1 នៅថ្ងៃទីប្រាំបីលោកម៉ូសេ កោះហៅលោកអើរ៉ុន និងកូនប្រុសៗរបស់គាត់ និងចាស់ទុំជនជាតិអ៊ីស្រាអែល។ 2 គាត់និយាយទៅលោកអើរ៉ុនថា៖ «ចូរយកកូនគោឈ្មោលមួយល្អឥតខ្ចោះសម្រាប់យញ្ញបូជារំដោះបាប និងចៀមឈ្មោលមួយដែលល្អឥតខ្ចោះសម្រាប់តង្វាយដុតទាំងមូល ហើយថ្វាយនៅចំពោះព្រះអម្ចាស់។ 3 អ្នកត្រូវប្រកាសប្រាប់ជនជាតិអ៊ីស្រាអែល ដូចតទៅ ត្រូវយកពពែឈ្មោលមួយដែលល្អឥតខ្ចោះសម្រាប់ជាយញ្ញបូជារំដោះបាប កូនគោមួយ និងកូនចៀមមួយ ដែលមានអាយុពីរឆ្នាំនិងល្អឥតខ្ចោះ សម្រាប់ជាតង្វាយដុតទាំងមូល 4 ហើយយកគោឈ្មោលមួយ និងចៀមឈ្មោលមួយ សម្រាប់យញ្ញបូជាមេត្រីភាពថ្វាយព្រះអម្ចាស់ រួមទាំងតង្វាយម្សៅលាយជាមួយប្រេង ព្រោះនៅថ្ងៃនេះព្រះអម្ចាស់នឹងបង្ហាញព្រះអង្គនៅចំពោះអ្នករាល់គ្នា»។ 5 ដូច្នេះពួកគេបាននាំយករបស់ទាំងអស់ដែលលោកម៉ូសេបានបង្គាប់ ទៅកាន់ព្រះពន្លាជួបព្រះអម្ចាស់ ហើយសហគមន៍នៃជនជាតិអ៊ីស្រាអែលទាំងមូលឈរនៅចំពោះព្រះអម្ចាស់។ 6 លោកម៉ូសេមានប្រសាសន៍ថា៖ «នេះគឺជាអ្វីដែលព្រះអម្ចាស់បានបង្គាប់មកឲ្យអ្នករាល់គ្នាធ្វើ ដូច្នេះ សិរីរុងរឿងរបស់ព្រះអង្គនឹងបង្ហាញឲ្យអ្នករាល់គ្នាបានឃើញ»។ 7 លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកអើរ៉ុនថា៖ «ចូរបងចូលទៅជិតអាសនៈ ថ្វាយយញ្ញបូជារំដោះបាបសម្រាប់ខ្លួនរបស់បង និងរំដោះបាបប្រជាជនទាំងមូល និងថ្វាយតង្វាយដុតទាំងមូល សូមឲ្យព្រះអង្គលើកលែងទោសបង និងប្រជាជន ស្របតាមសេចក្តីបង្គាប់របស់ព្រះអម្ចាស់»។ 8 ដូច្នេះ លោកអើរ៉ុនទៅជិតអាសនៈ ហើយចាក់កសម្លាប់កូនគោសម្រាប់រំដោះបាបរបស់លោក។ 9 កូនៗរបស់លោកអើរ៉ុនលើកឈាមជូនលោក ហើយលោកជ្រលក់ម្រាមដៃក្នុងឈាម រួចលាបលើស្នែងអាសនៈ បន្ទាប់មក លោកចាក់ឈាមដែលនៅសល់ត្រង់ជើងអាសនៈ។ 10 លោកដុតខ្លាញ់ ក្រលៀនទាំងពីរ និងអ្វីៗដែលជាប់នឹងថ្លើមរបស់សត្វនៅលើអាសនៈជាយញ្ញបូជារំដោះបាប ស្របតាមការបង្គាប់របស់ព្រះអម្ចាស់មកកាន់លោកម៉ូសេ។ 11 រីឯសាច់ និង ស្បែក លោកយកទៅដុតនៅខាងក្រៅជំរំ។ 12 លោកអើរ៉ុនបានសម្លាប់ចៀមឈ្មោលជា តង្វាយដុតទាំងមូល ហើយកូនៗរបស់លោកលើកឈាមជូនលោក ហើយលោកក៏ប្រោះឈាមនៅលើេជ្រុងទាំងបួននៃអាសនៈ។ 13 ពួកគេបានយកសាច់ដែលបានកាប់ដុំៗ និងក្បាលមកជូនលោក ហើយលោកដុតនៅលើអាសនៈ 14 លោកយកទឹកលាងពោះវៀន និងជើងរបស់វា រួចដុតនៅលើតង្វាយដុតទាំងមូល នៅលើអាសនៈ។ 15 បន្ទាប់មក លោកយកតង្វាយរបស់ប្រជាជនមកថ្វាយព្រះអម្ចាស់ ដូចជា ពពែឈ្មោលដែលប្រជាជនយកមកជាយញ្ញបូជារំដោះបាប លោកបានចាក់កវា ហើយថ្វាយដូចយញ្ញបូជារំដោះបាបមុនដែរ។ 16 លោកថ្វាយតង្វាយដុតទាំងមូល តាមការបង្គាប់របស់ព្រះអង្គ។ 17 លោកថ្វាយតង្វាយម្សៅ ដោយយកម្សៅមួយក្តាប់ទៅដុតលើអាសនៈ បន្ថែមលើតង្វាយដុតទាំងមូល ដែលគេថ្វាយនៅពេលព្រឹក។ 18 គាត់ក៏ចាក់កគោបា និង ចៀមឈ្មោលដែលប្រជាជនបាននាំមកសម្រាប់យញ្ញបូជាមេត្រីភាព។ កូនៗរបស់លោកអើរ៉ុនយកឈាមជូនគាត់ រួចគាត់ប្រោះឈាមលើជ្រុងទាំងបួនរបស់អាសនៈ។ 19 ពួកគេយកខ្លាញ់នៃតង្វាយ កន្ទុយ ខ្លាញ់ដែលជាប់នឹងពោះវៀ ក្រលៀន និងថ្លើម។ 20 រួចយកផ្នែកទាំងនោះដាក់លើសាច់ទ្រូង បន្ទាប់មក លោកអើរ៉ុនដុតខ្លាញ់ទាំងនោះនៅលើអាសនៈ។ 21 លោកអើរ៉ុនលើកសាច់ទ្រូង និងភ្លៅស្តាំ ថ្វាយចំពោះព្រះអម្ចាស់ ដូចលោកម៉ូសេបានបង្គាប់មក។ 22 បន្ទាប់ពី បានថ្វាយយញ្ញបូជារំដោះបាប តង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព រួចហើយលោកបានលើកដៃជូនពរប្រជាជន ហើយលោកក៏ចុះមកវិញ។ 23 លោកម៉ូសេ និងលោកអើរ៉ុនបានចូលទៅក្នុងព្រះពន្លាជួបព្រះអម្ចាស់ ហើយចេញមកវិញ និងជូនពរប្រជាជន ពេលនោះសិរីរុងរឿងរបស់ព្រះអម្ចាស់បានលេចមកឲ្យប្រជាជនទាំងមូលបានឃើញ។ 24 ភ្លើងបានចេញមកពីព្រះអម្ចាស់ ហើយបញ្ឆេះតង្វាយដុតទាំងមូល និងខ្លាញ់នៅលើអាសនៈ។ ពេលប្រជាជនទាំងមូលឃើញដូច្នេះ ពួកគេបានស្រែកឡើង និងក្រាបចុះឱនមុខដល់ដី។