ជំពូក ១១

1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖​ 2 «ចូរប្រកាសប្រាប់ជនជាតិអ៊ីស្រាអែលទាំងអស់ថា ទាំងនេះគឺជាសត្វដែលអ្នករាល់គ្នាអាចបរិភោគបាន​ក្នុងចំណោមសត្វដែលរស់នៅលើផែនដី។ 3 អ្នករាល់គ្នាអាចបរិភោគសត្វទាំងឡាយណា ដែលមានក្រចកជើងឆែក និងទំពារអៀង។ 4 អ្នករាល់គ្នាមិនត្រូវបរិភោគសត្វដែល គ្រាន់តែមានក្រចកជើងឆែក តែមិនទំពារអៀង ដូចជា សត្វអូដ្ឋ ព្រោះវាទំពារអៀង តែវាមិនមានក្រចកជើងឆែកនោះទេ។ ដូច្នេះ សត្វអូដ្ឋជាសត្វមិនបរិសុទ្ធសម្រាប់អ្នក។ 5 ទន្សាយថ្ម ក៏ជាសត្វមិនបរិសុទ្ធសម្រាប់អ្នករាល់គ្នាដែរ ដ្បិត វាទំពារអៀង តែវាមិនមានក្រចកជើងឆែកនោះទេ។ 6 ទន្សាយព្រៃ ជាសត្វមិនបរិសុទ្ធសម្រាប់អ្នករាល់គ្នាដែរ ដ្បិត វាទំពារអៀង តែមិនមានក្រចកជើងឆែកនោះទេ។ 7 ជ្រូកមានក្រចកជើងឆែក តែវាមិនទំពារអៀងទេ ដូច្នេះជាសត្វមិនបរិសុទ្ធសម្រាប់អ្នករាល់គ្នា។ ​ 8 អ្នករាល់គ្នាមិនត្រូវបរិភោគសាច់សត្វទាំងនោះ ហើយក៏មិនត្រូវប៉ះពាល់ខ្មោចវាដែរ។ ពួកវាគឺជាសត្វមិនបរិសុទ្ធសម្រាប់អ្នករាល់គ្នា។ 9 សត្វដែលរស់នៅក្នុងទឹកដែលអ្នករាល់គ្នាអាចបរិភោគបានគឺត្រូវជាសត្វដែលមានព្រុយ និងមានស្រការ ទោះបីជាសត្វដែលរស់នៅក្នុងសមុទ្រក្តី ក្នុងទន្លេក្តី។ 10 ប៉ុន្តែ សត្វទាំងឡាយណាដែលមិនមានព្រុយ មិនមានស្រការ ទោះបីជាសត្វដែលរស់នៅក្នុងសមុទ្រក្តី ឬក្នុងទន្លេក្តី ទោះបីជាពពួកសត្វល្អិតដែលរស់នៅរវើកក្នុងទឹក ឬសត្វទៀតដែលរស់ក្នុងសមុទ្រក្តី សត្វក្នុងទន្លេក្តី អ្នករាល់គ្នាត្រូវចាត់ទុកវាជាសត្វគួរស្អប់ខ្ពើម។ 11 អ្នករាល់គ្នាត្រូវស្អប់ខ្ពើមសត្វទាំងអស់នោះ មិនត្រូវបរិភោគសាច់របស់វាទេ​ ហើយសូម្បីតែខ្មោចសត្វទាំងនោះក៏មិនត្រូវប៉ះដែរ។ 12 អ្នករាល់គ្នាត្រូវស្អប់ខ្ពើមសត្វទាំងឡាយណា ដែលរស់នៅក្នុងទឹក ដែលគ្មានព្រុយ គ្មានស្រការ។ 13 ក្នុងចំណោមសត្វស្លាបដែលអ្នកត្រូវចាត់ទុកជាសត្វដែលគួរស្អប់ខ្ពើម បរិភោគមិនបានមានដូចជា ឥន្ទ្រី ត្មាត 14 ខ្លែង សត្វស្ទាំងគ្រប់ប្រភេទ 15 សត្វក្អែកគ្រប់ប្រភេទ 16 មៀម​ ទីទុយ រំពេរសមុទ្រ ស្ទាំងគ្រប់ប្រភេទ។ 17 អ្នករាល់គ្នាត្រូវស្អប់ខ្ពើមសត្វ មៀម ទីទុយ ក្អែកទឹក 18 គូក ទុង​ ស្មោញ 19 កុក ក្រសារគ្រប់ប្រភេទ ត្រសេះ និងប្រចៀវ។ 20 អ្នករាល់គ្នាត្រូវស្អប់ខ្ពើម គ្រប់ប្រភេទសត្វល្អិតដែលមានស្លាប ហើយដើរដោយជើងបួន។ 21 ប៉ុន្តែ អ្នករាល់គ្នាអាចបរិភោគសត្វដែលមានស្លាប ហើយអាចលោតលើដីបាន។ 22 អ្នករាល់គ្នាក៏អាចបរិភោគពពួក កណ្តូប​ ចង្រិត និងកណ្តូបគ្រប់ប្រភេទ។​ 23 ​​​ប៉ុន្តែ សត្វល្អិតដែលមានស្លាប និងមានជើងនោះ អ្នករាល់គ្នាត្រូវចាត់ទុកវាជាសត្វគួរស្អប់ខ្ពើម។ 24 ប្រសិនបើ អ្នកប៉ះពាល់ខ្មោចសត្វទាំងនោះ អ្នកនឹងទៅជាមិនបរិសុទ្ធរហូតដល់ពេលល្ងាច។ 25 អ្នកយកខ្មោចសត្វទាំងនោះ ត្រូវបោកសម្លៀកបំពាក់របស់ខ្លួន​ ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ពេលល្ងាច។ 26 គ្រប់ប្រភេទសត្វដែលមានក្រចកជើងឆែក ដែលមិនបែងចែកជាក់លាក់ ឬមិនទំពារអៀង គឺជាសត្វមិនបរិសុទ្ធសម្រាប់អ្នករាល់គ្នា។ អ្នកណាដែលប៉ះសត្វទាំងនោះនឹងស្ថិតក្នុងភាពមិនបរិសុទ្ធ។ 27 សត្វចតុបាតទាំងអស់ដែលដើរលើបាតជើង ជាសត្វមិនបរិសុទ្ធសម្រាប់អ្នក។ នរណាដែលប៉ះខ្មោចសត្វទាំងនោះ នឹងស្ថិតក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។ 28 អ្នកយកខ្មោចសត្វនោះ ត្រូវបោកសម្អាតសម្លៀកបំពាក់របស់គេ ហើយស្ថិតក្នុងភាពមិនបរិសុទ្ធរហូតដល់ពេលល្ងាច។ ត្រូវចាត់ទុកសត្វទាំងនេះ ជាសត្វគួរស្អប់ខ្ពើមសម្រាប់អ្នករាល់គ្នា។ 29 គ្រប់ប្រភេទសត្វដែលលូន វារ លើដីដូចជា​ សត្វស្ការ កណ្តុរប្រេង សត្វល្មូនគ្រប់ប្រភេទ 30 តុកកែ ជីងចក់ ថ្លែន ជាស បង្គួយ ជាសត្វមិនបរិសុទ្ធសម្រាប់អ្នករាល់គ្នា។ 31 ប្រភេទសត្វលូន វារទាំងនេះជាសត្វមិនបរិសុទ្ធសម្រាប់អ្នករាល់គ្នា។​ អ្នកណាដែលប៉ះខ្មោចសត្វទាំងនេះនឹងស្ថិតក្នុងភាពមិនបរិសុទ្ធរហូតដល់ពេលល្ងាច។ 32 ប្រសិនបើ ពួកវាងាប់ហើយធ្លាក់ទៅក្នុងអ្វីមួយ ដូចជាសម្ភារៈធ្វើពីឈើ សម្លៀកបំពាក់ ស្បែក សម្លៀកបំពាក់ធ្វើពីបាវ របស់នោះនឹងទៅជាមិនបរិសុទ្ធរហូតដល់ពេលល្ងាច ត្រូវយករបស់នោះដាក់ក្នុងទឹក ក្រោយមកនឹងប្រើបានវិញ។ បន្ទាប់មករបស់នោះនឹងបានបរិសុទ្ធ។ 33 ប្រសិនបើ ធ្លាក់ទៅក្នុងក្អមធ្វើពីដី អ្វីៗដែលនៅក្នុងនោះទៅជាមិនបរិសុទ្ធ អ្នកត្រូវបំបែកក្អមនោះចោល។ 34 ប្រសិនបើ គេចាក់ទឹកពីក្អមដែលមិនបរិសុទ្ធនោះទៅលើអាហារសម្រាប់បរិភោគ អាហារនោះនឹងទៅជាមិនបរិសុទ្ធ ហើយទឹកសម្រាប់ផឹកក៏មិនបរិសុទ្ធដែរ។ 35 ប្រសិនបើ ខ្មោចសត្វធ្លាក់ទៅលើរបស់អ្វីមួយ របស់នោះនឹងទៅជាមិនបរិសុទ្ធ ទោះបីជាឡ ឬចង្រ្កានក្តី អ្នករាល់គ្នាត្រូវកំទេចវាចោល ព្រោះវាជារបស់មិនបរិសុទ្ធ និងមិនបរិសុទ្ធសម្រាប់អ្នករាល់គ្នា។ 36 ប្រសិនបើ ខ្មោចសត្វធ្លាក់ចូលក្នុងប្រភពទឹក ឬអណ្តូងទឹក នោះទឹកនៅតែបរិសុទ្ធ​។ ប៉ុន្តែ អ្នកដែលយកខ្មោចសត្វនោះចេញ នឹងទៅជាមិនបរិសុទ្ធ។ 37 ប្រសិនបើ ខ្មោចសត្វធ្លាក់លើគ្រាប់ពូជសម្រាប់ដាំដុះ​ គ្រាប់ពូជនោះនៅតែបរិសុទ្ធ។ 38 ប៉ុន្តែ បើវាធ្លាក់ទៅលើគ្រាប់ពូជដែលត្រាំទឹករួចហើយនោះ គ្រាប់ពូជនោះនឹងទៅជាមិនបរិសុទ្ធសម្រាប់អ្នក។ 39 ប្រសិនបើ សត្វដែលអ្នកអាចបរិភោគបានងាប់ អ្នកដែលប៉ះវានឹងទៅជាមិនបរិសុទ្ធរហូតដល់ពេលល្ងាច។ 40 អ្នកដែលបរិភោគសត្វដែលស្លាប់នោះ ត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយស្ថិតក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។ ឯអ្នកដែលកាន់ខ្មោចសត្វនោះ ត្រូវបោកសម្លៀកបំពាក់របស់ខ្លួន និងស្ថិតក្នុងភាពមិនបរិសុុទ្ធរហូតដល់ពេលល្ងាច។ 41 មិនត្រូវបរិភោគសត្វលូនវារនៅលើដី ត្រូវចាត់ទុកជាសត្វគួរស្អប់ខ្ពើម។ 42 អ្នករាល់គ្នាមិនត្រូវបរិភោគសត្វដែលលូន ឬសត្វដែលវារនៅលើដីឡើយ ទោះបីជាសត្វដែលមានជើងបួន ឬមានជើងច្រើនក្តី ព្រោះជាសត្វគួរស្អប់ខ្ពើមសម្រាប់អ្នករាល់គ្នា។ 43 អ្នករាល់គ្នាមិនត្រូវបណ្តោយឲ្យខ្លួនរបស់អ្នករាល់គ្នាទៅជាមិនបរិសុទ្ធ ដោយប៉ះពាល់សត្វទាំងនោះឡើយ ព្រោះវាបណ្តាលឲ្យអ្នករាល់ទៅជាមិនបរិសុទ្ធ។ 44 យើងជាព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ត្រូវរក្សាខ្លួនរបស់អ្នកអោយវិសុទ្ធ ព្រោះយើងជាព្រះដ៏វិសុទ្ធ។ មិនត្រូវធ្វើឲ្យខ្លួនរបស់អ្នកទៅជាសៅហ្មង ដោយសារសត្វ ដែលលូនវារលើដីឡើយ។ 45 យើងគឺព្រះអម្ចាស់ ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ដើម្បីធ្វើជាព្រះរបស់អ្នករាល់គ្នា។ ចូរញែកខ្លួនឲ្យបានវិសុទ្ធ ដ្បិតយើងវិសុទ្ធ។ 46 នេះគឺជាក្រឹត្យវិន័យស្តីពីសត្វជើងបួន សត្វស្លាប និងសត្វដែលរស់រវើករវាន់ក្នុងទឹក និងសត្វដែលលូនវារនៅលើដី 47 ក្រឹត្យវិន័យទាំងនេះនាំឲ្យអ្នកអាចបែងចែករវាងសត្វដែលមិនបរិសុទ្ធ និងសត្វដែលបរិសុទ្ធ រវាងសត្វដែលអាចបរិភោគបាន និងមិនអាចបរិភោគបាន»។