ជំពូក ១១

1 ព្រះ‌អម្ចាស់​ស្អប់​អ្នក​បន្លំ​ភ្នែក​ជញ្ជីង តែ​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​អ្នក​ដែល​ប្រើ​ជញ្ជីង​ត្រឹម​ត្រូវ។ 2 អ្នក​ណាដែលមានអំនួត ​នឹង​មិនត្រូវ​គេ​ឲ្យតម្លៃទេ ប៉ុន្តែអ្នក​ណាដែលបន្ទាបខ្លួន គឺជាអ្នកដែលពេញដោយប្រាជ្ញា។ 3 ចិត្ត​ទៀង​ត្រង់​តែងតែ​នាំ​ផ្លូវ​មនុស្ស​ត្រឹម​ត្រូវ ប៉ុន្តែផ្លូវអាក្រក់តែងតែ​នាំ​ទៅរកសេចក្តី​​វិនាស។ 4 នៅ​ថ្ងៃ​ព្រះ‌អម្ចាស់​វិនិច្ឆ័យ​ទោស ទ្រព្យ​សម្បត្តិ​គ្មាន​ប្រយោជន៍​អ្វី​ទេ គឺ​មាន​តែ​សេចក្ដី​សុចរិត​ប៉ុណ្ណោះ ទើប​អាច​ជួយ​ឲ្យ​រួច​ពី​ស្លាប់​បាន។ 5 សេចក្ដី​សុចរិត​របស់​មនុស្ស​គ្មាន​កំហុស រមែង​តម្រង់​ផ្លូវ​របស់​ខ្លួន រីឯ​មនុស្ស​ពាល​វិញ តែងតែ​ស្លាប់​ដោយ‌សារ​អំពើ​ពាល​របស់​ខ្លួន។ 6 សេចក្ដី​​ទៀង‌ត្រង់នៃអ្នកដែលគោរពកោតខ្លាចព្រះជាម្ចាស់ នឹងរក្សាពួកគេឲ្យបានសង្រ្គោះ ប៉ុន្តែមនុស្ស​វៀច‌វេរ តែងតែ​ជាប់​អន្ទាក់​​របស់ពួកគេ​ខ្លួនឯង។ 7 នៅពេលមនុស្សពាលស្លាប់ ក្តីសង្ឃឹមរបស់គេនឹងត្រូវវិនាសដែរ ហើយក្តីសង្ឃឹមជាកម្លាំងរបស់គេក៏គ្មានន័យអ្វីដែរ។ 8 ពួកអ្នកសុចរិតនឹងរក្សាគេចេញពីសេចក្តីទុក្ខលំបាក ហើយការអាក្រក់ទាំងនោះ និងត្រូវធ្លាក់មកលើមនុស្សពាលវិញ។ 9 មនុស្ស​មានមាត់អាក្រក់គឺបំផ្លាញ​អ្នកជិតខាង ប៉ុន្តែ​មនុស្ស​សុចរិត​វិញ តែងតែបានសង្គ្រោះ​ ដោយ‌សារ​ចំណេះដឹង។ 10 ពេល​មនុស្ស​សុចរិត​មាន​សុភមង្គល អ្នក​ក្រុង​ទាំង​មូល​នឹង​សប្បាយ​រីក‌រាយ ពេល​មនុស្ស​អាក្រក់​វិនាស ពួកគេ​បែរ​ជា​នាំ​គ្នា​ស្រែក​ហ៊ោ​វិញ។ 11 តាមរយៈសេចក្តីល្អរបស់អ្នកដែល កោតខ្លាចព្រះជាម្ចាស់ ធ្វើឲ្យទីក្រុងរបស់ពួកគេកាន់តែរីកចំរើនឡើង ប៉ុន្តែតាមរយៈមាត់មិនល្អរបស់មនុស្សពាលវិញ នោះធ្វើឲ្យទីក្រុងធ្លាក់ចុះវិញ។ 12 អ្នក​ណា​មើល‌ងាយ​មិត្តរបស់ខ្លួន អ្នក​នោះ​ជា​មនុស្ស​មិន​ចេះ​ពិចារណាប៉ុន្តែ​មនុស្ស​មានចំណេះ​ដឹង​តែងតែ​នៅ​ស្ងៀម។ 13 អ្នក​និយាយ​ដើម​គេ​មិន​អាច​រក្សា​រឿង​សម្ងាត់​ជិត​ឡើយ តែ​អ្នក​ដែល​គេ​ទុក​ចិត្ត​តែងតែ​លាក់​រឿង​សម្ងាត់​ទាំង​នោះ​បាន។ 14 កន្លែងណាដែល​គ្មាន​អ្នក​ដឹក​នាំមានប្រាជ្ញា ប្រជា‌ជន​តែងតែ​វិនាស ប៉ុន្តែ​ជ័យជំនះគឺ​ដែល​មាន​ទី​ប្រឹក្សា​ និងអ្នកឲ្យយោបល់ច្រើនៗ។ 15 អ្នក​ណា​ធានា​រ៉ាប់​រង​អ្នក​ដទៃ អ្នក​នោះ​តែងតែ​កើត​ទុក្ខ រីឯ​អ្នក​ដែល​មិន​ព្រម​ធានា តែងតែ​បាន​សុខ។ 16 ស្ត្រី​រូប​ស្អាត​តែងតែ​មាន​គេ​សរសើរ ប៉ុន្តែ​មនុស្ស​ស្វាហាប់ តែងតែ​រក​ទ្រព្យ​បាន។ 17 អ្នក​មាន​ចិត្ត​សប្បុរស​តែងតែ​ធ្វើ​ឲ្យ​ខ្លួន​មាន​សុភមង្គល ប៉ុន្តែមនុស្ស​ឃោរ‌ឃៅ​រមែង​ធ្វើ​ឲ្យ​រូប​កាយ​របស់​ខ្លួន​កាន់​តែ​រង​ទុក្ខ​វេទនា។ 18 មនុស្ស​ពាល​រក​បាន​តែ​សម្បត្តិ​ក្ដៅ​ក្រហាយ រីឯ​មនុស្ស​ដែល​សាប​ព្រោះ​សេចក្ដី​សុចរិត រមែង​ទទួល​ផល​ដែល​មិន​ចេះ​សាប‌សូន្យ។ 19 សេចក្ដី​សុចរិត​តែងតែ​នាំ​ទៅ​កាន់​ជីវិត ប៉ុន្តែ​អ្នក​ដែល​ដើរ​តាម​ផ្លូវ​អាក្រក់​រមែង​ស្លាប់​ខ្លួន។ 20 ព្រះ‌អម្ចាស់​ស្អប់​មនុស្សមានចិត្ត​វៀច‌វេរ ប៉ុន្តែ​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​មនុស្ស​ទៀង‌ត្រង់។ 21 មនុស្ស​ទុច្ចរិត​ត្រូវ​តែ​ទទួល​ទោស​ជៀស​មិន​ផុត រីឯ​ពូជ‌ពង្ស​របស់​មនុស្ស​សុចរិត​នឹង​រួច​ជីវិត។ 22 ដូចជាស្ត្រី​មាន​រូប​ស្អាត​តែ​ឥត​គំនិត ប្រៀប​ដូច​ជា​ចិញ្ចៀន​មាស ដែល​គេ​យក​ទៅ​ពាក់​នៅ​ច្រមុះ​ជ្រូក។ 23 មនុស្ស​សុចរិត​មាន​បំណង​តែ​មួយ​គត់ គឺ​ធ្វើ​អំពើ​ល្អ ប៉ុន្តែ​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​មនុស្ស​អាក្រក់​រមែង​ធ្វើ​ឲ្យ​ខ្លួន​ទទួល​ទោស។ 24 មនុស្ស​មាន​ចិត្ត​ទូលាយ​រឹត​តែ​មាន​ទ្រព្យ​ច្រើន រីឯ​មនុស្ស​កំណាញ់​ធ្វើ​ឲ្យ​ខ្លួន​កាន់​តែ​ក្រ​ទៅៗ។ 25 មនុស្ស​មាន​ចិត្ត​សទ្ធា​តែងតែ​បាន​ចម្រុង‌ចម្រើន ប៉ុន្តអ្នក​ដាក់​ទាន​ទឹក​ឲ្យ​គេ តែងតែ​ទទួល​ទឹក​ពី​គេ​វិញ។ 26 អ្នក​ដែល​ទុក​ស្រូវ​ក្នុង​ឃ្លាំង ដើម្បី​ដំឡើង​ថ្លៃ​តែងតែ​ត្រូវ​ប្រជា‌ជន​ដាក់​បណ្ដាសា រីឯ​អ្នក​ដែល​សុខ​ចិត្ត​លក់​ស្រូវ​របស់​ខ្លួន​នឹង​បាន​ទទួល​ពរ។ 27 ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​អ្នក​ដែល​ព្យាយាម​ប្រព្រឹត្ត​ល្អ រីឯ​អ្នក​ដែល​គិត​តែ​ពី​ប្រព្រឹត្ត​អាក្រក់ តែងតែ​ទទួល​ផល​អាក្រក់។​​ 28 មនុស្ស​ដែល​ពឹង​ផ្អែក​លើ​ទ្រព្យ​សម្បត្តិ មុខ​ជា​ត្រូវ​អន្តរាយ ប៉ុន្តែមនុស្ស​សុចរិត​ប្រៀប​បាន​នឹង​ស្លឹក​ឈើ​លាស់​ខៀវ​ខ្ចី។ 29 អ្នក​ណា​ធ្វើ​ឲ្យ​គ្រួសារ​របស់​ខ្លួន​មាន​ទុក្ខ​កង្វល់ អ្នក​នោះ​នឹង​មិន​ទទួល​ផល​អ្វី​ទាំង​អស់។ មនុស្ស​ល្ងី‌ល្ងើ​នឹង​ធ្លាក់​ខ្លួន​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​មនុស្ស​មាន​ប្រាជ្ញា។ 30 អំពើ​ដែល​មនុស្ស​សុចរិត​ប្រព្រឹត្ត ប្រៀប​បាន​នឹង​ដើម​ឈើ​ផ្ដល់​ជីវិត ហើយ​អ្នក​ប្រាជ្ញ​តែងតែ​ទាក់‌ទាញ​ចិត្ត​មនុស្ស។​ 31 មនុស្ស​សុចរិត​តែងតែ​ទទួល​រង្វាន់ នៅ​លើ​ផែនដី​នេះ រីឯ​មនុស្ស​អាក្រក់ និង​មនុស្ស​បាប តែងតែ​ទទួល​ផល តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។