1 កូនអើយ បើឯងទទួលពាក្យយើង ហើយប្រមូលពាក្យបណ្ដាំរបស់យើង ទុកនៅជាប់នឹងកូន 2 សូមឲ្យត្រចៀករបស់កូនស្តាប់តាមប្រាជ្ញា ហើយផ្ចង់ចិត្តឲ្យបានយល់ នឹងសេចក្តីចេះដឹងផង។ 3 ប្រសិនបើកូនស្រែកហៅរកចំណេះដឹង ព្រមទាំងបន្លឺសំឡេងឡើង សូមឲ្យបានយោបល់ 4 បើកូនខំរកដូចជារកប្រាក់ ហើយស្វែងរកដូចជារកកំណប់ទ្រព្យ 5 នោះកូននឹងបានយល់សេចក្ដីកោតខ្លាច ដល់ព្រះអម្ចាស់ ហើយកូននឹងអាចស្គាល់ពីប្រាជ្ញានៃព្រះជាម្ចាស់។ 6 ដ្បិតព្រះអម្ចាស់ប្រទានឲ្យមានប្រាជ្ញា នោះចេញពីព្រះឪស្ឋរបស់ព្រះអង្គមក គឺជាចំណេះដឹងហើយនិងយោបល់។ 7 ព្រះអង្គបម្រុងទុកសេចក្ដីដែលមានប្រាជ្ញា សម្រាប់មនុស្សសុចរិត ក៏ជាខែលដល់អស់អ្នក ដែលដើរក្នុងសេចក្ដីទៀងត្រង់ 8 ព្រះជាម្ចាស់បានរក្សាអស់ទាំងផ្លូវច្រកនៃសេចក្ដីយុត្តិធម៌ ហើយការពារផ្លូវរបស់ពួកបរិសុទ្ធរបស់ព្រះអង្គ។ 9 ក្រោយមក អ្នកនឹងបានយល់សេចក្ដីសុចរិត សេចក្ដីយុត្តិធម៌ និងសេចក្ដីទៀងត្រង់ គឺគ្រប់ទាំងផ្លូវល្អ។ 10 ដ្បិតប្រាជ្ញានឹងចូលមកស្ថិតនៅក្នុងចិត្តកូន ហើយការចេះដឹងនឹងគាប់ចិត្តដល់ព្រលឹងកូនផង។ 11 ការចេះគិតពិចារណានឹងការពារកូន ហើយការដឹងខុសត្រូវនឹងថែរក្សាកូន។ 12 ការទាំងនោះនឹងជួយឲ្យកូនរួចពីផ្លូវអាក្រក់ ហើយពីពួកមនុស្ស ដែលតែងតែនិយាយពាក្យមិនពិត 13 ជាអ្នកដែលបោះបង់ចោលផ្លូវទៀងត្រង់ ដើម្បីនឹងដើរតាមផ្លូវងងឹតវិញ។ 14 ពួកគេមានចិត្តរីករាយដោយប្រព្រឹត្តការអាក្រក់ ហើយត្រេកអរដោយចិត្តមិនត្រង់ របស់មនុស្សអាក្រក់។ 15 ផ្លូវពួកគេសុទ្ធតែក្ងិចក្ងក់ ហើយបិទបាំងការទទួលខុសត្រូវ។ 16 ប្រាជ្ញានឹងយោបល់ជួយឲ្យកូនរួចពីស្រីកំផឹតក្បត់ និងសម្រស់ដោយប្រលោមដោយពាក្យផ្អែមល្ហែមរបស់នាង។ 17 នាងជាអ្នកដែលលះចោលគូសម្លាញ់ ដែលបានគ្នាពីក្រមុំកំលោះ ក៏ភ្លេចសេចក្ដីសញ្ញានៃព្រះរបស់ខ្លួន។ 18 ដ្បិតផ្ទះរបស់ស្ត្រីនោះ ទ្រេតទៅខាងសេចក្ដីស្លាប់ ហើយផ្លូវច្រករបស់នាង នាំទៅចំពោះពួកមនុស្សស្លាប់។ 19 ពួកអ្នកដែលទៅវានោះគ្មានអ្នកណាត្រឡប់មកវិញឡើយ ក៏មិនចាប់កាន់ផ្លូវច្រកនៃជីវិតដែរ។ 20 ដូច្នេះ ចូរកូនដើរក្នុងផ្លូវរបស់មនុស្សល្អ ព្រមទាំងរក្សាផ្លូវច្រកនៃពួកសុចរិត។ 21 ដ្បិតមនុស្សទៀងត្រង់នឹងអាស្រ័យនៅផែនដី ហើយមនុស្សគ្រប់លក្ខណ៍នឹងបាននៅជាប់។ 22 ប៉ុន្តែមនុស្សអាក្រក់នឹងត្រូវកាត់ចេញ ឲ្យសូន្យពីផែនដីវិញ ហើយមនុស្សប្រទូសរ៉ាយ និងត្រូវរំលើងចេញពីទីនេះ។