ជំពូក ១៣៥

1 ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់។ ចូរ​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ឱ​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់អើយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង 2 អ្នក​រាល់​គ្នា​ដែល​ឈរ​នៅ​ក្នុង​ដំណាក់របស់​ ព្រះ‌អម្ចាស់គឺ​នៅ​ក្នុង​ទី​ព្រះ‌លាន​នៃ​ព្រះ​ដំណាក់របស់​ព្រះជា ម្ចាស់​នៃ​យើង​អើយ។ 3 ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌អម្ចាស់ល្អ ចូរ​ច្រៀង​ថ្វាយ​ព្រះ‌នាម​ព្រះ‌អង្គ ដ្បិត​នេះ​ជា​ទី​ដ៏​សប្បាយ​រីក​រាយ។ 4 ដ្បិត​ព្រះ‌អម្ចាស់ បាន​ជ្រើស​រើស​យ៉ាកុប សម្រាប់​ព្រះ‌អង្គ គឺ​អុីស្រា‌អែល ទុក​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អង្គ​ផ្ទាល់។ 5 ដ្បិត​ខ្ញុំ​ដឹង​ថា ព្រះ‌អម្ចាស់​ធំ​អស្ចារ្យ ហើយ​ថា ព្រះ‌អម្ចាស់​របស់​យើង ព្រះ‌អង្គ​ខ្ពស់​លើស​អស់​ទាំង​ព្រះ។ 6 ព្រះ‌អម្ចាស់​ធ្វើ​ការ​អ្វី ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ នៅ​លើ​មេឃ និង​នៅ​ផែនដី នៅ​ក្នុង​សមុទ្រ និង​អស់ទាំង​ទី​ជម្រៅ។ 7 ព្រះ‌អង្គ​ហើយ​ដែល​ធ្វើ​ឲ្យ​ពពក​ឡើង​ពី​ចុង​ផែនដី ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ផ្លេក‌បន្ទោរ​សម្រាប់​ភ្លៀង ក៏​បញ្ចេញ​ខ្យល់​ពី​ឃ្លាំង​របស់​ព្រះ‌អង្គ​មក​ដែរ។ 8 ព្រះ‌អង្គ​ហើយ​ដែល​បាន​ប្រហារ អស់​ទាំង​កូន​ច្បងរបស់​សាសន៍​អេស៊ីប ទាំង​មនុស្ស ទាំង​សត្វ។ 9 ​អេស៊ីបអើយ ព្រះ‌អង្គ​បាន​ចាត់​ទី​សម្គាល់ និង​ការ​អស្ចារ្យ ឲ្យចូល​ទៅ​កណ្ដាល​ឯង គឺ​ឲ្យទាស់​នឹង​ផារ៉ោន និង​មហា​តលិក​ទាំង​ប៉ុន្មាន​របស់​ទ្រង់។ 10 ព្រះ‌អង្គ​បាន​ប្រហារ​ជាតិ​សាសន៍​ជា​ច្រើន ហើយ​សម្លាប់​ពួក​ស្តេច​ដ៏​ខ្លាំង​ពូកែ 11 គឺ​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី និង​អុក ជា​ស្តេច​នៅទឹកដីបាសាន ហើយ​អស់​ទាំង​នគរ​នៅ​ស្រុក​កាណាន។ 12 ព្រះ‌អង្គ​បាន​ប្រគល់​ស្រុក​របស់​គេ​ទុក​ជា​មរតក គឺ​ជា​មរតក​ដល់​អុីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។ 13 ​ព្រះ‌អម្ចាស់​អើយ ព្រះ‌នាម​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច ព្រះ‌អម្ចាស់អើយ ព្រះ​កិត្តិ​នាមរបស់​ព្រះ‌អង្គ ក៏​ស្ថិត‌ស្ថេរជារៀងត​ទៅ។ 14 ដ្បិត​ព្រះ‌អម្ចាស់​នឹង​វិនិច្ឆ័យ ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ហើយ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរ ដល់​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ 15 ព្រះ​របស់​សាសន៍​ដទៃ​សុទ្ធ​តែ​ជា​រូប ធ្វើ​ពី​ប្រាក់ និង​មាស ដែល​ជា​ស្នា​ដៃ​របស់​មនុស្ស។ 16 រូប​ទាំង​នោះ​មាន​មាត់ តែ​មិន​ចេះ​និយាយ មាន​ភ្នែក តែ​មើល​មិន​ឃើញ 17 មាន​ត្រចៀក តែ​ស្តាប់​មិន​ឮ ក៏​គ្មាន​ខ្យល់​ដង្ហើម​នៅ​ក្នុង​មាត់​ដែរ។ 18 អស់​អ្នក​ដែល​ធ្វើ​រូប​ទាំង​នោះ នឹង​ត្រឡប់​ដូច​ជា​រូប​នោះ​ឯង ហើយ​អស់​អ្នក​ដែល​ទុក​ចិត្ត​នឹង​រូបទាំង​នោះ ក៏​នឹង​ត្រឡប់​ដូច​ជា​រូប​ទាំង​នោះ​ដែរ។ 19 ​ពូជ‌ពង្ស​អុីស្រា‌អែល​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌អម្ចាស់ ឱ​ពូជ​ពង្ស​អើរ៉ុន​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌អម្ចាស់។ 20 ឱ​ពូជ​ពង្ស​លេវី​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌អម្ចាស់ អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អម្ចាស់​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌អម្ចាស់។ 21 សូម​ឲ្យ​ព្រះ‌អម្ចាស់​បាន​ប្រកប​ដោយ​ព្រះ‌ពរ ពី​ក្រុង​ស៊ីយ៉ូន គឺ​ព្រះ‌អង្គ​ដែល​គង់​នៅ​ក្រុង​យេរូ‌សាឡិម។ សរសើរតម្តើងព្រះអម្ចាស់។