ជំពូក ៥១

ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង ទំនុក​របស់​ស្ដេច​ដាវីឌ។ នៅ​ពេល​ព្យាការី​ណាថាន​មក​គាល់​ស្ដេច​ដាវីឌ បន្ទាប់​ពី​ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​នាង​បាត‌សេបា។ 1 ព្រះជាម្ចាស់ សូមមេត្តាដល់ទូលបង្គំផង ដោយយល់ដល់តាម​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ហើយ​សូម​លុប​អំពើ​រំលង​របស់​ទូល‌បង្គំ​ចេញ តាម​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ។ 2 សូម​លាង​ទូល‌បង្គំ​ឲ្យបាន​ស្អាត ពី​អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំ ហើយ សូម​សម្អាត​ទូល‌បង្គំ​ពី​អំពើ​បាប​ផង។ 3 ដ្បិតទូល‌បង្គំ​ស្គាល់​អំពើ​រំលង របស់​ទូល‌បង្គំ​ ហើយអំពើ​បាប​របស់​ទូល‌បង្គំ នៅ​ចំពោះ​មុខ​ទូល‌បង្គំ​ជា‌និច្ច។ 4 ទូល‌បង្គំ​បានទាស់​នឹងព្រះ‌អង្គ គឺព្រះ‌អង្គ​តែ​មួយ​គត់ ហើយ​បាន​ប្រព្រឹត្ត​ការ​អាក្រក់ នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌អង្គ ព្រះអង្គត្រឹមត្រូវ ពេលព្រះអង្គមានព្រះបន្ទូល គឺពាក្យកែតម្រូវ ហើយពេលព្រះអង្គក៏យុតិ្តធ៌មដែរ។ 5 មើល៍ ទូល‌បង្គំ​កើត​មក​ក្នុង​អំពើ​ទុច្ចរិត ហើយ​ទូល‌បង្គំ​មាន​បាប​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយមក។ 6 មើល៍ ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សេចក្ដី​ពិត នៅ​ក្នុងជម្រៅ​ចិត្ត​ទូលបង្គំ ហើយ​ព្រះ‌អង្គ​នឹងបើកឲ្យ​ទូល‌បង្គំ​មាន​ប្រាជ្ញា។ 7 សូម​ជម្រះ​ទូល‌បង្គំ​ដោយ​មែក​ហ៊ីសុប នោះ​ទូល‌បង្គំ​នឹង​បាន​ជ្រះ​ស្អាត សូម​លាង​សម្អាត​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​បាន​ស​ជាង​ហិមៈ។ 8 សូម​ឲ្យ​ទូល‌បង្គំ​បាន​ឮ​ពី​សេចក្ដីត្រេក​អរ និ​ង​សេចក្ដីរីករាយ សូម​ឲ្យ​ឆ្អឹង​ដែល​ព្រះ‌អង្គ​បាន​បំបាក់ អរសប្បាយឡើង​វិញ។ 9 សូម​បាំង​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ ចេញ​ពី​អំពើ​បាប​របស់​ទូល‌បង្គំ ហើយ​លុប​បំបាត់​អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន របស់​ទូល‌បង្គំ​ផង។ 10 ឱ​ព្រះអង្គ​អើយ សូម​បង្កើត​ចិត្ត​បរិសុទ្ធ នៅ​ក្នុង​ទូល‌បង្គំ ហើយ​កែ​វិញ្ញាណ​ក្នុង​ទូល‌បង្គំ​ឲ្យ​ត្រឹម​ត្រូវ​ឡើង។ 11 សូម​កុំ​បោះ​បង់​ទូល‌បង្គំ ចេញ​ពីព្រះ​វត្តមាន​ព្រះ‌អង្គ ហើយ​កុំ​ដក​យក​ព្រះ‌វិញ្ញាណ​បរិសុទ្ធ របស់​ព្រះ‌អង្គ ចេញ​ពី​ទូល‌បង្គំ​ឡើយ។ 12 សូម​ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំ មានអំណរចំពោះ​ការ​សង្គ្រោះ របស់​ព្រះ‌អង្គ​ឡើង​វិញ ហើយ​សូម​ជួយ​ទូល‌បង្គំ ឲ្យ​មាន​វិញ្ញាណ​ដែល​ព្រម​ធ្វើ​តាម។ 13 នោះ​ទូល‌បង្គំ​នឹង​បង្រៀន​ពីផ្លូវ​របស់​ព្រះ‌អង្គ ដល់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​រំលង ហើយ​មនុស្ស​បាប​នឹង​វិល​ត្រឡប់​មក​រក​ព្រះ‌អង្គវិញ។ 14 ឱ​ព្រះជាម្ចាស់ នៃក្តីសង្គ្រោះរបស់ទូលបង្គំអើយ សូម​រំ​ដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​ទោស​កម្ចាយ​ឈាម នោះ​អណ្ដាត​ទូល‌បង្គំ​នឹង​ស្រែក​ច្រៀង អំពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។ 15 ឱ​ព្រះ‌ អម្ចាស់​អើយ សូម​បើក​បបូរ​មាត់​ទូល‌បង្គំ នោះ​មាត់​ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ។ 16 ដ្បិតព្រះ‌អង្គ​មិន​សព្្វព្រះ‌ហឫ‌ទ័យ នឹង​យញ្ញ‌បូជា​ទេ ប្រសិន‌បើ​ទូល‌បង្គំ​ត្រូវ​ថ្វាយ​តង្វាយ​ដុត នោះ​ក៏​ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​ដែរ។ 17 យញ្ញបូជា​ដែល​សព្វ​ព្រះ‌ហឫ‌ទ័យ​​ព្រះជាម្ចាស់ គឺ​វិញ្ញាណ​ខ្ទេច‌ខ្ទាំ ឱ​ព្រះជាម្ចាស់​អើយ ព្រះ‌អង្គ​មិន​មើល‌ងាយ​ចិត្ត​ខ្ទេច‌ខ្ទាំ និង​ចិត្តសោក​ស្ដាយ​ឡើយ។ 18 សូម​ព្រះ‌អង្គ​ប្រព្រឹត្ត​ដោយ​សប្បុរស ដល់​ក្រុង​ស៊ីយ៉ូន តាម​ព្រះ‌ហឫ‌ទ័យ​ដ៏​ល្អ​របស់​ព្រះ‌អង្គ សូម​សង់​កំផែង​ក្រុង​យេរូ‌សាឡិម​ឡើង​វិញ​ផង។ 19 គ្រា​នោះ ព្រះ‌អង្គ​មុខ​ជា​សព្វ​ព្រះ‌ហឫ‌ទ័យ នឹង​យញ្ញបូជា​ដែល​ថ្វាយ​ដោយ​វិញ្ញាណ​ត្រឹម​ត្រូវ ព្រម​ទាំង​តង្វាយ​ដុត គឺ​តង្វាយ​ដុត​ទាំង​មូល​ផង ដូច្នេះ គេ​នឹង​ថ្វាយ​គោ​ឈ្មោល​នៅ​លើ​អាសនារបស់​ព្រះ‌អង្គ។