ជំពូក ៥០

ទំនុក​របស់​លោក​អេសាភ។ 1 ព្រះជាម្ចាស់​ដ៏​មាន​ចេស្តា ព្រះ‌អង្គគឺ​ជា​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល ហើយ​ព្រះ‌អង្គ​កោះ​ហៅ​ផែនដី ចាប់​តាំង​ពី​ទិស​ថ្ងៃ​រះ រហូត​ដល់​ទិស​ថ្ងៃ​លិច។ 2 ព្រះ​ជាម្ចាស់ភ្លឺ​ចាំង​ចែង​ពី​ក្រុង​ស៊ីយ៉ូន ដែល​ជា​ទី​ក្រុង​ដ៏​មាន សោភ័ណភាព​គ្រប់​លក្ខណ៍។ 3 ព្រះជាម្ចាស់​នៃ​យើង​​យាង​មក ​មិន​នៅ​ស្ងៀម​ទេ មាន​ភ្លើង​ឆេះ​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​នៅ​ព័ទ្ធ​ជុំ‌វិញព្រះ‌អង្គ មាន​ព្យុះ​សង្ឃរា។ 4 ព្រះ‌អង្គ​កោះ​ហៅ​ផ្ទៃ​មេឃ​នៅ​ខាង​លើ និង​ផែនដី ដើម្បី​ជំនុំ‌ជម្រះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​៖ 5 «ចូរ​ប្រមូល​ពួក​អ្នក​បរិសុទ្ធ​របស់​យើង ឲ្យ​មក​ជួប​យើង គឺ​ពួក​អ្នក​ដែល​បាន​តាំង​សញ្ញា​ជាមួយ​យើង ដោយ​ថ្វាយ​យញ្ញ‌បូជា»។ 6 ផ្ទៃ​មេឃ​ប្រកាស​ពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ដ្បិតព្រះ‌អង្គ​ផ្ទាល់​ជា​ចៅ‌ក្រម។ សម្រាក 7 រាស្ត្រ​របស់​យើង​អើយ ចូរ​ស្តាប់​ចុះ ហើយយើង​នឹងពោលថា យើង​ជា​ព្រះអម្ចាស់ គឺ​ជា​ព្រះជាម្ចាស់​របស់​អ្នក។ 8 យើង​មិន​មែន​បន្ទោស​អ្នក ដោយ​ព្រោះ​យញ្ញ‌បូជា​ដែល​អ្នក​ថ្វាយ​នោះ​ទេ ដ្បិតតង្វាយ​ដុត​របស់​អ្នក តែង​តែ​នៅ​ចំពោះ​យើង​ជានិច្ច។ 9 យើង​មិនយក​គោ​ឈ្មោល​ពី​ផ្ទះ​របស់​អ្នក ឬ​ពពែ​ឈ្មោល​ពី​ក្រោលរបស់​អ្នក​ឡើយ។ 10 ដ្បិត​អស់​ទាំង​សត្វ​នៅក្នុង​ព្រៃ សុទ្ធ​តែ​ជា​របស់យើង ព្រម​ទាំង​សត្វ​ទាំង​ប៉ុន្មាន​នៅ​លើ​ភ្នំ​ទាំង​ពាន់​ផង។ 11 យើង​ស្គាល់​អស់​ទាំង​សត្វ​ស្លាប​នៅ​លើ​ភ្នំហើយ​សត្វ​ទាំង‌ឡាយ​ដែលរក​ស៊ី​នៅ​ទី​វាល ក៏​ជា​របស់​យើង​ដែរ។ 12 ប្រសិន‌បើ​យើង​ឃ្លាន យើង​មិនបាច់​ប្រាប់​អ្នក​ឡើយ ព្រោះ​ពិភព​លោក និង​របស់ទាំងអស់ នៅ​ក្នុងពិភព​នេះជា​របស់ យើង។ 13 តើ​យើងបរិ‌ភោគ​សាច់​គោ​ឈ្មោល ឬ​ផឹក​ឈាម ​ពពែ​ឬ? 14 ចូរ​ថ្វាយ​យញ្ញបូជា ជា​ការ​អរ​ព្រះ‌គុណ​ដល់​ព្រះជាម្ចាស់ ហើយ​ត្រូវ​លា​បំណន់ ដែល​អ្នក​បាន​សន្យាដល់​ព្រះ​ដ៏​ខ្ពស់​បំផុត​ផង។ 15 នៅ​ថ្ងៃ​មាន​ទុក្ខ​លំបាក ចូរ​អំពាវ‌នាវ​រក​យើងចុះ យើង​នឹង​រំដោះ​អ្នកហើយ​អ្នក​នឹងថ្វាយសិរិរុងរឿងដល់​យើង»។ 16 ប៉ុន្ដែ សម្រាប់​មនុស្ស​អាក្រក់ ព្រះអង្គមាន​ព្រះ‌បន្ទូល​បែនេះ «តើ​អ្នក​មាន​សិទ្ធិ​អ្វី​នឹង​សូត្រ​ពី​បញ្ញត្តិ​របស់​យើង ឬពី​សេចក្ដី​សញ្ញា​របស់​យើងជាប់​នឹង​មាត់​ឯង​ 17 ដ្បិត​អ្នក​ស្អប់​សេចក្តីបង្រៀន ហើយ​មិនទទួលពាក្យ​យើង​ទៅ​ហើយ? 18 ពេលអ្នក​ឃើញ​ចោរ អ្នក​ក៏យល់ព្រម​ជាមួយ​គេ ហើយ​ចូល​ដៃ​ជា​មួយ​ពួក​ផិត​ក្បត់​ទៀត​ផង។ 19 អ្នក​បាន​ប្រគល់​មាត់​របស់​អ្នក ទៅ​បម្រើ​សេចក្ដី​អាក្រក់ ហើយ​អណ្ដាត​អ្នក​តែង​បង្កើត​ចេញ នូវ​ពាក្យ​បោក​ប្រាស់។​ 20 អ្នក​អង្គុយ​និយាយ​ដើម​បង​ប្អូន​របស់​ខ្លួន អ្នក​និយាយ​បង្កាច់​បង​ប្អូន​បង្កើតខ្លួនឯង។ 21 អ្នក​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នេះ តែ​យើង​បាន​នៅ​ស្ងៀម អ្នក​ស្មាន​ថា យើង​ក៏​ដូច​តែ​អ្នក​ដែរ តែ​ឥឡូវ​នេះ យើង​បន្ទោស​អ្នក ហើយយក​រឿង​នេះ​មក​ដាក់​នៅ​ចំពោះ​មុខអ្នក។ 22 ដូច្នេះ អ្នក​រាល់​គ្នា​ដែល​ភ្លេច​ព្រះ​ជាម្ចាស់អើយ ចូរ​ពិចារណា​សេចក្ដី​នេះ​ចុះ ក្រែង​យើង​ហែក​អ្នកឲ្យ​ខ្ទេច ហើយ​គ្មាន​អ្នក​ណា​នឹងមកជួយអ្នក។ 23 អ្នកណា​ដែល​ថ្វាយពាក្យ​អរ​ព្រះ‌គុណ ទុក​ជា​យញ្ញបូជា អ្នក​នោះ​លើក​តម្កើងយើង ហើយ​យើង​នឹងបង្ហាញការ​សង្គ្រោះ​របស់​ព្រះជាម្ចាស់ ដល់​អ្នក​ណា​ដែល​រៀប​ផ្លូវ​របស់​ខ្លួន​ឲ្យ​ត្រង់»។