ជំពូក ៧

1 នេះគឺជាក្រឹត្យវិន័យអំពីយញ្ញបូជារំដោះបាប ជាតង្វាយដ៏វិសុទ្ធ។ 2 ត្រូវសម្លាប់សត្វសម្រាប់យញ្ញបូជារំដោះបាបនៅកន្លែងដែលត្រូវសម្លាប់​ហើយត្រូវប្រោះឈាមរបស់សត្វនោះលើជញ្ជាំងអាសនៈ។ 3 ខ្លាញ់ទាំងអស់ រួមមានខ្លាញ់ដែលជាប់កន្ទុយ ខ្លាញ់ដែលជាប់នឹងពោះវៀន 4 ក្រលៀនទាំងពីរ រួមទាំងខ្លាញ់ដែលជាប់ជាមួយរហូតដល់ចង្កេះ និងអ្វីៗទាំងអស់ដែលជាប់ជាមួយថ្លើម ត្រូវកាត់ផ្តាច់ចេញជាមួយក្រលៀន។ 5 បូជាចារ្យត្រូវដុតផ្នែកទាំងអស់នេះនៅលើអាសនៈ ជាតង្វាយដុតថ្វាយដល់ព្រះអម្ចាស់ នេះជាយញ្ញបូជារំដោះបាប។ 6 មានតែមនុស្សប្រុសក្នុងចំណោមបូជាចារ្យតែប៉ុណ្ណោះដែលអាចបរិភោគចំណែកនៃតង្វាយនេះបាន។ ពួកគេត្រូវបរិភោគនៅក្នុងទីសក្ការៈ ព្រោះនេះជារបស់ដ៏បរិសុទ្ធ។ 7 ក្រឹត្យវិន័យទាំងប៉ុន្មានស្តីពីយញ្ញបូជាលោះបាប ក៏ដូចគ្នាទៅនឹងក្រឹត្យវិន័យស្តីពីយញ្ញបូជារំដោះបាបដែល សាច់របស់សត្វនៃយញ្ញបូជា ជាចំណែករបស់បូជាចារ្យដែលធ្វើពិធីនោះ។ 8 ប្រសិនបើ បូជាចារ្យថ្វាយតង្វាយដុតទាំងមូលសម្រាប់អ្នកណាម្នាក់ ស្បែកនៃសត្វដែលគេថ្វាយនោះ ត្រូវជាចំណែករបស់បូជាចារ្យ។ 9 តង្វាយម្សៅទាំងអស់ ទោះបីនំដែលដុតក្នុងឡ ឬដុតក្នុងពុម្ព ឬនំចៀន ត្រូវបានជាចំណែករបស់បូជាចារ្យ ដែលធ្វើពិធីនោះ។ 10 តង្វាយម្សៅទាំងអស់ ដែលលាយជាមួយប្រេងក្តី មិនទាន់លាយក្តី ត្រូវបានជាចំណែកស្មើៗគ្នា សម្រាប់កូនចៅទាំងអស់របស់លោកអើរ៉ុន»។ 11 នេះជាក្រឹត្យវិន័យស្តីពីតង្វាយនៃយញ្ញបូជាមេត្រីភាពដែលគេថ្វាយព្រះជាម្ចាស់។ 12 ប្រសិនបើ នរណាម្នាក់ ថ្វាយតង្វាយសម្រាប់ការអរព្រះគុណ ត្រូវយកនំដែលធ្វើពីម្សៅឥតមេ ប៉ុន្តែ ត្រូវលាយប្រេង នំក្រៀប ជានំឥតមេ តែត្រូវលាយជាមួយប្រេង ជានំដែលធ្វើពីម្សៅម៉ដ្តដែលលាយជាមួយប្រេង។ 13 គេត្រូវយកនំប៉័ងដែលមានមេ មកថ្វាយរួមជាមួយជាមួយយញ្ញបូជាមេត្រីភាព សម្រាប់ការអព្រះគុណដែរ។ 14 ត្រូវរំលែកនំដែលគេយកមកតាមប្រភេទតង្វាយនីមួយៗ ទុកសម្រាប់ព្រះអម្ចាស់ គឺជាចំណែករបស់បូជាចារ្យ ដែលធ្វើពិធីប្រោះឈាមនៃយញ្ញបូជាមេត្រីភាពលើអាសនា។ 15 ចំណែកឯសាច់នៃយញ្ញបូជាមេត្រីភាពដែលថ្វាយសម្រាប់ការអរព្រះគុណ ត្រូវបរិភោគនៅក្នុងថ្ងៃនោះឲ្យអស់ គឺមិនត្រូវទុកឲ្យនៅសល់រហូតដល់ពេលព្រឹកថ្ងៃបន្ទាប់ឡើយ។ 16 ប៉ុន្តែ ប្រសិនបើតង្វាយនោះជាតង្វាយលាបំណន់ ឬជាតង្វាយស្ម័គ្រពីចិត្ត សាច់នៃតង្វាយនោះត្រូវបរិភោគនៅក្នុងថ្ងៃដែលគេថ្វាយតង្វាយ ប៉ុន្តែ ប្រសិនបើសាច់នៅសល់គេអាចបរិភោគនៅថ្ងៃបន្ទាប់បាន។ 17 សាច់នៃតង្វាយមេត្រីដែលនៅសល់រហូតដល់ថ្ងៃទីបីត្រូវដុតចោល។ 18 ប្រសិនបើ សាច់នៃយញ្ញបូជាមេត្រីភាពនៅសល់ដល់ថ្ងៃទីបី ហើយគេបរិភោគសាច់នោះ នោះនឹងនាំឲ្យគេមានទោស ព្រះអម្ចាស់មិនទទួលយកតង្វាយនោះទេ ព្រោះជាតង្វាយឥតបានការ ហើយជាសាច់ដែលសៅហ្មង។ 19 សាច់ដែលប៉ះជាមួយវត្ថុដែលមិនបរិសុទ្ធ មិនត្រូវបរិភោគទេ គឺត្រូវដុតវាចោលវិញ។ សាច់នៃយញ្ញបូជាគឺមានតែមនុស្សបរិសុទ្ធតែប៉ុណ្ណោះដែលអាចបរិភោគបាន។ 20 ប្រសិនបើ អ្នកណាម្នាក់មិនបរិសុទ្ធ ហើយបរិភោគសាច់នៃយញ្ញបូជាមេត្រីភាពដែលគេថ្វាយព្រះអម្ចាស់ អ្នកនោះត្រូវបណ្តេញចេញពីចំណោមប្រជាជនជាកុលសម្ព័ន្ធរបស់ខ្លួន។ 21 ប្រសិនបើ អ្នកណាម្នាក់ប៉ះពាល់របស់មិនបរិសុទ្ធ គេនឹងទៅជាមនុស្សមិនបរិសុទ្ធ ឬជាសត្វមិនបរិសុទ្ធ ឬវត្ថុមិនបរិសុទ្ធ ឬជារបស់ដ៏គួរស្អប់ខ្ពើម។ ហើយប្រសិនបើ មនុស្សម្នាក់នោះ បរិភោគសាច់នៃយញ្ញបូជាមេត្រីភាពដែលគេថ្វាយព្រះអម្ចាស់ គេត្រូវបណ្តេញចេញពីចំណោមប្រជាជនជាកុលសម្ព័ន្ធរបស់គេ។ 22 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 23 «ចូរប្រកាសប្រាប់ដល់ប្រជាជនអ៊ីស្រាអែលថា៖ «អ្នករាល់គ្នាមិនត្រូវបរិភោគខា្លញ់ពី គោឈ្មោល ឬចៀម ឬពពែទេ។ 24 ខ្លាញ់នៃសត្វដែលស្លាប់មិនមែនសម្រាប់ថ្វាយជាតង្វាយ ឬខ្លាញ់នៃសត្វដែលងាប់ដោយសត្វដទៃហែក អាចប្រើទៅធ្វើអ្វីក៏បាន តែមិនត្រូវបរិភោគទេ។ 25 ប្រសិនបើ អ្នកណាម្នាក់បរិភោគខ្លាញ់សត្វដែលគេថា្វយជាតង្វាយដុតទៅព្រះអម្ចាស់ អ្នកនោះត្រូវបណ្តេញចេញពីចំណោមកុលសម្ព័ន្ធរបស់គេ។ 26 ទោះបីអ្នករាល់គ្នារស់នៅទីណាក្តី អ្នករាល់គ្នាមិនត្រូវបរិភោគឈាមពីសត្វស្លាប ឬពីសត្វចតុបាទឡើយ។ 27 ប្រសិនបើ អ្នកណាម្នាក់បរិភោគឈាម​ ត្រូវបណ្តេញអ្នកនោះចេញពីចំណោមកុលសម្ព័ន្ធរបស់គេ។ 28 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ 29 ចូរប្រកាសប្រាប់ប្រជាជនអ៊ីស្រាអែលថា ប្រសិនបើ អ្នកណាម្នាក់ចង់ថ្វាយយញ្ញបូជាមេត្រីភាព គេត្រូវបណ្តេញចេញពីកុលសម្ព័ន្ធរបស់គេ។ 30 គេត្រូវយកតង្វាយដុតមកថ្វាយព្រះអម្ចាស់ ដោយផ្ទាល់ដៃរបស់គាត់។ គឺត្រូវនាំយកខ្លាញ់ជាមួយនឹងសាច់ទ្រូង ដែលត្រូវលើកថ្វាយព្រះអម្ចាស់។ 31 បូជាចារ្យត្រូវដុតខ្លាញ់នៅលើអាសនៈ ប៉ុន្តែ សាច់ទ្រូងនៃតង្វាយជាចំណែករបស់អើរ៉ុន និងពូជពង្សរបស់គាត់។ 32 អ្នកត្រូវរំលែកភ្លៅស្តាំនៃយញ្ញបូជាមេត្រី ទៅជូនបូជាចារ្យដែលលើកតង្វាយនោះ។ 33 ភ្លៅស្តាំត្រូវជាចំណែករបស់បូជាចារ្យណា ដែលថ្វាយខ្លាញ់និងឈាមនៅលើអាសនៈ។ 34 យើងនឹងយកសាច់ទ្រូងមួយចំណែក និងចំណែកខ្លះនៃតង្វាយដែលគេលើកថ្វាយ អោយទៅអើរ៉ុន និងកូនចៅរបស់គាត់។ ប្រជាជនអ៊ីស្រាអែលត្រូវប្រគល់ចំណែកទាំងនោះជូនបូជាចារ្យ ជារៀងរហូត។ 35 នេះគឺជាចំណែកនៃតង្វាយដុតដែលជារបស់លោកអើរ៉ុន​ និងកូនៗរបស់គាត់ចាប់តាំងពីថ្ងៃដែលលោកម៉ូសេ បានធ្វើពិធីតែងតាំងពួកគេជាបូជាចារ្យ សម្រាប់បម្រើព្រះអម្ចាស់។ 36 នេះជាចំណែកដែលព្រះអម្ចាស់បានបង្គាប់មកដល់ជនជាតិអ៊ីស្រាអែល ដែលត្រូវឲ្យទៅពួកគេ។ នេះជាច្បាប់ដែលត្រូវអនុវត្តតាមគ្រប់ជំនាន់តទៅ ឥតមានការប្រែប្រួលឡើយ។ 37 នេះជាក្រឹត្យវិន័យស្តីពីតង្វាយដុតទាំងមូល តង្វាយម្សៅ យញ្ញបូជារំដោះបាប យញ្ញបូជាលោះបាប យញ្ញបូជាសម្រាប់តែងតាំងបូជាចារ្យ និងយញ្ញបូជាមេត្រីភាព 38 ដែលព្រះអម្ចាស់បានប្រគល់មកឲ្យលោកម៉ូសេ នៅភ្នំស៊ីណៃ នៅថ្ងែដែលព្រះអម្ចាស់បានបង្គាប់ឲ្យជនជាតិអ៊ីស្រាអែលឲ្យយកតង្វាយមកថ្វាយព្រះអម្ចាស់នៅវាលរហោស្ថានស៊ីណៃ»។