1 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ 2 «ចូរប្រាប់សហគមន៍អ៊ីស្រាអែលទាំងមូលដូចតទៅ៖ អ្នករាល់គ្នាត្រូវតែវិសុទ្ធ យើងជាព្រះអម្្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យើងជាព្រះដ៏វិសុទ្ធ។ 3 មនុស្សទាំងអស់ត្រូវគោរពឪពុក និងម្តាយរបស់គេ ហើយត្រូវរក្សាថ្ងៃសប្ប័ទរបស់យើង។ យើងជាព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា។ 4 មិនត្រូវត្រឡប់ទៅថ្វាយបង្គំរូបព្រះ ហើយក៏មិនត្រូវសិតធ្វើរូបព្រះសម្រាប់អ្នករាល់គ្នាដែរ។ យើងគឺព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ 5 ពេលដែលអ្នករាល់គ្នាថ្វាយយញ្ញបូជាមេត្រីភាពដល់ព្រះអម្ចាស់ អ្នកត្រូវថ្វាយតាមរបៀបដែលគាប់ព្រះទ័យព្រះអម្ចាស់។ 6 អ្នកត្រូវតែបរិភោគសាច់នៃតង្វាយនៅក្នុងថ្ងៃដែលអ្នកថ្វាយនោះ ឬនៅថ្ងៃបន្ទាប់។ ប្រសិនបើ តង្វាយនោះនៅសល់រហូតដល់ថ្ងៃទីបី គឺត្រូវយកទៅដុតទាំងអស់។ 7 ប្រសិនបើ នរណាម្នាក់បរិភោគសាច់តង្វាយនោះនៅថ្ងៃទីបី គេនឹងទៅជាសៅហ្មង។ ព្រះអម្ចាស់នឹងមិនទទួលយកតង្វាយនោះទេ 8 អ្នកដែលបរិភោគសាច់នោះនឹងមានទោស ព្រោះគេបានប្រមាថរបស់ដែលញែកជាបរិសុទ្ធថ្វាយព្រះអម្ចាស់។ ត្រូវដេញគេចេញពីចំណោមប្រជាជនរបស់គេ។ 9 នៅពេលដែលអ្នករាល់ច្រូតស្រូវ នៅក្នុងស្រុករបស់អ្នករាល់គ្នា គឺមិនត្រូវច្រូតរហូតដល់ភ្លឺស្រែទេ ហើយក៏មិនត្រូវរើសគួរស្រូវដែលជ្រុះដែរ។ 10 អ្នកក៏មិនត្រូវសន្សំផ្លែទំពាំងបាយជូរដែលនៅសេសសល់ក្នុងចម្ការរបស់អ្នកដែរ សូម្បីតែផ្លែដែលជ្រុះក៏មិនត្រូវរើសដែរ។ អ្នករាល់គ្នាត្រូវទុកវាសម្រាប់អ្នកក្រ និងជនបរទេសរើសបរិភោគ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ 11 កុំលួច។ កុំកុហក។ កុំបញ្ឆោតយកទ្រព្យសម្បត្តិរបស់អ្នកដទៃ។ 12 កុំស្បថដោយប្រើនាមយើងដោយបំពានឡើយ ធ្វើដូច្នេះ គឺអ្នករាល់គ្នាប្រមាថនាមនៃព្រះរបស់អ្នករាល់គ្នា។ យើងគឺព្រះអម្ចាស់។ 13 មិនត្រូវជិះជាន់សង្កត់សង្កិនអ្នកជិតខាងរបស់អ្នកឡើយ ហើយក៏កុំប្លន់ទ្រព្យសម្បត្តិរបស់គាត់ដែរ។ មិនត្រូវទុកប្រាក់ឈ្នួលរបស់កម្មករឲ្យនៅជាមួយអ្នករហូតដល់ថ្ងៃស្អែកឡើយ។ 14 មិនត្រូវជេរប្រមាថមនុស្សថ្លង់ទេ ហើយក៏មិនត្រូវយកអ្វីទៅដាក់ពីមុខមនុស្សខ្វាក់ដែល។ ផ្ទុយទៅវិញ អ្នកត្រូវគោរពកោតខ្លាចព្រះរបស់អ្នករាល់គ្នា។ យើងជាព្រះអម្ចាស់។ 15 កុំកាត់ក្តីដោយអយុត្តិធ៌មឡើយ។ មិនត្រូវរើសមុខអ្នកណា ដោយបង្ហាញការយោគយល់ដោយព្រោះគេជាមនុស្សទុរគ៌ត ឬដោយគេជាមនុស្សសំខាន់នោះឡើយ។ ផ្ទុយទៅវិញ ត្រូវកាត់ក្តីអ្នកជិតខាងរបស់អ្នកដោយសុចរិត។ 16 មិនត្រូវដើរបរិហាកេរ៍្តមនុស្សនៅជុំវិញខ្លួនរបស់អ្នកទេ ផ្ទុយទៅវិញត្រូវស្វែងរកដើម្បីការពារជីវិតអ្នកជិតខាងរបស់អ្នក។ យើងជាព្រះអម្ចាស់។ 17 មិនត្រូវមានចិត្តស្អប់បងប្អូនរបស់អ្នករាល់គ្នាឡើយ។ អ្នកត្រូវយកចិត្តទុកដាក់ស្តីបន្ទោសអ្នកជិតខាងរបស់អ្នក នោះអ្នកនឹងមិនរួមគំនិតជាមួយអ្នកនោះ ក្នុងការប្រព្រឹត្តអំពើបាបរបស់គេឡើយ។ 18 កុំសងសឹក ឬក៏គុំគួនប្រឆាំងនឹងជនរួមជាតិរបស់អ្នកឡើយ ប៉ុន្តែ ផ្ទុយទៅវិញ ត្រូវស្រឡាញ់អ្នកជិតខាងអោយដូចជាស្រឡាញ់ខ្លួនរបស់អ្នក។ យើងគឺជាព្រះអម្ចាស់។ 19 ចូរប្រតិបត្តិតាមច្បាប់របស់យើង។ មិនត្រូវព្យាយាមបង្កាត់សត្វដែលមានប្រភេទរបស់ខុសគ្នារបស់អ្នកឡើយ។ មិនត្រូវព្រោះគ្រាប់ពូជស្រូវពីរប្រភេទផ្សេងគ្នា ក្នុងស្រែតែមួយទេ។ ក៏មិនត្រូវស្លៀកសម្លៀកបំពាក់ដែលត្បាញឡើងពី អំបោះពីរផ្សេងគ្នាដែរ។ 20 នរណាដែលរួមដំណេកជាមួយស្រីបម្រើ ដែលមានគូរដណ្តឹង ប៉ុន្តែនាងនៅមិនទាន់បានលួស ឬមិនទាន់មានសេរីភាពជាអ្នកជានៅឡើយ ពួកគេទាំងពីរនាក់នឹងមានទោស។ ពួកគេមិនមានទោសដល់ស្លាប់នោះទេ ព្រោះបាននាងមិនទាន់ទៅជាអ្នកជានៅឡើយ។ 21 បុរសដែលបានប្រព្រឹត្តខុស ត្រូវយកចៀមឈ្មោលមួយទៅថ្វាយជាតង្វាយលោះបាប នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ត្រង់មាត់ទ្វារព្រះពន្លាជួបព្រះអម្ចាស់។ 22 បន្ទាប់មកបូជាចារ្យ ត្រូវធ្វើពិធីរំដោះបាបអោយគាត់ នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ គឺបូជាចារ្យថ្វាយចៀមឈ្មោលជាយញ្ញបូជាលោះបាបនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ សម្រាប់អំពើបាបដែលគាត់បានប្រព្រឹត្ត។ នោះព្រះអម្ចាស់នឹងលើកលែងទោសអោយគេបានរួចពីបាប។ 23 នៅពេលដែលអ្នករាល់គ្នាចូលទៅរស់នៅក្នុងស្រុក ហើយដាំដើមឈើហូបផ្លែគ្រប់ប្រភេទ អ្នកត្រូវចាត់ទុកផ្លែឈើដែលជាផលទាំងនោះ ជាផ្លែឈើមិនបរិសុទ្ធ។ ផ្លែឈើទាំងនោះនឹងមិនបរិសុទ្ធរយៈពេលបីឆ្នាំ។ អ្នករាល់គ្នាមិនត្រូវបរិភោគផលនៃផ្លែឈើទាំងនោះឡើយ។ 24 នៅឆ្នាំទីបួន ផលផ្លែឈើទាំងនោះនឹងត្រូវញែកជាបរិសុទ្ធថ្វាយដល់ព្រះអម្ចាស់ ដើម្បីសសើរតម្កើងព្រះអង្គ។ 25 លុះដល់ឆ្នាំទីប្រាំអ្នករាល់គ្នអាចបរិភោគផ្លែឈើទាំងនោះបាន ហើយធ្វើដូច្នេះ ដើមឈើទាំងនេះនឹងផ្តល់ផលយ៉ាងច្រើនឡើង។ យើងគឺព្រះអម្ចាស់ជាព្រះរបស់អ្នក។ 26 មិនត្រូវបរិភោគសាច់សត្វណាដែលមានឈាមនោះឡើយ។ មិនត្រូវទស្សន៍ទាយមើលពីជោគជាតារាសីឡើយ ហើយក៏មិនត្រូវធ្វើពិធីមន្តអាគមន៍ដើម្បត្រួតត្រាអ្នកណាដោយអំណាចលើាពីធម្មជាតិឡើយ។ 27 កុំធ្វើតាមទម្លាប់ពួកអ្នកមិនជឿរដូចជា កោរសក់ចំហៀងក្បាល ឬកាត់គែមពុកចង្ការរបស់អ្នកចេញឡើយ។ 28 មិនត្រូវឆូតសាច់របស់អ្នក ឬចាក់សាក់ធ្វើសញ្ញានៅលើរូបកាយរបស់អ្នកឡើយ។ យើងគឺព្រះអម្ចាស់។ 29 មិនត្រូវបន្ថោកកូនស្រីរបស់អ្នករាល់គ្នា ដោយជំរុញអោយនាងធ្វើជាស្រីពេស្យាឡើយ ឬក៏ជាតិសាសន៍ធ្លាក់ទៅក្នុងអំពើពេស្យាចារ ដែលបណ្តាលឲ្យទឹកដីពោពេញដោយអំពើថោកទាប។ 30 ត្រូវរក្សាថ្ងៃសប្ប័ទ ហើយគោរពទីសក្ការៈរបស់យើង។ យើងជាព្រះអម្ចាស់។ 31 មិនត្រូវទៅរកគ្រូអន្ទងមនុស្សស្លាប់ ឬព្រលឹងឡើយ។ កុំទៅរកពួកគេឡើយ ក្រែងលោពួកគេធ្វើឲ្យអ្នករាល់គ្នាទៅជាសៅហ្មង។ យើងគឺជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ 32 ត្រូវឱនលំទោនចំពោះមនុស្សចាស់ជរា ហើយលោកកិត្តិយសចាស់ព្រឹទ្ធាចារ្យ។ អ្នកត្រូវកោតខ្លាចព្រះជាម្ចាស់។ យើងជាព្រះអម្ចាស់។ 33 ប្រសិនបើ មានជនបរទេសរស់នៅក្នុងចំណោមអ្នករាល់នៅក្នុងស្រុក មិនត្រូវជិះជាន់សង្កត់សង្កិនគេឡើយ។ 34 ត្រូវប្រព្រឹត្តចំពោះជនបរទេសដែលរស់ក្នុងស្រុក ដូចជាជនជាតិអ៊ីស្រាអែលជាម្ចាស់ស្រុកដែរ ហើយត្រូវស្រឡាញ់ពួកគេ ដូចជាស្រឡាញ់ខ្លួនអ្នកដែរ ដ្បិត អ្នករាល់គ្នាក៏ធ្លាប់ជាជនបរទេសនៅក្នុងស្រុកអេស៊ីព្ទដែរ។ យើងគឺព្រះអម្ចាស់ ជាព្រះរបស់អ្នក។ 35 មិនត្រូវប្រើរង្វាស់ដែលមិនត្រឹមត្រូវឡើយ ទោះបីក្នុងការវាស់ក្តី ថ្លឹងក្តី ឬរាប់ចំនួនក្តី។ 36 អ្នកត្រូវប្រើជញ្ជីងដែលត្រឹមត្រូវ កូនជញ្ជីងដែលត្រឹមត្រូវ និងរង្វាស់រង្វាល់ដែលត្រឹមត្រូវ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទមក។ 37 ត្រូវប្រតិបត្តិតាមច្បាប់ និងវិន័យទាំងប៉ុន្មានរបស់យើង ចូរប្រតិបត្តិតាម។ គឺយើងជាព្រះអម្ចាស់»។