ជំពូក ១៣៦

1 សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌អង្គ​ល្អ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។ 2 សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ​ដ៏​ធំ​លើ​អស់​ទាំង​ព្រះ ដ្បិតព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។ 3 សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អម្ចាស់ ដ៏​ធំ​លើ​អស់​ទាំង​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។ 4 គឺ​ដល់​ព្រះ‌អង្គ​ដែល​ធ្វើ​ការ​អស្ចារ្យ​ធំៗ តែ​មួយ​ព្រះ‌អង្គ​ឯង ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច 5 គឺ​ដល់​ព្រះ‌អង្គ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ដោយ​ប្រាជ្ញា​ញាណ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។ 6 គឺ​ដល់​ព្រះ‌អង្គ​ដែល​បាន​ក្រាល​ផែនដី​នៅ​លើ​ទឹក ដ្បិតព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច 7 គឺ​ដល់​ព្រះ‌អង្គ​ដែល​បាន​បង្កើត​តួ​ពន្លឺ​ធំៗ ដ្បិតព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។ 8 គឺ​ព្រះ‌អាទិត្យ ឲ្យ​គ្រប់​គ្រង​នៅ​ពេល​ថ្ងៃ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច 9 ព្រះ‌ច័ន្ទ និងហ្វូង​ផ្កាយ ឲ្យ​គ្រប់​គ្រង​នៅ​ពេល​យប់ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។ 10 គឺ​ដល់​ព្រះ‌អង្គ​ដែល​បាន​ប្រហារ អស់​ទាំង​កូន​ច្បង​របស់​ពួក​អេស៊ីព្ទ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច 11 ព្រះ‌អង្គ​បាន​នាំ​​អុីស្រា‌អែល ចេញ​ពី​ក្នុង​ចំណោម​ពួក‌គេ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច 12 ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ និង​ព្រះ‌ពាហុ​លើក​សម្រេច ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។ 13 គឺ​ដល់​ព្រះ‌អង្គ​ដែល​បានញែក សមុទ្រ​ក្រហម​ចេញ​ជា​ពីរ ដ្បិតព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច 14 ព្រះ‌អង្គ​ឲ្យ​សាសន៍​អុីស្រា‌អែល ដើរ​កាត់​កណ្ដាល​សមុទ្រ​នោះ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច 15 តែ​ព្រះ‌អង្គ​បាន​បោះ​ទម្លាក់​ផារ៉ោន ព្រម​ទាំង​ពល‌ទ័ព​របស់​ស្ដេច ទៅ​ក្នុង​សមុទ្រ​ក្រហម ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។ 16 គឺ​ដល់​ព្រះ‌អង្គ​ដែល​បាន​នាំ​ប្រជា‌រាស្ត្រ របស់​ព្រះ‌អង្គ​ដើរ​កាត់​ទី​រហោ‌ស្ថាន ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច 17 គឺ​ដល់​ព្រះ‌អង្គ​ដែល​បាន​ប្រហារ​ស្ដេច​ធំៗ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។ 18 ព្រះ‌អង្គ​បាន​សម្លាប់​ពួក​ស្តេច​ដ៏​ខ្លាំង​ពូកែ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច 19 គឺ​ស៊ីហុន ជា​ស្តេច​នៃ​សាសន៍​អាម៉ូរី​ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច 20 និង​អុក ជា​ស្តេច​ស្រុក​បាសានដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។ 21 ហើយ​ប្រគល់​ស្រុក​របស់​គេ ទុក​ជា​មរតក ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច 22 គឺ​ជា​មរតក​ដល់​អុីស្រា‌អែល ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។ 23 គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​នឹក​ចាំ​ពី​យើង កាល​យើង​នៅ​ក្នុង​សណ្ឋាន​ទាប​ថោក​នៅ​ឡើយ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។ 24 ហើយ​បាន​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច 25 ព្រះ‌អង្គ​ជា​ព្រះ​ដែល​ប្រទាន​អាហារ ដល់​អស់​ទាំង​សាច់ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។ 26 សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។