ជំពូក ២១

1 ព្រះ‌ហឫទ័យ​របស់​ស្ដេច​ប្រៀប​បាន​នឹង​ទឹក​នៅ​ក្នុង​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់ ព្រះជាម្ចាស់បង្វែទៅខាងណាតាមតែព្រះអង្គចង់។ 2 មនុស្ស​គ្រប់ៗ​រូប​តែង​យល់​ថា អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​សុទ្ធ​តែ​ត្រឹម‌ត្រូវ ប៉ុន្តែ​ព្រះ‌អម្ចាស់​ទេ ដែល​ឈ្វេង​យល់​ចិត្ត​របស់​មនុស្ស។ 3 ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ចំពោះ​យុត្តិធម៌ និង​សេចក្ដី​ទៀង‌ត្រង់ ជាង​ការ​ថ្វាយ​យញ្ញ‌បូជា​ទៅ​ទៀត។ 4 កែវភ្នែកក្រអឺត‌ក្រទម និង​ចិត្ត​ព្រហើន បង្ហាញ​ឲ្យ​ឃើញ​នូវ​អំពើ​បាប​របស់​មនុស្ស​អាក្រក់។ 5 អ្នក​ដែល​ធ្វើ​ការ​អ្វី​មួយ​ដោយ​ពិចារណា​យ៉ាង​ហ្មត់‌ចត់ គឺទទួល​បានសម្បត្តិ ប៉ុន្តែ​អ្នក​ដែល​ធ្វើ​អ្វី​មួយ​ដោយ​តក់‌ក្រហល់ តែងតែ​ជួប​ក្រីក្រ។ 6 ការ​ដែល​ប្រមូល​ទ្រព្យ​សម្បត្តិ ដោយ‌សារ​អណ្ដាត​ភូត​ភរ នោះ​ជា​ចំហាយ​ទឹក​ដែល​ផាត់​ទៅ​មក និង​ជា​អន្ទាក់​នៃ​សេចក្ដី​ស្លាប់។ 7 សេចក្ដី​ច្រឡោត​របស់​មនុស្ស​អាក្រក់ នឹង​បោស​ខ្លួន​គេ​ចេញ​ទៅដោយ​ព្រោះ​គេ​មិន​ព្រម​ប្រព្រឹត្តតាម​សេចក្ដី​យុត្តិ‌ធម៌​សោះ។ 8 ផ្លូវ​របស់​មនុស្សដែលមានទោសគឺថោកទាប ចំណែក​មនុស្ស​បរិសុទ្ធ គឺ​គេធ្វើអ្វីដែលត្រឹមត្រូវ។ 9 ស៊ូ​រស់​នៅ​តាម​សំយាប​ផ្ទះ ជា​ជាង​រស់​នៅ​ក្នុង​ផ្ទះ​ជា​មួយ​ប្រពន្ធ​ពូកែ​ឈ្លោះ។ 10 ចំណង់​របស់​មនុស្ស​អាក្រក់​ប្រាថ្នា​តែ​ការ​អាក្រក់ សូម្បី​អ្នក​ជិត​ខាង​ក៏មិនមានក្តីមេត្តានោះក្នុងក្រសែភ្នែករបស់គេដែរ។ 11 ពេល​មនុស្ស​ចំអក​មើល​ងាយជាប់ទោស នោះ​មនុស្ស​​ល្ងង់​នឹង​មាន​ប្រាជ្ញា​ឡើង កាល​ណា​មនុស្ស​មាន​ប្រាជ្ញា​បាន​ទទួលសេចក្ដី​ប្រៀន‌ប្រដៅ នោះ​គេ​កាន់​តែ​មាន​ចំណេះដឹង។ 12 មនុស្ស​សុចរិត​រមែង​ពិចា‌រណា​មើលពីផ្ទះ​របស់​មនុស្ស​អាក្រក់ ឃើញ​ថាគេក៏នាំ​ឲ្យ​ពួកអាក្រក់វិនាស​ផងដែរ។ 13 អ្នក​ណា​ធ្វើ​ជា​ថ្លង់ មិន​ឮ​សម្រែក​របស់​មនុស្ស​ក្រីក្រ គេក៏នឹង​ស្រែក​ហៅ​ឲ្យ​គេ​ជួយ នឹង​គ្មាន​នរណា​ឲ្យចម្លើយដែរ។ 14 ជំនូន​ដែល​ជូន​ដោយ​សម្ងាត់ តែងតែ​រំងាប់​កំហឹង រីឯ​អំណោយ​ដែល​ជូន​ដោយ​លាក់​ការណ៍ ក៏​ធ្វើ​ឲ្យ​ស្ងប់​កំរោល​ដែរ។ 15 ការ​ដែល​ប្រព្រឹត្ត​ដោយ​យុត្តិ‌ធម៌ នោះ​ជា​អំណរ​ដល់​មនុស្ស​សុចរិត តែ​នោះ​ជា​សេចក្ដី​វិនាស​ដល់​មនុស្ស ដែល​ប្រព្រឹត្ត​ទុច្ចរិត​វិញ។ 16 មនុស្ស​ណា​ដែល​វង្វេង​ចេញ​ពី​ផ្លូវ​នៃ​ប្រាជ្ញា គេ​នឹង​សម្រាក​នៅ​ក្នុង​ចំណោម មនុស្ស​ស្លាប់​។ 17 អ្នក​ណា​ដែល​ចូល​ចិត្ត​តែ​ការ​លេង​សើច នោះ​នឹង​ត្រូវ​ទៅ​ជា​មនុស្ស​ទាល់​ក្រ អ្នក​ណា​ដែល​ចូល​ចិត្ត​តែ​ស្រា និង​ប្រេង មិនអាចក្លាយជាអ្នកមានទេ។ 18 មនុស្ស​អាក្រក់ ​គឺសម្រាប់​ជា​ថ្លៃលោះ​មនុស្ស​សុចរិត ហើយ​មនុស្ស​ក្បត់​ក៏​សម្រាប់មនុស្ស​ស្មោះ​ត្រង់​ដែរ។ 19 ស៊ូ​រស់​នៅ​ក្នុង​វាល​រហោ‌ស្ថាន ជា​ជាង​រស់​នៅ​ជា​មួយ​ប្រពន្ធ​ពូកែ​ឈ្លោះ ហើយ​ឆាប់​ខឹង។ 20 ទ្រព្យ​សម្បត្តិ និង​វត្ថុ​ដ៏​មាន​តម្លៃ ស្ថិត​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ប្រាជ្ញ ប៉ុន្តែមនុស្ស​ល្ងី‌ល្ងើ​វិញ​រមែង​បង្ហិន​ទ្រព្យសម្បត្តិផង។ 21 អ្នក​ដែល​ស្វែង​រក​សេចក្ដី​សុចរិត និង​សេចក្ដី​សប្បុរស​តែងតែ​មាន​អាយុ​វែង ជួប​ប្រទះ​នឹង​សេចក្ដី​សុចរិត ហើយ​ទទួល​កិត្តិយស។ 22 មនុស្ស​មាន​ប្រាជ្ញា​អាច​វាយ​ដណ្ដើម​យក​បាន​ទីក្រុង​របស់​អ្នក​ខ្លាំង​ពូកែ ហើយ​កម្ទេច​កំពែង ដែល​ជា​ទី​ទុក​ចិត្ត​របស់​អ្នក​ទាំង​នោះ​ផង។ 23 អ្នក​ដែល​ប្រយ័ត្ន​មាត់និងពាក្យ​សម្ដី នោះនឹងរក្សាពួកគេឲ្យ​ផុត​ពីបញ្ហា។ 24 មនុស្ស​មានអំអួត​ និង​ព្រហើន តែងតែ ​«ចំអក​» នឹងអួតពីឈ្មោះរបស់គេនឹងទង្វើអួត​បំប៉ោង​របស់​ខ្លួន។ 25 បំណង​របស់​មនុស្ស​ខ្ជិល​រមែង​ធ្វើ​ឲ្យ​ខ្លួន​ស្លាប់​ព្រោះ​គេ​មិន​ព្រម​ធ្វើ​ការ។ 26 មនុស្ស​ខ្លះ​គិត​តែ​ពី​លោភ​ចង់​បាន ប៉ុន្តែ​មនុស្ស​សុចរិត​វិញ តែងតែ​ធ្វើ​ទាន​ដោយ​មិនគិតអ្វីសម្រាប់ខ្លួនឡើយ។ 27 ព្រះ‌ជាម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​យញ្ញ‌បូជា​របស់​មនុស្ស​អាក្រក់​ទេ ដ្បិត​ពួក​គេ​យក​មក​ថ្វាយ​ដោយ​បំណង​អាក្រក់។ 28 សាក្សី​ក្លែង‌ក្លាយ​រមែង​វិនាស ប៉ុន្តែអ្នក​ដែល​ដឹង​រឿង​ច្បាស់ ទើប​អាច​និយាយ​បាន។ 29 មនុស្ស​អាក្រក់​រមែង​មាន​មុខ​ក្រាស់ ប៉ុន្តែ​មនុស្ស​ស្មោះត្រង់ នៅតែរក្សាផ្លូវដ៏ត្រឹមត្រូវរបស់ពួកគេ។ 30 គ្មាន​ប្រាជ្ញា ហើយនិងការចេះដឹងណា ឬ​យោបល់​ណា​អាច​ទាស់ប្រឆាំងជាមួយ​នឹង​ព្រះ‌អម្ចាស់​បាន​ឡើយ។ 31 គេ​រៀប​ទ័ព​សេះ​សម្រាប់​ថ្ងៃ​ប្រយុទ្ធ តែ​ជ័យ‌ជម្នះ​គឺជារបស់​ព្រះ‌អម្ចាស់។