ទំនុករបស់គ្រូចម្រៀង។ ទំនុកតម្កើង របស់ស្ដេចដាវីឌ។ 1 ខ្ញុំបានរង់ចាំព្រះអម្ចាស់ដោយអំណត់ ព្រះអង្គក៏បានផ្អៀងព្រះកាណ៌ស្តាប់ខ្ញុំ និងឮសម្រែករបស់ខ្ញុំ។ 2 ព្រះអង្គបាននាំខ្ញុំចេញពីរណ្ដៅ នៃសេចក្ដីវិនាស ចេញពីភក់ជ្រាំ ហើយដាក់ជើងខ្ញុំនៅលើថ្មដា ធ្វើឲ្យជំហានខ្ញុំឈរយ៉ាងរឹងមាំ។ 3 ព្រះអង្គបានដាក់បទចម្រៀងថ្មីនៅក្នុងមាត់ខ្ញុំ ជាបទចម្រៀងនៃការសរសើរដល់ព្រះជាម្ចាស់នៃយើង មនុស្សជាច្រើននឹងឃើញ ហើយកោតខ្លាច គេនឹងទុកចិត្តដល់ព្រះអម្ចាស់។ 4 មានពរហើយ អ្នកណាដែលយកព្រះអម្ចាស់ ជាទីទុកចិត្ត ជាអ្នកដែលមិនបែរទៅរកមនុស្សអំនួត ឬទៅរកអស់អ្នកដែលវង្វេង ទៅតាមសេចក្ដីភូតភរ។ 5 ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ! ការអស្ចារ្យដែលព្រះអង្គបានធ្វើ មានច្រើនណាស់ ហើយព្រះអង្គក៏មានគំនិតគិតដល់យើងខ្ញុំដែរ គ្មានអ្នកណាអាចប្រៀបផ្ទឹម ស្មើនឹងព្រះអង្គបានឡើយ។ ប្រសិនបើទូលបង្គំនឹងប្រកាស រៀបរាប់ពីការអស្ចារ្យទាំងនោះ នោះមានច្រើនឥតគណនា មិនអាចរៀបរាប់អស់ឡើយ។ 6 ព្រះអង្គមិនចង់បានយញ្ញបូជា និងតង្វាយអ្វីទេ តែព្រះអង្គបានបើកត្រចៀកឲ្យទូលបង្គំស្តាប់ ព្រះអង្គមិនទាមទារតង្វាយដុត និងតង្វាយលោះបាបឡើយ។ 7 គ្រានោះ ទូលបង្គំពោលថា «មើល៍ ទូលបង្គំមកហើយ សេចក្ដីនេះមានចែងពីទូលបង្គំ នៅក្នុងគម្ពីរហើយ។ 8 ឱព្រះជាម្ចាស់នៃទូលបង្គំអើយ ទូលបង្គំរីករាយ នឹងធ្វើតាមព្រះ ហឫទ័យព្រះអង្គ ហើយក្រឹត្យវិន័យរបស់ព្រះអង្គ នៅក្នុងចិត្តទូលបង្គំ»។ 9 ទូលបង្គំបានប្រកាសដំណឹង ដ៏រីករាយអំពីការរំដោះរបស់ព្រះអង្គ នៅក្នុងក្រុមជំនុំធំ មើល៍ ឱព្រះអម្ចាស់អើយ! ព្រះអង្គជ្រាបហើយថា ទូលបង្គំមិនបានទប់មាត់ឡើយ។ 10 ទូលបង្គំមិនបានលាក់ការរំដោះរបស់ព្រះអង្គ ទុកក្នុងចិត្តឡើយ ទូលបង្គំបានថ្លែងប្រាប់ពីព្រះហឫទ័យស្មោះត្រង់ និងការសង្គ្រោះរបស់ព្រះអង្គវិញ ក៏មិនបានបិទបាំងព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់ របស់ព្រះអង្គ នៅក្នុងជំនុំធំដែរ។ 11 ឱព្រះអម្ចាស់អើយ សូមកុំបង្ខាំងព្រះហឫទ័យមេត្តាករុណា របស់ព្រះអង្គចំពោះទូលបង្គំឡើយ សូមព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ថែរក្សាទូលបង្គំជានិច្ច។ 12 ដ្បិតមានទុក្ខលំបាកច្រើនឥតគណនា ព័ទ្ធជុំវិញទូលបង្គំ អំពើទុច្ចរិតរបស់ទូលបង្គំ បានតាមទូលបង្គំទាន់ហើយទូលបង្គំ មើលអ្វីមិនឃើញទេ អំពើទាំងនោះច្រើនជាងសរសៃសក់ លើក្បាលទូលបង្គំទៅទៀត ហើយចិត្តទូលបង្គំ ក៏លែងមានសង្ឃឹមហើយ។ 13 ឱព្រះអម្ចាស់អើយ សូមព្រះអង្គសព្វព្រះហឫទ័យ សង្រ្គោះទូលបង្គំផង ឱព្រះអម្ចាស់អើយ សូមប្រញាប់នឹងជួយទូលបង្គំផង! 14 ចូលឲ្យពួកអ្នកដែលចង់ឆក់យកជីវិតទូលបង្គំ ត្រូវខ្មាស ហើយបាក់មុខទាំងអស់គ្នា។ សូមឲ្យអ្នកដែលប៉ងធ្វើឲ្យទូលបង្គំឈឺចាប់ ត្រូវដកខ្លួនថយ ហើយអាម៉ាស់មុខ។ 15 សូមឲ្យអស់អ្នកដែលនិយាយមកទូលបង្គំថា «អេ អេ» ឲ្យគេត្រូវញាប់ញ័រ ព្រោះតែភាពអាម៉ាស់របស់គេទៅ។ 16 ប៉ុន្តែ អស់អ្នកដែលស្វែងរកព្រះអង្គ សូមឲ្យគេបានអរសប្បាយ ហើយរីករាយក្នុងព្រះអង្គ សូមឲ្យអស់អ្នកដែលស្រឡាញ់ ការសង្គ្រោះរបស់ព្រះអង្គ បានពោលជានិច្ចថា «ព្រះអម្ចាស់ដ៏ប្រសើរឧត្តម»។ 17 ទូលបង្គំក្រីក្រ ហើយទុគ៌ត ប៉ុន្តែ ព្រះអម្ចាស់គិតគូរដល់ទូលបង្គំ។ ព្រះអង្គជាជំនួយ និងជាអ្នករំដោះទូលបង្គំ ឱព្រះជាម្ចាស់នៃទូលបង្គំអើយ សូមកុំបង្អង់ឡើយ។