្គ​ជាប់ជើង​ទូល‌បង្គំ​មិន​ឲ្យ​រអិល​ឡើយ។ 6 ឱ​ព្រះ​ជាម្ចាស់អើយ ទូល‌បង្គំ​បាន​អំពាវ‌នាវ​រក​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​នឹង​ឆ្លើយ​តប​មក​ទូល‌បង្គំ ព្រះអង្គ សូម​ផ្អៀង​ព្រះ‌កាណ៌​ស្តាប់​ទូល‌បង្គំ សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌បង្គំ​ផង។ 7 ឱ​ព្រះ‌សង្គ្រោះ​នៃ​អស់​អ្នក ដែល​ស្វែង​រក​ទីពឹង​ជ្រក ក្រោម​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ ឲ្យ​រួច​ពី​ពួក​បច្ចា‌មិត្ត​អើយ សូម​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ​ផង! 8 សូម​ការពារ​រក្សា​ទូល‌បង្គំ​ដូច​ប្រស្រី​ភ្នែកនៃព្រះអង្គ សូម​បាំង​ទូល‌បង្គំ​ក្រោម​ម្លប់ នៃ​ចំអេង​ស្លាប​របស់​ព្រះ‌អង្គ 9 សូមឲ្យ​ទូល‌បង្គំ​បាន​រួច​ពី​មនុស្ស​អាក្រក់ ដែល​សង្កត់‌សង្កិន​ទូល‌បង្គំ ជា​សត្រូវ​ ដែល​ឡោម‌ព័ទ្ធជុំ​វិញ​ទូល‌បង្គំ។ 10 ចិត្ត​របស់​គេ​គ្មាន​សេចក្ដី​អាណិត​អាសូរ​ទេ មាត់​របស់​គេ​ពោល​ពាក្យ​យ៉ាង​ព្រហើន។ 11 ឥឡូវ​នេះ ពួកគេ​ហ៊ុមព័ទ្ធ​ជំហាន​របស់ទូលបង្គំ គេ​សម្លក់​សម្លឹង​ដើម្បី​ផ្ដួល​យើង​ខ្ញុំ​ឲ្យ​រាប​ដល់​ដី។ 12 ពួកគេ​ដូច​ជា​សត្វ​សិង្ហ ដែល​ប្រុង​តែ​នឹង​ហែក​ស៊ី ដូច​ជា​កូន​សិង្ហ ដែល​លប​ចាំ​ចាប់​រំពា។ 13 ឱ​ព្រះ‌អម្ចាស់​អើយ សូម​ក្រោក​ឡើង! សូម​ប្រឈម​មុខ​នឹង​គេ សូម​ផ្ដួល​គេ ហើយ​រំដោះ​ជីវិត​ទូល‌បង្គំ ឲ្យ​រួច​ពី​មនុស្ស​អាក្រក់ ដោយ‌សារ​ដាវ​របស់​ព្រះ‌អង្គ! 14 ឱ​ព្រះ‌អម្ចាស់​អើយ សូម​ដេញ​ពួក​គេ​ចេញ​ពី​ចំណោម មនុស្ស​លោក ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ សូម​ដាក់​ទោស​ពួក​គេ ឲ្យ​ជីវិត​ពួក​គេរង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង តាំង​ពី​កូន​រហូត​ដល់​ចៅ។ 15 ចំពោះ​ទូលបង្គំ​វិញ ដោយ​ទូលបង្គំ​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិតទូលបង្គំ​នឹង​បាន​ឃើញ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ពេល​ទូលបង្គំ​ក្រោក​ពី​ដំណេក ទូលបង្គំ​បាន​ស្កប់​ចិត្ត ដោយ​ព្រះអង្គ​គង់​ជា​មួយ។