ទំនុករបស់ស្ដេចដាវីឌ។ សម្រាប់ពិធីរំឭក។ 1 ឱព្រះអម្ចាស់អើយ សូមកុំដាក់ទោសទូលបង្គំឡើយហើយទោះបីព្រះអង្គព្រះពិរោធនឹងទូលបង្គំ ក៏សូមកុំធ្វើទារុណកម្មទូលបង្គំឡើយ។ 2 ដ្បិតព្រួញរបស់ព្រះអង្គ បានធ្វើឲ្យទូលបង្គំឈឺចុកចាប់ ព្រះហស្ដរបស់ព្រះអង្គបានសង្កត់ មកលើទូលបង្គំ។ 3 ក្នុងរូបកាយរបស់ទូលបង្គំគឺឈឺ ដោយព្រោះសេចក្ដីក្រោធរបស់ព្រះអង្គ ក៏គ្មានសេចក្ដីសុខនៅក្នុងឆ្អឹងទូលបង្គំដែរ ដោយព្រោះអំពើបាបរបស់ទូលបង្គំ។ 4 ដ្បិតអំពើទុច្ចរិតរបស់ទូលបង្គំ បានឡើងលិចក្បាលទូលបង្គំហើយក៏ដូចជាបន្ទុកយ៉ាងធ្ងន់ ដែលទូលបង្គំទ្រាំមិនបាន។ 5 របួសទូលបង្គំដំបៅរលួយ ហើយធុំក្លិនស្អុយ ដោយព្រោះគំនិតល្ងង់ខ្លៅរបស់ទូលបង្គំ 6 ទូលបង្គំចំកោងខ្លួន ហើយឈឺចុកចាប់ជាខ្លាំង ទូលបង្គំដើរទាំងមានទុក្ខពេញមួយថ្ងៃ។ 7 ដ្បិត ទូលបង្គំឈឺពីក្នុងពោះ ហើយគ្មានកន្លែងណាក្នុងរូបសាច់ទូលបង្គំ ដែលមិនឈឺនោះទេ។ 8 ទូលបង្គំចុះខ្សោយ ហើយខ្សោះល្វើយជាខ្លាំង ទូលបង្គំស្រែកថ្ងូរដោយព្រោះបេះដូងទូលបង្គំញាប់ញ័រ។ 9 ឱព្រះអម្ចាស់អើយ ព្រះអង្គជ្រាបអស់ទាំងចិត្តប៉ងប្រាថ្នា របស់ទូលបង្គំហើយ សំឡេងថ្ងូររបស់ទូលបង្គំ មិនកំបាំងនឹងព្រះអង្គទេ។ 10 បេះដូងទូលបង្គំកម្រើកជាខ្លាំង កម្លាំងទូលបង្គំក៏អន់ថយ ហើយភ្នែកទូលបង្គំ ក៏ស្រវាំងលែងមើលឃើញអ្វីដែរ។ 11 មិត្តសម្លាញ់ និងគូកនទូលបង្គំ គេឈរមើលទុក្ខវេទនារបស់ទូលបង្គំ ហើយបងប្អូនរបស់ទូលបង្គំ ក៏ឈរនៅឆ្ងាយដែរ។ 12 អស់អ្នកដែលស្វែងរកជីវិតទូលបង្គំ នាំគ្នាដាក់អន្ទាក់។ អស់អ្នកដែលប៉ងធ្វើឲ្យទូលបង្គំឈឺចាប់ នាំគ្នាពោលពាក្យមួលបង្កាច់ ហើយចេះតែរកកលល្បិច ពេញមួយថ្ងៃ។ 13 ប៉ុន្ដែ ទូលបង្គំមិនឮទេ ដូចជាមនុស្សថ្លង់ ក៏មិនហាមាត់និយាយបាន ដូចជាមនុស្សគ។ 14 ទូលបង្គំដូចជាមនុស្សដែលមិនឮសោះ ហើយក្នុងមាត់ទូលបង្គំ ក៏គ្មានពាក្យសម្ដីតបទៅគេវិញដែរ។ 15 ប៉ុន្ដែ ឱព្រះអម្ចាស់អើយ! ទូលបង្គំសង្ឃឹមដល់ព្រះអង្គ ឱព្រះអម្ចាស់ ជាព្រះនៃទូលបង្គំ គឺព្រះអង្គហើយដែលបានឆ្លើយ។ 16 ទូលបង្គំបានពោលដូចនេះ គឺកុំឲ្យសត្រូវរបស់ទូលបង្គំចំអឡដាក់ទូលបង្គំឡើយ។ ប្រសិនបើជើងទូលបង្គំរអិលដូល នោះគេនឹងធ្ចើការយ៉ាងអាក្រក់មកចំពោះយើង។ 17 ដ្បិត ទូលបង្គំជិតនឹងដួលហើយ និងការឈឺចាប់របស់ទូលបង្គំ នៅពីមុខទូលបង្គំជានិច្ច។ 18 ទូលបង្គំសូមលន់តួអំពើទុច្ចរិតរបស់ទូលបង្គំ ហើយសោកស្ដាយដោយព្រោះអំពើបាបរបស់ទូលបង្គំ។ 19 ប៉ុន្តែ ខ្មាំងសត្រូវរបស់ទូលបង្គំ គេស្វាហាប់ គេមានកម្លាំង ហើយអស់អ្នកដែលស្អប់ទូលបង្គំ ដោយឥតហេតុមានគ្នាជាច្រើន។ 20 ពួកគេប្រព្រឹត្តអំពើអាក្រក់ ស្នងនឹងអំពើល្អ គេចោទប្រកាន់ទូលបង្គំ ព្រោះទូលបង្គំខិតខំប្រព្រឹត្តអំពើល្អ។ 21 ឱព្រះអម្ចាស់អើយ សូមកុំបោះបង់ចោលទូលបង្គំឡើយ! ឱព្រះជាម្ចាស់នៃទូលបង្គំអើយ សូមកុំគង់ឆ្ងាយពីទូលបង្គំឡើយ។ 22 ឱព្រះអម្ចាស់ ជាព្រះសង្គ្រោះទូលបង្គំអើយ សូមយាងមកជួយទូលបង្គំជាប្រញាប់ផង។