ជំពូក ៥

1 កូន​អើយ ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ប្រាជ្ញា​របស់យើង ហើយ​ចាប់​អារម្មណ៍ ​និង​តម្រិះ​របស់​យើងផង​ដែរ 2 ដើម្បី​ឲ្យ​កូន​ស្គាល់​ការ​រិះគិត និង​ការ​និយាយ​ស្ដី​ដឹង​ខុស​ត្រូវ។ 3 ដ្បិត ស្ត្រី​ក្បត់​ប្ដី​តែងតែ​និយាយ​មាយា​ផ្អែម​ដូច​ទឹក​ឃ្មុំ ហើយ​មាត់​រអិល​ដូច​ប្រេង 4 ប៉ុន្តែ ​តាម​ពិត​ស្ត្រី​នោះ​ប្រៀប​បាន​នឹង​ផ្លែ​ស្លែង​ដែល​មាន​ជាតិ​ល្វីង ហើយ​មុត​ដូច​ដាវ​មុខ​ពីរ។ 5 ស្ត្រី​ប្រភេទ​នេះ​បណ្ដាល​ឲ្យ​អ្នក​ត្រូវ​ស្លាប់ ដ្បិត​ផ្លូវ​របស់​គេ​តម្រង់​ទៅ​រក​មច្ចុរាជ។ 6 ផ្លូវ​របស់​ស្ត្រី​នេះ​មិន​នាំ​ទៅ​កាន់​ជីវិត​ទេ។ តែ​នាំ​ឲ្យ​គេ​វង្វេង ​ដោយនាង​មិន​ដឹងថាកំពុងតែធ្វើអ្វីនោះទេ​។ 7 ឥឡូវ​នេះ កូន​អើយ ចូរ​​ស្ដាប់​យើង កុំ​ងាក​ចេញ​ពីពាក្យ ដែលចេញពីមាត់​របស់​យើងឡើយ។ 8 រក្សាផ្លូវរបស់កូន​ឲ្យ​ឆ្ងាយ​ពី​ស្ត្រី​ប្រភេទ​នេះ កុំ​ទៅ​ជិត​មាត់​ទ្វារ​ផ្ទះ​របស់​គេ​ឲ្យ​សោះ។ 9 ក្នុងផ្លូវនេះ ​អ្នក​ខ្លះអាចនឹង​ប្រមាថ​មាក់‌ងាយ​កេរ្តិ៍​ឈ្មោះ​កូន ហើយ​មនុស្ស​គ្មាន​ចិត្ត​មេត្តា​បំផ្លាញ​ជីវិត​កូន 10 ក្រែង‌លោ​អ្នក​ដទៃ​មក​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​កូន ហើយ​អ្វីៗ​ដែល​កូន​រក​បាន​ដោយ​កម្លាំង​ញើស ត្រូវ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ផ្សេង។ 11 នៅ​ទី​បំផុត កូន​លែង​មាន​កម្លាំង​អ្វី​ទៀត ហើយ​កូន​នឹង​ស្រែក​ថ្ងូរ​ដូច​សត្វ។ 12 កូន​នឹង​ពោល​ថា «ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ស្អប់​ដំបូន្មាន ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ការ​ប្រៀន‌ប្រដៅ​ដូច្នេះ! 13 ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​ស្ដាប់​ពាក្យ​សម្ដី​គ្រូ ហើយ​ក៏​មិន​ផ្ទៀង​ត្រចៀក​ស្ដាប់​អ្នក​បង្រៀន​ខ្ញុំ​ដូច្នេះ។ 14 យើង​ស្ទើរ​តែ​នឹង​ចូល​ទៅ​ក្នុងអស់​ទាំង​អំពើ​អា‌ក្រក់​ហើយ គឺ​នៅ​កណ្ដាល​ចំណោម​មនុស្សនិង​ក្រុម​ជំនុំ​ផង»។ 15 ចូរ​ផឹក​ទឹក​ពី​ពាង​របស់​ខ្លួនកូន ព្រម​ទាំង​ទឹក​ដែល​ហូរ​ចេញពី​អណ្តូង​របស់​ខ្លួន​ផងដែរ។ 16 តើ​គួរ​ឲ្យ​រន្ធ​ទឹក​របស់កូន​ហូរ​សាច​ចេញ​ទៅ​ក្រៅ ហើយ​គន្លង​ទឹក​របស់កូន​ហូរ​ទៅ​ក្នុង​ផ្លូវ​ឬ? 17 ត្រូវ​ទុក​សម្រាប់​ខ្លួន​កូន​តែ​មួយ​ប៉ុណ្ណោះ មិន​មែន​សម្រាប់​មនុស្ស​ដទៃ ជា‌មួយ​កូន​ផង​នោះ​ទេ។ 18 ចូរ​ផ្ដល់​សុភមង្គល​ឲ្យ​ភរិយា​របស់​កូន ចូរ​រួម​រស់​យ៉ាង​សប្បាយ​ជា​មួយ​ភរិយា ដែល​កូន​បាន​រៀបការ​តាំង​ពី​កំលោះ​ក្រមុំ។ 19 ភរិយា​របស់​កូន​មាន​ចរិយា​សម​សួន​គួរ​ឲ្យ​ស្រឡាញ់ សម្រស់​របស់​នាង​គួរ​ជា​ទី​គាប់​ចិត្ត។ ចូរ​ត្រេក‌ត្រអាល​នឹង​សម្ផស្ស​របស់​នាង ចូរ​ស្រឡាញ់​នាង​យ៉ាង​អស់​ពី​ចិត្ត​រហូត​ត​ទៅ។ 20 កូន​អើយ ហេតុ​អ្វី​បាន​ជា​កូន​មាន​ចិត្ត​ស្រឡាញ់​ប្រពន្ធ​របស់​គេ​ទៅ​វិញ? ហេតុ​អ្វី​បាន​ជា​កូន​ចង់​សប្បាយ​ជា​មួយ​ស្រី​ផ្សេង​ដូច្នេះ? 21 អ្វីៗ​ដែល​មនុស្ស​លោក​ប្រព្រឹត្ត ព្រះ‌អម្ចាស់​ជ្រាប​ទាំង​អស់ ព្រះអង្គ​ទត​ឃើញ​កិរិយា​មារយាទ​របស់​គេ។ 22 កំហុស​របស់​មនុស្ស​អាក្រក់​ជា​ចំណង​ចង​ខ្លួន ហើយ​អំពើ​បាប​ជា​អន្ទាក់​ដែល​ធ្វើ​ឲ្យ​ខ្លួន​គេ​រើ​ពុំ​រួច។ 23 គេ​នឹង​ត្រូវ​ស្លាប់ ព្រោះ​ខ្វះ​ការ​អប់រំ គេ​នឹង​ត្រូវ​វិនាស ព្រោះ​តែ​អំពើ​លេលា​ហួស​ល្បត់​របស់​ខ្លួន។