ជំពូក ១

1 សុភាសិត​របស់​ព្រះ‌បាទ​សា‌ឡូម៉ូន ​ជា​ព្រះ‌រាជ​បុត្រ​ព្រះ‌បាទ​ដាវីឌ និង​ជា​ព្រះ​មហា‌ក្សត្រ​ស្រុក​អុីស្រា‌អែល។ 2 សុភាសិត​ទាំង​នេះ​ផ្ដល់​ឲ្យ​មនុស្ស​មាន​ប្រាជ្ញា និង​ការ​ចេះ​ដឹង ដើម្បី​យល់​ពាក្យ‌ពេចន៍​ប្រកប​ដោយ​អត្ថ‌ន័យ​ជ្រៅ​ជ្រះ 3 ព្រម​ទាំង​បង្រៀន​មនុស្ស​ឲ្យ​ចេះ​ដឹង សុចរិត ត្រឹម​ត្រូវ និង​មាន​ចិត្ត​ទៀង​ត្រង់។ 4 ដើម្បី​បង្រៀន​មនុស្ស​ឆោត​ល្ងង់​ឲ្យ​ចេះ​ប្រុង​ប្រយ័ត្ន ហើយ​ឲ្យ​យុវជន​ស្គាល់​ខុស​ស្គាល់​ត្រូវ។ 5 សូម​ឲ្យ​អ្នក​ប្រាជ្ញ​បាន​ស្តាប់ ហើយ​បង្កើន​ចំណេះ​ដឹង​របស់​ខ្លួន​ថែម​ទៀត សូម​ឲ្យ​អ្នក​ណា​ដែល​មាន​យោបល់ បាន​ដឹង​ពី​ផ្លូវ​ដែល​ត្រូវ​ដើរ 6 ព្រម​ទាំង​ឲ្យ​បាន​យល់​ពាក្យ​សុភា‌សិត និង​ប្រស្នា អស់​ទាំង​ពាក្យ​របស់​អ្នក​ប្រាជ្ញ និង​ពាក្យ​អាថ៌‌កំបាំង​ទាំង​ប៉ុន្មាន​ផង។ 7 ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ជា​ប្រភព​នៃ​ការ​ចេះ​ដឹង។ មនុស្ស​ខ្លៅ​តែងតែ​មើល‌ងាយ​តម្រិះ​ប្រាជ្ញា និង​ការ​ប្រៀន‌ប្រដៅ។ 8 កូន​អើយ ចូរ​ស្ដាប់​ឪពុក​ប្រៀន‌ប្រដៅ ហើយ​ត្រង‌ត្រាប់​ស្ដាប់​ម្ដាយ​ទូន្មាន 9 ដ្បិត​ដំបូន្មាន​របស់​ឪពុក​ម្ដាយ​នឹង​កសាង​ចរិយា​សម្បត្តិ​របស់​កូន ឲ្យ​បាន​ល្អ​ដូច​មកុដ និង​ខ្សែ​ក​មាស។ 10 កូន​អើយ បើ​មនុស្ស​មាន​បាប​បបួល​នាំ​ឯង កុំ​ព្រម​តាម​គេ​ឡើយ។ 11 ប្រសិនបើពួក​គេ​ថា «ចូរ​មក​ជា‌មួយ​យើង​ យើង​នឹង​រង់​ចាំ​ឱកាស​កម្ចាយ​ឈាម យើង​នឹង​លបដោយ​សម្ងាត់ដើម្បី​ចាប់​មនុស្ស​ដែល​ឥត​ទោស​ដោយ​ឥត​ហេតុ។ 12 យើង​នឹង​លេប​គេ​ទាំង​រស់ ដូច​ជា​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​ទាំង​មូល​ផង ដូច​ជា​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ។ 13 យើង​នឹង​រឹប​អូស របស់​មាន​តម្លៃ​គ្រប់​យ៉ាង ក៏​នឹង​បំពេញ​លំ‌នៅ​យើង។ 14 ចូរ​ឯង​ចូល​មក​ក្នុង​ពួក​យើង​ចុះ យើង​នឹង​មាន​ថង់​ប្រាក់​តែ​មួយ​ប៉ុណ្ណោះ»។ 15 កូន​អើយ សូមកូន​កុំ​ដើរ​រួម​ផ្លូវ​ជា‌មួយ​គេ​ឡើយ ត្រូវ​​ឃាត់‌ជើង​កូន​មិន​ឲ្យ​ចូល​ទៅ​ក្នុង ផ្លូវ​ច្រក​របស់​គេ​វិញ។ 16 ដ្បិត​ជើង​គេ​រត់​តាម​តែ​ការ​អាក្រក់​ទេ គេ​ក៏​រហ័ស​នឹង​កម្ចាយ​ឈាម​ផង។ 17 ដ្បិត​ការ​ដែល​ដាក់​អន្ទាក់ នៅ​ចំពោះ​សត្វ​ស្លាបដែលវាមើល​ឃើញ​នោះ គឺ​ឥត​ប្រ‌យោជន៍​ទេ។ 18 មនុស្សទាំងនេះ​រង់​ចាំ​តែ​នឹង​សម្លាប់​ខ្លួនឯង ហើយ​ក៏​អែប​លប​ដោយ​សម្ងាត់ ដើម្បី​តែ​នឹង​បំផ្លាញ​ជីវិត​ខ្លួន​គេ​វិញ។ 19 ផ្លូវ​នៃ​អស់​អ្នក​ដែល​លោភ​ចង់​បាន កម្រៃ​ក៏​យ៉ាង​នោះ​ដែរ សេចក្ដី​នោះ​នឹង​ដក​យក​ជីវិត ចេញ​ពី​អ្នក​ដែល​បាន​កម្រៃ​បែប​នោះ។ 20 ប្រាជ្ញា​តែង​បន្លឺ​ឡើង​នៅ​ក្នុង​ផ្លូវ ក៏​បញ្ចេញ​សំឡេង​នៅ​ទី​ធ្លា 21 ប្រាជ្ញា​ស្រែក​ប្រកាស នៅ​ទី​ផ្លូវ​ប្រសព្វ​ទ្រហឹង‌អឺង‌កង និង​នៅ​មាត់​ទ្វារ​ក្រុង ឯ​នៅ​ខាង​ក្នុង​ទី​ក្រុង នោះ​ក៏​បញ្ចេញ​ពាក្យ​ថា 22 «មនុស្ស​ឆោត​ល្ងង់​អើយ តើ​នៅ​ស្រឡាញ់​សេចក្ដី​ឆោត​ល្ងង់ដល់​កាល​ណា​ទៀត? ពួក​មនុស្ស​ចំអក គេ​នឹង​ចូល​ចិត្ត​ខាង​សេចក្ដី​ឡក‌ឡឺយ តើ​មនុស្ស​កំឡៅ​នឹង​ចេះ​តែ​ស្អប់ ដល់​ការ​ចេះ​ដឹង​ដល់​កាល​ណា? 23 ចូរ​អ្នក​រាល់​គ្នា​ស្តាប់​តាម​នូវសេចក្តីកែរតម្រូវរបស់យើង នោះយើង​នឹង​ចាក់​វិញ្ញាណ​យើង​ទៅ​លើ​អ្នក​រាល់​គ្នា ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​យល់​ពាក្យ​របស់​យើង។ 24 ពី​ព្រោះ​យើង​បាន​ស្រែក​ហៅ តែ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្តាប់​ទេ យើង​បាន​ហុច​ដៃ​ទៅ តែ​ឥត​មាន​អ្នក​ណា​រវល់​សោះ។ 25 អ្នក​រាល់​គ្នា​ក៏​បោះ‌បង់​ចោល អស់​ទាំង​ដំបូ‌ន្មាន​របស់​យើង ហើយ​មិន​ព្រម​ទទួល​ពាក្យ​បន្ទោសរបស់​យើង​ដែរ។ 26 យើង​នឹង​សើច​ដែរ ក្នុង​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​អន្ត‌រាយ យើង​នឹង​ចំអក​ឲ្យ ក្នុង​កាល​ដែល​អ្នក​រាល់​គ្នា កើត​មាន​សេចក្ដី​ភិត‌ភ័យ​ផង 27 ​កាល​ដែល​សេចក្ដី​ភិត‌ភ័យ មក​លើ​អ្នក​រាល់​គ្នា ដូច​ជា​ព្យុះ​សង្ឃរា ហើយ​សេចក្ដី​អន្ត‌រាយ​របស់​អ្នក​រាល់​គ្នា​មក ដូច​ជា​ខ្យល់​កួច ក្នុង​កាល​ដែល​សេចក្ដី​លំបាក និង​សេចក្ដី​ទុក្ខ​ព្រួយ មក​គ្រប​សង្កត់​លើ​អ្នក​រាល់​គ្នា។ 28 ក្រោយមក គេ​នឹង​អំពាវ​នាវ​ដល់​យើង តែ​យើង​មិន​ព្រម​ឆ្លើយ​សោះ គេ​នឹង​ស្វែង​រក​យើង​អស់​ពី​ចិត្ត តែ​គេ​នឹង​រក​មិន​ឃើញ​ឡើយ។ 29 ព្រោះ​ពួកគេ​បាន​ស្អប់​ការ​ចេះ​ដឹង ហើយ​មិន​បាន​រើស​យក​សេចក្ដី​កោត​ខ្លាច ដល់​ព្រះ‌អង្គម្ចាស់​ទេ។ 30 ពួកគេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់ នឹង​ដំបូ‌ន្មាន​របស់​យើង​ឡើយ ក៏​បាន​មើល​ងាយ​សេចក្ដី​បន្ទោស​របស់​យើង​ដែរ។ 31 ពួក​គេនឹងស៊ី​ផល​នៃ​ផ្លូវ​របស់​ខ្លួន​គេ​វិញ ហើយ​គេ​នឹង​បាន​ឆ្អែត​ដោយ​កិច្ច‌ការ​របស់​ខ្លួន។ 32 ដ្បិត​​ពួក​ឆោត​ល្ងង់​នោះ ការ​ថយ​ទៅ​វិញ​របស់​គេ​នឹង​សម្លាប់​គេ​ទៅ ហើយ​ចំណែក​មនុស្ស​កំឡៅ នោះ​សេចក្ដី​សុខ​ស្រួល​របស់​គេ នឹង​បំផ្លាញគេផង​ដែរ។ 33 ប៉ុន្តែ​អ្នក​ណា​ដែល​ស្តាប់​តាម​យើង នោះ​នឹង​រស់ដោយ​សេចក្ដី​សុខ​ ហើយ​នឹង​មាន​សេចក្ដី​សម្រាក ឥត​ភ័យ​ខ្លាច​ចំពោះ​ការ​អា‌ក្រក់​ឡើយ»។