1 កូនដែលឆ្លាតនឹងស្តាប់សេចក្តីបង្រៀនរបស់ឪពុកខ្លួន តែអ្នកចំអកនឹងមិនស្តាប់ក៏មិនទទួលយកដែរ។ 2 ពីផលដែលចេញពីមាត់របស់អ្នកគឺមានអំណរហើយនឹងការល្អ ប៉ុន្តែអ្នកព្រហើនមិនព្រមស្ដាប់ការបន្ទោសហើយរកតែហឹង្សា។ 3 អ្នកណាដែលរវាំងមាត់របស់ខ្លួន នោះរមែងរក្សាជីវិតខ្លួន តែអ្នកណាដែលហាមាត់ធំ នោះនឹងត្រូវវិនាសទៅ។ 4 ព្រលឹងនៃមនុស្សខ្ជិលច្រអូសប្រាថ្នាចង់បាន តែមិនបានអ្វីសោះ ប៉ុន្តែព្រលឹងនៃមនុស្សឧស្សាហ៍ នោះនឹងបានសម្បត្តិជាបរិបូរវិញ។ 5 មនុស្សសុចរិតរមែងស្អប់ពាក្យភូតភរ តែមនុស្សអាក្រក់គេគួរខ្ពើមហើយមានសេចក្ដីខ្មាសផង។ 6 សេចក្ដីសុចរិតតែងតែការពារអ្នកណា ដែលប្រព្រឹត្តតាមផ្លូវទៀងត្រង់ តែអំពើអាក្រក់តែងតែនាំនឹងជំរុញឲ្យមនុស្សបែរចុះចូលជាមួយបាបវិញ។ 7 អ្នកមានតែងតែអាងលើទ្រព្យ ដើម្បីធានាជីវិតរបស់ខ្លួន ប៉ុន្តែអ្នកដែលបានឲ្យទាំងអស់ ដែលខ្លួនមាន គ្មានអ្វីជាបន្ទុកឡើយ អ្នកនេះហើយជាសម្បត្តិពិតប្រាកដវិញ។ 8 ទ្រព្យសម្បត្តិរបស់អ្នកមាន នឹងទុកសម្រាប់លោះជីវិតរបស់គេ តែមនុស្សក្រ គេមិនដែលឮពាក្យគំរាមកំហែងទេ។ 9 មនុស្សសុចរិតប្រៀបដូចជាពន្លឺត្រចះត្រចង់ ប៉ុន្តែមនុស្សអាក្រក់ប្រៀបដូចជាចង្កៀងរលត់។ 10 ការវាយឫកធំតែងតែបង្កឲ្យមានទំនាស់ រីឯអ្នកដែលសុខចិត្តទទួលដំបូន្មានជាមនុស្សមានប្រាជ្ញា។ 11 ទ្រព្យរកបានរហ័ស បាត់បង់ក៏រហ័សដែរ ប៉ុន្តែទ្រព្យរកបានដោយសន្សំ រមែងកើនឡើងជាដរាប។ 12 ការអស់សង្ឃឹមតែងតែនាំឲ្យព្រួយចិត្ត រីឯការសម្រេចដូចបំណង ប្រៀបបាននឹងដើមឈើដែលមានជីវិត។ 13 អ្នកណាមើលងាយសេចក្តីបង្រៀន អ្នកនោះនឹងតែងតែមានការចុះចូលជាមួយកំហុស ប៉ុន្តែអ្នកដែលគោរពព្រះបន្ទូលតែងតែទទួលរង្វាន់។ 14 ការប្រៀនប្រដៅរបស់មនុស្សសុចរិតជាប្រភពនៃជីវិត ហើយការពារជីវិតឲ្យរួចពីអន្ទាក់នៃសេចក្ដីស្លាប់។ 15 អ្នកចេះគិតពិចារណាតែងតែមានគេគោរព ប៉ុន្តែមនុស្សដែលគេទុកចិត្តមិនបានតែងតែវិនាស។ 16 មនុស្សឆ្លាតរមែងគិតមុននឹងគូរ ប៉ុន្តែមនុស្សខ្លៅតែងតែលាតត្រដាងភាពល្ងីល្ងើរបស់ខ្លួន។ 17 អ្នកនាំសារដែលជាមនុស្សអាក្រក់ តែងតែធ្លាក់ខ្លួនអន្តរាយ ប៉ុន្តែទូតដ៏ស្មោះត្រង់តែងតែនាំសេចក្ដីសុខ។ 18 អ្នកដែលមិនទទួលការអប់រំរមែងធ្លាក់ខ្លួនក្រ ហើយត្រូវគេមើលងាយ រីឯអ្នកដែលសុខចិត្តទទួលការកែតម្រូវ តែងតែមានកិត្តិយស។ 19 សេចក្ដីប៉ងប្រាថ្នាដែលបានសម្រេច រមែងនាំឲ្យសប្បាយចិត្ត ប៉ុន្តែមនុស្សខ្លៅមិនចូលចិត្តលះបង់គំនិតអាក្រក់របស់ខ្លួនចោលទេ។ 20 ដើរជាមួយមនុស្សមានប្រាជ្ញានាំឲ្យខ្លួនមានប្រាជ្ញា តែសេពគប់ជាមួយមនុស្សខ្លៅ នាំឲ្យខ្លួនទៅជាមនុស្សអាក្រក់។ 21 ទុក្ខវេទនាគឺដេញតាមមនុស្សមានបាប ប៉ុន្តែមនុស្សសុចរិតតែងតែទទួលសុភមង្គលទុកជារង្វាន់។ 22 មនុស្សសប្បុរសតែងតែមានមរតកទុកចែកឲ្យកូនចៅ ប៉ុន្តែមនុស្សបាបតែងតែប្រមូលទ្រព្យទុកសម្រាប់មនុស្សសុចរិត។ 23 ស្រែចម្ការដែលជនក្រីក្រភ្ជួររាស់ តែងតែបង្កើតផលយ៉ាងបរិបូណ៌ ប៉ុន្តែ មានអ្នកខ្លះស្លាប់ ព្រោះតែខ្វះយុត្តិធម៌។ 24 អ្នកណាមិនសូវប្រើរំពាត់ អ្នកនោះមិនស្រឡាញ់កូនទេ ប៉ុន្តែអ្នកដែលស្រឡាញ់កូនតែងតែបង្រៀនប្រដៅដល់កូនៗ។ 25 មនុស្សសុចរិតតែងតែមានអាហារបរិភោគគ្រប់គ្រាន់ជាដរាប ប៉ុន្តែមនុស្សអាក្រក់តែងតែអត់ខ្វះខាត។