1 ស្រាទំពាំងបាយជូរ ត្រូវជាមួយអ្នកចំអក ហើយការផឹកធ្វើឲ្យក្លាហាន អ្នកណាអនុញ្ញាតឲ្យគ្រឿងស្រវឹងដឹកមុខ មិនឆ្លាតទេ។ 2 សេចក្ដីស្ញែងខ្លាចរបស់ស្តេច ប្រៀបដូចជាសំឡេងគ្រហឹមរបស់សិង្ហ អ្នកណាធ្វើឲ្យស្តេចខ្ញាល់ គឺនឹងបាត់ជីវិតខ្លួនហើយ។ 3 ជាកិត្តិសព្ទសម្រាប់អ្នកជៀសចេញពីជំលោះ ប៉ុន្តែ គ្រប់ទាំងមនុស្សល្ងីល្ងើ គឺតែងតែរកឲ្យមានជំលោះ។ 4 មនុស្សខ្ជិលច្រអូសមិនព្រមភ្ជួររាស់ ដោយព្រោះនៅរងានៅឡើយ ដូច្នេះ គេនឹងត្រូវសុំទានក្នុងរដូវចម្រូត ហើយនឹងគ្មានអ្វីទាំងអស់។ 5 គោលបំណងដែលក្នុងចិត្តមនុស្សដូចទឹកដែលជ្រៅ តែមនុស្សដែលមានយោបល់ គេនឹងដងទឹកនោះចេញមក។ 6 មនុស្សជាច្រើន បានប្រកាសថាពួកគេជាអ្នកសប្បុរស តើអ្នកណានឹងរកមនុស្សដែលស្មោះត្រង់ម្នាក់បាន? 7 មនុស្សសុចរិតដើរតាមផ្លូវស្មោះត្រង់របស់ខ្លួន ហើយកូនចៅរបស់ពួកគេដែលធ្វើតាមនឹងបានពរផងដែរ។ 8 កាលណាស្ដេចប្រកបដោយយុត្តិធម៌គង់លើរាជ្យបល្ល័ង្ក ទ្រង់ពិចារណាឃើញអំពើអាក្រក់ភ្លាម។ 9 តើអ្នកណាអាចនិយាយបានថា «ខ្ញុំបានជម្រះចិត្តខ្ញុំឲ្យស្អាត តើខ្ញុំមានសេរីភាពពីបាបរបស់ខ្ញុំហើយ?» 10 ជញ្ជីងដែលមិនត្រឹមត្រូវ ហើយនិងការវ៉ាស់វែងមិនត្រឹមត្រូវ ព្រះអម្ចាស់ស្អប់ការទាំងពីរនេះ។ 11 សូម្បីតែយុវជនក៏អាចបង្ហាញឲ្យឃើញនូវកិរិយាល្អត្រឹមត្រូវរបស់គេ តាមអំពើដែលគេបានប្រព្រឹត្តដែរ។ 12 ត្រចៀកសម្រាប់ស្ដាប់ និងភ្នែកសម្រាប់មើល សុទ្ធតែព្រះអម្ចាស់បង្កើតអវៈជីវៈទាំងពីរនោះ។ 13 កុំល្មោភដេក ក្រែងលោត្រឡប់ជាទាល់ក្រ ចូរបើកភ្នែកឡើង នោះនឹងបានអាហារឆ្អែត។ 14 អ្នកដែលទិញថ្លែងថា «មិនល្អ! មិនល្អ!» ប៉ុន្តែ ពេលពួកទៅទីឆ្ងាយនោះក៏មានអួត។ 15 មាសក៏សម្បូណ៌ ពេជ្រក៏សម្បូណ៌ ប៉ុន្តែ ពាក្យសម្ដីប្រកបដោយប្រាជ្ញាមានតម្លៃលើសអ្វីៗទាំងអស់។ 16 ចូរទទួលបញ្ចាំអាវរបស់អ្នក ដែលធានាឲ្យអ្នកដទៃ ហើយទាររបស់បញ្ចាំពីអ្នកសន្យា នៅពេលគេដាក់បញ្ចាំជារបស់ស្រ្តី។ 17 អាហារសម្រាប់បោកបញ្ឆោតគឺមានរសជាតិផ្អែម ក្រោយមក អាហារនោះក្លាយទៅជាដុំគ្រួសក្នុងមាត់វិញ។ 18 យោបល់ល្អរមែងធ្វើឲ្យគម្រោងការបានសម្រេច ត្រូវរិះគិតឲ្យបានលំអិត មុននឹងធ្វើសង្គ្រាម។ 19 អ្នកនិយាយដើមគេរមែងបើកកកាយការសម្ងាត់ កុំសេពគប់ជាមួយអ្នកដែលនិយាយច្រើនពេក។ 20 ប្រសិនបើអ្នកណាប្រទេចបណ្តាសាឪពុកម្ដាយ ចង្កៀងរបស់អ្នកនោះនឹងរលត់ ហើយជួបទុក្ខលំបាកនៅក្នុងទីងងឹត។ 21 ចំណែកមរតកដែលដើមដំបូងបានយ៉ាងរួសរាន់ នោះដល់ចុងក្រោយមិនបានពរទេ។ 22 កុំនិយាយថា «យើងនឹងសងសឹកដល់អ្នកវិញ» ចូររង់ចាំព្រះអម្ចាស់ ហើយព្រះអង្គនឹងជួយសង្គ្រោះអ្នកវិញ។ 23 ព្រះអម្ចាស់ស្អប់ជញ្ជីង ហើយការវាស់វែងដែលមិនត្រឹមត្រូវ ពីព្រោះការទាំងនោះមិនល្អ។ 24 ជំហានរបស់មនុស្ស ស្រេចលើព្រះអម្ចាស់ ដូច្នេះធ្វើដូចម្តេចឲ្យមនុស្ស យល់ផ្លូវរបស់ខ្លួនបាន? 25 ការដែលនិយាយឥតប្រើការគិតថា «នេះជាតង្វាយថ្វាយព្រះហើយ» រួចកាលណាបានបន់ព្រះហើយ ទើបស៊ើបសួរជាក្រោយ នោះជាអន្ទាក់ដល់មនុស្សហើយ។ 26 ស្តេចដែលមានប្រាជ្ញាទ្រង់កម្ចាត់មនុស្សអាក្រក់ចេញ ហើយឲ្យកង់បញ្ជាន់ស្រូវកិនលើគេ។ 27 វិញ្ញាណរបស់មនុស្សជាចង្កៀងនៃព្រះអម្ចាស់ ក៏ស្ទង់មើលទៅគ្រប់ក្នុងចំណែកនៃរាងកាយ។ 28 សេចក្ដីសប្បុរស និងសេចក្ដីស្មោះត្រង់ រមែងការពារស្តេច ហើយបល្ល័ង្ករាជ្យរបស់ស្ដេចស្ថិតស្ថេរនៅ ដោយសារសេចក្ដីស្រឡាញ់ដែរ។ 29 កម្លាំងជាអំនួតរបស់យុវជន រីឯសក់ស្កូវជាកិត្តិយសរបស់មនុស្សចាស់។ 30 របួសដ៏ឈឺចាប់ជាឱសថបំបាត់ភាពអាក្រក់ ហើយការវាយដំអាចធ្វើឲ្យមានការកែប្រែ រហូតដល់ជម្រៅចិត្ត។