ជំពូក ១១

ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ទំនុក​របស់​ស្ដេច​ដាវីឌ។ 1 ខ្ញុំ​យក​ព្រះ‌អម្ចាស់​ជា​ទី​ពឹង​ជ្រក តើ​អ្នក​អាច​និយាយ​មក​ខ្ញុំ​បែបនេះវិញ «ចូរ​រត់​ទៅ​ឯ​ភ្នំ​របស់​ឯង ដូច​ជា​សត្វ​ហើរ​ចុះ?» 2 ដ្បិត​មើល៍! ពួក​មនុស្ស​ពាលគេ​យឹត​ធ្នូ គេ​ដំឡើង​ព្រួញ​នៅ​ជាប់​នឹង​ខ្សែ ដើម្បី​បាញ់​ពី​ទី​ងងឹត ចំ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់។ 3 ដ្បិត បើ​គ្រឹះ​ត្រូវ​បំផ្លាញ នោះ​តើ​មនុស្ស​សុចរិត​នឹង​អាច​ធ្វើ​អ្វី​បាន? 4 ព្រះអម្ចាស់គឺគង់នៅក្នុងព្រះវិហារដែលបរិសុទ្ធ ព្រះ‌នេត្រ​ព្រះ‌អង្គ​ទត​មើល ត្របក​ព្រះ‌នេត្រ​ទ្រង់​ពិចារណា មើលពីកូនចៅនៃ​មនុស្ស​ជាតិ​។ 5 ព្រះ‌អម្ចាស់ល្បង​ល​មនុស្ស​សុចរិត ហើយនិងមនុស្សពាលដែរ តែ​ព្រះ‌អង្គ​មាន​ព្រះ‌អង្គស្អប់​មនុស្ស ​ដែលចូល​ចិត្តធ្វើ​អំពើ​ឃៅរឃៅ។ 6 ព្រះអង្គ​ដាក់​ទោស​មនុស្ស​ពាល ដោយ​ធ្វើ​ឲ្យ​មាន​រងើក​ភ្លើង និង​ស្ពាន់‌ធ័រ បង្អុរ​ចុះ​មក​លើ​ពួក​គេ​ដូច​ជា​ភ្លៀង ហើយ​សូម​ឲ្យ​ខ្យល់​ក្ដៅ បក់​បោក​មក​លើ​ពួក​គេ​ដែរ។ 7 ដ្បិត​ព្រះ‌អម្ចាស់​ទ្រង់​សុចរិត ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​នឹង​កិច្ចការ​ណាដែល​សុចរិត។ មនុស្ស​មាន​ចិត្ត​ទៀង​ត្រង់មុខ​ជា​បាន​ឃើញ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ។