1 ព្រះអម្ចាស់មានព្រះបន្ទូលមកកានើលោកម៉ូសេថា៖ 2 «ចូរបង្គាប់ទៅជនជាតិអ៊ីស្រាអែល ឲ្យយកប្រេងអូលីវដ៏ល្អបំផុតមកឲ្យអ្នក សម្រាប់ប្រើក្នុងចង្កៀង ដែលអាចដុតបំភ្លឺជារៀងរហូត។ 3 នៅខាងក្រៅវាំងននពីខាងមុខហិបនៃសម្ពន្ធមេត្រី នៅក្នុងព្រះពន្លាជួបព្រះអម្ចាស់ លោកអើរ៉ុនត្រូវដុតភ្លើងក្នុងចង្កៀង ពីល្ងាចដល់ព្រឹក ត្រូវរក្សាឲ្យឆេះរហូត នៅចំពោះព្រះភក្រ្តព្រះអម្ចាស់។ នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវអនុវត្តគ្រប់ជំនាន់មនុស្សរបស់អ្នក។ 4 មហាបូជាចារ្យត្រូវរក្សាភ្លើងឲ្យឆេះរហូតនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ចង្កៀងនៅលើជើងចង្កៀងធ្វើពីមាសសុទ្ធ។ 5 អ្នកត្រូវយកម្សៅម៉ដ្តហើយដុតនំប៉័ងចំនួនដប់ពីរនំជាមួយម្សៅនោះ។ នំនីមួយៗត្រូវធ្វើពីម្សៅចំនួន ពីរភាគដប់នៃអេផា។ 6 បន្ទាប់មក អ្នកត្រូវតម្កល់នំនៅលើតុ ចំពោះព្រះភក្ត្រព្រះអម្ចាស់ជាពីរជួរ ក្នុងមួយជួរមានប្រាំមួយនំ។ 7 អ្នកត្រូវដាក់គ្រឿងក្រអូបសុទ្ធនៅចន្លោះជួរនំប៉័ងនីមួយៗ ទុកជាតង្វាយនៃការរំលឹក។ គ្រឿងក្រអូបត្រូវដុតថ្វាយព្រះអម្ចាស់។ 8 រៀងរាល់ថ្ងៃសប្ប័ទ មហាបូជាចារ្យត្រូវយកនំប៉័ងពីដៃប្រជាជនអ៊ីស្រាអែលមករៀបចំនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ នេះជាសញ្ញានៃសម្ពន្ធមេត្រីដ៏អស់កល្ប។ 9 នំប៉័ងនេះជាចំណែករបស់លោកអ៊ើរ៉ុន និងកូនចៅរបស់គាត់ ពួកគេត្រូវបរិភោគនៅក្នុងទីសក្ការៈ ព្រោះនេះជាចំណែកដ៏បរិសុទ្ធពីក្នុងតង្វាយដុតរបស់ព្រះអម្ចាស់»។ 10 មានហេតុការណ៍កើតឡើង ដោយមានបុរសម្នាក់ជាកូនរបស់ស្រីជនជាតិអ៊ីស្រាអែល ហើយឪពុកជាជនជាតិអេស៊ីព្ទ ដែលបានមករស់នៅក្នុងចំណោមជនជាតិអ៊ីស្រាអែល។ កូនប្រុសរបស់ស្រ្តីអ៊ីស្រាអែលនេះបានឈ្លោះប្រកែក និងបុរសអ៊ីស្រាអែលម្នាក់ទៀតនៅក្នុងជំរំ។ 11 គេថែមទាំងជេរប្រមាថ និងដាក់បណ្តាសារព្រះអម្ចាស់ទៀតផង ដូច្នេះ ជនជាតិអ៊ីស្រាអែលបាននាំគាត់ទៅជួបនឹងលោកម៉ូសេ។ ម្តាយរបស់គាត់មានឈ្មោះថា សេឡូមីត ជាកូនរបស់ឌីបរី ក្នុងកុលសម័្ពន្ធដាន់។ 12 ពួកគេបានឃុំគាត់ រហូតដល់ព្រះអម្ចាស់ឆ្លើយតប អំពីព្រះទ័យរបស់ព្រះអង្គ។ 13 បន្ទាប់មក ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 14 «ត្រូវនាំយកអ្នក ដែលបានដាក់បណ្តាសារព្រះ ទៅខាងក្រៅជំរំ។ អស់អ្នកដែលបានឮពាក្យរបស់គេត្រូវដាក់ដៃលើក្បាលរបស់គេ ហើយសហគមន៍ទាំងមូលត្រូវចោលគេនឹងដុំថ្ម។ 15 អ្នកត្រូវពន្យល់ដល់ជនជាតិអ៊ីស្រាអែល ប្រាប់ពួកគេថា៖ «អស់អ្នកណាដែលដាក់បណ្តាសារព្រះរបស់គេ អ្នកនោះត្រូវទទួលខុសត្រូវលើកំហុសរបស់ខ្លួន។ 16 អ្នកណាដែលជេរប្រមាថព្រះនាមព្រះអម្ចាស់ អ្នកនោះត្រូវទទួលទោសដល់ស្លាប់ សហគមន៍អ៊ីស្រាអែលទាំងមូលត្រូវគប់គេនឹងដុំថ្ម ទោះបីគេជាម្ចាស់ស្រុក ឬជាជនបរទេសក្តី។ ប្រសិនបើ អ្នកណាម្នាក់ជេរប្រមាថព្រះនាមព្រះអម្ចាស់ អ្នកនោះត្រូវទទួលទោសដល់ស្លាប់។ 17 ប្រសិនបើ អ្នកណាម្នាក់វាយមនុស្សដល់ស្លាប់ អ្នកនោះត្រូវទទួលទោសដល់ស្លាប់។ 18 បើគេវាយសត្វពាហនៈរបស់អ្នកណាម្នាក់រហូតងាប់ ម្នាក់នោះត្រូវយកសត្វដូចគ្នានោះទៅសងម្ចាស់សត្វនោះវិញ គឺជីវិតសងដោយជីវិត។ 19 បើអ្នកណាម្នាក់ធ្វើអោយអ្នកជិតខាងរបស់ខ្លួនមានរបួសត្រង់ណា នោះត្រូវធ្វើឲ្យគេមានរបួសត្រង់នោះវិញដូចដែលគាត់បានធ្វើ។ 20 បើអ្នកណាធ្វើឲ្យគេបាក់ឆ្អឹង ត្រូវបំបាក់ឆ្អឹងអ្នកនោះវិញ ភ្នែកសងដោយភ្នែក ធ្មេញសងដោយធ្មេញ។ ត្រូវធ្វើឲ្យគេមានរបួសដូចដែលគេបានធ្វើឲ្យអ្នកដទៃមានរបួសដូច្នេះដែរ។ 21 អ្នកណាម្នាក់ដែលបានសម្លាប់សត្វរបស់អ្នកដទៃ ត្រូវសងសត្វនោះដល់ម្ចាស់គេវិញ រីឯអ្នកដែលសម្លាប់មនុស្ស ត្រូវមានទោសដល់ស្លាប់។ 22 ត្រូវមានច្បាប់តែមួយសម្រាប់ជនជាតិអ៊ីស្រាអែល និងជនបរទេសដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា យើងគឺព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា»។ 23 លោកម៉ូសេបានប្រាប់ទៅជនជាតិអ៊ីស្រាអែលតាមដែលព្រះអង្គបង្គាប់ ហើយពួកគេបាននាំបុរសម្នាក់ដែលបានដាក់បណ្តាសារព្រះអម្ចាស់នោះទៅក្រៅជំរំ។ ហើយពួកគេបានចោលបុរសម្នាក់នោះនឹងដុំថ្ម។ ជនជាតិអ៊ីស្រាអែលធ្វើតាមព្រះបន្ទូល ដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។