ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុកតម្កើង របស់ស្ដេចដាវីឌ។ 1 មានពរហើយ អ្នកណាដែលយកចិត្តទុកដាក់ នឹងមនុស្សទន់ខ្សោយ ដ្បិតនៅថ្ងៃអាក្រក់ ព្រះអម្ចាស់នឹងសង្រ្គោះអ្នកនោះ។ 2 ព្រះអម្ចាស់នឹងទំនុកបម្រុង ហើយថែរក្សាជីវិតអ្នកនោះ អ្នកនោះមានពរនៅលើផែនដីនេះ ហើយព្រះអង្គមិនប្រគល់គេ ទៅក្នុងការដែលខ្មាំងសត្រូវចង់បាន។ 3 ព្រះអម្ចាស់ជួយអ្នកនោះ ពេលគេឈឺនៅលើគ្រែ គឺព្រះអង្គប្រោសគេ ឲ្យជាសះស្បើយពីគ្រប់ជំងឺផ្សេងៗ។ 4 ខ្ញុំទូលថា «ឱព្រះអម្ចាស់អើយ សូមមេត្តាទូលបង្គំ សូមប្រោសព្រលឹងទូលបង្គំឲ្យបានជា ដ្បិតទូលបង្គំបានធ្វើបាប ទាស់នឹងព្រះអង្គហើយ»។ 5 ខ្មាំងសត្រូវរបស់ទូលបង្គំ និយាយអាក្រក់ពីទូលបង្គំថា «តើពេលណាទើបវានឹងស្លាប់ហើយឈ្មោះវាត្រូវវិនាស?» 6 កាលណាគេមកសួរសុខទុក្ខទូលបង្គំ គេធ្វើពុតជាស្និទ្ធស្នាលនឹងទូលបង្គំ តែចិត្តគេវិញ គេគិតរកវិធីបំបាក់មុខទូលបង្គំ លុះគេចេញទៅក្រៅហើយ គេក៏និយាយបរិហារពីទូលបង្គំ។ 7 អស់អ្នកដែលស្អប់ទូលបង្គំ នាំគ្នាខ្សឹបខ្សៀវអំពីទូលបង្គំ គេប្រឌិតរឿងអាក្រក់ទាស់នឹងទូលបង្គំ។ 8 ពួកគេនិយាយថា «ជំងឺមើលមិនជាបានរួតរឹតវាហើយ វាដេករហូត មិនអាចក្រោកបានទេ»។ 9 សូម្បីតែមិត្តស្និទ្ធស្នាលរបស់ទូលបង្គំ ជាអ្នកដែលទូលបង្គំបានទុកចិត្ត ហើយបានបរិភោគអាហាររបស់ទូលបង្គំ ក៏បានលើកកែងជើងទាស់នឹងទូលបង្គំដែរ។ 10 ប៉ុន្ដែ ឱព្រះអម្ចាស់អើយ សូមមេត្តាទូលបង្គំ សូមលើកទូលបង្គំឡើងវិញ ដើម្បីឲ្យទូលបង្គំបានសងដល់គេវិញ។ 11 យ៉ាងនោះ ទូលបង្គំនឹងដឹងថា ព្រះអង្គសព្វព្រះហឫទ័យនឹងទូលបង្គំមែន ព្រោះសត្រូវរបស់ទូលបង្គំ មិនបានឈ្នះទូលបង្គំឡើយ។ 12 ប៉ុន្ដែ ព្រះអង្គបានលើកទូលបង្គំឡើង ដោយព្រោះទូលបង្គំទៀងត្រង់ ហើយព្រះអង្គបានតាំងទូលបង្គំ ឲ្យនៅចំពោះព្រះអង្គជារៀងរហូត។ 13 សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអុីស្រាអែល អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន! អាម៉ែន!។