ជំពូក ១២

1 អ្នកណាស្រឡាញ់ការប្រៀនប្រដៅ និងស្រឡាញ់ចំណេះដឹង ប៉ុន្តែអ្នកណាស្អប់ការកែតម្រូវគឺជាមនុស្សល្ងង់។ 2 ព្រះអម្ចាស់ ផ្តល់ព្រះគុណដល់មនុស្សល្អ ប៉ុន្តែព្រះជាម្ចាស់នឹងមិនផ្តល់ក្តីមេតា្តដល់ មនុស្សដែលដើរតាមផ្លូវអាក្រក់ឡើយ។ 3 គ្មាន​មនុស្ស​ណា​បាន​តាំង​មាំ‌មួន​ឡើង ដោយ‌សារ​អំពើ​អាក្រក់​ទេ ប៉ុន្តែ​មនុស្ស​សុចរិត មិន​ត្រូវ​រលើង​ឡើយ។ 4 ស្ត្រី​មាន​ចិត្ត​បរិសុទ្ធ នោះ​ជា​មកុដ​ដល់​ប្តី តែ​ស្ត្រី​ណា​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ខ្មាស និងដូចជាជំងឺដែលបានចាក់ឬស នៅ​ក្នុង​ឆ្អឹង​របស់​ប្តី​វិញ។ 5 គ្រប់ទាំងផែនការរបស់​មនុស្ស​សុចរិត គឺសុទ្ធ​តែ​ទៀង​ត្រង់ តែយោបល់​របស់​មនុស្ស​អាក្រក់ គឺជាការ​ឆ​បោក​វិញ។ 6 ពាក្យ​សម្ដី​របស់​មនុស្ស​អាក្រក់ គឺរកតែរឿងនឹងរង់ចាំដើម្បីសម្លាប់ តែ​ពាក្យ​របស់​មនុស្ស​ទៀង​ត្រង់ នឹង​ជួយ​ឲ្យ​គេបានជីវិត។ 7 បើ​មនុស្ស​អាក្រក់​រលំ គេ​គ្មាន​នៅ​សល់​អ្វី​ឡើយ តែ​ពូជ‌ពង្ស​របស់​មនុស្ស​សុចរិត​នៅ​ស្ថិត‌ស្ថេរ​ជានិច្ច។ 8 មនុស្ស​ដែល​ចេះ​ត្រិះ‌រិះ​ពិចារណា​តែងតែ​មាន​គេ​សរសើរ ប៉ុន្តែមនុស្ស​មាន​ចិត្ត​មិនត្រង់តែងតែ​មាន​គេ​មើល‌ងាយ។ 9 រស់​នៅ​ជា​មនុស្ស​សាមញ្ញ ហើយ​មាន​អ្នក​បម្រើ​តែ​ម្នាក់ នោះ​ប្រសើរ​ជាង​វាយ‌ឫក​ហ៊ឺ‌ហា តែ​ខ្វះ​អាហារបរិភោគវិញ។ 10 មនុស្ស​សុចរិត​តែងតែ​ថែ‌ទាំ​សត្វ​​របស់​ខ្លួន ប៉ុន្តែ​មនុស្ស​អាក្រក់​វិញ គ្មាន​ចិត្ត​មេត្តា​ករុណា​​សោះឡើយ។ 11 អ្នក​ខំ​ប្រឹង​ធ្វើ​ស្រែ​ចម្ការ​ គឺតែងតែ​មាន​អាហារ​បរិភោគ​ឆ្អែតគ្រប់គ្រាន់ ចំណែក​អ្នក​ចូល​ចិត្តនិយាយឥតប្រយោជន៍​ជា​មនុស្ស​ខ្វះ​ការ​ពិចារណា។ 12 មនុស្ស​ពាល​តែងតែ​លោភ​ចង់​បាន​ទ្រព្យ​សម្បត្តិ​របស់​មនុស្ស​អាក្រក់ ប៉ុន្តែ​អ្វីៗ​ដែល​មនុស្ស​សុចរិតបាន​ធ្វើផងនោះគឺចេញមកពីគេខ្លួនឯង។ 13 មនុស្ស​អាក្រក់​ជាប់​អន្ទាក់ ដោយ‌សារ​តែ​ពាក្យ​សម្ដី​របស់​ខ្លួនចំណែកមនុស្ស​សុចរិត​តែងតែ​រួច​ពី​ទុក្ខ​លំបាកវិញ។ 14 ផលចេញពីពាក្យដែលអ្នកនោះប្រើ បានបំពេញដល់គាត់នូវការល្អ គឺបានមកពីផលនៃដៃរបស់គាត់បានជារង្វាន់។ 15 ផ្លូវរបស់មនុស្សអាក្រក់គឺនៅត្រង់ចំពោះមុខ ប៉ុន្តែមនុស្សមានប្រាជ្ញា គឺស្តាប់យោបល់អ្នកដទៃ។ 16 មនុស្ស​ខ្លៅ​ឆាប់​ច្រឡោត​ខឹង ចំណែកមនុស្ស​ឆ្លាត​តែងតែ​ចេះ​ទប់​ចិត្ត។ 17 មនុស្ស​និយាយ​ការ​ពិត​រមែង​ធ្វើ​ឲ្យ​មាន​ភាពត្រឹមត្រូវ ចំណែក​សាក្សី​ក្លែង‌ក្លាយ​តែងតែ​ធ្វើ​ឲ្យ​មាន​មិនត្រឹមត្រូវ។ 18 អ្នក​ដែល​និយាយ​ប៉បាច់‌ប៉ប៉ោច​តែងតែ​ធ្វើ​ឲ្យ​អ្នក​ដទៃ​របួស ដូច​ចាក់​មួយ​ដាវ ចំណែកពាក្យ​សម្ដី​របស់​មនុស្ស​មាន​ប្រាជ្ញា​ជា​ឱសថ​ព្យាបាល​មុខ​របួស។ 19 ពាក្យ​ពិតពីមាត់​មាន​តម្លៃ​រហូត ប៉ុន្តែ​ពាក្យ​ភូត‌ភរ​ស្ថិត​នៅ​តែ​មួយ​គ្រាខ្លីតែប៉ុណ្ណោះ។ 20 អ្នក​ដែល​ប៉ុន‌ប៉ង​ធ្វើ​អំពើ​អាក្រក់​តែងតែ​លាក់​ចិត្ត​អាក្រក់ជានិច្ច ប៉ុន្តែ​អ្នក​កសាង​សន្តិ‌ភាព​តែងតែ​មានក្តីសុខសាន្ត។ 21 គ្មាន​គ្រោះ​កាច​ណា​កើត​មាន​ដល់​មនុស្ស​សុចរិត​ទេ ប៉ុន្តែ​មនុស្ស​អាក្រក់​វិញ តែងតែ​ជួប​ប្រទះ​និង​ទុក្ខ​លំបាក។ 22 ព្រះ‌អម្ចាស់​ស្អប់​មនុស្ស​កុហក តែ​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​​មនុស្ស​ដែល​រស់ជាមួយពាក្យ​ស្មោះត្រង់។ 23 មនុស្ស​ឆ្លាត​មិន​អួតពី​ចំណេះដឹង​ខ្លួន​ទេ ប៉ុន្តែ​មនុស្ស​ខ្លៅ​ចូល​ចិត្ត​អួត‌អាង​អំពី​អវិជ្ជា​របស់​ខ្លួន។ 24 មនុស្ស​ឧស្សាហ៍​នឹង​ក្លាយ​ទៅ​ជា​មេ​គ្រប់‌គ្រង ចំណែក​មនុស្ស​ខ្ជិល​ច្រអូស​នឹង​ធ្លាក់​ខ្លួន​ជាអ្នកបម្រើវិញ។ 25 ការ​ខ្វល់‌ខ្វាយ​តែងតែ​ធ្វើ​ឲ្យ​មនុស្ស​បាក់​ទឹកចិត្ត ប៉ុន្តែ​ពាក្យ​ទន់‌ភ្លន់​តែងតែ​ធ្វើ​ឲ្យ​មាន​អំណរ​ឡើង​វិញ។ 26 មនុស្ស​សុចរិត​តែងតែ​នាំ​មិត្ត​សម្លាញ់​របស់​ខ្លួន​ឲ្យ​ដើរ​តាម​ផ្លូវ​ល្អ ចំណែក​កិរិយា​របស់​មនុស្ស​អាក្រក់​នាំ​ឲ្យ​គេ​វង្វេង​វិញ។ 27 ព្រាន​កម្ជិល​គ្មាន​សាច់​អាំង​ទេ ចិត្ត​ឧស្សាហ៍​ជា​សម្បត្តិ​ដ៏​មាន​តម្លៃ​របស់​មនុស្ស។ 28 នៅ​ក្នុង​ផ្លូវ​សុចរិត​មាន​ជីវិត ហើយ​ផ្លូវ​នេះ​មិន​នាំ​មនុស្ស​ទៅ​រក​សេចក្ដី​ស្លាប់​ឡើយ។