1 ព្រះអម្ចាស់មានព្រះបន្ទូលទៅលោកម៉ូសេ ថា៖ 2 «ចូរនាំអើរ៉ុន និងកូនប្រុសៗទាំងអស់របស់គាត់ ព្រមទាំងសម្លៀកបំពាក់ និងប្រេងសម្រាប់តែងតាំងបូជាចារ្យ គោបាសម្រាប់យញ្ញបូជារំដោះបាប ចៀមឈ្មោលពីរ ហើយនិងល្អីដាក់នំប៉័ងឥតតំបែរ។ 3 រួចប្រមូលសហគមន៍អ៊ីស្រាអែលទាំងមូលឲ្យមកជួបជុំគ្នានៅត្រង់ច្រកចូលព្រះពន្លាជួបព្រះអម្ចាស់»។ 4 ដូច្នេះ លោកម៉ូសេបានធ្វើតាមបង្គាប់របស់ព្រះអម្ចាស់ ហើយសហគមន៍ទាំងមូលបានមកជួបជុំគ្នានៅត្រង់ច្រកចូលព្រះពន្លា។ 5 បន្ទាប់មក លោកម៉ូសេមានប្រសាសន៍ទៅកាន់សហគមន៍ទាំងមូលថា៖ «នេះគឺជាអ្វីដែលព្រះអម្ចាស់បង្គាប់ឲ្យធ្វើ»។ 6 លោកម៉ូសេបានធ្វើពិធីជម្រះកាយឲ្យលោកអើរ៉ុន និងកូនៗរបស់លោកដោយទឹក។ 7 លោកក៏បានពាក់អាវវែងជូនលោកអើរ៉ុន យកខ្សែក្រវាត់មកក្រវាត់ចង្កេះ ពាក់អាវធំ និងអាវអេផូតពីលើ បន្ទាប់មក លោកត្រូវយកខ្សែក្រវាត់ព័ទ្ធជុំវិញអេផូតផង។ 8 លោកម៉ូសេយកគ្រឿងពាក់លើទ្រូងមកពាក់ជូនលោកអើរ៉ុន ដែលក្នុងនោះមានដាក់ យូរីម និង ធូមីម។ 9 លោកក៏ពាក់ឆ្នួតក្បាល ដែលនៅខាងលើ និងខាងមុខឆ្នួតនោះមានខ្ទាស់សន្លឹមមាស ជាមកុដដ៏បរិសុទ្ធ តាមព្រះបន្ទូលបង្គាប់បញ្ជារបស់ព្រះអម្ចាស់។ 10 លោកម៉ូសេយកប្រេងសម្រាប់ធ្វើពិធីតែងតាំង ហើយបានប្រើប្រេងនោះញែកព្រះពន្លា និងវត្ថុទាំងអស់ដែលមាននៅក្នុងព្រះពន្លា ទុកជាសក្ការៈថ្វាយព្រះអម្ចាស់។ 11 លោកប្រោះប្រេងប្រាំពីរដងលើអាសនៈ ដើម្បីញែកអាសនៈ និងគ្រឿងបរិក្ខាររបស់អាសនៈ ព្រមទាំងអាងសម្រាប់ធ្វើពិធីជម្រះកាយ និង កំណល់របស់អាងនោះ ទុកជាសក្ការៈថ្វាយព្រះអម្ចាស់។ 12 លោកម៉ូសេចាក់ប្រេងខ្លះលើក្បាលលោកអើរ៉ុន ដើម្បីញែកលោកជាសក្ការៈ។ 13 លោកក៏នាំកូនប្រុសៗរបស់លោកអើរ៉ុនមក ហើយបំពាក់អាវវែងឲ្យពួកគេ។ លោកក្រវាត់ខ្សែក្រវាត់នឹងចង្កេះ ទាំងបំពាក់ឈ្នួតក្បាលធ្វើពីក្រណាត់លីឡុង តាមព្រះបន្ទូលបង្គាប់បញ្ជារបស់ព្រះអម្ចាស់។ 14 លោកម៉ូសេ បានយកគោបាសម្រាប់យញ្ញបូជារំដោះបាប ហើយលោកអើរ៉ុន និងកូនៗរបស់គាត់បានដាក់ដៃរបស់ពួកគេលើក្បាលគោបាដែលពួកគេបានយកមកសម្រាប់ជាយញ្ញបូជារំដោះបាបនោះ។ 15 គាត់បានចាក់កសម្លាប់វា ហើយគាត់បានជ្រលក់ម្រាមដៃរបស់គាត់ទៅក្នុងឈាមគោបា នឹងលាបលើស្នែងទាំងបួននៃអាសនៈ ដើម្បីជម្រះអាសនៈឲ្យបរិសុទ្ធ លោកយកឈាមដែលនៅសល់ទៅចាក់នៅត្រង់ជើងអាសនៈ ញែកអាសនៈជាសក្ការៈ ស្របតាមបញ្ជាដែលព្រះអង្គបានបង្គាប់មក។ 16 លោកយកខ្លាញ់ទាំងអស់ដែលនៅជាប់នឹងពោះវៀន ថ្លើម ក្រលៀនទាំងពីរ ព្រមទាំងខ្លាញ់ដែលជាប់នឹងក្រលៀនមកដុតនៅលើអាសនៈ។ 17 ប៉ុន្តែស្បែក សាច់ និងលាមក របស់គោបានោះ ត្រូវដុតនៅក្រៅជំរំ តាមបទបញ្ជារបស់ព្រះអម្ចាស់ដែលបានបង្គាប់មកលោកម៉ូសេ។ 18 លោកម៉ូសេ បានថ្វាយចៀមឈ្មោលជាយញ្ញបូជាដុតទាំងមូល ហើយលោកអើរ៉ុន និងកូនៗរបស់គាត់ ដាក់ដៃលើក្បាលចៀមឈ្មោលនោះ។ 19 គាត់បានចាក់កសម្លាប់ចៀមឈ្មោលនោះ ហើយប្រោះឈាមលើជ្រុងទាំងបួននៃអាសនៈ។ 20 លោកម៉ូសេកាត់សាច់ជាដុំៗ ហើយដុតទាំងក្បាល ទាំងដុំសាច់ ទាំងខ្លាញ់។ 21 លោកយកទឹកមកលាងសម្អាតអាការៈខាងក្នុង និងជើងទាំងអស់ ហើយលោកដុតចំណែកនៃចៀមទាំងអស់លើអាសនៈ។ នេះជាតង្វាយដុតទាំងមូល ជាយញ្ញបូជាដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ស្របតាមព្រះបន្ទូលបបង្គាប់របស់ព្រះអម្ចាស់មកកាន់លោកម៉ូសេ។ 22 បន្ទាប់មក ទៀតលោកម៉ូសេ យកចៀមឈ្មោលទីពីរ គឺចៀមសម្រាប់ពិធីតែងតាំងបូជាចារ្យ លោកអើរ៉ុន និងកូនៗរបស់គាត់ដាក់ដៃលើក្បាលចៀមឈ្មោលនោះ។ 23 លោកអើរ៉ុន ចាក់កសម្លាប់វា ហើយលោកម៉ូសេយកឈាមខ្លះទៅលាបស្លឹកត្រចៀកខាងស្តាំ មេដៃស្តាំ និងមេជើងខាងស្តាំរបស់លោកអើរ៉ុន។ 24 លោកក៏នាំកូនប្រុសៗរបស់លោកអើរ៉ុន ហើយយកឈាមលាបលើស្លឹកត្រចៀកខាងស្តាំ មេដៃស្តាំ និងមេជើងស្តាំរបស់ពួកគេដែរ។ បន្ទាប់មក លោកម៉ូសេបានប្រោះឈាមលើជ្រុងទាំងបួនរបស់អាសនៈ។ 25 គាត់យកខ្លាញ់ ខ្លាញ់ជាប់កន្ទុយ ខ្លាញ់ជាប់ពោះវៀនទាំងអស់ ខ្លាញ់ជាប់រំពែង និងក្រលៀនទាំងពីរ និងខ្លាញ់ដែលជាប់ក្រលៀនទាំងពីរ និងភ្លៅស្តាំ។ 26 រួចយកនំប៉័ងឥតមេនៅក្នុងល្អីដែលតម្កល់នៅចំពោះព្រះភក្រ្តព្រះអម្ចាស់ នំធ្វើពីម្សៅលាយប្រេង និងនំក្រៀប ហើយដាក់នៅលើខ្លាញ់និងភ្លៅស្តាំ។ 27 លោកយកតង្វាយទាំងអស់ដាក់លើដៃរបស់អើរ៉ុន និងកូនៗរបស់គាត់ ហើយបង្គាប់ឲ្យពួកគេលើកតង្វាយនោះថ្វាយព្រះអម្ចាស់។ 28 បន្ទាប់មក លោកម៉ូសេយកតង្វាយនោះចេញពីដៃរបស់ពួកគេ ហើយដុតនៅលើអាសនៈ សម្រាប់តង្វាយដុតទាំងមូល។ នេះជាយញ្ញបូជាសម្រាប់តែងតាំងបូជាចារ្យ និងជាតង្វាយដ៏មានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់។ 29 លោកម៉ូសេយកសាច់ទ្រូងនៃយញ្ញបូជា សម្រាប់តែងតាំងបូជាចារ្យ លើកថ្វាយព្រះជាម្ចាស់។ សាច់នេះត្រូវជាចំណែករបស់លោក ស្របតាមសេចក្តីបង្គាប់របស់ព្រះអម្ចាស់មកកាន់លោក។ 30 លោកម៉ូសេយកប្រេងសម្រាប់តែងតាំងបូជាចារ្យ និងឈាមខ្លះដែលនៅលើអាសនៈ ប្រោះលើលោកអើរ៉ុន អាវរបស់គាត់ កូនប្រុសៗរបស់គាត់និងលើអាវរបស់ពួកគេ។ ធ្វើដូច្នេះ លោកញែកលោកអើរ៉ុន អាវរបស់លោក កូនៗរបស់លោក និងសម្លៀកបំពាក់របស់ពួកគេ ឲ្យបានបរិសុទ្ធថ្វាយព្រះអម្ចាស់។ 31 លោកម៉ូសពោលទៅកាន់លោកអើរ៉ុនថា ៖ «ចូរចម្អិនសាច់នៅត្រង់ច្រកចូលព្រះពន្លាជួបព្រះជាម្ចាស់ ហើយបរិភោគសាច់នោះជាមួយនំប៉័ងដែលនៅក្នុងល្អីដែលប្រើសម្រាប់ពីធីតែងតាំង ដូចដែលយើងបង្គាប់មកថា អើរ៉ុន និងកូនៗរបស់គេត្រូវបរិភោគ។ 32 សាច់ និងនំប៉័ងដែលនៅសល់ត្រូវដុត។ 33 អ្នករាល់គ្នាមិនត្រូវចាកចេញពីព្រះពន្លាជួបព្រះអម្ចាស់មុនថ្ងៃទីប្រាំពីរនោះទេ រហូតដល់ថ្ងៃទីប្រាំពីរ ដែលជាថ្ងៃចុងក្រោយនៃពិធីតែងតាំង ដែលព្រះអម្ចាស់បានបង្គាប់មកកំណត់រយៈពេលប្រាំពីរថ្ងៃ។ 34 ព្រះអម្ចាស់បានបញ្ជាឲ្យធ្វើដូចនេះក្នុងថ្ងៃនេះ គឺដើម្បីរំដោះអ្នករាល់គ្នាឲ្យរួចពីបាប។ 35 អ្នករាល់គ្នាត្រូវស្ថិតនៅព្រះពន្លាជួបព្រះអម្ចាស់ ទាំងថ្ងៃ ទាំងយប់ រយៈពេលប្រាំពីរថ្ងៃ។ បើអ្នករាល់គ្នាធ្វើដូច្នេះ នោះអ្នករាល់គ្នានឹងមិនត្រូវស្លាប់ឡើយ ក្នុងការបម្រើព្រះអម្ចាស់»។ 36 ដូច្នេះលោកអើរ៉ុន និងកូនប្រុសៗរបស់លោក ធ្វើតាមព្រះបន្ទូលទាំងប៉ុន្មានដែលព្រះអម្ចាស់បានបង្គាប់មកតាមរយៈលោកម៉ូសេ។