ជំពូក ១៦

1 ផែនការនៃដូងចិត្តគឺមកពីមនុស្ស ប៉ុន្តែសម្រាប់ព្រះអម្ចាស់ ចម្លើយគឺមកពីព្រះបន្ទូលនៃព្រះអង្គវិញ។ 2 មនុស្ស​រមែង​នឹក​ស្មាន​ថា អំពើ​ទាំង​អស់​ដែល​ខ្លួន​ប្រព្រឹត្ត​សុទ្ធ​តែ​ត្រូវ ប៉ុន្តែព្រះ‌អម្ចាស់ឈ្វេង​យល់​ចិត្ត​គំនិត​របស់​មនុស្ស។ 3 ចូរ​ថ្វាយ​កិច្ចការ​ដែល​អ្នក​ធ្វើ​ទៅ​ព្រះ‌អម្ចាស់ នោះ​គម្រោង‌ការ​របស់​អ្នក​មុខ​ជា​បាន​សម្រេច។ 4 ​ព្រះ‌អម្ចាស់​ធ្វើ​អ្វីៗសុទ្ធ​តែ​មាន​គោល‌ដៅ គឺ​សូម្បី​តែ​មនុស្ស​អាក្រក់​ក៏​ព្រះអង្គ​បាន​គ្រោង​ទុក​សម្រាប់​ទទួល​ទណ្ឌ‌កម្មដែរ។ 5 ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​ នឹង​មនុស្ស​មានចិត្ត​ខ្ពស់​ទេ តែព្រះអង្គ​ពិត​ជា​ដាក់​ទោស​គេ​មិន​ខាន។ 6 ព្រះ‌ជាម្ចាស់​លើក‌លែង​ទោស​ឲ្យ​អ្នក​ដែល​មាន​ចិត្ត​សប្បុរស និង​ចិត្ត​ស្មោះ​ត្រង់ ហើយ អ្នក​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​រមែង​បែរចេញ​ពី​ការអាក្រក់។ 7 កាល​ណា​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​នឹង​កិរិយា​មារយាទ​របស់​អ្នក​ណា​ម្នាក់ សូម្បី​តែ​ខ្មាំង​សត្រូវ​របស់​គេ​ក៏​ព្រះអង្គ​ផ្សះ‌ផ្សា​ឲ្យ​ជា​នា​គ្នា​វិញ​ដែរ។ 8 រក​បាន​ប្រាក់​តិច​ដោយ​យុត្តិធម៌ ប្រសើរ​ជាង​រក​បាន​ប្រាក់​ច្រើន​ដោយ​អយុត្តិធម៌។ 9 នៅក្នុងចិត្តមនុស្ស ដឹង​ពី​ផ្លូវ​ដែល​ខ្លួន​ត្រូវ​ដើរ តែ​ព្រះ‌អម្ចាស់​ជា​អ្នក​ណែ‌នាំ​ផ្លូវ។ 10 ស្ដេច​តែងតែ​មាន​រាជ‌ឱង្ការ​ក្នុង​នាម​ព្រះ‌ជាម្ចាស់ ទ្រង់​ជំនុំ​ជម្រះ​ក្ដី​ដោយ​ឥត​លម្អៀង។ 11 ជញ្ជីង​ដែល​ត្រឹម​ត្រូវ​គឺមកពី​ព្រះ‌អម្ចាស់ ហើយ​របស់ដែលត្រូវថ្លឹងទាំងនោះគឺជាកិច្ចការរបស់ព្រះជាម្ចាស់។ 12 ពេលស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់​ គឺជាភាពអាម៉ាស់ខ្លាំងណាស់ ដើម្បីឲ្យរាជ្យរបស់ទ្រង់ស្ថិតស្ថេបានគឺត្រូវសេចក្តីសុចរិតវិញ។ 13 ស្ដេច​សព្វ​ព្រះ‌ហឫទ័យ​នឹង​អ្នក​និយាយ​សេចក្តីពិត ហើយ​ស្រឡាញ់​អ្នក​និយាយ​ការត្រឹមត្រូវ។ 14 សេចក្ដី​ក្រោធ​របស់​ស្ដេច​ប្រៀប​បាន​នឹង​ពេជ្ឈ‌ឃាត​នាំ​គេ​យក​ទៅ​សម្លាប់ តែ​មនុស្ស​មាន​ប្រាជ្ញា​អាច​ទប់​កំហឹង​របស់​ស្ដេច។ 15 ព្រះ‌ភ័ក្ត្រ​រីក‌រាយ​របស់​ស្ដេច​រមែង​ផ្ដល់​ជីវិត ហើយ​ព្រះ‌ហឫទ័យ​សប្បុរស​របស់​ស្ដេច​ប្រៀប​បាន​នឹង​ទឹក​ភ្លៀង​នៅ​ដើម​រដូវ។ 16 ស្វែង​រក​ប្រាជ្ញា​ប្រសើរ​ជាង​រក​មាស។ ស្វែង​រក​ការ​ចេះ​ដឹង​ប្រសើរ​ជាង​រក​ប្រាក់។ 17 ផ្លូវ​របស់​មនុស្ស​ទៀង‌ត្រង់​ស្ថិត​នៅ​ឆ្ងាយ​ពី​អំពើ​អាក្រក់ អ្នក​ណា​ចេះ​ប្រយ័ត្ន​ខ្លួន អ្នក​នោះ​ចេះ​រក្សា​ជីវិត។ 18 ការអំនួតគឺឈរនៅចំពោះភាព​​អន្តរាយ ចិត្ត​ព្រហើន​រមែង​នាំ​ឲ្យ​វិនាស។ 19 ដាក់​ខ្លួន​រស់​នៅ​ជា​មួយ​ជន​ក្រីក្រ ប្រសើរ​ជាង​ចែក​ជយ‌ភណ្ឌ​ជា​មួយ​មនុស្ស​អួត‌អាង។ 20 អ្នក​ណា​ចេះ​គិត‌គូរ​មុន​នឹង​ធ្វើ​កិច្ចការ​អ្វី​មួយ អ្នក​នោះ​រមែង​ចម្រុង‌ចម្រើន រីឯ​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់​រមែង​មាន​សុភមង្គល។ 21 មនុស្ស​ដែល​ចេះ​គិត​ពិចារណា​ជា​មនុស្ស​ឈ្លាស‌វៃ ចំណែក​អ្នក​ដែល​ចេះ​និយាយ​ទន់‌ភ្លន់ គឺជាការបង្រៀនដ៏ល្អ។ 22 ការយល់ដឹងគឺប្រៀប​ដូច​ជា​ប្រភព​នៃ​ជីវិត​ សម្រាប់​អ្នក​ចេះ​គិត‌គូរ ចំណែក​ជន​ល្ងង់‌ខ្លៅ​ត្រូវ​វិនាស ដោយព្រោះ​តែ​ភាព​ល្ងង់‌ខ្លៅ​របស់​ខ្លួន។ 23 មនុស្ស​ដែល​ចេះ​ពិចារណា​រមែង​រិះគិត​មុន​នឹង​និយាយ ហើយ​អ្វីៗ​ដែល​អ្នក​នោះ​និយាយ រមែង​ធ្វើ​ឲ្យ​គេ​ទុក​ចិត្ត។ 24 សម្ដី​ទន់‌ភ្លន់​ប្រៀប​បាន​នឹង​ទឹក​ឃ្មុំ មាន​រស‌ជាតិ​ឆ្ងាញ់​ជា​ទី​គាប់​ចិត្ត ហើយ​ផ្ដល់​ការព្យាបាលដល់ឆ្អឹង។ 25 មនុស្ស​ខ្លះ​យល់​ថា ផ្លូវ​ដែល​ខ្លួន​ដើរ​ជា​ផ្លូវ​ត្រឹម​ត្រូវ ប៉ុន្តែ នៅ​ទី​បំផុត ផ្លូវ​នោះ​នាំ​ទៅ​រក​សេចក្ដី​ស្លាប់។ 26 ការ​អត់​ឃ្លាន​បង្ខំ​ឲ្យ​មនុស្ស​ធ្វើ​ការ ដ្បិត​ក្រពះ​គេ​ទាម‌ទារ។ 27 មនុស្ស​ចោល‌ម្សៀត​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​អាក្រក់ អណ្ដាត​របស់​គេ​ប្រៀប​ដូច​ជា​ភ្លើង​ឆេះ​បំផ្លាញ។ 28 មនុស្ស​ទុយ៌ស​រមែង​បង្ក​ជំលោះ ហើយ​អ្នក​អុជ‌អាល​រមែង​បំផ្លាញ​មិត្ត‌ភាព។ 29 មនុស្ស​ឃោរ‌ឃៅ​តែងតែ​បោក​បញ្ឆោត​មិត្ត​សម្លាញ់​របស់​ខ្លួន ដើម្បី​នាំ​គេ​ឲ្យ​ដើរ​ក្នុង​ផ្លូវដែលមិន​ល្អ។ 30 អ្នក​ណា​បិទ​ភ្នែក ហើយ​ខាំ​បបូរ​មាត់ អ្នក​នោះ​ក៏​ដូច​ជា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​ខ្លួន​គ្រោង​ធ្វើវាឲ្យបានសម្រេច។ 31 សក់​ស្កូវ​ជា​មកុដ​ដ៏​រុងរឿង មាន​តែ​មនុស្ស​សុចរិត​ទេ ដែល​ទទួល​មកុដ​នេះតាមរស់ដ៏ត្រឹមត្រូវ។ 32 មនុស្ស​មិន​ចេះ​ខឹង​ប្រសើរ​ជាង​វីរ‌បុរស ចំណែក​មនុស្ស​ចេះ​ទប់​ចិត្ត ប្រសើរ​ជាង​អ្នក​វាយ​យក​បាន​ទីក្រុង​មួយ។ 33 មនុស្ស​តែង​បោះ​ឆ្នោត​ទៅ​ក្នុង​ថ្នក់​អាវ ប៉ុន្តែ ដែល​សម្រេច​ទៅ​ជា​យ៉ាង​ណា នោះ​ស្រេច​នៅ​ព្រះ‌អម្ចាស់។