1 បរិភោគបាយកកតែមានសេចក្ដីសុខ ប្រសើរជាងជប់លៀងនៅផ្ទះមួយដែលមានតែការឈ្លោះគ្នា។ 2 អ្នកបម្រើឆ្លាតរមែងត្រួតត្រាលើកូនដ៏ថោកទាបរបស់ចៅហ្វាយ ហើយព្រមទាំងទទួលចំណែកមរតកក្នុងគ្រួសារនោះក្នុងនាមជាបងប្អូនផងដែរ។ 3 គេអាចស្គាល់តម្លៃមាស និងប្រាក់ ដោយសារដុតក្នុងភ្លើង ប៉ុន្តែព្រះជាម្ចាស់ពិនិត្យមើលដួងចិត្តវិញ។ 4 មនុស្សមានបំណងអាក្រក់រមែងយកចិត្តទុកដាក់ស្ដាប់ពាក្យអាក្រក់ ហើយមនុស្សកុហករមែងផ្ទៀងត្រចៀកស្ដាប់ពាក្យមួលបង្កាច់។ 5 អ្នកមើលងាយជនក្រីក្រ ដូចជាប្រមាថព្រះជាម្ចាស់ដែលបង្កើតគេ ប៉ុន្តែអ្នកសើចចំអកដាក់ជនរងគ្រោះនឹងត្រូវមានទោសដែរ។ 6 កូនចៅរមែងធ្វើឲ្យជីតាមានកិត្តិយស ឪពុកម្តាយក៏បាននាំកិត្តិយសមកឲ្យកូនៗផងដែរ។ 7 ពាក្យថ្លៃថ្នូរមិនសមជាសម្ដីរបស់មនុស្សល្ងីល្ងើទេ ហើយពាក្យកុហកក៏មិនសមចេញពីមាត់របស់អ្នកដឹកនាំដែរ។ 8 សំណូករាប់ដូចជាត្បូងមានតម្លៃ ដល់អ្នកណាដែលមាន ទោះបើជូនទៅខាងណាក៏ដោយ គង់តែសម្រេចការបាន។ 9 អ្នកចង់បានមិត្តភាពយូរអង្វែងតែងតែបំភ្លេចកំហុស ចំណែកអ្នកណាដែលរំឭកកំហុសច្រើនដង គឺនឹងធ្វើឲ្យមិត្តភាពរលាយ។ 10 ស្ដីប្រដៅមនុស្សចេះដឹងតែមួយម៉ាត់ មានប្រសិទ្ធភាពជាងវាយមនុស្សល្ងីល្ងើមួយរយដំបង។ 11 មនុស្សទុច្ចរិតគិតតែពីការបះបោរ ដូច្នេះ ពួកគេនឹងចាត់មនុស្សកំណាចឃោរឃៅឲ្យទៅទាស់ជាមួយអ្នកនោះ។ 12 ជួបមេខ្លាឃ្មុំព្រាត់កូន ប្រសើរជាងជួបមនុស្សល្ងីល្ងើដែលល្ងង់ហួស។ 13 អ្នកណាដែលបានធ្វើអំពើអាក្រក់តបស្នងនឹងអំពើល្អ ភាពអន្តរាយនៅមិនឆ្ងាយពីផ្ទះរបស់អ្នកនោះទេ។ 14 ម្នាក់ដែលចាប់ផ្តើមជំលោះប្រៀបបាននឹងទំលាយទំនប់ទឹក ដូច្នេះចូរដកខ្លួនថយមុនពេលដែលទំនប់ទឹកនោះផ្ទុះឡើង។ 15 អ្នកដែលចាត់ទុកមនុស្សអាក្រក់ថាគ្មានទោស និងអ្នកដែលចាត់ទុកមនុស្សត្រឹមត្រូវថាមានកំហុស ព្រះអម្ចាស់មិនសព្វព្រះហឫទ័យទេ។ 16 ហេតុអ្វីបានជាមនុស្សល្ងីល្ងើ យកប្រាក់មកទិញឲ្យបានប្រាជ្ញាទាំងខ្លួនមិនមានសមត្ថភាពរៀនឲ្យបានប្រាជ្ញាផងនោះ? 17 កល្យាណមិត្តតែងតែស្រឡាញ់គ្នាគ្រប់ពេលវេលា រីឯបងប្អូនវិញតែងតែចាំជួយគ្នាក្នុងពេលមានទុក្ខលំបាក។ 18 អ្នកណាធានាសងបំណុលជួសអ្នកដទៃ អ្នកនោះមិនចេះគិតពិចារណាទេ។ 19 អ្នកដែលចូលចិត្តសន្សំរឿងរមែងចូលចិត្តអំពើបាប អ្នកណាខ្លួនឯងកាន់តែខ្ពស់ ដល់ពេលធ្លាក់មកវិញនឹងធ្វើខ្លួនបាក់ឆ្អឹងជាមិនខាន។ 20 មនុស្សមានកលល្បិចមិនស្គាល់អ្វីដែលជាការល្អនោះទេ ហើយមនុស្សសម្ដីអាក្រក់រមែងជួបគ្រោះកាច។ 21 អ្នកណាបង្កើតកូនល្ងីល្ងើ អ្នកនោះស្គាល់តែទុក្ខព្រួយ ចំណែកឪពុករបស់មនុស្សលេលាមិនដែលស្គាល់អំណរសប្បាយទេ។ 22 ចិត្តសប្បាយរមែងនាំឲ្យជាសះស្បើយ ចំណែកចិត្តព្រួយរមែងធ្វើឲ្យរីងរៃដល់ឆ្អឹងវិញ។ 23 មនុស្សអាក្រក់លួចទទួលសំណូក ដើម្បីបង្ខូចផ្លូវត្រឹមត្រូវដែលយុត្តិធម៌។ 24 ប្រាជ្ញារមែងនៅក្បែរមនុស្សដែលមានចំណេះដឹង ចំណែកឯមនុស្សល្ងីល្ងើ គឺសម្លឹងមើលអ្វីដែលជាចុងបំផុតនៃផែនដីវិញ។ 25 កូនដែលភ្លីភ្លើធ្វើឲ្យឪពុកមានការព្រួយ និងធ្វើឲ្យម្ដាយដែលបានផ្តល់កំនើតដល់អ្នកនោះមានការជូរចត់។ 26 ដាក់ទោសមនុស្សសុចរិតជាការមិនល្អទេ ហើយវាយមនុស្សថ្លៃថ្នូរ ព្រោះតែគេមានចិត្តទៀងត្រង់ក៏មិនល្អដែរ។ 27 អ្នកណាទប់ពាក្យសម្ដីរបស់ខ្លួន អ្នកនោះជាមនុស្សចេះដឹង ប៉ុន្តែអ្នកតាំងចិត្តស្ងប់ស្ងៀមជាមនុស្សឈ្លាសវៃ។ 28 បើមនុស្សល្ងីល្ងើនៅស្ងៀម គេចាត់ទុកគាត់ជាមនុស្សមានប្រាជ្ញា បើគាត់បិទមាត់មិននិយាយអ្វី គេចាត់ទុកគាត់ជាមនុស្សឈ្លាសវៃ។