ជំពូក ២៥

1 នៅភ្នំស៊ីណៃ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 2 «ចូរនិយាយទៅកាន់ប្រជាជនអ៊ីស្រាអែល ហើយប្រាប់ពួកគេថាៈនៅពេលដែលអ្នករាល់គ្នាចូលទៅរស់នៅក្នុងទឹកដីដែលយើងប្រគល់ឲ្យអ្នករាល់គ្នា នោះត្រូវរក្សាដីឲ្យឈប់សម្រាប់គឺឆ្នាំសប្ប័ទថ្វាយព្រះអម្ចាស់។ 3 អ្នករាល់គ្នាត្រូវធ្វើការសាបព្រោះក្នុងរយៈពេលប្រាំមួយឆ្នាំ ហើយនៅឆ្នាំទីប្រាំមួយអ្នករាល់គ្នាត្រូវបេះផ្លែទំពាំងបាយជួូរ និងប្រមូលផលនៃដំណាំរបស់អ្នក។ 4 ប៉ុន្តែ នៅឆ្នាំទីប្រាំពីរ ជាឆ្នាំសប្ប័ទ ត្រូវទុកដីឲ្យនៅទំនេរទាំងស្រុង ដ្បិត ជាឆ្នាំសប្ប័ទថ្វាយព្រះអម្ចាស់។ អ្នកមិនត្រូវសាបព្រោះក្នុងស្រែចំការ ក៏មិនត្រូវកាត់លួសទំពាំងបាយជូររបស់អ្នកដែរ។ 5 អ្នករាល់គ្នាមិនត្រូវច្រូតកាត់អ្វីដែលវាដុះឡើងដោយខ្លួនវាទេ ហើយក៏មិនត្រូវកាត់ផ្លែទំពាំងបាយជូរដែលផ្លែដោយអ្នកមានបានក្រៃដែរ។ នេះជាឆ្នាំដែលដីត្រូវសម្រាក។ 6 ទោះក្នុងកំឡុងពេលនៃឆ្នាំសប្ប័ទ​ដីនៅទំនេរក៏ដោយ ក៏នៅតែផ្តល់អាហារសម្រាប់អ្នកដែរ។ ទាំងអ្នករាល់គ្នា ទាំងអ្នកបម្រើប្រុសស្រី ទាំងទាសកររបស់អ្នករាល់គ្នា និងជនបរទេសដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា នៅតែមានអាហារគ្រប់គ្រាន់ ​ 7 ទាំងសត្វពាហនៈ និងសត្វព្រៃនឹងទទួលបានអាហារពីផលនៃដីជាចំណីដែរ។ 8 អ្នករាល់គ្នាត្រូវរាប់ឆ្នាំសប្ប័ទប្រាំពីរដង នោះគឺ ប្រាំពីរឆ្នាំប្រាំពីរដង ដូច្នេះនឹងមានឆ្នាំសប្ប័ទប្រាំពីរដង សរុបចំនួន សែសិបប្រាំបួនឆ្នាំ។ 9 ក្នុងខែទីប្រាំពីរ​ នៅថ្ងៃទីដប់ អ្នកត្រូវផ្លុំត្រែនៅគ្រប់ទីកន្លែងទាំងអស់។ ក្នុងថ្ងៃនោះត្រូវផ្លុំត្រែ និងស្រែកឲ្យលាន់ឮឡើង ព្រោះជាថ្ងៃរំដោះបាប។ 10 អ្នករាល់គ្នាត្រូវចាត់ទុកឆ្នាំទីហាសិបជាឆ្នាំដ៏វិសុទ្ធថ្វាយព្រះអម្ចាស់ ហើយប្រកាសសេរីភាពដល់មនុស្សទាំងអស់នៅក្នុងស្រុកទាំងមូល។ នេះគឺជា ឆ្នាំមេត្តាករុណា សម្រាប់អ្នករាល់គ្នា គេនឹងទទួលបានមរតករបស់ខ្លួនត្រឡប់មកវិញ រីឯទាសករនឹងត្រលប់ទៅឯគ្រួសាររបស់គេវិញ។ 11 ឆ្នាំទីហាសិប គឺជា ឆ្នាំមេត្តាករុណា សម្រាប់អ្នករាល់គ្នា។ អ្នករាល់គ្នាមិនត្រូវដាំដុះ ឬប្រមូលផលឡើយ។ អ្នករាល់គ្នាត្រូវបរិភោគតែទិន្នផលដែលដុះដោយឯកឯង និងបេះផ្លែទំពាំងបាយជូរដែលអ្នកមិនបានក្រៃ។ 12 ឆ្នាំមេត្តាករុណា ជាឆ្នាំវិសុទ្ធសម្រាប់អ្នករាល់គ្នា។ អ្នករាល់គ្នាត្រូវបរិភោគតែអ្វីដែលផ្តល់ផលដោយឯកឯងពីចម្ការតែប៉ុណ្ណោះ។ 13 អ្នករាល់គ្នាអាចត្រឡប់ទៅកាន់កាប់កម្មសិទ្ធិរបស់ខ្លួនវិញបាន ក្នុងឆ្នាំមេត្តាករុណា។ 14 ប្រសិនបើ អ្នកបានលក់ដីទៅអោយអ្នកជិតខាងរបស់អ្នក ឬបានទិញដីពីអ្នកជិតខាងរបស់អ្នក អ្នកមិនត្រូវកេងបន្លំគេឡើង។ 15 ប្រសិនបើ អ្នកទិញដីពីនាក់ជិតខាងរបស់អ្នក ត្រូវពិចារណាអំពីចំនួនឆ្នាំ ហើយនិងទិន្នផលដែលអ្នកអាចប្រមូលរហូតដល់ ឆ្នាំមេត្តាករុណា​បន្ទាប់។ អ្នកដែលលក់ដីឲ្យអ្នកក៏ត្រូវតែគិតពីពេលវេលានេះដូចគ្នា។ 16 ប្រសិនបើ នៅមានពេលច្រើនឆ្នាំទើបដល់ឆ្នាំមេត្តាករុណាបន្ទាប់ នោះតម្លៃដីនឹងកើនឡើង ប៉ុន្តែ ប្រសិនបើ នៅមានរយៈពេលខ្លីដល់ឆ្នាំមេត្តាករុណា នោះតម្លៃដីនឹងធ្លាក់ចុះ ព្រោះចំនួននៃការច្រូតកាត់ នឹងបង្ករបង្កើនផលសម្រាប់ម្ចាស់ថ្មីដោយយោងលើចំនួនឆ្នាំ មុនពេលឆ្នាំមេត្តាករុណាមកដល់។ 17 អ្នករាល់គ្នាមិនត្រូវបោកប្រាស់ ឬកេងប្រវ័ញ្ចជនរួមជាតិឡើយ ផ្ទុយទៅវិញអ្នករាល់គ្នាត្រូវកោតខ្លាចព្រះរបស់អ្នករាល់គ្នា គឺយើងជាព្រះអម្ចាស់​ជាព្រះរបស់អ្នករាល់គ្នា។ 18 អ្នកត្រូវគោរពតាមបញ្ញតិ ​​​​​​​​​​​​​រក្សាច្បាប់ និងប្រតិបត្តិតាម។ នោះអ្នករាល់គ្នានឹងរស់នៅយ៉ាងសុខសាន្តក្នុងស្រុក។ 19 ដីនឹងផ្តល់ភោគផល ហើយអ្នករាល់គ្នានឹងមានអាហារបរិភោគយ៉ាងបរិបូរ និងរស់នៅយ៉ាងសុខសាន្តក្នុងស្រុក។ 20 អ្នកនឹងសួរថា៖ «តើយើងនឹងបានអ្វីបរិភោគ ក្នុងឆ្នាំទីប្រាំពីរ? មើល៍! យើងមិនអាចសាបព្រោះ ឬសូម្បីតែប្រមូលផលរបស់យើង»។ 21 យើងនឹងឲ្យពរអ្នករាល់គ្នា នៅក្នុងឆ្នាំទីប្រាំមួយ គឺក្នុងឆ្នាំនោះ អ្នករាល់គ្នានឹងទទួលបានភោគផលដែលគ្រប់គ្រាន់សម្រាប់រយៈពេលបីឆ្នាំ។ 22 អ្នកនឹងសាបព្រោះក្នុងឆ្នាំទីប្រាំបី តែអ្នករាល់គ្នានឹងបរិភោគផលដែលប្រមូលពីឆ្នាំមុនរហូតដល់ឆ្នាំទីប្រាំបួន អ្នកនឹងបរិភោគផលចាស់ រហូតដល់បានទទួលភោគផលនៃឆ្នាំថ្មី។ 23 អ្នករាល់គ្នាមិនអាចលក់ដីផ្តាច់ឲ្យគេរហូតបានទេ ព្រោះដីជាកម្មសិទ្ធិរបស់យើង។ អ្នករាល់គ្នាជាជនបរទេស​ ដែលស្នាក់នៅជាបណ្តោះអាសន្នលើទឹកដីរបសស់យើង។ 24 ​អ្នករាល់គ្នាត្រូវបង្កើតឲ្យមានច្បាប់ក្នុងការលោះដី នៅគ្រប់ទីកន្លែងដែលអ្នកចូលទៅចាប់យក អ្នកត្រូវតែអនុញ្ញាតឲ្យក្រុមគ្រួសារអ្នកដែលបានលក់ដីឲ្យអ្នកនោះ ទិញត្រឡប់ទៅវិញ។ 25 ប្រសិនបើ ជនរួមជាតិរបស់អ្នកធ្លាក់ខ្លួនក្រ ហើយដោយសារការនេះគាត់បានលក់ទ្រព្យសម្បត្តិរបស់គេ ដូច្នេះ សាច់ញ្ញាតិជិតដិតរបស់គាត់ត្រូវមកហើយទិញទ្រព្យសម្បត្តិដែលគាត់បានលក់ឲ្យអ្នកនោះត្រឡប់ទៅវិញ។ 26 ប្រសិនបើ អ្នកនោះមិនមានសាច់ញាតិក្នុងការលោះទ្រព្យសម្បត្តិទេ ប៉ុន្តែគាត់ធូរធារហើយមានលទ្ធភាពលោះដីមកវិញ 27 នោះគាត់អាចគណនាចំនួនឆ្នាំចាប់តាំងពីឆ្នាំដែលបានលក់ដី រហូតដល់ឆ្នាំមេត្តាករុណា ហើយបង់ប្រាក់ឲ្យទៅអ្នកទិញ។ បន្ទាប់មក គាត់អាចត្រឡប់ទៅកាន់កាប់ទ្រព្យសម្បត្តិរបស់គាត់វិញ។ 28 ប៉ុន្តែប្រសិនបើ គាត់មិនមានលទ្ធភាពលោះដីត្រឡប់មកវិញដោយខ្លួនគាត់ទេ ដីនោះនឹងនៅជាកម្មសិទ្ធិរបស់អ្នកដែលបានទិញ រហូតដល់ឆ្នាំមេត្តាករុណា។ នៅឆ្នាំមេត្តាករុណា ដីនឹងត្រឡប់មកនាក់ដែលបានលក់វិញ គឺត្រឡប់មកជាកម្មសិទ្ធិរបស់ម្ចាស់ដើមវិញ។ 29 ប្រសិនបើ អ្នកណាម្នាក់លក់ផ្ទះរបស់គាត់ដែលនៅក្នុងរបងទីក្រុង គាត់អាចទិញផ្ទះត្រឡប់មកវិញក្នុងរយៈពេលមួយឆ្នាំបន្ទាប់ពីលក់។ ក្នុងរយៈពេលពេញមួយឆ្នាំគាត់មានសិទ្ធិលោះផ្ទះត្រឡប់មកវិញបាន។ 30 ប្រសិនបើ ពេញមួយឆ្នាំនេះផ្ទះដែលនៅក្នុងរបងទីក្រុងមិនត្រូវបានលោះទេ ផ្ទះនោះត្រូវក្លាយជាកម្មសិទ្ធិរបស់អ្នកទិញ​ និងពូជពង្សរបស់គាត់រហូត។ ក្នុងឆ្នាំមេត្តាករុណា ផ្ទះនោះនឹងមិនបានត្រឡប់ទៅម្ចាស់ដើមវិញដែរ។ 31 ប៉ុន្តែប្រសិនបើ ផ្ទះដែលមិននៅក្នុងរបងក្រុងទេ គឺត្រូវគិតដូចជាដីឯទៀតដែរ។ ដីទាំងនោះអាចលោះពេលណាក៏បាន ហើយត្រូវត្រឡប់ទៅម្ចាស់ដើមវិញនៅឆ្នាំមេត្តាករុណា។ 32 តែឯផ្ទះរបស់ពួកលេវី​ក្នុងក្រុងរបស់លេវី ពួកគេអាចលោះមកវិញពេលណាក៏បាន។ 33 ប្រសិនបើ លេវីណាម្នាក់មិនអាចលោះផ្ទះដែលបានលក់ទេនោះ ផ្ទះដែលមានទីតាំងនៅក្នុងទីក្រុងរបស់គេត្រូវត្រឡប់ទៅជារបស់ម្ចាស់ដើមវិញក្នុងឆ្នាំមេត្តាករុណា ព្រោះផ្ទះដែលនៅក្នុងទីក្រុងរបស់លេវី ជាកម្មសិទ្ធិរបស់ពួកគេ​ក្នុុងចំណោមជនជាតិអ៊ីស្រាអែល។ 34 រីឯស្រែចំការដែលនៅជុំវិញទីក្រុងរបស់ពួកគេ មិនអាចលក់បានទេ ដ្បិតជាកម្មសិទ្ធិរបស់ពួកលេវីរហូតទៅ។ 35 ប្រសិនបើ បងប្អូនណាម្នាក់របស់អ្នកធ្លាក់ខ្លួនក្រ ដែលមិនអាចផ្គត់ផ្គង់ខ្លួនគាត់បាន ដូច្នេះ អ្នកត្រូវជួយគាត់ ទោះបីជាជនបរទេសក្តី ឬអ្នកស្នាក់នៅបណ្តោះអាសន្នក្នុងចំណោមអ្នករាល់គ្នាក្តី។ 36 មិនត្រូវយកការប្រាក់ ឬចង់បានសគុណពីគេឡើយ​ ប៉ុន្តែ ត្រូវកោតខ្លាចព្រះអម្ចាស់ ដូច្នេះចូរទុកឲ្យបងប្អូនរបស់អ្នកមានជីវិតរស់នៅជាមួយអ្នករាល់គ្នា។ 37 មិនត្រូវឲ្យប្រាក់គេខ្ចី ហើយគិតយកការប្រាក់ពីគេនោះឡើយ ហើយក៏មិនត្រូវលក់អាហារឲ្យគេដោយត្រូវការផលចំណេញនោះដែរ។ 38 យើងគឺព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ដែលបាននាំអ្នករាល់គ្នាចេញពីទឹកដីអេស៊ីព្ទមក ដើម្បីប្រគល់ទឹកដីកាណាននេះឲ្យអ្នករាល់គ្នា និងដើម្បីឲ្យយើងធ្វើជាព្រះរបស់អ្នករាល់គ្នា។ 39 ប្រសិនបើ បងប្អូនរបស់អ្នកធ្លាក់ខ្លួនក្រ ហើយលក់ខ្លួនរបស់គេឲ្យអ្នក នោះអ្នកមិនត្រូវប្រើគេឲ្យធ្វើការដូចជាទាសករនោះទេ។ 40 ត្រូវឲ្យគាត់ធ្វើការដូចអ្នកបម្រើ ឬដូចជាអ្នកស្នាក់នៅបណ្តោះអាសន្នជាមួយអ្នក។ គាត់នឹងបម្រើអ្នករហូតដល់ឆ្នាំមេត្តាករុណា។ 41 បន្ទាប់មក គាត់នឹងចាកចេញពីអ្នក គាត់នឹងកូនៗរបស់គាត់ទៅជាមួយគ្នា ហើយគាត់នឹងត្រឡប់ទៅកាន់គ្រួសាររបស់គាត់និងអ្វីៗជាកេរ្ត៍អាកររបស់ឪពុកគាត់វិញ។ 42 ដ្បិត ពួកគេជាអ្នកបម្រើរបស់យើង គឺអស់អ្នកដែលយើងបាននាំចេញពីស្រុកអេស៊ីព្ទមក។ ពួកគេនឹងមិនត្រូវលក់ជាទាសករទេ។ 43 កុំធ្វើបាបជិះជាន់ពួកគេឲ្យសោះ ប៉ុន្តែ ត្រូវកោតខ្លាចព្រះជាម្ចាស់។ 44 ប្រសិនបើ អ្នកត្រូវការអ្នកបម្រើប្រុសឬស្រីក្តី អ្នករាល់គ្នាត្រូវទិញពីចំណោមសាសន៍នានា ដែលរស់នៅជុំវិញអ្នករាល់គ្នា អ្នកអាចទិញគេពីនោះបាន។ 45 អ្នកក៏អាចទិញទាសករពីជនបរទេសដែលរស់នៅក្នុងចំណោមអ្នករាល់គ្នាដែរ នោះគឺទិញពីគ្រួសាររបស់ពួកគេដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា គឺកូនៗដែលកើតក្នុងទឹកដីរបស់អ្នក។ ពួកគេអាចក្លាយមកជាសម្បត្តិរបស់អ្នករាល់គ្នា។ 46 អ្នកអាចបែងចែកទាសករក៏ដូចជាអ្នកបម្រើរបស់អ្នកសម្រាប់កូនៗរបស់អ្នក នៅជំនាន់ក្រោយទុកជាមរតក។ អ្នករាល់គ្នាអាចទិញអ្នកបម្រើជារៀងរហូត ប៉ុន្តែ អ្នកមិនត្រូវជិះជាន់សង្កត់សង្កិនជនជាតិអ៊ីស្រាអែល​ ដែលជាបងប្អូនរបស់អ្នកឡើយ។ 47 ប្រសិនបើ ជនបរទេស ឬអ្នកដែលរស់នៅបណ្តោះអាសន្នជាមួយអ្នករាល់គ្នាជាអ្នកមាន ហើយប្រសិនបើ ជនជាតិអ៊ីស្រាអែលជាបងប្អូនរបស់អ្នកធ្លាក់ខ្លួនផ្ទាល់ ហើយលក់ខ្លួនរបស់គេឲ្យជនបរទេសនោះ ឬលក់ឲ្យអ្នកណាម្នាក់ជាគ្រួសាររបស់ជនបរទេសនោះ 48 បន្ទាប់ពីបងប្អូនរបស់អ្នកត្រូវបានទិញ គាត់នឹងអាចទិញត្រឡប់មកវិញបាន។ បងប្អូនរបស់គាត់អាចលោះគាត់មកវិញបាន។ 49 ឪពុកមាររបស់គាត់ ឬបងប្អូនជីដូនមួយរបស់គាត់ ដែលមានសិទ្ធិលោះគាត់បាន រឺជាអ្នកណាម្នាក់ដែលជាញាតិជិតដិតដែលចេញពីគ្រួសាររបស់គាត់។ ឬ ប្រសិនបើ គាត់មានភាពធូរធា គាត់អាចលោះខ្លួនគាត់បាន។ 50 គាត់ត្រូវគិតចំនួនឆ្នាំជាមួយម្ចាស់ដែលបានទិញគាត់ គេត្រូវរាប់ចំនួនឆ្នាំដែលបានលក់ខ្លួនរបស់គាត់ឲ្យទៅអ្នកទិញនោះ រហូតដល់ឆ្នាំមេត្តាករុណា។ ប្រាក់នៃការលោះរបស់គាត់ ត្រូវគិតទៅតាមថ្លៃឈ្នួលដែលគេចំណាយឲ្យអ្នកបម្រើ ហើយសម្រាប់ចំនួននៃឆ្នាំគាត់អាចបន្តសម្រាប់អ្នកដែលបានទិញគាត់ 51 ប្រសិនបើ នៅមានរយៈពេលយូរទើបដល់ឆ្នាំមេត្តាករុណា គាត់ត្រូវបង់ប្រាក់លោះខ្លួនឲ្យទៅម្ចាស់ គិតតាមចំនួនឆ្នាំដែលនៅសល់នោះ។ 52 ប្រសិនបើនៅសល់តិចឆ្នាំ មុននឹងឆ្នាំមេត្តាករុណាមកដល់ នោះគាត់ក៏ត្រូវបង់ប្រាក់ឲ្យទៅម្ចាស់ ដោយគិតតាមចំនួនឆ្នាំដែលនៅសល់នោះ។ 53 គាត់ត្រូវធ្វើការដូចជាអ្នកស៊ីឈ្នួលពីមួយឆ្នាំទៅមួយឆ្នាំ។ អ្នកមិនត្រូវជិះជាន់ធ្វើបាបគាត់ឡើយ។ 54 ប្រសិនបើ គាត់មិនត្រូវបានលោះខ្លួននោះទេ រហូតដល់ឆ្នាំមេត្តាករុណា​គាត់ព្រមទាំងកូនៗរបស់គាត់អាចចាកចេញពីម្ចាស់នោះបាន។ 55 ជនជាតិអ៊ីស្រាអែលជាអ្នកបម្រើរបស់យើង។ ពួកគេជាអ្នកបម្រើរបស់យើង ដែលយើងបាននាំចេញពីស្រុកអេស៊ីព្ទមក។ យើងគឺព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា»។