1 អ្នកណាមិនរវីរវល់នឹងអ្នកដទៃ អ្នកនោះគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ហើយបដិសេធយោបល់ទាំងប៉ុន្មានរបស់អ្នកឯទៀតៗ។ 2 ចំណែកមនុស្សល្ងីល្ងើគេឥតមាន សេចក្ដីរីករាយក្នុងយោបល់ទេ គឺចូលចិត្តតែសម្ដែងគំនិត ក្នុងចិត្តខ្លួនឯងចេញវិញ។ 3 ពេលមនុស្សអាក្រក់បានមកដល់ តែងតែនាំមកជាមួយនូវសេចក្តីអាម៉ាស់ជាប់ជាមួយពួកគេ។ 4 ពាក្យសម្ដីដែលចេញពីមាត់មនុស្ស ធៀបបានដូចជាទឹកជ្រៅ ហើយទីបញ្ចេញប្រាជ្ញាក៏ដូចជាជ្រោះទឹកហូរ។ 5 ការដែលយោគយល់ដល់មនុស្សអាក្រក់ ហើយការបង្វែរសេចក្ដីយុត្តិធម៌ ក្នុងការវិនិច្ឆ័យ នោះមិនល្អទេ។ 6 បបូរមាត់មនុស្សល្ងីល្ងើតែងតែស៊កចូលក្នុងសេចក្ដីឈ្លោះប្រកែកគ្នា ហើយមាត់វាត្រូវតែរំពាត់ទេ។ 7 មាត់របស់មនុស្សល្ងីល្ងើ ជាហេតុនាំឲ្យខ្លួនត្រូវវិនាសទៅ ហើយបបូរមាត់ក៏ជាអន្ទាក់ដល់ព្រលឹងខ្លួនដែរ។ 8 ពាក្យសម្ដីរបស់មនុស្សអុជអាល ធៀបដូចជាម្ហូបយ៉ាងឆ្ងាញ់មួយម៉ាត់ ដែលបានចូលទៅក្នុងពោះនៃរាងកាយ។ 9 អ្នកណាដែលធ្វេសប្រហែសនឹងការរបស់ខ្លួន ឈ្មោះថាជាបងប្អូនជាមួយអ្នកដែលបំផ្លាញ។ 10 ព្រះនាមព្រះអម្ចាស់ ជាប៉មាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសុវត្តិភាព។ 11 អ្នកមានទ្រព្យសម្បត្តិរបស់គេជាទីក្រុងមាំមួន ហើយតាមគំនិតរបស់គេ ក៏យល់ថាជាកំផែងយ៉ាងខ្ពស់ដែរ។ 12 មុនពេលនឹងត្រូវវិនាស ចិត្តរបស់មនុស្សកើតមានសេចក្ដីអំនួត តែសេចក្ដីរាបសា រមែងតែនាំមុខកិត្តិយសវិញ។ 13 អ្នកណាដែលឆ្លើយមុនដែលបានស្តាប់រឿង រាប់ជាការចម្កួតហើយក៏ជាសេចក្ដីខ្មាសដល់ខ្លួនផង។ 14 វិញ្ញាណរបស់មនុស្សទប់ទល់ខ្លួន ក្នុងគ្រាមានធុរៈឈឺ តែឯវិញ្ញាណបាក់បែក តើអ្នកណាទ្រាំបាន? 15 ចិត្តរបស់មនុស្សវាងវៃ តែងតែចម្រើនចំណេះដឹង ហើយការស្តាប់របស់មនុស្សដែលមានប្រាជ្ញា ក៏ស្វះស្វែងរកចំណេះដឹងដែរ។ 16 ជំនូនរបស់មនុស្ស រមែងបើកផ្លូវឲ្យដល់ខ្លួន នាំចូលទៅដល់ចំពោះអ្នកធំផង។ 17 អ្នកណាដែលនិយាយមុនគេក្នុងការក្តី មើលទៅដូចជាត្រឹមត្រូវហើយ តែគូក្តីរបស់អ្នកនោះមកដាក់សំនួរតបវិញដែរ។ 18 ការស្បថស្បែអាចបញ្ឈប់ជំលោះ ហើយអារកាត់រឿងរ៉ាវរវាងអ្នកមានអំណាចផង។ 19 ពេលបងប្អូនណាម្នាក់របួសផ្លូវចិត្ត នោះពិបាកចូលទៅជិតជាងវាយយកទីក្រុងមួយ ដែលមានកំពែងរឹងមាំទៅទៀត។ 20 ពីជំលោះប្រៀបបាននឹងរនុកទ្វារដែកមួយ មនុស្សអាចរកអាហារបាន ដោយសារពាក្យសម្ដី ហើយអ្វីៗដែលគេនិយាយធ្វើឲ្យគេអាចចិញ្ចឹមជីវិតបាន។ 21 សេចក្ដីស្លាប់ និងជីវិត ក៏នៅក្នុងអំណាចនៃអណ្ដាតដែរ អ្នកណាដែលចូលចិត្តប្រើអណ្តាត នោះនឹងស៊ីផលពីវាដែរ។ 22 អ្នកណាដែលរកបានប្រពន្ធឈ្មោះថាបានរបស់ល្អ ហើយបានប្រកបដោយព្រះគុណរបស់ព្រះអម្ចាស់។ 23 អ្នកក្រពោលពាក្យអង្វរសូមក្តីមេត្តា តែអ្នកមានតបដោយពាក្យគំហកវិញ។ 24 អ្នកណាដែលមានមិត្តភក្តិច្រើនដែលមិនមានចិត្តស្មោះ អាចនាំឲ្យខ្លួនវិនាស ប៉ុន្តែ មានមិត្តសម្លាញ់តែម្នាក់ ដែលជិតស្និតជាងបងប្អូនទៅទៀត។