1 ប្រសិនបើ អ្នកណាម្នាក់មិនព្រមនិយាយការពិត នៅពេលដែលគាត់ជាសាក្សី បានឮអ្នកណាម្នាក់ស្បថបំពាន នូវអ្វីដែលគាត់បានឃើញ ឬបានឮទេនោះ គាត់នឹងត្រូវទទួលខុសត្រូវ។ 2 ឬប្រសិនបើ អ្នកណាម្នាក់បានប៉ះរបស់អ្វីមួយដែលព្រះអម្ចាស់បានរាប់ថាជារបស់មិនបរិសុទ្ធ ដូចជាប៉ះខ្មោចសត្វព្រៃ ឬសត្វស្រុកដែលមិនបរិសុទ្ធ ឬខ្មោចសត្វលូនវាដែលមិនបរិសុទ្ធ ទោះបីជាគេប៉ះវាដោយអចេតនាក្តី ក៏គេទៅជាសៅហ្មង ហើយមានបាបដែរ។ 3 ឬប្រសិនបើ អ្នកណាម្នាក់ប៉ះមនុស្សមិនបរិសុទ្ធណាម្នាក់ នោះខ្លួនគេនឹងទៅជាសៅហ្មង នោះធ្វើឲ្យគាត់មានបាប គេនឹងត្រូវទទួលទោស នៅពេលដែលគេដឹងខ្លួន។ 4 ប្រសិនបើ អ្នកណាម្នាក់បានស្បថលេងដោយអចេតនា ទោះជាការអាក្រក់ក្តី ឬល្អក្តី ទោះបីជាអំពើអ្វីក៏ដោយ នៅពេលដែលគេដឹងខ្លួន គេនឹងត្រូវទទួលទោស។ 5 ពេលដែលនរណាម្នាក់មានទោស ដោយប្រព្រឹត្តកំហុសណាមួយខាងលើ គេត្រូវសារភាពអំពើបាបដែលខ្លួនបានប្រព្រឹត្ត។ 6 បន្ទាប់មក គេត្រូវនាំយកចៀមញីមួយ ឬពពែញីមួយមកថ្វាយព្រះអម្ចាស់ ជាតង្វាយរំដោះបាប ហើយលោកបូជាចារ្យនឹងធ្វើពិធីរំដោះបាបឲ្យពួកគេ។ 7 ប្រសិនបើ នរណាម្នាក់មិនមានលទ្ធភាពថ្វាយកូនចៀមទេ នោះគេត្រូវយកលលកពីរ ឬព្រាបជំទើរពីរមកថ្វាយព្រះអម្ចាស់ជាតង្វាយរំដោះបាបសម្រាប់អំពើបាបរបស់គេ គឺសត្វមួយសម្រាប់តង្វាយយញ្ញបូជារំដោះបាប និងមួយទៀតជាតង្វាយដុតទាំងមូល។ 8 គេត្រូវយកសត្វទាំងនោះទៅជូនលោកបូជាចារ្យ ដែលមុនដំបូងគឺលោកថ្វាយជាតង្វាយរំដោះបាប គឺលោកត្រូវមួលកសត្វនោះ តែមិនកាត់ក្បាលផ្តាច់ចេញពីខ្លួនទេ។ 9 បន្ទាប់មក លោកបូជាចារ្យ យកឈាមមួយចំនួននៃតង្វាយរំដោះបាបនោះប្រោះលើជញ្ជាំងអាសនៈ ហើយលោកចាក់ឈាមដែលនោះសល់នៅត្រង់ជើងអាសនៈ។ នេះជាយញ្ញបូជារំដោះបាប។ 10 បន្ទាប់មក លោកបូជាចារ្យត្រូវថ្វាយសត្វស្លាបទីពីរ ជាតង្វាយដុតទាំងមូល ស្របតាមច្បាប់ ហើយលោកបូជាចារ្យ ធ្វើពិធីនេះ ដើម្បីរំដោះបាបឲ្យគេ ហើយគេបានរួចពីបាប។ 11 ប្រសិនបើ គេមិនមានលទ្ធភាពថ្វាយលលកពីរ ឬព្រាបជំទើរពីរទេនោះ គេអាចយកម្សៅម៉ដ្ត មួយភាគដប់នៃអេផា មកថ្វាយជាយញ្ញបូជារំដោះបាប។ គេមិនត្រូវដាក់ប្រេង ឬគ្រឿងក្រអូបទៅក្នុងម៉្សៅនោះទេ ព្រោះជាយញ្ញបូជារំដោះបាប។ 12 គេយកម្សៅនោះទៅជូនបូជាចារ្យ ហើយបូជាចារ្យ យកម្សៅពេញមួយក្តាប់ទុកជាទីរំលឹក ហើយដុតម្សៅនោះលើអាសនៈ រួមជាមួយយញ្ញបូជាដទៃទៀតនៅចំពោះព្រះអម្ចាស់។ នេះជាតង្វាយរំដោះបាប។ 13 បូជាចារ្យ ធ្វើពិធីនេះដើម្បីរំដោះបាបណាមួយដែលអ្នកនោះបានប្រព្រឹត្ត ហើយគាត់ក៏បានរួចពីបាប។ រីឯចំណែកដែលនៅសល់ ត្រូវបានជារបស់បូជាចារ្យ ដូចជាតង្វាយម្សៅ»។ 14 បន្ទាប់មក ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់លោកម៉ូសេ ថា៖ 15 «ប្រសិនបើ អ្នកណាម្នាក់ប្រព្រឹត្តអំពើបាបដោយអចេតនា គឺបំពានលើក្រឹត្យវិន័យស្តីអំពីវត្ថុសក្ការៈដែលត្រូវថ្វាយព្រះអម្ចាស់ នោះគេត្រូវយកយញ្ញបូជារំដោះបាបរបស់គេថ្វាយព្រះអម្ចាស់។ តង្វាយនោះត្រូវជាចៀមឈ្មោលដែលល្អឥតខ្ចោះពីហ្វូងសត្វរបស់គេ ដែលវាត្រូវមានតម្លៃគិតតាមប្រាក់ដែលគេប្រើក្នុងទីសក្ការៈ ជាចំណែកនៃទីសក្ការៈ ដូចគ្នានឹងយញ្ញបូជារំដោះបាប។ 16 ម៉្យាងអ្នកនោះត្រូវសងព្រះអម្ចាស់សម្រាប់អ្វីដែលគេបានធ្វើខុសក្នុងទំនាក់ទំនងជាមួយអ្វីដែលបរិសុទ្ធ ហើយគេត្រូវបន្ថែមលើនោះប្រាំភាគរយ ហើយប្រគល់ទៅលោកបូជាចារ្យ។ បូជាចារ្យធ្វើពីធីនេះដើម្បីរំដោះបាបអោយគេ ហើយព្រះអម្ចាស់នឹងអត់ទោសឲ្យគេ។ 17 ប្រសិនបើ អ្នកណាម្នាក់ប្រព្រឹត្តអំពើបាប ដោយមិនដឹងខ្លួន គឺបានប្រព្រឹត្តអំពើណាមួយដែលបំពានលើបទបញ្ជារបស់ព្រះអម្ចាស់ ដែលបណ្តាលឲ្យគេមានទោស 18 គេត្រូវយកចៀមមួយក្បាលដែលល្អឥតខ្ចោះពីហ្វូងសត្វរបស់គេ ទៅជូនលោកបូជាចារ្យ ដោយមិនគិតតាមតម្លៃយញ្ញបូជា សម្រាប់រំដោះខ្លួនអោយរួចពីបាប។ លោកបូជាចារ្យធ្វើពីធីរំដោះបាបដែលគាត់បានប្រព្រឹត្តដោយអចេតនា ហើយគាត់ក៏បានរួចពីបាប។ 19 នេះជាយញ្ញបូជាលោះបាប ដ្បិត អ្នកនោះពិតជាបានប្រព្រឹត្តខុសចំពោះព្រះអម្ចាស់»។