1 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ 2 «ចូរប្រកាសប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ ប្រសិនបើ ស្ត្រីម្នាក់មានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសម្នាក់់ នោះនាងនឹងទៅជាមិនបរិសុទ្ធរយៈពេលប្រាំពីរថ្ងៃ ដូចពេលនាងមានរដូវដែរ។ 3 នៅថ្ងៃទីប្រាំបី គេត្រូវធ្វើពិធីកាត់ស្បែកឲ្យកូនប្រុសនោះ។ 4 បន្ទាប់មក នាងត្រូវរង់ចាំសាមសិបថ្ងៃទៀត ដើម្បីធ្វើពីធីជម្រះកាយដោយសារការធ្លាក់ឈាម។ នាងមិនអាចប៉ះពាល់វត្ថុដែលបរិសុទ្ធបានទេ ហើយក៏មិនអាចចូលទៅក្នុងទីសក្ការៈបានដែរ រហូតទាល់តែផុតពេលកំណត់នៃពិធីជម្រះកាយឲ្យបានវិសុទ្ធ។ 5 ប៉ុន្តែ ប្រសិនបើ នាងបង្កើតបានកូនស្រី នាងនឹងទៅជាមិនបរិសុទ្ធរយៈពេលពីរសប្តាហ៍ ដូចពេលដែលនាងមានរដូវដែរ។ បន្ទាប់មក នាងត្រូវរង់ចាំរយៈពេលហុកសិបប្រាំមួយថ្ងៃទៀត ដើម្បីធ្វើពិធីជម្រះកាយ ដោយសារការធ្លាក់ឈាមក្នុងឱកាសសម្រាលកូន។ 6 នៅថ្ងៃបញ្ចប់នៃការធ្វើពិធីជម្រះកាយដោយសារការសម្រាលកូន ទោះកូនប្រុសក្តី ឬកូនស្រីក្តី នាងត្រូវយកចៀមអាយុមួយឆ្នាំមួយ សម្រាប់ជាតង្វាយដុតទាំងមូល និងព្រាបជំទើរ ឬលលក សម្រាប់យញ្ញបូជារំដោះបាប ទៅត្រង់ច្រកចូលព្រះពន្លាជួបព្រះអម្ចាស់ ជូនបូជាចារ្យ។ 7 បន្ទាប់មក បូជាចារ្យយកថ្វាយចំពោះព្រះអម្ចាស់ រួចធ្វើពិធីជម្រះកាយឲ្យនាងរួចពីបាប នាងនឹងបានបរិសុទ្ធពីភាពសៅហ្មង ដោយសារការធ្លាក់ឈាមនោះ។ នេះជាក្រឹត្យវិន័យស្តីពីស្ត្រី ដែលបង្កើតកូន ទោះបីប្រុសក្តីឬ ស្រីក្តី។ 8 ប្រសិនបើ នាងមិនមានលទ្ធភាពថ្វាយចៀមទេនោះ នាងត្រូវយកលលកពីរ ឬព្រាបជំទើរពីរ សម្រាប់តង្វាយដុតទាំងមូល និងមួយទៀតសម្រាប់ថ្វាយជាយញ្ញបូជារំដោះបាប លោកបូជាចារ្យ នឹងធ្វើពិធីជំរះកាយឲ្យនាងរួចហើយ នាងនឹងបានជាបរិសុទ្ធវិញ»។