ជំពូក ១០៤

1 ​សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដម​បំផុត នៅ​ជុំ‌វិញ​ព្រះអង្គ​មាន​ពេញ​ទៅ​ដោយ​ពន្លឺ​រស្មី ដ៏​រុងរឿង​ចិញ្ចែង‌ចិញ្ចាច។ 2 ព្រះអង្គ​យក​ពន្លឺ​មក​គ្រប​ដណ្ដប់​ជុំ‌វិញ​ព្រះអង្គ ព្រះអង្គ​លាត​ផ្ទៃ​មេឃ​ធ្វើ​ជា​ព្រះ‌ពន្លា។ 3 ព្រះអង្គ​បាន​សង់​ព្រះ‌ដំណាក់​ខ្ពស់ លើស​ផ្ទៃ​មេឃ​ទៅ​ទៀត ព្រះអង្គ​យក​ពពក​ធ្វើ​ជា​ព្រះ‌រាជ‌រថ ព្រះអង្គ​ប្រើខ្យល់ធ្វើ​ជា​ជំនិះ។ 4 ព្រះ‌អង្គ​យក​ខ្យល់​ធ្វើ​ជា​អ្នក​នាំ​សារ​របស់​ព្រះ‌អង្គ ហើយ​យក​អណ្ដាត​ភ្លើង ធ្វើ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ 5 ព្រះ‌អង្គ​បានដាក់​ផែនដីនៅ​លើ​គ្រឹះ​របស់​វា មិន​ឲ្យ​ផែន​ដី​រង្គើ​សោះ​ឡើយ។ 6 ព្រះ‌អង្គ​បាន​គ្រប​ផែនដី​ដោយ​ទឹក​ជ្រៅ ដូច​គ្រប​ដោយ​អាវ មហា​សាគរ​ក៏​ឡើង​ខ្ពស់​ជាង​ភ្នំ​ផង។ 7 ពេល​ព្រះ‌អង្គ​បន្ទោស ទឹក​ទាំង​នោះ​ក៏​រត់​ចេញ ពេល​មាន​សូរ​ផ្គរ​របស់​ព្រះ‌អង្គ វា​ក៏​រត់​ទៅបាត់។ 8 ភ្នំ​ទាំង​ឡាយ​ងើប​ឡើង ហើយ​ជ្រលង​ភ្នំ​ទាំង​ប៉ុន្មាន​ក៏​ស្រុត​ចុះ ទៅ​រក​កន្លែង​ដែល​ព្រះ‌អង្គ​បាន​កំណត់​ឲ្យវា។ 9 ព្រះ‌អង្គ​បាន​ដាក់​ព្រំ​ប្រទល់ កុំ​ឲ្យ​ទឹក​ហូរ​រំលង ដើម្បី​កុំ​ឲ្យ​ឡើង​លិច​ផែនដី​ទៀត។ 10 ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ប្រភព​ទឹក ផុសឡើង​នៅ​ក្នុង​ជ្រោះ ទឹក​ទាំង​នោះ​ក៏​ហូរ​តាម​ជ្រលង​ភ្នំ។ 11 សព្វ​សត្វ​ទាំង​ឡាយ​នៅ​ទី​វាល​ផឹក​ទឹក​នោះ ចំណែក​លា​ព្រៃ​ក៏​បំបាត់​សម្រេក​របស់​វា​ដែរ។ 12 ប៉ុន្តែបក្សា​បក្សី​ហើរ​លើ​អាកាស​ធ្វើ​សម្បុក នៅ​ក្បែរ​ផ្លូវ​ទឹក​ទាំង​នោះ ហើយ​នាំ​គ្នា​ស្រែក​ខ្ញៀវ​ខ្ញារ​នៅ​លើ​មែក​ព្រឹក្សា។ 13 ព្រះ‌អង្គ​ស្រោច​ស្រព​ភ្នំ​ទាំង​ឡាយ​ពី​ស្ថាន​ដ៏​ខ្ពស់ ហើយ​ផែនដី​ស្កប់‌ស្កល់​ដោយ​ផល នៃ​ស្នាព្រះ‌ហស្ត​ព្រះ‌អង្គ។ 14 ព្រះ‌អង្គ​ធ្វើ​ឲ្យ​ស្មៅ​ដុះ​ឡើង​សម្រាប់​សត្វ ហើយ​រុក្ខ‌ជាតិ​សម្រាប់​មនុស្ស​ដាំ​ដុះ ដើម្បី​ឲ្យ​គេ​មាន​អាហារ​ចេញ​ពី​ផែនដី។ 15 ព្រះអង្គបង្កើត​ស្រា​ទំពាំង‌បាយ‌ជូរ ធ្វើ​ឲ្យ​ចិត្ត​មនុស្ស​បាន​រីក​រាយ មាន​ប្រេង​សម្រាប់​ឲ្យ​មុខ​គេ​បាន​ភ្លឺ​ និង​អាហារសម្រាប់ផ្គុតផ្គង់ជីវិតរបស់គេផងដែរ។ 16 ដើម​ឈើ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អម្ចាស់ មានភ្លៀង​ជាបរិបូរណ៏ គឺ​ដើម​តា‌ត្រៅ​នៅ​ភ្នំ​ល្បាណូន ជា​ដើម​ដែល​ព្រះ‌អង្គ​បាន​ដាំ។ 17 បក្សា​បក្សី​នាំ​គ្នា​ធ្វើ​សម្បុក។ ​សត្វ​កុក​មាន​លំនៅ​របស់​វា នៅ​លើ​ដើម​កកោះ។ 18 ភ្នំ​ខ្ពស់​ៗ​ជា​កន្លែង​សម្រាប់​ពពែ​ព្រៃ ហើយ​ថ្ម​ដា​នានា​ជា​ទី​ពឹង​ជ្រកនៃ​សត្វ​ទន្សាយ​ថ្ម។ 19 ព្រះ‌អង្គ​បាន​តម្រូវ​ព្រះ‌ច័ន្ទ ទុក​សម្រាប់​ជា​ទី​កំណត់​រដូវ ចំណែក​ព្រះ‌អាទិត្យ ក៏​ដឹង​ពេល​ដែល​ត្រូវ​លិច​ដែរ។ 20 ព្រះ‌អង្គ​ធ្វើ​ឲ្យ​ងងឹត ហើយ​នោះ​ជា​រាត្រី​កាល ជា​ពេល​ដែល​សត្វ​នៅ​ព្រៃ​ទាំង​ប៉ុន្មាន សសៀរ​ចេញ​មក។ 21 សិង្ហ​ស្ទាវ​គ្រហឹម​រក​ចាប់​រំពា វា​ស្វែង​រក​អាហារ​របស់​វា​ពី​ព្រះជាម្ចាស់។ 22 កាល​ព្រះ​អាទិត្យ​រះ​ឡើង វា​ក៏​ដក​ខ្លួន​ថយ ចូល​ទៅ​ដេក​ក្នុង​រូង​របស់​វា​វិញ។ 23 ចំណែកមនុស្ស​ចេញ​ទៅ​ធ្វើ​ការ​របស់​ខ្លួន ហើយ​គេ​ធ្វើ​ការ​រហូត​ដល់​ល្ងាច។ 24 ​ព្រះ‌អម្ចាស់​អើយ ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ មាន​ច្រើន​ប្រការ​ណាស់ ព្រះ‌អង្គ​បាន​ធ្វើ​ការ​អស់​នោះ ដោយ​ព្រះ​ប្រាជ្ញា​ញាណ ផែនដី​មាន​ពេញ​ដោយ​អ្វីៗ​សព្វ​សារពើ ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក។ 25 សមុទ្រ​ដ៏​ធំ ហើយ​ទូលាយ នៅ​ទី​នោះ​មាន​មច្ឆា​ជាតិ​រស់​រវើក ច្រើន​ឥត​គណនា ជា​សត្វ​មាន​ជីវិត ទាំង​តូច ទាំង​ធំ។ 26 មាន​នាវា​បើក​ទៅ​មក ហើយ​មាន​សត្វ​ធំ​សម្បើម​ដែល​ព្រះ‌អង្គ បាន​បង្កើតមក​ឲ្យ​លេង​នៅ​ក្នុង​សមុទ្រ។ 27 គ្រប់​សត្វ​ទាំងអស់​នោះ​សង្ឃឹម​លើ​ព្រះ‌អង្គ គឺ​ឲ្យ​ព្រះ‌អង្គ​ប្រទាន​ចំណី​ដល់​វា​តាម​ពេល​កំណត់។ 28 ពេល​ព្រះ‌អង្គ​ប្រទាន​ចំណី​ឲ្យ វា​ក៏​ទទួល​យក ពេល​ព្រះ‌អង្គ​លា​ព្រះ‌ហស្ត ពួកវាក៏​បាន​ឆ្អែត​។ 29 ពេលព្រះ‌អង្គ​លាក់​ព្រះ‌ភ័ក្ត្រ វា​ក៏​ថប់​ព្រួយ កាល​ព្រះ‌អង្គ​ដក​យក​ដង្ហើម​របស់​វា​ចេញ វា​ក៏​ស្លាប់ ហើយ​ត្រឡប់​ទៅ​ជា​ធូលី​ដី។ 30 ពេល​ព្រះ‌អង្គ​ចាត់​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ​ទៅ ពួកវា​ក៏​កើត​ឡើង ហើយ​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ផែនដី ស្រស់​បស់​ឡើង​វិញ។ 31 សូម​ឲ្យ​សិរី‌ល្អ​របស់​ព្រះ‌អម្ចាស់ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច សូម​ឲ្យ​ព្រះ‌អម្ចាស់​រីក‌រាយ នឹង​ស្នាព្រះ‌ហស្ត​របស់​ព្រះ‌អង្គ។ 32 ព្រះ‌អង្គ​ទត​មក​ផែនដី នោះ​ផែនដី​ក៏​ញាប់​ញ័រ ហើយ​ព្រះ‌ អង្គ​ពាល់​ភ្នំ នោះ​ភ្នំ​ក៏​ហុយ​ផ្សែង​ឡើង។ 33 ខ្ញុំ​នឹង​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់​ជា​ដរាប ពេញមួយជីវិតរបស់ខ្ញុំ ខ្ញុំ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ​រ​បស់​ខ្ញុំ កាល​ខ្ញុំ​នៅមាន​ជីវិត។ 34 សូម​ឲ្យ​ការ​សញ្ជឹង​គិត​របស់​ខ្ញុំ បានគាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ‌អង្គ ដ្បិត​ខ្ញុំ​រីក‌រាយ​ក្នុង​ព្រះ‌អម្ចាស់។ 35 សូម​ឲ្យ​មនុស្ស​បាប​វិនាស​បាត់​ពី​ផែនដី ហើយ​កុំ​ឲ្យ​មាន​មនុស្ស​អាក្រក់​ទៀត​ឡើយ។ ​ខ្ញុំនឹងសរសើរតម្កើងដល់ ព្រះ​ពរ​ព្រះ‌អម្ចាស់ ពេញមួយជីវិតេបស់ខ្ញុំ។ សូមសរសើរព្រះអម្ចាស់។