1 អ្នករាល់គ្នាមិនត្រូវធ្វើរូបព្រះ ក៏មិនត្រូវឆ្លាក់ធ្វើរូបបដិមា ឬស្តូប ហើយក៏មិនត្រូវបញ្ឈរថ្មរចនានៅក្នុងស្រុករបស់អ្នក សម្រាប់ក្រាបថ្វាយបង្គំឡើយ គឺយើងជាព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់អ្នក។ 2 ចូរប្រារព្ធពិធីបុណ្យសប្ប័ទរបស់យើង ហើយគោរពទីសក្ការៈរបស់យើង។ យើងគឺព្រះអម្ចាស់។ 3 ប្រសិនបើ អ្នករាល់គ្នាកាន់តាមច្បាប់របស់យើង ហើយគោរព និងប្រតិបត្តិតាមបញ្ជារបស់យើង 4 នោះយើងនឹងធ្វើឲ្យមានភ្លៀងធ្លាក់មកលើស្រុកតាមរដូវកាល នោះដីនឹងផ្តល់ភោគផល ហើយដើមឈើក៏នឹងផ្តល់ផលផ្លែដែរ។ 5 ការបោកបែនរបស់អ្នកនឹងបន្តរហូតដល់ពេលប្រមូលផលទំពាំងបាយជូរ ហើយការប្រមូលទំពាំងបាយជូររបស់អ្នកនឹងបន្តរហូតដល់រដូវការសាបព្រោះ។ អ្នកនឹងបរិភោគអាហារយ៉ាងបរិបូរ ហើយរស់នៅយ៉ាងសុខសាន្តក្នុងស្រុករបស់អ្នក។ 6 យើងនឹងធ្វើឲ្យស្រុករបស់អ្នកមានសន្តិភាព អ្នកនឹងដេកលក់ដោយមិនមានភ័យខ្លាចអ្វីឡើយ។ យើងនឹងយកសត្វសាហាវទាំងឡាយចេញពីស្រុករបស់អ្នករាល់គ្នា ហើយក៏នឹងគ្មានសង្រ្គាមកើតឡើយក្នុងស្រុករបស់អ្នករាល់គ្នាដែរ។ 7 អ្នករាល់គ្នានឹងដេញតាមខ្មាំងសត្រូវ ហើយពួកគេនឹងដួលស្លាប់នៅមុខអ្នកដោយមុខដាវ។ 8 អ្នករាល់គ្នាតែប្រាំនាក់ នឹងដេញតាមពួកគេមួយរយនាក់ ហើយអ្នករាល់គ្នាមួយរយនាក់ នឹងដេញតាមពួកគេមួយម៉ឺននាក់ ខ្មាំងសត្រូវរបស់អ្នកនឹងដួលស្លាប់នៅខាងមុខអ្នកដោយមុខដាវ។ 9 យើងនឹងសម្តែងសេចក្តីមេត្តាករុណាដល់អ្នករាល់គ្នា យើងនឹងធ្វើឲ្យអ្នករាល់គ្នាបង្កើតកូនចៅ និងកើនចំនួនច្រើនឡើង។ យើងនឹងចងសម្ព័ន្ធមេត្រីរបស់យើងជាមួយអ្នករាល់គ្នា 10 អ្នករាល់គ្នានឹងបរិភោគស្រូវចាស់។ អ្នករាល់គ្នាត្រូវយកស្រូវចាស់ចេញពីជង្រុក ដើម្បីយកជង្រុកដាក់ស្រូវថ្មីវិញ។ 11 យើងនឹងរស់នៅកណ្តាលចំណោមអ្នករាល់គ្នា ហើយយើងនឹងមិនចាកចេញពីអ្នករាល់គ្នាឡើយ។ 12 យើងនឹងស្ថិតក្នុងកណ្តាលចំណោមអ្នករាល់គ្នា ដើម្បីធ្វើជាព្រះរបស់អ្នករាល់គ្នា។ 13 យើងគឺព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទមក ដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើជាទាសករក្នុងស្រុកនោះទៀតឡើយ។ យើងបានបំបាក់នឹមដែលនៅលើអ្នករាល់គ្នា ហើយធ្វើឲ្យអ្នករាល់គ្នាដើរដោយខ្ពស់មុខ។ 14 ក៏ប៉ុន្តែបើ អ្នករាល់គ្នាមិនស្តាប់ពាក្យរបស់យើងហើយមិនប្រតិបត្តិតាមបទបញ្ជារបស់យើងទេ 15 ហើយប្រសិនបើ អ្នករាល់គ្នាបោះបង់ច្បាប់របស់យើង ហើយមិនរវល់នឹងបទបញ្ជារបស់យើង គឺមិនប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មានរបស់យើង ព្រមទាំងផ្តាច់សម្ព័ន្ធមេត្រីរបស់យើង។ 16 ប្រសិនបើ អ្នករាលល់គ្នាប្រព្រឹត្តយ៉ាងដូច្នេះ នោះយើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាដូចតទៅ៖ យើងនឹងធ្វើឲ្យមានគ្រោះភ័យកើតលើអ្នករាល់គ្នា គឺជំងឺរ៉ាំរ៉ៃ និងជំងឺគ្រុន ដែលធ្វើឲ្យអ្នករាល់គ្នាស្រវាំងភ្នែក ហើយជីវិតរបស់អ្នករីងរៃ។ អ្នករាល់គ្នាសាបព្រោះ តែនឹងមិនបានផលអ្វីឡើយ ព្រោះខ្មាំងសត្រូវរបស់អ្នកនឹងស៊ីផលទាំងនោះ។ 17 យើងប្រឆាំងនឹងអ្នករាល់គ្នា ហើយខ្មាំងសត្រូវនឹងមានអំណាចលើអ្នករាល់គ្នា។ អស់អ្នកដែលស្អប់អ្នករាល់គ្នានឹងត្រួតត្រាលើអ្នករាល់គ្នា ហើយអ្នកនឹងរត់ទោះបីជាមិនមាននរណាដេញអ្នកក្តី។ 18 ប្រសិនបើ អ្នករាល់គ្នានៅតែមិនស្តាប់បង្គាប់របស់យើងទេ នោះយើងនឹងដាក់ទោសអ្នករាល់គ្នាខ្លាំងជាងនេះប្រាំពីរដងសម្រាប់អំពើបាបរបស់អ្នករាល់គ្នា។ 19 យើងនឹងបំផ្លាញអំនួត ដែលនាំឲ្យអ្នករាល់គ្នាមានកម្លាំងលើខ្លួនឯង។ យើងនឹងធ្វើឲ្យមេឃដែលនៅពីលើអ្នកក្លាយដូចជាដែក ហើយស្រុករបស់អ្នកដូចជាស្ពាន់ធ័រ។ 20 កម្លាំងរបស់អ្នកដែលប្រឹងធ្វើនោះ នឹងមិនមានផលអ្វីទេ ព្រោះដីមិនផ្តល់ភោគផល ហើយដំណាំក៏មិនផ្តល់ផលផ្លែដែរ 21 ប្រសិនបើ អ្នករាល់គ្នានៅតែប្រឆាំងនឹងយើង ហើយមិនព្រមស្តាប់បង្គាប់យើង យើងនឹងវាយអ្នកឲ្យខ្លាំងជាងនេះប្រាំពីរដង ស្របតាមអំពើបាបដែលអ្នកបានប្រព្រឹត្ត។ 22 យើងនឹងឲ្យសត្វព្រៃមកយាយីអ្នករាល់គ្នា វានឹងលួចកូនចៅរបស់អ្នករាល់គ្នា វានឹងបំផ្លាញហ្វូងសត្វរបស់អ្នករាល់គ្នា ហើយធ្វើឲ្យអ្នករាល់គ្នាមានចំនួនតិច។ រហូតដល់ផ្លូវរបស់អ្នករាល់គ្នាមិនមានមនុស្សដើរ។ 23 ប្រសិនបើ អ្នករាល់គ្នានៅតែមិនព្រមកែខ្លួនទៀត ហើយនៅតែបន្តដើរក្នុងផ្លូវដែលប្រឆាំងនឹងយើង 24 នោះយើងក៏នឹងប្រឆាំងនឹងអ្នករាល់គ្នាវិញដែរ ហើយយើងនឹងដាក់ទោសគេ ប្រាំពីរដង ព្រោះអំពើបាបរបស់អ្នក។ 25 យើងនឹងធ្វើឲ្យមានសង្ក្រាមកើតមានក្នុងស្រុករបស់អ្នករាល់គ្នា ដ្បិត អ្នករាល់គ្នាបានផ្តាច់សម្ព័ន្ធរបស់យើង។ អ្នករាល់គ្នានឹងជួបជុំគ្នានៅក្នុងទីក្រុង ហើយយើងនឹងធ្វើឲ្យមានជំងឺរាតត្បាតកើតមានក្នុងចំណោមអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ខ្មាំងសត្រូវ។ 26 ពេលណាដែលយើងកាត់ការផ្គត់ផ្គង់អាហារដល់អ្នក ស្ត្រីដប់នាក់នឹងដុតនំក្នុងឡតែមួយ ហើយគេនឹងចែករបបនំប៉័ងឲ្យអ្នករាល់គ្នា។ អ្នករាល់គ្នាបរិភោគតែនឹងមិនឆ្អែតឡើយ។ 27 ប្រសិនបើ អ្នករាល់គ្នានៅតែមិនព្រមស្តាប់យើង ហើយបន្តប្រឆាំងនឹងយើង 28 យើងក៏នឹងប្រឆាំងជាមួយនឹងអ្នករាល់គ្នាយ៉ាងខ្លាំងវិញដែរ ហើយយើងនឹងវាយប្រដៅអ្នករាល់គ្នាខ្លាំងជាងនេះប្រាំពីរដង សមនឹងអំពើបាបរបស់អ្នករាល់គ្នា 29 អ្នករាល់គ្នានឹងបរិភោគសាច់កូនប្រុស កូនស្រីរបស់ខ្លួន ។ 30 យើងនឹងបំផ្លាញទីសក្ការៈរបស់អ្នករាល់គ្នា នៅតាមទីខ្ពស់ៗរបស់អ្នករាល់គ្នា និងផ្តួលបង្គោលនៃព្រះក្លែងក្លាយរបស់អ្នករាល់គ្នា ហើយយើងនឹងស្អប់ខ្ពើមអ្នករាល់គ្នា។ 31 យើងនឹងកម្ទេចក្រុងរបស់អ្នករាល់គ្នាអើយទៅជាទីស្មសាន្ត ហើយក៏កម្ទេចទីសក្ការៈរបស់អ្នករាល់គ្នា។ យើងនឹងមិនទទួលតង្វាយគ្រឿងក្រអូបរបស់អ្នករាល់គ្នា។ 32 យើងនឹងបំផ្លាញស្រុករបស់អ្នករាល់។ ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ដែលរស់នៅទីនោះនឹងស្រឡាំងកាំងដោយសារតែយើងបំផ្លាញអ្នករាល់គ្នា។ 33 យើងនឹងកម្ចាត់កម្ចាយអ្នករាល់គ្នាទៅក្នុងចំណោមជាតិសាសន៍នានា យើងនឹងយកដាវដេញតាមពីក្រោយអ្នករាល់គ្នា។ ស្រុករបស់អ្នកនឹងនៅស្ងាត់ជ្រងុំ ហើយក្រុងរបស់អ្នករាល់គ្នានឹងទៅជាទីស្មរសាន។ 34 នោះដីនឹងបានសម្រាកជំនួសឆ្នាំសប្ប័ទដែលគេមិនបានទុកឲ្យសម្រាកក្នុងរយៈពេលយូរ អំឡុងពេលដែលអ្នករាល់គ្នាត្រូវខ្មាំងសត្រូវនាំទៅជាឈ្លើយ។ 35 អំឡុងពេលនោះដីនឹងបានសម្រាកសម្រាប់ឆ្នាំសប្ប័ទ។ ពេលវេលាដែលត្រូវគេបោះបង់ចោល ដីនឹងបានសម្រាក ជំនួសពេលដែលអ្នករាល់គ្នាមិនបានគោរពថ្ងៃសប្ប័ទ នៅពេលដែលអ្នករាល់គ្នារស់នៅក្នុងស្រុកនេះ។ 36 អស់អ្នកដែលត្រូវខ្មាំងសត្រូវនាំទៅជាឈ្លើយ យើងនឹងធ្វើឲ្យគេមានចិត្តភ័យតក់ស្លុត សូម្បីតែសម្លេងស្លឹកឈើជ្រុះក៏ធ្វើឲ្យគេភ័យដែរ ហើយគេនឹងរត់ដូចរត់គេចពីមុខដាវ។ ពួកគេនឹងដួលស្លាប់ ទាំងដែលមិនមានអ្នកណាដេញតាម។ 37 អ្នករាល់គ្នានឹងដួលគរលើគ្នា ដូចរត់ចេញពីមុខដាវទោះបីមិនមានអ្នកណាដេញតាមពីក្រោយអ្នករាល់គ្នា។ អ្នករាល់គ្នានឹងមិនមានកម្លាំងឈរនៅពីមុខសត្រូវរបស់អ្នករាល់គ្នាទេ។ 38 អ្នករាល់គ្នានឹងវិនាសនៅក្នុងចំណោមជាតិសាសន៍នានា ហើយសពរបស់អ្នកនឹងត្រូវបញ្ចុះក្នុងស្រុកនៃខ្មាំងសត្រូវ ។ 39 ក្នុងចំណោមអ្នករាល់គ្នា អស់អ្នកដែលរួចពីស្លាប់ នឹងវិនាសនៅក្នុងទឹកដីរបស់ខ្មាំងសត្រូវ ដោយសារអំពើបារបស់ពួកគេ និងអំពើបាបរបស់ដូនតារបស់ពួកគេ។ 40 ប្រសិនបើ ពួកគេសារភាពអំពើបាបរបស់គេ និងរបស់ដូនតាគេ ព្រមទាំងអំពើក្បត់ជាតិរបស់ពួកគេ ដោយពួកអ្នកដែលគ្មានជំនឿលើយើង ហើយដែលបានប្រឆាំងជាមួយនឹងយើង 41 ពេលដែលពួកដឹងពីមូលហេតុដែលយើងប្រឆាំងនឹងគេ ហើយនាំពួកគេទៅរស់នៅក្នុងទឹកដីរបស់ខ្មាំងសត្រូវ ហើយប្រសិនបើ ពួកគេប្រែចិត្តមកឱនលំទោន ហើយប្រសិនបើ ពួកគេព្រមទទួលទណ្ឌកម្មសម្រាប់អំពើបាបរបស់ពួកគេ 42 នោះយើងនឹងនឹកចាំពីសម្ព័ន្ធមេត្រីដែលយើងបានចងជាមួយ យ៉ាកុប អ៊ីសាក និង ជាមួយអប្រាហាំ ហើយយើងក៏នឹងនឹកចាំពីទឹកដីរបស់ពួកគេផងដែរ។ 43 ដីនឹងទៅជាស្ងាត់ជ្រងំដោយសសារពួកគេ ដូច្នេះ ដីនឹងបានសម្រាកដូចជាក្នុងឆ្នាំសប្ប័ទដែរ ក្នុងពេលដែលពួកគេមិនបានរស់នៅក្នុងស្រុក។ ពួកគេនឹងត្រូវបង់ថ្លៃ សម្រាប់អំពើបាបរបស់ពួកគេ ព្រោះពួកគេបានបោះបង់វិន័យរបស់យើង និងបែរចេញពីច្បាប់របស់យើង។ 44 ថ្វីបើដូច្នេះក៏ដោយ ពេលដែលពួកគេរស់នៅក្នុងស្រុករបស់ខ្មាំងសត្រូវ យើងនឹងមិនបោះបង់ពួកគេចោល ហើយក៏មិនបំផ្លាញពួកគេទាំងស្រុង ឬក៏ផ្តាច់សម្ព័ន្ធមេត្រីរបស់យើងដែលបានចងជាមួយពួកគេដែរ គឺយើងជាព្រះអម្ចាស់ ជាព្រះរបស់ពួកគេ។ 45 ប៉ុន្តែ សម្រាប់ពួកគេ យើងនឹងនឹកចាំពីសម្ព័ន្ធមេត្រីដែលយើងបានចងជាមួយដូនតារបស់ពួកគេ គឺជាមួយនឹងពួកអ្នកដែលយើងបាននាំចេញពីស្រុកអេស៊ីព្ទមក នៅចំពោះមុខប្រជាជាតិនានា ដើម្បីឲ្យយើងជាព្រះរបស់គេ។ យើងជាព្រះអម្ចាស់»។ 46 ទាំងនេះគឺជា សេចក្តីបង្គាប់បញ្ជា វិន័យ ហើយនិងច្បាប់ ដែលព្រះអម្ចាស់បានបង្កើតរវាងទ្រង់ និងប្រជាជនអ៊ីស្រាអែលតាមរយៈលោកម៉ូសេ នៅភ្នំស៊ីណៃ។