ជំពូក ២២

1 មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ជា​ជាង​មាន​ទ្រព្យ​សម្បត្តិ​ស្ដុក‌ស្ដម្ត មាន​គេ​រាប់​អាន​ច្រើន​ប្រសើរ​ជាង​មាន​មាស​ប្រាក់។ 2 អ្នក​មាន និង​អ្នក​ក្រ ជា​មនុស្ស​ដូច​គ្នា ដ្បិត​ព្រះ‌អម្ចាស់​បាន​បង្កើតមនុស្សទាំងអស់។ 3 ​មនុស្ស​ឆ្លាត​ឃើញ​គ្រោះ​កាច​មក​ដល់ គេ​លាក់​ខ្លួន មនុស្ស​ឥត​គំនិត​ឱន​ក្បាល​ដើរ​ទៅ​មុខ ហើយ​ត្រូវ​បង់​ខាត​ធ្ងន់។ 4 មនុស្ស​រាបសារ​តែងតែ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ គេ​នឹង​ទទួល​ទ្រព្យ​សម្បត្តិ កិត្តិយស និង​មាន​អាយុ​វែង។ 5 នៅលើផ្លូវអំពើអាក្រក់របស់សេចក្តីកុហក ​​មាន​សុទ្ធ​តែ​បន្លា និង​អន្ទាក់ អ្នកណាដែល​ស្រឡាញ់​ជីវិត​តែងតែ​ដើរ​ជៀស‌ឆ្ងាយ​ពី​ផ្លូវ​ទាំងនោះ។ 6 ចូរ​អប់រំ​កូន​ក្មេង​ឲ្យ​មាន​ទម្លាប់​ល្អ តាំង​ពី​តូច គេ​នឹង​រក្សាទម្លាប់​នេះ​រហូត​ដល់​ចាស់។ 7 អ្នក​មាន​គ្រប់គ្រងលើ​អ្នក​ក្រ ចំណែក​ដែលជំពាក់គេគឺ​ជា​ទាសករ​របស់​ម្ចាស់​បំណុល។ 8 អ្នក​សាប​ព្រោះ​អំពើ​អាក្រក់ ​តែងតែ​ចូតកាត់ការលំបាក ហើយ​អ្វីដែលខ្លួនខំប្រមូលទុកនឹងរលាយបាត់អស់ទៅ។ 9 មនុស្ស​មានភ្នែក​សប្បុរស​តែងតែ​ទទួល​ព្រះ‌ពរ ដ្បិត​គេ​ចែក​អាហារ​ដល់​ជន​ក្រីក្រ។ 10 បំបាត់​មនុស្ស​ចំអក​ឡក‌ឡឺយ ជំលោះ​ក៏​បាត់​អស់​ដែរ ការ​ឈ្លោះ​ប្រកែក និង​ការ​មើល‌ងាយត្រួវបញ្ចាប់។ 11 អ្នក​ដែលស្រឡាញ់​ចិត្ត​បរិសុទ្ធ ហើយ​មាន​ពាក្យ​សម្ដី​សុភាព​រាបសារ អ្នក​នោះ​នឹង​បាន​គាប់​ព្រះ‌ហឫទ័យ​ស្ដេច។ 12 ព្រះនេត្រនៃព្រះ‌អម្ចាស់​តែងតែ​ទតលើអ្នកដែលមានចំណេះដឹង តែ​ព្រះអង្គ​ផ្ចាញ់‌ផ្ចាល​ពាក្យ​សម្ដី​របស់​មនុស្ស​ពាល។ 13 មនុស្ស​កម្ជិល​តែង​ពោល​ថា «មាន​សត្វ​សិង្ហ​មួយ​នៅ​តាមផ្លូវ! ខ្ញុំនឹងត្រូវស្លាប់ដោយតែវានៅទីនោះជាមិនខាន»។ 14 ពាក្យ​សម្ដី​របស់​ស្ត្រី​ក្បត់​ប្ដី​ជា​អន្ទាក់​មួយ​គួរ​ឲ្យ​ខ្លាច ​ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​ ចំពោះអ្នកដែល​ជាប់ក្នុង​អន្ទាក់​នោះ។ 15 កូនក្មេងតែងតែជំពាក់ចិត្តជាមួយភាពល្ងង់ខ្លៅ ការ​វាយ​ប្រដៅ​នឹង​នាំ​វា​ឲ្យ​ចេញ​ឆ្ងាយ​ពី​ភាព​ល្ងី‌ល្ងើ​នោះ។ 16 អ្នកដែលជួបទុក្ខលំបាក​ត្រូវ​គេ​សង្កត់‌សង្កិន​មុខ​ជា​បាន​ចម្រើន ឬ​អ្នក​ដែលមាន​ទ្រព្យ នឹង​ត្រឡប់​ទៅជា​ធ្លាក់​ខ្លួន​ក្រវិញ។ 17 ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ដល់ពាក្យអ្នកដែលមាន​ប្រាជ្ញា ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​យល់​ដឹង​របស់​យើង 18 ដ្បិត​អ្នក​នឹង​សប្បាយ​ចិត្ត ដោយ​ចង‌ចាំការទាំងនោះនៅក្នុងអ្នក ហើយ​ពាក្យនៃប្រាជ្ញានោះគឺនៅក្នុងមាត់របស់អ្នកដែរ។ 19 ដូច្នេះអ្នកបានទុកចិត្តដល់ព្រះអម្ចាស់ ដែលយើងបានបង្រៀនប្រាជ្ញាទាំងនោះដល់អ្នក ។ 20 តើយើងមិន​បាន​កត់‌ត្រា​ទុក ឲ្យអ្នក​សាម‌សិបដង​នូវ​ឱវាទ និង​ចំណេះដឹង។ 21 ដើម្បី​ឲ្យ​អ្នក​ស្គាល់​ការត្រឹម‌ត្រូវ និង​សេចក្តី​ពិត ហើយ​ដូច្នេះអ្នក​អាច​ផ្ដល់​ចម្លើយ​ដ៏​ពិត​ប្រាកដ​ដល់​​ អ្នកដែលបានចាត់អ្នក​ឲ្យ​មកឬ? 22 កុំ​បំពានលើមនុស្សក្រីក្រដោយសារតែ​គ្នា​ទន់​ខ្សោយ ឬកុំសង្កត់‌សង្កិន​ជន​ក្រីក្រ​តាមទ្វារក្រុងឡើយ 23 ដ្បិត​ព្រះ‌អម្ចាស់​នឹង​រក​យុត្តិធម៌​ឲ្យ​ពួក​គេ ហើយ​ព្រះជាម្ចាស់នឹងដកយកជីវិតអ្នកនោះ ដែលបានធ្វើដាក់មនុស្សក្រីក្រ។ 24 កុំ​សេព‌គប់​នឹង​មនុស្ស​ឆាប់​ខឹង ហើយអ្នកក៏មិនគួរ​រួម​គំនិត​ជា​មួយ​មនុស្ស​កំរោលដែរ 25 ឬ​អ្នកនឹង​យក​តម្រាប់​តាម​គេ ហើយ​នាំ​ឲ្យ​ជីវិត​របស់​អ្នក​ត្រូវវិនាសទៅដែរ។ 26 កំុឲ្យអ្នកចូលដៃជាមួយមនុស្ស ដែលពូកែដាក់ចំណងនោះដែរ ឬសន្យា​សង​បំណុល​ជួស​អ្នក​ដទៃ​ឡើយ។ 27 បើ​អ្នក​គ្មាន​អ្វី​សង​ទេ តើមានអ្វីអាចបញ្ឈប់ការដក​ហូត​យក​គ្រែ​ដេក​របស់​អ្នក​ទៅបាននោះ? 28 កុំ​ដក​បង្គោល​ព្រំ​ចម្ការ ដែល​ឪពុក​របស់​អ្នក​បាន​បោះ​ទុក​រួចហើយ។ 29 តើអ្នកបានឃើញម្នាក់ដែលមានជំនាញ​ការ‌ងារ​ទេ? អ្នក​នោះ​អាច​ចូល​បម្រើ​ស្ដេច គឺ​គេ​មិន​ស្ថិត​ក្នុង​ចំណោម​មនុស្ស​គ្មាន​កេរ្តិ៍​ឈ្មោះ​ឡើយ។