1 ព្រះអម្ចាស់មានព្រះបន្ទូលទៅលោកម៉ូសេថា៖ 2 «ប្រសិនបើអ្នកណាម្នាក់ប្រព្រឹត្តអំពើបាបដោយបំពានលើវិន័យរបស់ព្រះអម្ចាស់ ដូចជាបំបាត់យកវត្ថុអ្វីមួយពីអ្នកជិតខាង ឬប្រសិនបើ គាត់បោកប្រាស់ ឬលួចរបស់គេ ឬកំហែងយកទ្រព្យជនរួមជាតិរបស់ខ្លួន 3 ឬគេបានកុហក ឬស្បថដោយបំពានថា មិនបានឃើញរបស់ដែលបាត់ នៅពេលដែលបានរកឃើញរបស់នោះ ឬក៏ក្នុងកិច្ចការដូចគ្នានឹងបញ្ហាទាំងនេះ 4 នោះវាបណ្តាលឲ្យគេមានទោស ឬមានបាប គេត្រូវតែសងរបស់ដែលគេបានលួច ឬបានកំហែងយក ឬត្រូវសងរបស់ដែលបានយកមកបញ្ចាំ ទៅសងម្ចាស់ដើម ឬដែលបានបាត់ វត្ថុដែលបានរកឃើញនោះវិញ។ 5 នៅពេលដែលគេបានដឹងពីកំហុសរបស់ខ្លួន គេត្រូវសងរបស់ដែលគេបានបន្លំយក ឬលួចយកនោះទៅម្ចាស់ដើមវិញ ទាំងបន្ថែមតម្លៃមួយភាគប្រាំលើវត្ថុនោះផង។ 6 បន្ទាប់មក គេត្រូវនាំយកតង្វាយលោះបាបទៅថ្វាយព្រះអម្ចាស់ គឺគេត្រូវយកចៀមឈ្មោលមួយល្អឥតខ្ចោះពីហ្វូងសត្វរបស់ខ្លួន ទៅជូនលោកបូជាចារ្យ ដោយគិតតាមតម្លៃយញ្ញបូជាលោះបាប។ 7 លោកបូជាចារ្យនឹងធ្វើពីធីនេះ សម្រាប់រំដោះបាបដែលអ្នកនោះបានប្រព្រឹត្ត ទោះបីគេបានប្រព្រឹត្តកុំហុសអ្វីក៏ដោយ»។ 8 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 9 «ចូរបង្គាប់អើរ៉ុន និងកូនចៅរបស់គាត់ដូចតទៅ នេះគឺជាក្រឹត្យវិន័យស្តីពីតង្វាយដុតទាំងមូល ត្រូវរក្សាទុកតង្វាយដុតទាំងមូល នៅលើអាសនៈពេញមួយយប់រហូតដល់ព្រឹក ហើយភ្លើងត្រូវរក្សាឲ្យឆេះរហូត។ 10 បូជាចារ្យត្រូវតែពាក់អាវវែង និងស្លៀកខោខ្លីធ្វើពីក្រណាត់ទេសឯក។ គាត់ត្រូវតែកើបផេះដែលបានពីការបូជាតង្វាយដុតទាំងមូលចេញពីអាសនៈ ហើយយកវាទៅដាក់ក្បែរអាសនៈ។ 11 បន្ទាប់មកលោកត្រូវដោះសម្លៀកបំពាក់របស់លោក ហើយស្លៀកសម្លៀកបំពាក់ដទៃទៀត ដើម្បីយកផេះទៅខាងក្រៅជំរំ ចាក់នៅកន្លែងបរិសុទ្ធ។ 12 ភ្លើងនៅលើអាសនៈត្រូវតែរក្សាឲ្យឆេះជានិច្ច គឺមិនត្រូវឲ្យរលត់ឡើយ ហើយជារៀងរាល់ព្រឹកបូជាចារ្យត្រូវតែថែមអុសនៅលើអាសនៈ គាត់ត្រូវដាក់តង្វាយដុតទាំងមូលពីលើ ព្រមទាំងដុតខ្លាញ់នៃយញ្ញបូជាមេត្រីភាពរួមជាមួយផង។ 13 ភ្លើងត្រូវតែរក្សាឲ្យឆេះជានិច្ចនៅលើអាសនៈ គឺមិនត្រូវឲ្យរលត់ឡើយ។ 14 នេះគឺជាក្រឹត្យវិន័យស្តីអំពីតង្វាយម្សៅ។ កូនរបស់លោកអើរ៉ុនត្រូវថ្វាយដង្វាយម្សៅនៅចំពោះព្រះភក្ត្រព្រះអម្ចាស់នៅខាងមុខអាសនៈ។ 15 បូជាចារ្យត្រូវយកម្សៅម៉ដ្តពេញមួយក្តាប់ ព្រមទាំងប្រេង និងគ្រឿងក្រអូបទាំងអស់ ដែលមាននៅលើដង្វាយម្សៅ រួចដុតនៅលើអាសនៈទុកជាទីរំលឹក ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ 16 រីឯតង្វាយដែលនៅសល់ត្រូវបានជាចំណែករបស់លោកអើរ៉ុន និងកូនៗរបស់គាត់ ពួកគេត្រូវបរិភោគនំប៉័ងឥតមេ នៅក្នុងទីបរិសុទ្ធ ពួកគេត្រូវបរិភោគនៅទីដ៏សក្ការៈនៅក្នុងព្រះពន្លាជួបព្រះអម្ចាស់។ 17 មិនត្រូវដុតនំប៉័ងលាយមេឡើយ។ ដ្បិត យើងបានយកចំណែកពីតង្វាយដុតរបស់យើងឲ្យពួកគេ។ នេះជាចំណែកដ៏វិសុទ្ធបំផុត ដូចយញ្ញបូជារំដោះបាប និងតង្វាយលោះបាបដែរ។ 18 គ្រប់ជំនាន់ទាំងអស់ គឺមានតែមនុស្សប្រុសជាពូជពង្សរបស់លោកអើរ៉ុនតែប៉ុណ្ណោះ ដែលមានសិទ្ធិបរិភោគនំប៉័ងនេះ ដែលជាចំណែកដែលត្រូវញែកចេញពីតង្វាយដុតរបស់ព្រះអម្ចាស់។ អ្វីៗដែលប៉ះនឹងតង្វាយទាំងនេះនឹងបានបរិសុទ្ធ»។ 19 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេសារជាថ្មីថា៖ 20 «នេះគឺជាការថ្វាយសម្រាប់លោកអើរ៉ុន និងកូនៗរបស់គាត់នៅថ្ងៃដែលពួកគេទទួលការចាក់ប្រេងតែងតាំងធ្វើជាបូជាចារ្យ សម្រាប់ព្រះអម្ចាស់ គឺត្រូវយកម្សៅម៉ដ្តទម្ងន់មួយភាគដប់នៃអេផា ទុកជាតង្វាយអចិន្ត្រៃ គឺពាក់កណ្តាលថ្វាយនៅពេលព្រឹក និងពាក់កណ្តាលថ្វាយនៅពេលល្ងាច។ 21 ត្រូវយកម្សៅលាយជាប្រេង ហើយដុតនៅក្នុងពុម្ព នៅពេលដែលនំឆ្អិនហើយ ត្រូវកាត់នំនេះជាដុំៗ ហើយលើកនំថ្វាយព្រះអម្ចាស់ ជាតង្វាយដែលក្លិនឈ្ងុយ ជាទីគាប់ព្រះហឫទ័យព្រះអង្គ។ 22 កូនប្រុសរបស់មហាបូជាចារ្យ ដែលទទួលការចាក់ប្រេងតាំងជាមហាបូជាចារ្យបន្តពីគាត់ ត្រូវថ្វាយតង្វាយនេះដែរ។ គឺជាតង្វាយដែលត្រូវដុតទាំងអស់ ថ្វាយព្រះអម្ចាស់ ជារៀងរហូត។ 23 សម្រាប់បូជាចារ្យតង្វាយម្សៅទាំងអស់ត្រូវដុត គឺមិនត្រូវទុកបរិភោគឡើយ។ 24 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេ សារជាថ្មីថា៖ 25 «ចូរនិយាយទៅកាន់អើរ៉ុន និងកូនៗរបស់គាត់ថា នេះគឺជាក្រឹត្យវិន័យស្តីអំពីយញ្ញបូជារំដោះបាប សត្វនៃយញ្ញបូជារំដោះបាបត្រូវចាក់កសម្លាប់នៅកន្លែងដែលគេសម្លាប់សត្វ សម្រាប់តង្វាយដុតទាំងមូលថ្វាយព្រះជាម្ចាស់។ 26 បូជាចារ្យដែលថ្វាយយញ្ញបូជារំដោះបាប ត្រូវបរិភោគតង្វាយនេះ នៅក្នុងទីធ្លានៃព្រះពន្លាជួបព្រះជាម្ចាស់។ 27 អ្វីៗដែលប៉ះជាមួយនឹងសាច់នេះ គឺបានបរិសុទ្ធទាំងអស់ ហើយប្រសិនបើ ឈាមខ្ទាតប្រឡាក់សម្លៀកបំពាក់ អ្នកត្រូវលាងកន្លែងដែលប្រឡាក់នោះ នៅក្នុងទីដ៏សក្ការៈ។ 28 ប៉ុន្តែ ថ្លាងដីដែលប្រើសម្រាប់ចម្អិនសាច់នោះ ត្រូវបំបែកចោល បន្ទាប់ពីចម្អិនហើយ។ ប្រសិនបើ ប្រើថ្លាងលង្ហិនចម្អិនសាច់ បន្ទាប់ពី ប្រើហើយ ត្រូវយកថ្លាងនោះទៅដុស និងលាងសម្អាតក្នុងទឹក។ 29 មានតែប្រុសៗក្នុងចំណោមបូជាចារ្យប៉ុណ្ណោះដែលមានសិទ្ធិបរិភោគសាច់នេះ ព្រោះជារបស់ដ៏បរិសុទ្ធ។ 30 ប៉ុន្តែ សម្រាប់សាច់នៃយញ្ញបូជារំដោះបាបដែលគេយកឈាមចូលទៅក្នុងព្រះពន្លាជួបព្រះអម្ចាស់ សម្រាប់ពិធីរំដោះបាប មិនត្រូវបរិភោគទេ គឺត្រូវដុតទាំងអស់។