ជំពូក ៥២

ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ទំនុក​របស់​ស្ដេច​ដាវីឌ។ នៅ​គ្រា​ដែល​លោក​ដូអេក ជា​ជន‌ជាតិ​អេដុម ទៅ​ទូល​ស្ដេច​សូល​ថា ស្ដេច​ដាវីឌ​បាន​រត់​ទៅ​ជ្រក​កោន​នឹង​ស្ដេច​អហ៊ី‌ម៉ាឡេក។ 1 ឱ​មនុស្ស​ខ្លាំង​ពូកែ​អើយ ហេតុ​អ្វី​បាន​ជា​អួត​ខ្លួន​ពី​អំពើ​អាក្រក់​ដូច្នេះ? ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។ 2 អណ្ដាត​អ្នក​បង្កើត​ជា​សេចក្ដីវិនាស អ្នកប្រសប់​ខាង​បោកបញ្ឆោត ប្រៀប​ដូច​ជា​កាំបិត​កោរ​យ៉ាង​មុត។ 3 អ្នក​ស្រឡាញ់​ការ​អាក្រក់ ជាង​ការ​ល្អ ហើយ​ចូល​ចិត្ត​ភូត‌ភរ ជាង​និយាយ​ការ​ពិត។ សម្រាប 4 ឱ​អណ្ដាត​បោក​បញ្ឆោត​អើយ អ្នក​ស្រឡាញ់​អស់​ទាំងពាក្យ​ដែល​នាំ​ឲ្យ​វិនាស។ 5 ប៉ុន្តែ ព្រះ​នឹង​បំផ្លាញ​អ្នក​រហូត​តទៅ ព្រះ‌អង្គ​នឹង​ចាប់​យក​អ្នក​ទៅ ហើយ​កន្ត្រាក់​អ្នក​ចេញ​ពី​ជំរំ ព្រះ‌អង្គ​នឹង​ដក​អ្នក​ចេញ​ពីទឹក​ដី របស់​មនុស្ស​រស់​នេះ។ សម្រាក 6 មនុស្ស​សុចរិត​នឹង​ឃើញ ហើយ​កោត​ខ្លាច គេ​នឹង​សើច​ចំអក​អ្នកប្រព្រឹត្ត​អំពើ​អាក្រក់​នោះដោយ​ពាក្យ​ថា 7 «មើល៍ នេះ​នែ៎​អ្នក​ដែល​មិន​បាន​យក​ព្រះ​ជា​ទី​ពឹង គឺ​បាន​ទុក​ចិត្ត​នឹង​ទ្រព្យ​សម្បត្តិ ដ៏​ស្ដុក​ស្ដម​របស់ខ្លួន ហើយ​ស្មាន​ថា​ខ្លួន​ខ្លាំង​ពូកែ ដោយ​អំពើ​អាក្រក់»។ 8 តែ​ខ្ញុំ​វិញ ខ្ញុំ​ដូច​ជា​ដើម​អូលីវ​ខៀវ​ខ្ចី នៅ​ក្នុង​ដំណាក់​របស់​ព្រះជាម្ចាស់ ខ្ញុំ​ទុក​ចិត្ត​នឹង​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ​ជា​រៀង​រហូត​តទៅ។ 9 ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ​ជានិច្ច ដោយ​ព្រោះ​កិច្ច​ការ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ ទូល‌បង្គំ​នឹង​សង្ឃឹម​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ដ្បិត​ព្រះ‌នាម​ព្រះ‌អង្គ​ល្អ​វិសេស នៅ​ចំពោះ​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ។