ជំពូក ២៣

1 កាល​ណា​អ្នក​អង្គុយ​រួម​តុ​ជា​មួយ​អ្នក​ធំ ចូលសង្គេតមើលថាមានអ្វីនៅចំពោះមុខអ្នក 2 បើ​ដឹង​ខ្លួន​ថា​អ្នក​ជា​មនុស្ស​ល្មោភ​អាហារ ចូរ​យកកាំបិតដាក់ឲ្យចំបំពងករបស់អ្នកទៅ។ 3 កុំ​លោភ​ចង់​បាន​ម្ហូប​ឆ្ងាញ់​របស់​គេ ក្រែង​លោ​ម្ហូប​នោះ​ជា​គ្រឿង​បញ្ឆោត​អ្នក។ 4 កុំ​ខំ​ប្រឹង​ធ្វើការដើម្បី​ទ្រព្យ​សម្បត្តិ​ពេក ត្រូវឆ្លាតដោយដឹងថាពេលណាគួរសម្រាកដែរ។ 5 តើអ្នក​តាម​សម្លឹង​មើលតែ​ទ្រព្យសម្បត្តិឬ? ដ្បិត​ប្រាក់​នឹង​ហើរ​បាត់ចេញ​ទៅ ដូច​ឥន្ទ្រី​កំពុង​ហើរ​ឡើង​ទៅ​លើ​មេឃដែរ។ 6 កុំ​រួម​តុ​ជា​មួយ​មនុស្ស​ដែល​មាន​កែវភ្នែក​អាក្រក់ ហើយ​កុំ​បរិភោគ​អាហារ​ឆ្ងាញ់​របស់​គេ​ឲ្យ​សោះ 7 ដ្បិតចិត្ត​របស់​គេ​មិន​ដូច​សម្ដី​របស់​គេ​ទេ គេ​ពោល​ថា «សូម​អញ្ជើញ​ពិសា​!» ប៉ុន្តែ តាម​ពិត ចិត្តគេ​មិនស្មោះ​ត្រង់​ជា​មួយ​អ្នក​ឡើយ។ 8 ក្រោយ​មក អ្នក​នឹង​ខ្ជាក់​អាហារ​នោះ​ចោល ហើយ​ពាក្យសរសើររបស់អ្នកនឹងឥតប្រយោជន៍​។ 9 កុំ​បង្រៀនមនុស្ស​ល្ងង់ ដ្បិត​គេ​នឹង​មិនឲ្យតម្លៃ​ពាក្យ​ប្រកប​ដោយ​ប្រាជ្ញា​របស់​អ្នក។ 10 កុំ​ដក​បង្គោល​ព្រំ​ចម្ការ​ចាស់​ឡើយ ហើយ​ក៏​កុំ​បង្ខិត​ចូល​ទៅ​ក្នុង​ដី​របស់​កូន​កំព្រា​ដែរ 11 ដ្បិត​ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​ឫទ្ធា‌នុភាព​នឹង​ការពារ​គេ ព្រះអង្គ​ប្រឆាំង​នឹង​អ្នក ដើម្បី​រក​យុត្តិធម៌​ឲ្យ​គេ។ 12 ចូរ​យក​ចិត្ត​ទុក​ដាក់​ទទួល​មកការបង្រៀន ហើយ​ស្ដាប់ពាក្យ​នៃសេចក្ដី​ដែល​ចេះដឹង។ 13 កុំ​រុញ‌រា​នឹង​វាយ​ប្រដៅ​កូន​ឡើយ ដ្បិតបើសិន​អ្នក​វាយ​វា​នឹង​រំពាត់ ក៏​វា​មិន​ស្លាប់​ដែរ។ 14 ​អ្នកត្រូវតែ​វាយ​គេនិងរំពាត់ អ្នក​នឹង​ជួយ​ការពារជីវិតគាត់ពីស្ថានឃុំព្រលឹងមនុស្សស្លាប់។ 15 កូន​អើយ បើ​ក្នុងកូន​មាន​ប្រាជ្ញា នោះយើងក៏​សប្បាយ​ចិត្ត​ណាស់។ 16 បើ​កូន​ពោល​ពាក្យ​ត្រឹមត្រូវ នោះ​យើង​នឹងរឹតតែ​ពេញដោយអំណរ​យ៉ាង​ខ្លាំង។ 17 កុំឲ្យចិត្តអ្នកធ្វើ​តាម​មនុស្ស​បាប​ តែ​ត្រូវ​បន្តកោត​ខ្លាចព្រះ‌អម្ចាស់ រៀងរាល់​ថ្ងៃវិញ។ 18 ពិតណាស់ កូន​នឹង​មាន​អនាគត​ភ្លឺ​ស្វាង ហើយ​មិន​អស់​សង្ឃឹម​ឡើយ។ 19 កូន​អើយ ចូរ​ស្ដាប់យើង នោះ​នឹងបាន​ប្រាជ្ញា ហើយ​ដឹកនាំ​ចិត្ត​របស់កូនទៅតាមផ្លូវ​ត្រឹមត្រូវ។ 20 កុំ​សេព‌គប់​នឹង​មនុស្ស​ប្រមឹក ឬ​មនុស្ស​ល្មោភ​ស៊ី​ឡើយ។ 21 ដ្បិត​មនុស្ស​ប្រមឹក និង​មនុស្ស​ល្មោភ​ស៊ី នឹង​ធ្លាក់​ខ្លួន​ក្រ ហើយ​មនុស្ស​ខ្ជិល​ច្រអូស​រមែង​ខ្វះសម្លៀក‌បំពាក់។ 22 ចូរ​ស្ដាប់​ឪពុករបស់អ្នក ដែល​គាត់​បង្កើត​អ្នក​មក ហើយ​កុំ​មើល‌ងាយ​ម្ដាយ ក្នុង​កាល​ដែលគាត់​ចាស់​ជរា។ 23 ចូរ​ស្វែង​រក​សេចក្ដី​ពិត ហើយ​រក្សា​ទុក​នៅក្នុងអ្នក ចូរ​ស្វែង​រក​ប្រាជ្ញា ការ​អប់រំ ហើយនិង​ចំណេះដឹងចុះ។ 24 ឪពុក​របស់​មនុស្ស​សុចរិត​តែងតែ​មាន​អំណរ​ដ៏​លើស‌លប់ ហើយ​មានកូនជាអ្នក​ប្រាជ្ញ​ក៏​សប្បាយ​ចិត្តដល់ឪពុកដែរ។ 25 ចូរ​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​សប្បាយ​ចិត្ត ព្រោះ​តែ​កូន ហើយ​សូម​ឲ្យ​ម្ដាយ​ដែល​បាន​បង្កើត​កូន​មក មាន​អំណរជាខ្លាំងដែរ។ 26 កូន​អើយ ចូរ​ទុក​ចិត្ត​លើយើង ហើយសូមឲ្យ​ចិត្ត​កូនពិចារណាពីផ្លូវរបស់យើងចុះ។ 27 ស្រី​ពេស្យា​ប្រៀប​បាន​នឹង​រណ្ដៅ​ដ៏​ជ្រៅ ចំណែក​ប្រពន្ធ​វិញ​ប្រៀប​បាន​នឹង​អណ្ដូង​ដ៏​ចង្អៀត។ 28 ស្រី​នោះ​ចាំ​ស្ទាក់​នៅ​តាម​ផ្លូវ ដូច​ចោរ​ស្ទាក់​ចាំ​ប្លន់ វា​ធ្វើ​ឲ្យ​ប្រុស​ជា​ច្រើន​ក្បត់​ប្រពន្ធ។ 29 តើ​អ្នក​ណា​ពិបាក​ចិត្ត? តើ​អ្នក​ណា​កើត​ទុក្ខ​ព្រួយ? តើ​អ្នក​ណា​ទាស់​ទែង​គ្នា? តើ​អ្នក​ណា​ត្អូញ‌ត្អែរ? តើ​អ្នក​ណា​ត្រូវ​របួស​ឥត​ហេតុ? តើ​អ្នក​ណា​មាន​ភ្នែក​ក្រហម? 30 គឺ​អ្នក​វក់​នឹង​ស្រា អ្នក​ដែល​ចូល​ចិត្ត​ស្រា​ខ្លាំង។ 31 កុំ​ចាប់​ចិត្ត​នឹង​ស្រា​ដែល​មាន​ពណ៌​ក្រហម ធ្វើ​ឲ្យ​កែវ​ភ្លឺ​ថ្លា ហើយ​ហូរ​ចូល​ក្នុង​បំពង់​ក​យ៉ាង​ស្រួល​នោះ​។ 32 នៅ​ទី​បំផុត ស្រា​នោះ​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​ដូច​ពស់​អាសិរ‌ពិស​។ 33 ភ្នែក​របស់​អ្នក​ព្រឹល មើល​អ្វីៗ​ឃើញ​សុទ្ធ​តែ​ចម្លែក​ទាំង​អស់ ហើយ​អ្នក​នឹង​និយាយ​ឥត​ដឹង​ខុស​ត្រូវ។ 34 អ្នក​នឹង​ប្រៀប​ដូច​ជា​មនុស្ស​ដេក​នៅ​កណ្ដាល​សមុទ្រ និង​ដូច​មនុស្ស​ដេក​នៅ​លើ​ចុង​ក្ដោង​សំពៅ។ 35 «គេនឹងបុកខ្ញុំ» អ្នក​នឹង​ពោល​ថា៖ «បើ​គេ​វាយ​ខ្ញុំ ក៏​ខ្ញុំ​មិន​ឈឺ។ បើ​គេ​សំពង​ខ្ញុំ ក៏​ខ្ញុំ​មិន​ដឹង​ខ្លួន​ដែរ។ តើពេល​ណា​ខ្ញុំ​ដឹង​ខ្លួន? ខ្ញុំ​នឹង​ទៅ​រក​ផឹក​ទៀត»។