ជំពូក ១០៥

1 ​ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អម្ចាស់ ចូរ​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌អង្គ ចូរ​ថ្លែង​ប្រាប់​ពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ នៅ​កណ្ដាល ​ជនជាតិ​ទាំង​ប៉ុន្មាន​ចុះ។ 2 ចូរ​ច្រៀង​ថ្វាយ​ព្រះ‌អង្គ ចូរ​ច្រៀង​ សរសើរ​តម្កើង​ព្រះ‌អង្គ ចូរ​រៀប​រាប់​ពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ។ 3 ចូរ​ខ្ពស់​មុខ​នឹង​ព្រះ‌នាម​ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ​ចុះ ចូរ​ឲ្យ​ចិត្ត​នៃ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អម្ចាស់រីក‌រាយ​ឡើង។ 4 ចូរ​ស្វែង​រក​ព្រះ‌អម្ចាស់ និង​ឫទ្ធានុ‌ភាព​របស់​ព្រះ‌អង្គ ចូរ​ស្វែង​រក​ព្រះ‌វត្ត‌មាន​របស់​ព្រះ‌អង្គ ឥត​ឈប់​ឈរ។ 5 ចូរ​នឹក​ចាំ​ពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ ដែល​ព្រះ‌អង្គ​បាន​ធ្វើ ពី​ការ​អស្ចារ្យ និង​ការ​ជំនុំ​ជម្រះ ដែល​ព្រះ‌អង្គ​បាន​សម្រេច 6 ឱ​ពូជ‌ពង្ស​របស់​លោក​អ័ប្រា‌ហាំ ជា​អ្នក​បម្រើ​របស់ព្រះ‌អង្គ គឺ​កូន​ចៅ​របស់​លោក​យ៉ាកុប ជាអ្នកដែលព្រះអង្គជ្រើសរើស។ 7 ព្រះ‌អង្គ​ជា​ព្រះជាម្ចាស់​នៃ​យើង ព្រះ‌នាម​ជា​ព្រះ‌អម្ចាស់ ការ​ជំនុំ​ជម្រះ​របស់​ព្រះ‌អង្គ ស្ថិត​នៅ​លើ​ផែនដី​ទាំង​មូល។ 8 ព្រះ‌អង្គ​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា របស់​ព្រះ‌អង្គ​ជា‌និច្ច គឺ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​បង្គាប់ ដល់​មនុស្ស​មួយ​ពាន់​តំណ។ 9 ព្រះអង្គ​នឹក​ដល់​សម្ព័ន្ធ‌មេត្រី ដែល​ព្រះអង្គ​បាន​ចង​ជា​មួយ​លោក​អប្រាហាំ ព្រម​ទាំង​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យាជា​មួយ​លោក​អ៊ីសាក។ 10 ហើយ​ព្រះ‌អង្គ​ក៏បាន​បញ្ជាក់ ជាមួយ​លោក​យ៉ាកុបទុក​ជា​ច្បាប់ គឺ​ជាមួយ​លោក​អុីស្រា‌អែល ទុក​ជា​សេចក្ដី​សញ្ញាអស់‌កល្ប​ជា‌និច្ច។ 11 ​ព្រះ‌អម្ចាស់មានបន្ទូល​ថា៖ «យើង​នឹង​ប្រគល់​ស្រុក​កាណាន​ឲ្យ​អ្នក ទុក​ជា​ចំណែក​មរតក​របស់​អ្នក»។ 12 ព្រះជាម្ចាស់បែបនេះ គឺ​កាល​គេ​មាន​ចំនួន​តិច ហើយ​ក៏​គ្រាន់​តែ​ជា​អ្នក ស្នាក់​អាស្រ័យ​ក្នុង​ស្រុក​នោះ។ 13 ពួកគេ​ធ្វើ​ដំណើ​រ​ចុះ​ឡើង ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ ហើយ​ពី​នគរ​មួយ​ទៅ​នគរ​មួយ​ទៀត 14 ព្រះ‌អង្គ​មិន​បណ្ដោយ​ឲ្យ​អ្នក​ណា សង្កត់‌សង្កិន​គេ​ឡើយ ដោយ​យល់​ដល់​ពួក‌គេ ព្រះ‌អង្គ​បាន​បន្ទោស​ពួក​ស្តេច​។ 15 ដោយព្រះបន្ទូលថា «កុំ​ប៉ះ‌ពាល់​ពួក​អ្នក​ដែលយើង បាន​ចាក់​ប្រេង​តាំងឡើយ កុំធ្វើ​បាប​ពួក​ហោរា​របស់​យើង​ឲ្យ​សោះ»។ 16 កាលព្រះ‌អង្គ​បាន​បង្គាប់ ឲ្យ​មាន​អំណត់​កើត​ឡើង​ក្នុង​ទឹកដី ហើយ​ផ្តាច់​អស់​ទាំង​អាហារ។ 17 ព្រះ‌អង្គ​បាន​ចាត់​មនុស្ស​ម្នាក់​ឲ្យ​ទៅ​មុន​ពួក‌គេ គឺ​លោក​យ៉ូសែបដែល​គេ បាន​លក់​ទៅ​ធ្វើ​ជា​បាវ​បម្រើ។ 18 ជើង​របស់​លោក​ត្រូវ​រឹត‌រួត​ដោយ​ចំណង ហើយ​មាន​ច្រវាក់​ដែក​ជាប់​នៅ​ក 19 ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​ល្បង​ល​លោករហូត​ទាល់​តែ​សេចក្ដី ដែល​លោក​ថ្លែង​ទុកបាន​សម្រេច។ 20 ស្តេច​បាន​ចាត់​គេ​ឲ្យ​ទៅ​ដោះ​លែង​លោក គឺ​អ្នក​គ្រប់​គ្រង​លើ​ប្រជាជន​នានា បាន​ដោះ​លោក​ឲ្យ​រួច។ 21 ស្ដេច​បាន​តាំង​លោកឲ្យ​ធ្វើ​ជា​ម្ចាស់​លើ​ព្រះ​ដំណាក់ ហើយ​ជា​អ្នក​គ្រប់‌គ្រង​លើ​ព្រះ‌រាជ​ទ្រព្យ ទាំង​អស់​របស់​ទ្រង់ 22 ឲ្យ​មាន​អំណាច​នឹង​ចាប់​ចង​ពួក​មន្ត្រីរបស់​ស្តេច​បាន​តាម​ចិត្ត ហើយ​នឹង​បង្ហាត់​បង្រៀន​ឲ្យ​ពួក​ចាស់​ទុំរបស់​ស្តេចមាន​ប្រាជ្ញា។ 23 ពេល​នោះ អុីស្រាអែល​ក៏​ចូល​មកក្នុង​ស្រុក​អេស៊ីប គឺ​យ៉ាកុប​បាន​ស្នាក់​នៅ​ក្នុង​ទឹកដី​របស់​ហាំ។ 24 ព្រះ​អម្ចាស់បានឲ្យប្រជា‌រាស្ត្រព្រះអង្គចម្រើនឡើង​ មាន​កូន​ចៅ​ជា​ច្រើន ហើយ​ឲ្យ​គេ​មាន​កម្លាំង​ជាង​បច្ចា‌មិត្ត របស់​គេ។ 25 ព្រះ‌អង្គ​បាន​បង្វែរ​ចិត្ត​គេ ឲ្យ​ស្អប់​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ឲ្យ​គេ​ប្រព្រឹត្ត​ដោយ​កិច្ច‌កល មកកាន់​អ្នក​បម្រើ​ព្រះ‌អង្គ។ 26 ព្រះ‌អង្គ​បាន​ចាត់លោក​ម៉ូសេ ជា​អ្នក​បម្រើ​ព្រះ‌អង្គ និង​លោក​អើរ៉ុន ដែល​ព្រះ‌អង្គ​បានជ្រើស​រើស។ 27 លោក​ទាំង​ពីរ​បាន​សម្ដែង​ទី​សម្គាល់ របស់​ព្រះ‌អង្គនៅ​កណ្ដាល​ពួកគេ និង​ការ​អស្ចារ្យ​នៅ​ក្នុង​ទឹកដី​របស់​ហាំ។ 28 ព្រះ‌អង្គ​ចាត់​សេចក្ដី​ងងឹត​មក ហើយ​ធ្វើ​ឲ្យ​ស្រុក​ងងឹត ពួក​លោកមិន​បាន​ទាស់​ទទឹង នឹង​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ទេ។ 29 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទឹក​នៅ​ស្រុក​គេ ត្រឡប់​ទៅ​ជា​ឈាម ហើយ​ធ្វើ​ឲ្យ​ត្រី​នៅ ស្រុក​គេ​ទាំង​ប៉ុន្មាន​ស្លាប់​អស់។ 30 ស្រុក​គេ​មាន​សត្វ​កង្កែប​ពេញ​ដេរ​ដាស សូម្បី​តែ​នៅ​ក្នុង​ក្រឡា​បន្ទំ​របស់​ស្តេច​ក៏​មាន​ដែរ។ 31 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល នោះ​ក៏​មាន​រុយ​ទាំង​ហ្វូងៗ​ហើរ​មក ហើយ​ក៏​មាន​ចៃ​នៅ​ពាស​ពេញ​ក្នុង​ស្រុក​របស់​គេ។ 32 ព្រះ‌អង្គ​ប្រទាន​ព្រឹលឲ្យ​គេ​ជំនួស​ភ្លៀង ហើយ​រន្ទះ​ក៏​បាញ់​ឆេះ​ពេញ​ក្នុង​ទឹកដី​របស់​គេ។ 33 ព្រះ‌អង្គ​បាន​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ និង​ដើម​ល្វា​របស់​គេ ក៏​បំបាក់​ដើម​ឈើ​ទាំង​ប៉ុន្មាន នៅ​ក្នុងទឹកដី​របស់​គេ។ 34 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល នោះ​ក៏​មាន​កណ្តូប​ហើរ​មក ហើយក៏​មាន​ចង្រិត​ច្រើន​ឥត​គណនា។ 35 សត្វ​ទាំង​នោះ​ស៊ី​បំផ្លាញ អស់​ទាំង​ដំណាំ​នៅ​ក្នុង​ទឹកដីរបស់គេ ហើយ​ស៊ី​ភោគ​ផល​ដែល​ដុះ​ចេញ​ពី​ដី​របស់​គេ។ 36 ព្រះ‌អង្គ​បាន​ប្រហារ​អស់​ទាំង​កូន​ច្បង នៅ​ក្នុង​ទឹកដី​គេ គឺ​ជា​ផល​ដំបូង​នៃ​កម្លាំង​ទាំង​ប៉ុន្មាន​របស់​គេ។ 37 ព្រះ‌អង្គ​បាន​នាំ​អុីស្រា‌អែលចេញ ទាំង​នាំ​យក​ប្រាក់ និង​មាស​ទៅ​ជាមួយ ​ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​របស់​គេ គ្មាន​អ្នក​ណា​ម្នាក់ជំពប់​ដួល​ឡើយ។ 38 កាល​គេ​បាន​ចាក​ចេញ​ទៅ ជនជាតិអេស៊ីប​ក៏​អរ​សប្បាយ ដ្បិត​គេ​ភ័យ​ខ្លាច​ពួក​អុីស្រា‌អែល​ជា​ខ្លាំង។ 39 ព្រះ‌អង្គ​បាន​លាត​ពពក​ជា​ម្លប់​គ្រប​បាំង​គេ ហើយ​ប្រទាន​ភ្លើងជា​ពន្លឺ​បំភ្លឺ​នៅ​ពេល​យប់។ 40 ពួកគេ​បាន​សុំ ហើយ​ព្រះ‌អង្គ​ក៏​នាំ​សត្វ​ក្រួច​មក ហើយ​ប្រទាន​ឲ្យ​គេ​មាន​នំប៉័ង ជា​បរិបូរ​ពី​ស្ថាន‌សួគ៌។ 41 ព្រះ‌អង្គ​បាន​បំបែក​ថ្ម​ឲ្យ​ទឹក​ផុល​ចេញ​មក ហើយ​ទឹក​ក៏​ហូរ​កាត់​ទី​ហួត‌ហែង ដូច​ទន្លេ។ 42 ដ្បិត​ព្រះ‌អង្គ​នឹក​ចាំ​ពី​ព្រះ‌បន្ទូល ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ និង​ពី​លោក​អ័ប្រា‌ហាំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ 43 ព្រះ‌អង្គ​បាន​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ចេញ​មកដោយ​អំណរ​ ព្រះ‌អង្គ​បាន​នាំ​ពួក​អ្នក​ដែល​ព្រះ‌អង្គ បាន​ជ្រើស​រើស​ចេញ​មក ដោយ​ច្រៀង​ចម្រៀង។ 44 ព្រះ‌អង្គ​បាន​ប្រគល់​ទឹក​ដី របស់​ជនជាតិ​នានា​ដល់​គេ ហើយ​គេ​ចាប់​យក​ភោគ​ផល ដែល​ប្រជាជន​ទាំង​នោះ​បាន​នឿយ​ហត់ 45 ដើម្បី​ឲ្យ​គេ​បាន​ប្រតិ‌បត្តិ តាម​ច្បាប់​របស់​ព្រះ‌អង្គ ហើយ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។ សសើរព្រះអម្ចាស់។