ជំពូក ៣

1 កូន​អើយ ចូរ​កុំ​ភ្លេច​ពាក្យ​ទូន្មាន​របស់​យើង​ឡើយ ចូរ​ប្រតិបត្តិ​តាម​ពាក្យ​ដែលយើង​បាន​ផ្ដែ‌ផ្ដាំ​ជានិច្ច។ 2 ដ្បិត ពាក្យរបស់យើងនឹង​ផ្ដល់​ឲ្យ​កូន​មាន​អាយុ​យឺន‌យូរ ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត។ 3 ចូរ​កាន់​ចិត្ត​ភក្ដី និង​ចិត្ត​សច្ចៈ​ជានិច្ច គឺ​ត្រូវ​ចារឹក​គុណ​សម្បត្តិ​នេះ​ជាប់​ក្នុង​ចិត្ត ដូច​ពាក់​គ្រឿង​អលង្ការ​ជាប់​នៅ​នឹង​ក​ដែរ។ 4 ក្រោយមក​ កូន​នឹង​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ គាប់​ចិត្ត​មនុស្ស​ផង​ទាំង​ពួង ហើយ​កូន​នឹង​មាន​កេរ្តិ៍​ឈ្មោះ​ល្អ។ 5 កុំ​ពឹង​លើ​ចំណេះ​ចេះ​ដឹង​របស់​ខ្លួន​ឡើយ តែ​ត្រូវ​ទុក​ចិត្ត​លើព្រះ‌អម្ចាស់​ទាំង​ស្រុងវិញ។ 6 ចូរ​នឹក​ដល់​ព្រះ‌អម្ចាស់​ក្នុង​គ្រប់​កិច្ចការ​ដែល​កូន​ធ្វើ នោះ​ព្រះអង្គ​នឹង​រៀបចំ​ផ្លូវ​របស់​កូន។ 7 កុំ​ចាត់​ទុក​ខ្លួន​កូន​ថា​ជា​អ្នក​មាន​ប្រាជ្ញា​ឡើយ ប៉ុន្តែ ត្រូវ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ដោយងាក​ចេញ​ពី​ការ​អាក្រក់។ 8 ការ​ទាំងនេះគឺ​ជា​ឱសថ​ព្យាបាល​ខ្លួន​ឲ្យ​បាន​ជា​សះ‌ស្បើយ​ពី​ជំងឺ។ 9 ចូរ​យក​ផល​ដំបូង​ពីផលដំណាំ និងសម្បត្តិ​ដែល​កូន​រក​បាន មក​ថ្វាយ​ព្រះ‌អម្ចាស់ ដើម្បី​សម្តែង​ការ​គោរព​ចំពោះ​ព្រះអង្គ។ 10 ដូច្នេះ កូន​នឹង​មាន​ស្រូវ​ពេញ​ជង្រុក ហើយ​មាន​ស្រាទំពាំង‌បាយជូរ​ដ៏​បរិបូណ៌​ហូរ‌ហៀរផង។ 11 កូន​អើយ មិន​ត្រូវ​មើល‌ងាយ​ការ​ប្រៀន‌ប្រដៅ​របស់ព្រះ‌អម្ចាស់​ឡើយ ហើយ​ក៏​មិន​ត្រូវ​ធ្លាក់​ទឹក​ចិត្តដែរ នៅ​ពេល​ព្រះអង្គ​ស្ដី​បន្ទោស​ 12 ដ្បិត​ព្រះ‌អម្ចាស់​តែងតែ​ប្រៀន‌ប្រដៅ​អស់​អ្នក​ដែល​ព្រះអង្គ​ស្រឡាញ់ ដូច​ឪពុក​វាយ​ប្រដៅ​កូន​ជា​ទី​ស្រឡាញ់​របស់​ខ្លួន។ 13 អ្នក​ណា​រក​ប្រាជ្ញា​ឃើញ និងយល់ដឹងពីយោបល់ អ្នក​នោះ​មាន​សុភមង្គល​ហើយ។ 14 ដ្បិត​ប្រាជ្ញា​ដែល​កូន​រក​បាន​នេះ​គឺប្រសើរ​ជាង​មាន​ប្រាក់ ហើយ​ផ្ដល់​ឲ្យ​បាន​ចំណេញ​ប្រសើរ​ជាង​មាន​មាសផងដែរ។ 15 ប្រាជ្ញា​មាន​តម្លៃ​លើស​ត្បូង ហើយ​អ្វីៗ​ទាំង​អស់​ដែល​អ្នក​ប្រាថ្នា​ចង់​បាន ពុំ​អាច​មាន​តម្លៃ​ស្មើ​នឹង​ប្រាជ្ញា​នេះ​ឡើយ។​ 16 ប្រាជ្ញា​ផ្ដល់​ឲ្យ​មាន​អាយុ​យឺន‌យូរ ព្រម​ទាំង​នាំ​ឲ្យ​មាន​សម្បត្តិ និង​កិត្តិយស​ដ៏​រុងរឿង​ទៀត​ផង។ 17 ប្រាជ្ញា​ដឹក​នាំ​មនុស្ស​ឲ្យ​រស់​នៅ​ដោយ​សុខដុម‌រមនា និង​សុខ‌សាន្ត។ 18 ប្រាជ្ញា​ជា​ដើម​ឈើ​ផ្ដល់​ជីវិត សម្រាប់​អស់​អ្នក​ដែល​បេះ​ផ្លែ​បរិភោគ អ្នក​ណា​មាន​ប្រាជ្ញា​ជាប់​ក្នុង​ខ្លួន អ្នក​នោះ​នឹងរីករាយ។ 19 ព្រះ‌អម្ចាស់​បាន​បង្កើត​ផែនដី ដោយ‌សារ​ព្រះ​ប្រាជ្ញា​ញាណ ហើយ​ព្រះអង្គ​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ដោយ‌សារ​ព្រះ​តម្រិះ​របស់​ព្រះអង្គ។ 20 ដោយសារព្រះ‌តម្រិះ​ដ៏​វាង‌វៃ​របស់​ព្រះអង្គ និង​ឲ្យ​ពពក​បង្អូរ​ភ្លៀង​ចុះ​មក។ 21 កូន​អើយ កុំ​ឲ្យ​សេចក្ដី​ទាំង​នេះ ចេញ​បាត់​ពី​ភ្នែក​កួន​ឡើយ ចូរ​រក្សា​សេចក្ដី​ដែល​មាន​ប្រាជ្ញា និង​គំនិត​វាង​វៃ​។ 22 ដូច្នេះ សេចក្ដី​នោះ​នឹង​បាន​ជា​ជីវិត ដល់​ព្រលឹង​កូន ហើយ​ជា​គ្រឿង​លម្អ​នៅ​ក​របស់កូនផង។ 23 នោះ​កូននឹង​បាន​ដើរ​តាម​ផ្លូវ​របស់កូន ដោយ​សេចក្ដី​សុខ ហើយ​ជើង​កូន​នឹង​មិន​ចំពប់​ឡើយ។ 24 ប្រសិន​បើ​កូន អង្គុយ​ចុះ នោះកូននឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ កាល​ណា​កូនចូល​ដេក នោះ​កូន​នឹង​ដេក​លក់​យ៉ាង​ស្កប់​ស្កល់។ 25 កុំ​ឲ្យ​នឹក​ខ្លាច ក្រែង​លោ​មាន​ហេតុ​ភ័យ កើត​មក​ឆាប់​ភ្លាម​នោះ​ឡើយ ក៏​កុំ​ឲ្យ​ខ្លាច​ការ​ហិន​វិនាស​របស់​មនុស្ស​អា‌ក្រក់ ក្នុង​កាល​ដែល​កើត​មក​នោះ​ដែរ 26 ដ្បិត​ព្រះ‌អម្ចាស់នឹង​បាន​ជា​ទី​ទុក​ចិត្ត​ដល់​កូន ព្រះ‌អង្គ​នឹង​រក្សា​ជើងកូន​មិន​ឲ្យ​ត្រូវ​ជាប់​ឡើយ។ 27 កាល​ណា​កូន​មាន​លទ្ធភាព​អាច​នឹង​ធ្វើ​បាន នោះ​មិន​ត្រូវ​បដិសេធ​នឹង​អ្នក ដែល​ត្រូវ​ការ​ជំនួយ​ពីកូន​ឡើយ។ 28 បើ​កាល​ណា​កូន​មាន​របស់​អ្វី​នៅ​ជិត​កូន ដែល​អ្នក​ជិត​ខាង​ត្រូវ​ការ នោះ​កុំ​និយាយ​ឡើយ​ថា ទៅ​សិន​ចុះ ស្អែក​សឹម​មក នោះ​ខ្ញុំ​នឹង​ឲ្យ។ 29 កុំ​បង្កើត​ការ​អា‌ក្រក់​ទាស់​នឹង​អ្នក​ជិត​ខាង​កូន ដែល​អា‌ស្រ័យ​នៅ​ជិត​កូន ដោយ​សុខ​សាន្ត​នោះ​ឡើយ។ 30 បើ​មនុស្ស​ណា​មិន​បាន​ធ្វើ​ប្រទូស្ត​ដល់​កូន នោះ​កុំ​ឲ្យ​ត​តាំង​នឹង​គេ​ដោយ​ឥត​ហេតុ​ឲ្យ​សោះ។ 31 កុំ​ច្រណែន​នឹង​មនុស្ស​ច្រឡោត​ឡើយ ក៏​កុំ​រើស​យក​ផ្លូវ​ប្រព្រឹត្ត​ណា​មួយ​របស់​គេ​ដែរ។ 32 ដ្បិត​មនុស្ស​វៀច​ជា​ទី​ខ្ពើម​ឆ្អើម​ដល់​ព្រះ‌អម្ចាស់ តែ​ចំណែក​មនុស្ស​ទៀង​ត្រង់ ព្រះ‌អង្គ​ជា​មិត្ត​នឹង​គេ​វិញ។ 33 បណ្ដាសា​នៃ​ព្រះ‌អម្ចាស់ នោះ​នៅ​ក្នុង​ផ្ទះ​របស់មនុស្ស​អា‌ក្រក់តែ​ព្រះ‌អង្គ​ប្រទាន​ពរ​ដល់​ទី​លំ‌នៅ របស់​មនុស្ស​ សុចរិត​វិញ។ 34 ព្រះ‌អង្គ​តែង​មើល​ងាយ ដល់​ពួក​អ្នក​ដែល​មើល​ងាយតែ​ព្រះ‌អង្គ​ផ្តល់​ព្រះ‌គុណ​ចំពោះ​អ្នកបន្ទាបខ្លួនវិញ។ 35 មនុស្ស​មាន​ប្រាជ្ញា​នឹង​គ្រង​បាន​សិរី‌ល្អ​ទុក​ជា​មរតក តែ​សេចក្ដី​អាម៉ាស់​ខ្មាស​នឹង​បាន​ជា​រង្វាន់ ដល់​មនុស្ស​ឆោត​ល្ងង់​វិញ។