1 កូនប្រុសរបស់លោកអើរ៉ុន ឈ្មោះលោកណាដាប់ និងលោកអប៊ីហ៊ូ បានកាន់ភាជន៍ម្នាក់មួយ ដាក់រងើកភ្លើង ព្រមទាំងគ្រឿងក្រអូបក្នុងនោះ។ ពួកគេយកភ្លើងពីខាងក្រៅចូលទៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ដែលផ្ទុយពីបញ្ជារបស់ព្រះអង្គ។ 2 ដូច្នេះ មានភ្លើងចេញពីព្រះអម្ចាស់មក ឆេះបំផ្លាញពួកគេ ឲ្យស្លាប់នៅចំពោះព្រះភក្រ្តព្រះអម្ចាស់។ 3 លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកអើរ៉ុនថា៖ «នេះជាអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូល ពេលដែលព្រះអង្គមានបន្ទូលថា៖ «យើងនឹងបង្ហាញភាពវិសុទ្ធរបស់យើង ដល់អ្នកណាដែលចូលមកជិតយើង។ 4 យើងនឹងបង្ហាញសិរីរុងរឿងរបស់យើង ឲ្យមនុស្សទាំងអស់បានឃើញ»។ លោកអើរ៉ុនក៏មិនបាននិយាយអ្វីនោះទេ។ លោកម៉ូសេហៅលោកមីសាអែល និងលោកអែលសាផាន កូនប្រុសរបស់លោកអ៊ូស៊ាល ដែលត្រូវជាឪពុកមាររបស់លោកអើរ៉ុន លោកនិយាយទៅពួកគេថា៖ «ចូរមកទៅនេះហើយយកសពបងប្អូនរបស់អ្នកពីទីសក្ការៈ ចេញទៅក្រៅជំរំ»។ 5 ដូច្នេះ ពួកគេក៏ចូលទៅយកសាកសពចេញទៅក្រៅជំរំ តាមការបញ្ជារបស់លោកម៉ូសេ ទាំងរំសាកសពនឹងអាវវែងរបស់ពួកគេ។ 6 លោកម៉ូសេ និយាយទៅកាន់លោកអើរ៉ុន លោកអេឡាសារ ព្រមទាំងលោកអ៊ីថាម៉ា ជាកូនលោកអើរ៉ុនថា៖ «មិនត្រូវកោរសក់នៅលើក្បាលរបស់អ្នក ហើយក៏មិនត្រូវហែកសម្លៀកបំពាក់របស់អ្នករាល់គ្នា ដើម្បីកាន់ទុក្ខឡើយ ដើម្បីកុំឲ្យអ្នករាល់គ្នាត្រូវស្លាប់ ហើយព្រះអម្ចាស់ក៏មិនព្រះពិរោធជាមួយនឹងសហគមន៍ទាំងមូលដែរ។ ចូរទុកឲ្យជនជាតិអ៊ីស្រាអែលទាំងអស់ ជាបងប្អូនរបស់អ្នករាល់គ្នា កាន់ទុក្ខអ្នកដែលស្លាប់ ដោយសារភ្លើងរបស់ព្រះអម្ចាស់ចុះ។ 7 ចំណែកអ្នករាល់គ្នាវិញ មិនត្រូវចាកចេញពីមាត់ទ្វារពន្លាជួបព្រះអម្ចាស់ ក្រែងអ្នករាល់គ្នាត្រូវស្លាប់ ព្រោះអ្នករាល់គ្នាបានទទួលការចាក់ប្រេងតាំងឲ្យបម្រើព្រះអម្ចាស់»។ ដូច្នេះហើយ ពួកគេធ្វើតាមបង្គាប់របស់លោកម៉ូសេ។ 8 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកអើរ៉ុនថា៖ 9 «មុនពេលចូលទៅក្នុុងព្រះពន្លា អ្នក និងកូនៗរបស់អ្នកមិនត្រូវផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងឡើយ ដូច្នេះអ្នករាល់គ្នានឹងមិនត្រូវស្លាប់។ នេះគឺជាច្បាប់សម្រាប់អ្នករាល់គ្នាគ្រប់តំណរតរៀងទៅ មិនប្រែប្រួលឡើយ។ 10 ធ្វើដូច្នេះ អ្នករាល់គ្នានឹងបែងចែកអ្វីដែលសក្ការៈ និងអ្វីដែលមិនសក្ការៈ អ្វីដែលមិនបរិសុទ្ធ ហើយអ្វីដែលបរិសុទ្ធ 11 ហើយអ្នករាល់គ្នាអាចបង្រៀនជនជាតិអ៊ីស្រាអែល នូវច្បាប់ទាំងប៉ុន្មានដែលយើងបានប្រគល់ឲ្យតាមរយៈម៉ូសេ»។ 12 លោកម៉ូសេមានប្រសាន៍ទៅកាន់លោកអើរ៉ុន និងកូនប្រុសទាំងពីររបស់គាត់ លោកអែឡាសា និងលោកអ៊ីថាម៉ាថា៖ «បន្ទាប់ពីថ្វាយតង្វាយម្សៅ ដែលដុតនៅចំពោះព្រះភក្រ្តព្រះអម្ចាស់ហើយ ត្រូវយកម្សៅមួយក្តាប់ទៅធ្វើជានំប៉័ងឥតមេ 13 ហើយបរិភោគនំប៉័ងឥតមេនេះនៅជិតអាសនៈព្រោះនំប៉័ងនេះជាអាហារដ៏បរិសុទ្ធបំផុត។ អ្នករាល់គ្នាត្រូវបរិភោគនំនេះនៅក្នុងទីសក្ការៈ ព្រោះជាចំណែករបស់បង និងកូនៗរបស់បង បានមកពីតង្វាយដុតថ្វាយព្រះអម្ចាស់ ដូចព្រះអម្ចាស់បានបង្គាប់មក។ 14 សាច់ទ្រូង និងសាច់ភ្លៅ នៃយញ្ញបូជាមេត្រីភាពរបស់ជនជាតិអ៊ីស្រាអែល ដែលលើកថ្វាយព្រះអម្ចាស់ អ្នករាល់គ្នាត្រូវបរិភោគនៅកន្លែងដែលបរិសុទ្ធ ជាមួយកូនប្រុសកូនស្រីរបស់បង ដ្បិត ជាចំណែករបស់បង និងកូនៗរបស់បង។ 15 ពួកគេត្រូវយកសាច់ភ្លៅ និងសាច់ទ្រូងលើកថ្វាយព្រះអម្ចាស់ រួចប្រគល់អោយបង និងកូនៗរបស់បង នៅពេលដែលគេដុតខ្លាញ់ថ្វាយព្រះអម្ចាស់។ ទាំងនេះត្រូវជាចំណែករបស់បង និងកូនៗរបស់បងជារៀងរហូតទៅ ស្របតាមបញ្ជារបស់ព្រះអម្ចាស់ដែលបានបង្គាប់មក»។ 16 លោកម៉ូសេបានសួររកពពែដែលជាយញ្ញបូជារំដោះបាប ហើយលោកក៏បានដឹងថាគេដុតវាផុតទៅហើយ។ នោះលោកក៏ខឹងនឹង លោកអេឡេសារ និងលោកអ៊ីថាម៉ារ ដែលជាកូនប្រុសដែលនៅរស់របស់លោកអើរ៉ុនយ៉ាងខ្លាំង លោកមានប្រសាសន៍ថា៖ 17 «ហេតុអ្វីបានជាអ្នករាល់គ្នាមិនបរិភោគសាច់នៃយញ្ញបូជារំដោះបាបនៅក្នុងទីសក្ការៈ? ដ្បិត នេះជាអាហារដ៏វិសុទ្ធបំផុត ដែលព្រះអម្ចាស់ប្រទានឲ្យអ្នករាល់គ្នា ដើម្បីដកបាបចេញពីសហគមន៍ និងធ្វើពិធីរំដោះបាបពួកគេ នៅចំពោះព្រះភក្ត្រព្រះអម្ចាស់? 18 មើល៍ ដោយអ្នករាល់គ្នាមិនបានយកឈាមចូលទៅក្នុងទីសក្ការៈទេ អ្នករាល់គ្នាត្រូវបរិភោគសាច់នៅក្នុងកន្លែងដ៏សក្ការៈ ដូចដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នា»។ 19 លោកអើរ៉ុនតបទៅលោកម៉ូសេថា៖ «មើលចុះ ថ្ងៃនេះជនជាតិអ៊ីស្រាអែល បាននាំយកយញ្ញបូជារំដោះបាប និងតង្វាយដុតទាំងមូលមកថ្វាយព្រះអម្ចាស់ ហើយកិច្ចការនេះបានកើតឡើងចំពោះបងពេញមួយថ្ងៃនេះ។ ប្រសិនបើ បងបរិភោគសាច់ទាំងអស់នៃយញ្ញបូជារំដោះបាប តើព្រះអម្ចាស់នឹងសព្វព្រះហឫទ័យដែររឺទេ? 20 ពេលដែលបានឮពាក្យនេះហើយ លោកម៉ូសេក៏យល់ស្របតាម។