ជំពូក ៤

1 កូន​អើយ ចូរ​​ស្ដាប់​ពាក្យ​ទូន្មាន​របស់យើង ចូរ​ប្រុង​ស្មារតី ដូច្នេះកូន​នឹង​យល់ដឹងហើយនិងចំណេះផង។ 2 យើងបាន​បង្រៀន​កូន​អំពី​ការ​ល្អ កុំ​បោះ‌បង់​ចោល​សេចក្តីបង្រៀនរបស់យើងឡើយ។ 3 ពេលមុន យើង​ធ្លាប់​ជាកូន​របស់ឪពុកយើង​ ហើយ​ក៏​ជា​កូន​សំណព្វ​របស់ម្តាយយើង​ដែរ។ 4 ឪពុកយើងបាន​បង្រៀន​យើង​ថា៖ «ចូរ​កូន​ចង​ចាំ​ពាក្យ​របស់​ឪពុក​ទុក​ក្នុង​ចិត្ត ចូរ​ប្រតិបត្តិ​តាម​ដំបូន្មាន​របស់​ឪពុក នោះ​កូន​នឹង​មាន​ជីវិត។ 5 ចូរ​រក​ប្រាជ្ញា និង​ចំណេះ​ដឹង​ឲ្យបាន មិន​ត្រូវ​បំភ្លេច ឬ​ងាក​ចេញ​ពី​ពាក្យ​របស់​ឪពុក​ឡើយ 6 កុំ​បោះ‌បង់​ប្រាជ្ញា​ឲ្យ​សោះ នោះ​ប្រាជ្ញា​នឹង​ការពារ​កូន ចូរ​ស្រឡាញ់​ប្រាជ្ញា នោះ​ប្រាជ្ញា​នឹង​ថែ‌រក្សា​កូន។ 7 ​ប្រភព​នៃ​ប្រាជ្ញា​ចាប់​ផ្ដើម​ដូច​ត​ទៅ គឺ​ត្រូវ​រក​ប្រាជ្ញា​ឲ្យ​បាន ហើយ​ចំណាយ​អ្វីៗ​ទាំង​អស់​ដែល​កូន​មាន ដើម្បី​រក​ឲ្យ​បាន​ការ​ចេះ​ដឹង។ 8 ចូរ​ឱប​រឹត​ប្រាជ្ញា​ឲ្យ​ជាប់​ក្នុង​ដួង​ចិត្ត នោះ​ប្រាជ្ញា​នឹង​លើក​តម្កើង​កូន​ឡើង​យ៉ាង​ថ្លៃ‌ថ្នូរ។ 9 ប្រាជ្ញា​នឹង​ផ្ដល់​ឲ្យ​កូន​បាន​រុងរឿង គឺ​ប្រៀប​ដូច​ជា​មកុដ នឹង​ជា​គ្រឿង​អលង្ការ​ដ៏​ថ្លៃ​បំផុត សម្រាប់​កូន»។ 10 កូន​អើយ ចូរ​ស្ដាប់ ហើយធ្វើតាម​ពាក្យ​របស់​យើង នោះ​កូន​នឹង​មាន​អាយុ​វែង។ 11 យើង​បាន​ណែ‌នាំ​កូន​ឲ្យ​ស្គាល់​របៀប​រស់​នៅ​ប្រកប​ដោយ​ប្រាជ្ញា និង​បាន​អប់រំ​កូន​ឲ្យ​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់។ 12 ពេលណាកូន​ដើរតាមផ្លូវ​នេះ នឹង​គ្មាន​ឧបសគ្គ​អ្វី​មក​រារាំង​កូន​ឲ្យ​ជំពប់​ដួល​ឡើយ។ 13 ចូរ​កាន់​តាម​សេចក្តីបង្រៀនរបស់យើង ដោយ​ឥត​លះ‌បង់​ចោល​ឡើយ ចូរ​ថែ‌រក្សា​ឲ្យ​ជាប់ ដ្បិត​ដំបូន្មាន​នេះ​ជា​ជីវិត​របស់​កូន។ 14 មិន​ត្រូវ​ចូល​រួម​ក្នុង​ផ្លូវ​របស់​មនុស្ស​ពាល​ឡើយ ហើយ​ក៏​មិន​ត្រូវ​យក​តម្រាប់​តាម​មនុស្ស​អាក្រក់​ដែរ។ 15 ចូរ​ចៀស‌វាង​ដើរ​តាម​ផ្លូវ​នោះ ត្រូវ​ដើរ​វាង​ឲ្យ​ឆ្ងាយតាមផ្លូវផ្សេងវិញ។ 16 ដ្បិត ពួកគេ​មិន​ចូល​ដំណេក​ទេ ដរាប​ទាល់​តែ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ជា​មុន​សិន គឺ​ប្រសិន​បើ​គេ​មិន​បាន​ធ្វើ​ទុក្ខ​ទោស​អ្នក​ផ្សេង​ទេ​នោះ គេ​ដេក​មិន​លក់​ឡើយ។ 17 ដ្បិត​គេ​ចិញ្ចឹម​ជីវិត​ដោយ‌សារ​អំពើ​ទុច្ចរិត ហើយ​គេ​ផឹក​ស្រា​ដែល​បាន​មក​ដោយ‌សារ​អំពើ​ឃោរ‌ឃៅ។ 18 ប៉ុន្តែ ផ្លូវ​របស់​មនុស្ស​សុចរិត​ប្រៀប​បី​ដូច​ជា​ពន្លឺ​អរុណ‌រះ បញ្ចេញ​រស្មី​កាន់​តែ​ភ្លឺ​ឡើងៗ រហូត​ដល់​ព្រះ​អាទិត្យ​ពេញ​កម្ដៅ។ 19 ចំណែក​ផ្លូវ​របស់​ជន​ពាល​វិញ ដូចទៅនឹង​ភាព​ងងឹត​អន្ធការ គឺ​ពួក​គេ​មិន​អាច​មើល​ឧបសគ្គ​ដែល​ធ្វើ​ឲ្យ​ខ្លួន​ជំពប់​ដួល​នោះ​ឃើញ​ឡើយ។ 20 កូន​អើយ ចូរ​ផ្ទៀង​ត្រចៀក ចូរ​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​ទូន្មាន និង​សេចក្តីបង្រៀនរបស់យើង។ 21 កុំ​បំភ្លេច​ពាក្យ​យើង គឺ​ត្រូវ​រក្សា​ទុក​ឲ្យ​ជាប់​នៅ​ក្នុង​ដួង​ចិត្ត​របស់កូនផង។ 22 ដ្បិតពាក្យទាំង​នេះ​នឹង​ផ្ដល់​ជីវិត និង​សុខ‌ភាព​ដល់​រូបកាយអស់​អ្នក​ដែលទទួលយក​។ 23 ចូរ​កូន​ថែ‌រក្សា​ចិត្ត​​ដោយ​ប្រុង​ប្រយ័ត្ន ដ្បិត​ចិត្ត​គំនិត​របស់​កូន​យ៉ាង​ណា ជីវិត​របស់​កូន​ក៏​យ៉ាង​នោះ​ដែរ។ 24 ចូរ​ទប់​មាត់​កុំ​ឲ្យ​ពោល​ពាក្យ​អាស្រូវ​ឡើយ ហើយ​ក៏​កុំ​គ្រលាស់​អណ្ដាត​ពោល​ពាក្យ​មួល​បង្កាច់​គេ​ដែរ។ 25 ចូរ​ឲ្យ​ភ្នែក​កូនមើល​ចំ​ទៅ​មុខ ហើយ​ត្របក​ភ្នែក​ឯង​ទៅ​ត្រង់​ទៅ​មុខ​ដែរ។ 26 ត្រូវកំណត់​ផ្លូវ​ដែល​ជើងកូន​ដើរ ហើយ​​ផ្លូវ​របស់កូននឹងមានសុវត្ថិភាព។ 27 កុំ​ងាក​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ ត្រូវ​ឲ្យ​ជើងរបស់កូនងាកចេញ​ពី​សេចក្ដី​អាក្រក់​វិញ។