ជំពូក ៣៩

ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ សម្រាប់​លោក​យេ‌ឌូ‌ថិន ។ ទំនុក​របស់​ស្ដេច​ដាវីឌ។ 1 ខ្ញុំ​បាន​នឹក​ថា «ខ្ញុំ​នឹង​ប្រយ័ត្ន​ផ្លូវ​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​អណ្ដាត​ខ្ញុំ​មាន​បាប។ ដរាប​ណាមានមនុស្ស​អាក្រក់​នៅ​ចំពោះ​ខ្ញុំ ​នឹង​ដាក់​បង្ខាំ​ទប់​មាត់​ខ្ញុំ»។ 2 ខ្ញុំ​រក្សាភាព​ស្ងៀម ឥត​និយាយ​ស្ដី គឺ​បើ​ទោះ​ជា​ការ​ល្អ ក៏​ខ្ញុំ​មិន​និយាយ​ដែរ ហើយ​ទុក្ខ​ព្រួយ​របស់​ខ្ញុំ​ក៏​ជ្រួល​ឡើង។ 3 ចិត្តរបស់​ខ្ញុំ ត្រឡប់​ជា​ក្តៅ​នៅ​ក្នុង​ខ្លួន ពេល​ខ្ញុំ​រំពឹងគិត នោះ​ភ្លើង​ក៏​ឆួល​ឡើង។ ហើយ​អណ្ដាត​ខ្ញុំ​ពោល​ថា។ 4 ឱ​ព្រះ‌អម្ចាស់​អើយ! សូម​ឲ្យ​ទូល‌បង្គំ​ដឹង​ពី​ជីវិតចុងក្រោយរបស់​ទូល‌បង្គំ និង​ពី​ចំនួន​ថ្ងៃ​អាយុ​របស់​ទូល‌បង្គំ​ផង។ ដើម្បី​ឲ្យ​ទូល‌បង្គំ​សូមបង្ហាញទូលបង្គំដើម្បីឲ្យទូលបង្គំដឹងផង។ 5 មើល៍ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ថ្ងៃ​អាយុ​របស់​ទូល‌បង្គំ មាន​ប្រវែង​តែ​ប៉ុន្មាន​ចំអាម​ដៃ​ប៉ុណ្ណោះ ហើយ​ជីវិត​ទូល‌បង្គំ ដូច​ជា​ឥត​មាន​សោះនៅ​ចំពោះ​ព្រះ‌អង្គ។ ពិតណាស់ មនុស្សលោក​ទាំងអស់ ប្រៀប​បាននឹង​មួយ​ដង្ហើម​ប៉ុណ្ណោះ។ សម្រាក 6 ជាការពិត មនុស្ស​មាន​ជីវិត ប្រៀប​ដូច​ជា​ស្រមោល។ ប្រាកដ​មែន គេ​ជ្រួល​ជ្រើម​ជា​ឥត​ប្រយោជន៍ គេ​បង្គរ​ទ្រព្យ​សម្បត្តិទុក តែ​មិន​ដឹង​ថាអ្នកណានឹងទទួលនោះទេ។ 7 ឥឡូវ​នេះ ឱ​ព្រះ‌អម្ចាស់​អើយ តើ​ទូល‌បង្គំ​ទន្ទឹង​រង់​ចាំ​អ្វីទៅ?ព្រះ‌អង្គ​ជា​ទី​សង្ឃឹម​របស់​ទូល‌បង្គំ។ 8 សូមសង្គ្រោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​អំពើបាប របស់​ទូល‌បង្គំ​ផង សូម​កុំ​ឲ្យ​ទូល‌បង្គំ​ក្លាយ​ជា​ទី‌ត្មះតិះ​ដៀល របស់​មនុស្សល្ងី​ល្ងើ​ឡើយ។ 9 ទូល‌បង្គំ​នៅ​ស្ងៀម ឥត​ហើប​មាត់​សោះ ដ្បិត​គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​ធ្វើ​ការនោះ។ 10 សូម​ដក​រំពាត់​របស់​ព្រះ‌អង្គ​ចេញ​ពី​ទូល‌បង្គំផង ព្រះ‌ហស្ដ​ព្រះ‌អង្គ​វាយ​ទូល‌បង្គំ​ទ្រម​ទៅ​ហើយ។ 11 ពេល​ព្រះ‌អង្គ​វាយ‌ផ្ចាល​មនុស្ស ដោយ​ព្រោះ​អំពើ​បាប​របស់​គេ ព្រះ‌អង្គ​ធ្វើ​ឲ្យ​អ្វីៗ​ដែល​អ្នក​នោះ​ចូល​ចិត្ត វិនាស​ហិន​ហោចដូចកណ្ដៀរ​ស៊ី ប្រាកដ​មែន មនុស្ស​លោក​ទាំង​អស់ ប្រៀប​បាន​នឹង​មួយ​ដង្ហើម។ សម្រាក 12 ឱ​ព្រះ‌អម្ចាស់អើយ! សូម​ស្តាប់​ពាក្យ អធិស្ឋាន​របស់​ទូល‌បង្គំ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​សម្រែក​ទូល‌បង្គំ​ផង សូម​កុំ​ព្រងើយ​កន្ដើយ​នឹង​ទឹក​ភ្នែក​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​គ្រាន់​តែ​ជា​អ្នក​ស្នាក់​នៅ ជា​ភ្ញៀវ​របស់​ព្រះ‌អង្គ ដូច​បុព្វ‌បុរស​របស់​ទូល‌បង្គំ​ទាំង​អស់​គ្នា​ដែរ។ 13 សូម​បែរ​ព្រះ​ភក្ត្រ​ចេញ​ពី​ទូល‌បង្គំ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ញញឹម​ឡើង​វិញ មុន​នឹង​ទូល‌បង្គំ​ស្លាប់ទៅ»។